ភ្នំពេញៈ កម្ពុជា និង​អេមីរ៉ាត​អារ៉ាប់​រួម (UAE) ប្ដេជ្ញា​ពន្លឿន​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ (CEPA) ដែល​នឹង​បើក​ទូលាយ​ទីផ្សារ​កាន់​តែ​ច្រើន​សម្រាប់​ទំនិញ និង​សេវាកម្ម បង្កើន​រំហូរ​វិនិយោគ និង​បង្កើត​ការងារ។

ការ​ប្ដេជ្ញា​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​លោក សុខ ចិន្តាសោភា ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតUAE ប្រចាំ​កម្ពុជា ដែល​មាន​និវេសនដ្ឋាន​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នា​ថ្ងៃទី​១៣ ខែ​ឧសភា នៅ​ទីស្តីការ​ក្រសួង។


ភាគី​ទាំង​២ ​បាន​ឯកភាព​លើ​សារៈសំខាន់​នៃ​កិច្ច​ព្រមព្រៀង​នេះ​រវាង​កម្ពុជា-UAE ដើម្បី​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី។


ក្រសួង​ការបរទេស​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​១៥ ឧសភា ថា៖ «ភាគី​ទាំង២ ក៏បាន​ពិភាក្សា​គ្នា​អំពី​មធ្យោបាយ​នានា ដើម្បី​ពន្លឿន​ការ​អនុវត្តកិច្ច​ព្រមព្រៀង CEPA ដែល​បាន​ចុះហត្ថលេខា​កាលពី​ខែមិថុនា ឆ្នាំ២០២៣ កន្លងមក និង​បាន​គូស​បញ្ជាក់​ថា កិច្ចព្រមព្រៀង​នេះ នឹង​បើក​ទូលាយ​ទីផ្សារ​កាន់តែ​ច្រើន​សម្រាប់​ទំនិញ និង​សេវាកម្ម បង្កើន​រំហូរ​វិនិយោគ បង្កើត​ការងារ ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ផ្សេងៗ និង​បង្កើន​ផលប្រយោជន៍​ទៅវិញទៅមក»។


សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា៖ «ភាគទាំង២​បាន​សម្ដែង​នូវ​ការ​ពេញចិត្ត​ចំពោះ​មិត្តភាព​យូរអង្វែង និង​កិច្ច​សហប្រតិបត្តិការ​ដ៏​រឹងមាំ​រវាង​កម្ពុជា និង​អេមីរ៉ាតអារ៉ាប់​រួម ចាប់តាំង​ពី​ការ​បង្កើត​ទំនាក់​ទំនង​ការ​ទូត​នៅ​ឆ្នាំ១៩៩៤ និង​បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុងការ​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់​ទំនង​ទ្វេភាគី និង​ផ្ដល់​ការ​គាំទ្រ​គ្នាទៅវិញ​ទៅមក​នៅ​លើ​ឆាកអន្តរជាតិ ដើម្បី​ជា​ប្រយោជន៍​រួម​សម្រាប់​ប្រទេស​ទាំង២»។ 

ភាគី​ទាំង​២​ក៏​បាន​ផ្លាស់ប្ដូរ​យោបល់​ទៅវិញ​ទៅមក អំពីការ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង២​លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ ផងដែរ។

ក្នុង​ជំនួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាថ្ងៃទី​១៣ ឧសភា លោក Aldhaheri បាន​បញ្ជាក់ថា ក្នុង​បេសកកម្ម​ការទូត​របស់​លោក​នៅ​កម្ពុជា លោក​នឹង​ខិតខំ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​លើ​វិស័យ​ជាច្រើន រួមមាន ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋា​រចនា​សម្ព័ន្ធ ដឹកជញ្ជូន កសិកម្ម ថាមពល និង​ទេសចរណ៍។ នេះ​បើ​យោង​តាម​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​លោក​នាយករដ្ឋមន្ត្រី។

ក្នុង​ជំនួប​នោះ លោក ហ៊ុន ម៉ាណែត ថ្លែង​ថា ការ​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ថាមពល​ស្អាត ទេសចរណ៍ កសិកម្ម បច្ចេកវិទ្យា និង​ហេដ្ឋារចនាសម្ព័ន្ធ គឺជា​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​សម្រេច​បាន​នូវ​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព ដើម្បី​អភិវឌ្ឍ​កម្ពុជា​ប្រកប​ដោយ​ភាព​ធន់ និង​បរិយាបន្ន។ 

លោក​ថ្លែង​ថា៖ «ជាក់ស្ដែង ក្នុង​វិស័យ​ថាមពល​ស្អាត បច្ចុប្បន្ន ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​នូវ​ការ​ប្រើប្រាស់​ថាមពល​ស្អាត​ចំនួន ៦២​ភាគរយ នៃ​ការ​ប្រើប្រាស់​ថាមពល​សរុប និង​បាន​ដាក់ចេញ​នូវ​ទិសដៅ​ជំរុញ​ការ​ប្រើប្រាស់​ថាមពល​ស្អាត​ឱ្យ​បាន​ដល់ ៧០ភាគរយ ត្រឹមឆ្នាំ​២០៣០ ព្រមទាំង​បាន​បញ្ឈប់​ទាំងស្រុង​នូវ​ការ​បង្កើត​រោងចក្រ​ដំណើរ​ការ​ដោយ​ថាមពល​ធ្យូងថ្ម ដោយ​ជំនួស​មកវិញ​នូវ​គម្រោង​អភិវឌ្ឍន៍​ថាមពល​កកើត​ឡើងវិញ»។ 

លោក​នាយករដ្ឋមន្ត្រី​​ក៏បាន​បញ្ជាក់​ពី​សារៈសំខាន់​នៃ​វិស័យ​ទេសចរណ៍ ដោយ​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​វិធានការ​ជា​កញ្ចប់ ដើម្បី​លើកទឹកចិត្ត និង​លើក​កម្ពស់​វិស័យ​ទេសចរណ៍ ហើយ​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា-UAE ដោយ​លោក​មាន​ជំនឿ​ថា ចំនួន​ភ្ញៀវ​ទេសចរ​នឹង​កាន់តែ​កើនឡើង​បន្ថែមទៀត។ 

លោក ហ៊ុន ម៉ាណែត ក៏​បាន​លើក​ទឹកចិត្ត​ដល់លោក​ឯកអគ្គរាជទូត​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយក្រសួង-ស្ថាប័ន​កម្ពុជា ជាពិសេស​បន្ត​ជំរុញ​កិច្ចសហប្រតិបតិ្តការ​រវាង​ប្រទេស​ទាំង២​លើ​វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង​វិស័យ​សក្ដានុពលផ្សេងៗទៀតផងដែរ៕