ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ថាមពល​កូរ៉េខាងត្បូង លោក Dukgeun Ahn បាន​លើក​ឡើង​​ថា ​វិនិយោគិន​កូរ៉េខាងត្បូង​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ «យ៉ាង​ខ្លាំង» ​ក្នុង​ការ​មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ហើយ​លោក​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ពង្រីក​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ទៅវិញ​ទៅមក​រវាង​ប្រទេស​ទាំងពីរ​បន្ថែម​ទៀត។

លោក​ថ្លែង​ថា៖ «ក្រុមហ៊ុន​កូរ៉េ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា។ ក្រុមហ៊ុន​កូរ៉េ​ចំនួន​ជាង​ ៣០០ក្រុមហ៊ុន បាន​ធ្វើការ​វិនិយោគ​រួច​ហើយ​ក្នុង​វិស័យ​កម្មន្តសាល វិស័យ​សំណង់ និង​វិស័យ​ហិរញ្ញវត្ថុ ហើយ​គេ​រំពឹង​ថា​នឹង​មាន​ការ​វិនិយោគ​បន្ថែម​ទៀត​នា​ពេលអនាគត»។


លោក Dukgeun Ahn ថ្លែង​ដូច្នេះ​ក្នុង​វេទិកា​ធុរកិច្ច​រវាង​កម្ពុជា និង​កូរ៉េ នាថ្ងៃទី១៦ ខែ​ឧសភា នៅ​ទីក្រុង​សេអ៊ូល (Seol) ប្រទេស​កូរ៉េ​ខាងត្បូង ដោយ​មាន​វត្តមាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចូលរួម​ផង​ដែរ ខណៈ​លោក​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង រយៈពេល​៤ថ្ងៃ​ចាប់ពី​ថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែ​ឧសភា។


នៅ​ក្នុង​វេទិកា​នេះ លោក​រដ្ឋមន្ត្រី​បាន​ស្នើ​នូវ​ទិសដៅ​អនាគត​ដែល​ផ្ដោត​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ ដោយ​លោក​លើក​ឡើង​ថា៖ «ទី១ ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ទៅវិញ​ទៅមក​គួរតែ​ត្រូវ​បាន​ពង្រីក​បន្ថែម​ទៀត ហើយ​ទី​២ ត្រូវ​ធ្វើ​ឱ្យ​មាន​ការ​រីក​ចម្រើន​ក្នុង​កិច្ច​សហប្រតិបត្តិការ​ឧស្សាហកម្ម និង​បច្ចេកទេស»។ 


លោក​បាន​បន្ថែម​ថា៖ «ប្រទេស​ទាំងពីរ​មាន​កិច្ច​សហប្រតិបត្តិការ​លើក​កម្ពស់​ផ្នែក​បច្ចេកវិទ្យា ដែល​ផ្តោត​លើ​វិស័យ​វាយនភ័ណ្ឌ និង​ការ​កែច្នៃ​ម្ហូប​អាហារ ដែល​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ដោយ​ផ្ទាល់»។

លោក Dukgeun Ahn បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា កិច្ច​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ នឹង​ត្រូវ​បាន​ពង្រីក​ឆ្ពោះ​ទៅ​​កាន់​វិស័យ​ទំនើបៗ ដូចជា​រថយន្ត និង​គ្រឿងចក្រ​ធុន​ធ្ងន់ ជាដើម។

លោក​ថ្លែង​ថា៖ «ខ្ញុំ​សង្ឃឹម​ថា ប្រទេស​កូរ៉េ និង​កម្ពុជា​នឹង​បន្ត​ការ​រីកចម្រើន​ និង​មាន​វិបុលភាពជាមួយគ្នា ក្នុង​នាម​ជា​គ្រួសារ​ជិតស្និទ្ធ និង​រស់នៅ​ដោយ​សុខដុមរមនា»។

ក្នុង​ជំនួប​ជាមួយ​លោក ហ៊ុន ម៉ាណែត នាថ្ងៃទី១៧ ខែ​ឧសភា នៅ​ទីក្រុង​សេអ៊ូល លោក ប៉ាក សុងជីន (Park Sungjin) តំណាង​ក្រុមហ៊ុន SM Entertainment បាន​លើក​ឡើង​ពី​ចំណាប់​អារម្មណ៍​របស់​ក្រុមហ៊ុន​លោក​ក្នុង​ការ​ស្វែងរក​ឱកាស​ធ្វើ​អាជីវកម្ម ក៏ដូចជា​ការ​វិនិយោគ​លើ​វិស័យ​សិល្បៈ​កម្សាន្ត​នៅ​កម្ពុជា។ នេះ​បើ​យោង​តាម​បណ្ដាញ​សង្គម​លោក​នាយករដ្ឋមន្ត្រី។

លោក ហ៊ុន ម៉ាណែត បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​នេះ​សហការ​ជាមួយ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ក៏ដូចជា​ក្រសួង​ទេសចរណ៍​កម្ពុជា ដើម្បី​សិក្សា​អំពី​ឱកាស និង​សក្ដានុពល​វិនិយោគ​លើ​វិស័យ​នេះ​នៅ​កម្ពុជា។

ដោយឡែក លោក Lim Jihoon ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ នៃ​ក្រុមហ៊ុន Dunamu ក្នុង​ជំនួប​ជាមួយ​លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ដដែល​នេះ បាន​បញ្ជាក់​អំពី​ចំណាប់​អារម្មណ៍​របស់​ក្រុមហ៊ុន​លោក​ក្នុង​ការ​ពង្រីក​ការ​វិនិយោគ​បន្ថែម​ទៀត​លើ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា។ នេះ​បើ​យោង​តាម​បណ្ដាញ​សង្គម​ដដែល៕