ភ្នំពេញៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​អំពាវនាវ​ដល់​ប្រទេស​កូរ៉េខាងត្បូង​ឱ្យ​មក​វិនិយោគ​បន្ថែម​នៅ​កម្ពុជា​ ដោយ​លោក​លើកឡើង​ថា កម្ពុជា​នៅ​មាន​សក្ដានុពល​ដ៏​ធំ​សម្បើម​សម្រាប់​កំណើន​នៃ​តម្លៃ​បន្ថែម​ក្នុង​វិស័យ​កសិកម្ម ការ​កែច្នៃ​ម្ហូបអាហារ និង​កម្មន្តសាល​ទំនើប។

លោក​អំពាវនាវ​ដូច្នេះ​ក្នុង​ពិធី​បើក​វេទិកា​ធុរកិច្ច​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង នៅ​ទីក្រុង​សេអ៊ូល (Seol) នៃ​ប្រទេស​កូរ៉េខាងត្បូង នាថ្ងៃទី១៦ ខែ​ឧសភា។


សេចក្ដី​ប្រកាស​ព័ត៌មាន​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី​បញ្ជាក់​ថា៖ «សម្ដេច​មហា​បវរ​ធិបតី បាន​ស្វាគមន៍​ចំពោះ​ការ​វិនិយោគ​បន្ថែម​របស់​សាធារណរដ្ឋ​កូរ៉េ ដោយ​កម្ពុជា​នៅ​មាន​សក្ដានុពល​ដ៏​ធំ​សម្បើម​សម្រាប់​កំណើន​នៃ​តម្លៃ​បន្ថែម ក្នុង​វិស័យ​កសិកម្ម ការ​កែច្នៃ​ម្ហូបអាហារ និង​កម្មន្តសាល​ទំនើប ដោយ​សាធារណរដ្ឋ​កូរ៉េ អាច​ប្រើប្រាស់​ឯកទេស​ផ្នែក​បច្ចេកវិទ្យា​ក្នុង​ការ​កែប្រែ​ឧស្សាហកម្ម​កម្ពុជា និង​បង្កើត​កាលានុវត្ត​ភាព ដែល​ផ្ដល់​ផល​ប្រយោជន៍​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក» ។ 


លោក ហ៊ុន​ ម៉ាណែត ថ្លែង​ថា រាជរដ្ឋាភិបាល បាន​បង្កើត​យន្តការ​ក្នុង​ការ​ធានា​បាន​នូវ​បរិយាកាស​គាំទ្រ និង​អំណោយផល​ដល់​ភាព​ជោគជ័យ​នៃ​ធុរកិច្ច ដែល​មាន​ស្រាប់ និង​ធុរកិច្ច​ថ្មី ប្រកប​ដោយ​ភាព​បុរេ​សកម្ម តាម​រយៈ​ការ​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់ និង​ជា​ប្រចាំ​នូវ​បញ្ហា​ប្រឈម ដែល​វិនិយោគិន​លើកឡើង។


លោក​បញ្ជាក់​ថា រាជរដ្ឋាភិបាល​ប្ដេជ្ញា​ចិត្ត​ពង្រឹង​ទំនាក់ទំនង​ជាមួយ​វិស័យ​ឯកជន ដោយ​មិន​ខ្លាច​នឿយ​ហត់ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ស័ក្ដិសិទ្ធិ​ភាព​ដោយ​ប្រកាន់​ខ្ជាប់​នូវ​អភិក្រម «គិត​រួម​គ្នា ធ្វើ​រួម​គ្នា និង​ទទួល​ខុស​ត្រូវ​រួមគ្នា»។

លោក ហ៊ុន ម៉ាណែត បន្ត​ថា៖ «សាធារណរដ្ឋ​កូរ៉េ​គឺ​ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​របស់​កម្ពុជា ដោយ​បាន​ចូលរួម​ពង្រឹង​កម្លាំង​ពលកម្ម កែលម្អ​សេវា​សាធារណៈ និង​កសាង​មូលដ្ឋានគ្រឹះ​សម្រាប់​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព»។ 

លោក​នាយករដ្ឋមន្ត្រី​លើក​ឡើង​ថា ចាប់​តាំង​ពី​ឆ្នាំ​២០១៦ មក​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​ទិដ្ឋាការ​ដែល​មាន​សុពលភាព​៣ឆ្នាំ និង​អនុញ្ញាត​ឱ្យ​មាន​ការ​ចេញ-ចូល​បាន​ច្រើន​ដង ជាមួយ​នឹង​ការ​បង់ថ្លៃ​សេវា​តែមួយ​លើក​ដល់​វិនិយោគិន​កូរ៉េ ដែល​កាន់​លិខិត​ឆ្លងដែន​ទូទៅ ដើម្បី​លើកទឹកចិត្ត និង​ជំរុញ​ការ​វិនិយោគ និង​ធុរកិច្ច​កូរ៉េ​នៅ​កម្ពុជា។

លោក​បាន​កត់សម្គាល់​ពី​ការ​កើន​ឡើង​នៃ​វត្តមាន​គម្រោង​វិនិយោគ និង​សហគ្រាស​ពាណិជ្ជកម្ម​កូរ៉េ ទាំង​តូច ទាំង​ធំ​នៅ​កម្ពុជា ហើយ​ពាណិជ្ជកម្ម​ទ្វេភាគី​បាន​កើន​ឡើង​លើស ១ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ ២០២៣ ដោយ​គ្រប់​ដណ្ដប់​វិស័យ​វាយនភណ្ឌ ផលិតផល​ធ្វើ​ដំណើរ កង់ គ្រឿង​បន្លាស់​អេឡិចត្រូនិក កសិកម្ម និង​ការ​កែច្នៃ​ផលិតផល​កសិកម្ម។

លោក​ថ្លែង​ថា៖ «ក្រុមហ៊ុន​កូរ៉េ​បាន និង​កំពុង​ដើរ​​តួនាទី​ជា​តួអង្គ​គន្លឹះ ​ក្នុង​ទិដ្ឋភាព​សេដ្ឋកិច្ច​របស់​កម្ពុជា។ ការ​ចូលរួម​របស់​ក្រុមហ៊ុន​កូរ៉េ​នៅ​លើ​វិស័យ​ចម្រុះ ដូចជា កម្មន្តសាល អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និង​សេវាកម្ម​ហិរញ្ញវត្ថុ បាន និង​កំពុង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​ពន្លឿន​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា»។ 

ក្រៅ​ពី​នេះ លោក​នាយករដ្ឋមន្ត្រី​ក៏បាន​កត់សម្គាល់​ពី​ការ​កើន​ឡើង​នៃ​ចំនួន​អាពាហ៍ពិពាហ៍ និង​ការ​រស់នៅ​ក្នុង​ប្រទេស​ទាំងពីរ ដោយ​លោក​បញ្ជាក់​ថា ប្រជាជន​កម្ពុជា​ចំនួន​ជាង ៥៩ ០០០ នាក់ កំពុង​រស់នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ហើយ​ប្រជាជន​កូរ៉េ​ខាងត្បូង​ប្រមាណ ៧ ៨០០ នាក់ កំពុង​រស់នៅ​កម្ពុជា គិត​ត្រឹម​ឆ្នាំ​២០២៣។

លោក​ ជ័យ តិច អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច ថ្លែង​ថា ការ​នាំចេញ​ពី​កម្ពុជា​ទៅ​កូរ៉េមួយ​ភាគ​ធំ​​ជា​ផលិតផល​កសិកម្ម។ ប្រសិន​បើ​កម្ពុជា​មាន​លទ្ធភាព​វិនិយោគ​លើ​ការ​កែច្នៃ​ផលិតផល​កសិកម្ម​​ដើម្បី​នាំចេញ​ទៅ​កូរ៉េ វា​នឹង​អាច​ជួយ​បន្ថែម​នូវ​តម្លៃ​បន្ថែម​ដល់​ផលិតផល​ទាំងនោះ​ដើម្បី​នាំចេញ​ទៅ​កូរ៉េ និងជួយ​បន្ថែម​ទៀត​ដល់​​ប្រជាជន​កម្ពុជា​ឱ្យ​មាន​ការងារ​ធ្វើ ក៏ដូចជា​បង្កើន​ការ​នាំចេញ​ទៅ​តាម​បទដ្ឋាន​គុណភាព​កសិផល​ដែល​បាន​កែច្នៃ និង​គោរព​បាន​នូវ​បទដ្ឋាន​អនាម័យ និង​ភូតគាម​អនាម័យ។

លោក​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​១៧ ឧសភា ​ថា៖ «សម្រាប់​ការ​វិនិយោគ​របស់​កូរ៉េ​ទៅ​លើ​វិស័យ​ឧស្សាហកម្ម​នេះ ជាពិសេស​លើ​វិស័យ​កម្មន្តសាល​នេះ​គឺជា​សក្ដានុពល​មួយ​ធំ​ណាស់។ កន្លង​មក​យើង​ឃើញ​ថា កូរ៉េ​បាន​វិនិយោគ​ហើយ​ទាក់ទង​នឹង​វិស័យ​នេះ ដូចជា​ទាក់ទង​នឹង​រោងចក្រ​ផលិត​ខ្សែកាប រោងចក្រ​ផលិត​គ្រឿង​បង្គុំ​អេឡិចត្រូនិក ជាពិសេស រោងចក្រ​ដំឡើង​រថយន្ត»។ 

លោក​បន្ថែម​ថា៖ «ដោយសារ​តែ​កម្ពុជា​ផ្ដល់​អាទិភាព​សំខាន់​ទៅលើ​វិស័យ​នេះ ជាពិសេស ការ​បណ្ដុះបណ្ដាល​កម្មករ​ដែល​មាន​ជំនាញ​ដើម្បី​បម្រើ​ទៅ​លើ​វិស័យ​ឧស្សាហកម្ម ហើយ​និង​វិស័យ​កម្មន្តសាល​នេះ ដូច្នេះ វា​ជា​ឱកាស​មួយ​សម្រាប់​ការ​បង្កើន​ការ​វិនិយោគ​របស់​កូរ៉េ​ទៅ​លើ​វិស័យ​គ្រឿង​បង្គុំ​អេឡិចត្រូនិក​នេះ»។

លោក ជ័យ តិច លើក​ឡើង​ថា ដើម្បី​បង្កើន​នូវ​ការ​វិនិយោគ​ពី​កូរ៉េ​ខាងត្បូង​មក​កម្ពុជា រាជ​រដ្ឋាភិបាល​កម្ពុជា​គួរតែ​ធ្វើការ​បន្ថែម​ទៀត​ក្នុង​ការ​ជំរុញ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​​ឱ្យ​បាន​ពេញលេញ ធ្វើការ​ផ្លាស់ប្ដូរ​រវាង​ធុរកិច្ច​នៃ​ប្រទេស​ទាំង​ពីរ និង​បង្កើត​ឱ្យ​មាន​ការិយាល័យ​ពាណិជ្ជកម្ម​នៅ​ក្នុង​ប្រទេស​ទាំងពីរ​ដើម្បី​ធ្វើការ​ផ្លាស់ប្ដូរ​ព័ត៌មាន ក៏ដូចជា​ការ​អនុម័ត​នូវ​ច្បាប់​ទាក់ទង​នឹង​ពន្ធ​ត្រួតស៊ីគ្នា ដើម្បី​បង្កើន​ការ​នាំចេញ និង​នាំចូល​រវាង​ប្រទេស​ទាំងពីរ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា ក្នុង​ជំនួប​ជាមួយ​លោក ហ៊ុន ម៉ាណែត នា​ថ្ងៃទី​១៦ ឧសភា លោក ហាន់ ដុកស៊ូ (Han Duck-soo) នាយករដ្ឋមន្រ្តី​កូរ៉េខាងត្បូង​បាន​ប្រកាស​​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​របស់​លោក​ ហ៊ុន​ ម៉ាណែត ក្នុង​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​សម្រាប់​ក្រុមហ៊ុន​កូរ៉េខាងត្បូង និង​ការ​ជំរុញ​ឱ្យ​មាន​យន្តការ​ជួប​ពិគ្រោះ​យោបល់​ជា​ទៀងទាត់​រវាង​សមាគម​ធុរកិច្ច​កូរ៉េខាងត្បូង​នៅ​កម្ពុជា៕