ភ្នំពេញ៖ បន្ទាប់​ពី​ការ​ផ្អាក​ប្រតិបត្ដិការ​មួយ​រយៈ​ Emirates បាន​ចាប់ផ្តើម​ឡើងវិញ​នូវ​ការ​ហោះហើរ​មក​កាន់​រាជធានី​​​ភ្នំពេញ ដែល​ជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​ពង្រីក​វិស័យ​ទេសចរណ៍ និង​អាជីវកម្ម​របស់​កម្ពុជា។

ជើងហោះហើរ​ប្រចាំថ្ងៃ EK348 ត​ភ្ជាប់​ទីក្រុង​ឌូបៃ និង​សិង្ហបុរី ​មក​ទីក្រុង​ភ្នំពេញ បាន​ចុះចត​នៅ​ថ្ងៃទី១ ខែឧសភា នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

សេវាកម្ម​នេះ​ដំណើរការ​ដោយ​យន្តហោះ Boeing 777-300ER ​ត្រូវ​បាន​ស្វាគមន៍​ដោយ​លោក ម៉ៅ ហាវ​ណ្ណាល់ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ជាមួយ​នឹង​ការ​សម្តែង​របាំ​ប្រពៃណី​ខ្មែរ។


នេះ​មិនត្រឹម​តែ​ជា​ការ​បន្ត​ពង្រីក​បណ្តាញ​របស់​ក្រុមហ៊ុន Emirates នៅ​តំបន់​ចុង​បូព៌ា​ដែល​មាន​ដល់ ២១​ ទីតាំង​ប៉ុណ្ណោះ​ទេ​ ថែមទាំង​ ដំណើរការ​រហូត​ដល់ ៤ ជើង​ហោះហើរ​ប្រចាំ​ថ្ងៃ​នៅ​ប្រទេស​សិង្ហបុរី​ផងដែរ។


ការ​បើក​សម្ពោធ​ជា​ថ្មី​នេះ​មាន​ការ​ចូលរួម​ពី​លោក Nabil Sultan អនុប្រធានប្រតិបត្តិ​ផ្នែក​លក់ និង​អ្នកគ្រប់គ្រង​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន Emirates និង លោក Orhan Abbas អនុប្រធាន​ជាន់​ខ្ពស់​ផ្នែកប្រតិបត្តិការ​ពាណិជ្ជកម្ម​តំបន់​ចុង​បូព៌ា​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍ Emirates និង លោក Mohammed Al Qassim អ្នក​គ្រប់គ្រង​ប្រចាំ​ប្រទេស​កម្ពុជា។


លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​មាន​ក្ដី​សោមនស្សរីករាយ​ដែល​បាន​ទទួល​ជើង​ហោះហើរ​ជាថ្មី​ម្ដង​ទៀត​របស់​អាកាសចរណ៍ Emirates ដែល​ហោះ​ផ្ទាល់​ពី​ទីក្រុង​ឌូបៃ ដោយ​ឆ្លង​កាត់​ប្រទេស​សិង្ហបុរី និង​មក​កាន់​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​ ក្រោយ​វិបត្ដិ​កូវីដ​ ១៩ ដែល​បាន​ញាំញី​ពិភពលោក។ 


លោក​បាន​លើកឡើង​ថា​៖ ​«ការ​អាក់ខាន​ការ​ហោះហើរ​របស់​អាកាសចរណ៍ Emirates នេះ​មិន​មែន​ដោយសារ​តែ​បញ្ហា​កូវីដ ១៩ មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​ជម្លោះ​ផ្ទៃ​ក្នុង​របស់​ប្រទេស​មីយ៉ាន់ម៉ា ដែលយន្ដហោះ​នេះ​ត្រូវ​ឆ្លងកាត់​មុន​ពេល​មក​ប្រទេស​កម្ពុជា​។ ការ​ហោះហើរ​ជាថ្មីនេះ ត្រូវ​បាន​អនុវត្ដ​ជើង​ហោះហើរ​សិទ្ធិ​ទី ៥ ដែល​​ធ្វើ​ចេញ​ដំណើរ​ពីប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម ដោយ​ឆ្លង​កាត់​ប្រទេស​សិង្ហបុរី និង​មក​ចុះ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​»។ 

លោក Nabil Sultan បាន​សម្តែង​ការ​សាទរ​ចំពោះ​​​សក្តានុពល​លើ​សេដ្ឋកិច្ច និង​ទេសចរណ៍​របស់​កម្ពុជា​។​ ​

ជើងហោះហើរ​ប្រចាំថ្ងៃ EK348 ត​ភ្ជាប់​ទីក្រុង​ឌូបៃ និង​សិង្ហបុរី ​មក​ទីក្រុង​ភ្នំពេញ បាន​ចុះចត​នៅ​ថ្ងៃទី១ ខែឧសភា នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​ ហុង រស្មី

លោក ​ថ្លែង​​ថា៖ «បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរបែប និង​សេដ្ឋកិច្ច​ដែល​កំពុង​រីកចម្រើន​របស់​កម្ពុជា​ធ្វើឱ្យ​ប្រទេស​នេះ​ក្លាយ​ជា​គោលដៅ​ទាក់ទាញ​សម្រាប់​ការ​ធ្វើ​ដំណើរ​កម្សាន្ត និង អាជីវកម្ម។ យើង​ពិត​ជា​រំភើបរីករាយ​ណាស់​សម្រាប់​ផ្លូវ​ហោះហើរ​ដ៏​ល្អ​នេះ ដើម្បី​ផ្សាភ្ជាប់​ម្តង​ទៀត​នូវ​បណ្តាញ​ហោះហើរ​នៅ​តំបន់​ចុងបូព៌ាដ៏​ធំ​ទូលាយ​របស់​យើង​ដែល​មាន​ស្រាប់»។ 

លោក​បន្ដថា តាម​រយៈសេវាកម្ម​ភ្ជាប់​រវាង​ប្រទេស សិង្ហបុរី និង ភ្នំពេញ ពួកគេ​ក៏​អាច​គាំទ្រ​សកម្មភាព​អាជីវកម្ម​ និង​ពាណិជ្ជកម្ម​រវាង​មជ្ឈមណ្ឌល​ក្នុង​តំបន់​ទាំងពីរ និង​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ​នាំ​ចូល និង​នាំចេញ​កាន់​តែ​ងាយ​ស្រួល​រវាង​សិង្ហបុរី កម្ពុជា និង អេមីរ៉ាត​​​អារ៉ាប់រួម ក៏​ដូចជា​ទីផ្សារ​ផ្សេង​ទៀត​នៅ​ក្នុងពិភពលោក។

លោក Sultan ​បាន​និយាយថា៖ «​យើង​ជឿជាក់ថា​ ឱកាស​នេះ និង​សេវាកម្ម​នេះ​នឹង​បើក​ជើង​មេឃ​សម្រាប់​អ្នកដំណើរ​ជាច្រើន ដោយសារ​ពួកគេ​ទទួល​បាន​ជម្រើស​បន្ថែម​ក្នុងការ​ហោះហើរ​ពី​ភ្នំពេញ​ទៅ​ ឌូបៃ ហើយ​អាច​ភ្ជាប់​ទៅ​កាន់​ ១៤០​ គោលដៅ​»។​

លោក​បាន​ឱ្យដឹង​ថា ​ប្រជាជន​កម្ពុជា​មាន​ឱកាស​​ស្វែងយល់​ពី​ពិភពលោក ក៏ដូចជា​ធ្វើដំណើរ​កម្សាន្ដទៅ​តាម​​គោលដៅ​ថ្មីៗ​។​

លោក​បន្តថា​៖ «​គ្មានអ្វី​សង្ស័យ​ មួយផ្នែក​នៃ​គោលបំណង​របស់​យើង​គឺ​ដើម្បី​នាំ​ភ្ញៀវទេសចរ​ឱ្យបាន​ច្រើន​មក​កម្ពុជា​។ ជាការ​ពិតណាស់ ប្រទេស​កម្ពុជា​ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់​សម្រាប់​គោលដៅ​ដ៏​សំខាន់​របស់ខ្លួន​ ​ហើយ​ជាការ​ពិតណាស់ ប្រាសាទ​ដែល​អ្នកមាន​នៅទីនេះ​គឺ​គ្មាន​ពីរ​បើ​និយាយ​ពី​ប្រវត្តិសាស្ត្រ​នោះទេ»​។​

បន្ថែម​ពីលើ​នោះ សេវាកម្ម​នេះ​នឹង​បើកទូលាយ​នូវ​ឱកាស​សម្រាប់​ការ​វិនិយោគ និង​ឱកាស​អាជីវកម្ម​ពី​មជ្ឈិមបូព៌ា និង​ផ្នែក​ផ្សេងៗ​នៃ​ពិភពលោក​មក​​កម្ពុជា​។​

លោក Sultan បាន​បញ្ជាក់ថា​៖ «​យើង​ពិតជា​រីករាយ​ដែលមាន​ឱកាស​បាន​​ចូលរួម និង​ជួយ​កែលម្អ​សេដ្ឋកិច្ច​។ ជាការ​ពិតណាស់ ​កម្ពុជា​គឺជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​ផលិតផល​ក្នុងស្រុក​សរុប​ខ្ពស់បំផុត​ក្នុងឆ្នាំនេះ​ស្ទើរតែ ៦ ភាគរយ​»​។​

លោក Cyril Girot នាយក​ប្រតិបត្តិក្រុមហ៊ុន អាកាសយានដ្ឋាន​កម្ពុជា បានថ្លែង​ពី​ភាព​វិជ្ជមាន​នៃ​ការបើក​សម្ពោធ​ឡើង​វិញ​នៃ​ជើង​ហោះហើ​របស់ Emirates មក​កាន់​រាជធានី​ភ្នំពេញ​។ 

លោក​បាន​ថ្លែង​ថា​៖ «នេះជា​ដំណឹង​ដ៏​ល្អ​សម្រាប់​អ្នក​ដំណើរ​ដែល​នឹង​មាន​ជម្រើស​ក្នុង​ការ​ធ្វើ​ដំណើរ​ក្នុង និងក្រៅ​ប្រទេស​កាន់តែ​ច្រើន​ដែល​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​បទ​ពិសោធន៍​ធ្វើដំណើរ​របស់​ពួកគេ​បន្ថែម​ទៀត»។

ជើង​ហោះហើរ​ប្រចាំ​ថ្ងៃ​របស់ Emirates EK348 ចាក​ចេញ​ពី​ទីក្រុង ឌូបៃ នៅ​ម៉ោង ០២:៣០ ហើយ​មកដល់​សិង្ហបុរី​នៅ​ម៉ោង ១៤:០៥។ បន្ទាប់​មក​ជើង​ហោះ​ហើរ​ចេញ​ដំណើរ​ពី​សិង្ហបុរី​នៅ​ម៉ោង ១៥:៣៥ និង​មក​ដល់​ភ្នំពេញ​នៅ​ម៉ោង ១៦:៣៥។ 

ជើងហោះហើរ EK349 ត្រលប់​មក​វិញ​របស់ Emirates ចាកចេញ​ពី​ភ្នំពេញ​នៅ​ម៉ោង ២០:៥០ ហើយមកដល់​សិង្ហបុរី​នៅ​ម៉ោង ២៣:៥០។ បន្ទាប់​មក​ជើង​ហោះ​ហើរ​ចេញ​ដំណើរ​ពី​សិង្ហបុរី​នៅ​ម៉ោង ០១:៤០ ថ្ងៃ​បន្ទាប់​មក​ដល់​ទីក្រុង​ឌូបៃ​នៅ​ម៉ោង ០៤:៥៥ ដែល​ពេលវេលា​ទាំងអស់​គឺ​ក្នុង​ស្រុក។

លោក Sultan ​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «​​ខ្ញុំ​គិតថា ​អ្វី​ដែល​រាជ​រដ្ឋាភិបាល​កំពុង​ធ្វើ ​ទាក់ទង​នឹង​ការបើកឱកាស​ផ្សេងៗ​គ្នា​ជាមួយ​ដៃគូ​ជុំវិញ​ពិភពលោក​គឺជា​យុទ្ធសាស្ត្រ​ដ៏​ត្រឹមត្រូវ ដែល​បោះ​ជំហាន​​​ឆ្ពោះទៅមុខ​»​។​

លោក​​​បាន​សម្តែង​សុទិដ្ឋិនិយម​ដោយ​លើកឡើងថា Emirates ប្រតិបត្ដិ​ការ​ស្ទើរតែ​​​ពេញលេញ​ដូច​សម័យ​​មុន​កូវីដ ហើយ​ត្រៀមខ្លួន​សម្រាប់​កំណើនថ្មីៗ៕