
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជួបជាមួយលោក Martin Vavra ឯកអគ្គរដ្ឋទូតនៃប្រទេសឆែកប្រចាំកម្ពុជា នាថ្ងៃទី២០ ឧសភា នៅវិមានព្រឹទ្ធសភា។ Hun Sen Facebook
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតប្រទេសឆែក (Czech) បានសន្យាថានឹងជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងឆែកឱ្យមានការកើនឡើង ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរពុំមានតុល្យភាពនៅឡើយ ដោយការនាំចេញពីកម្ពុជាទៅប្រទេសឆែកមានទំហំស្ទើរតែលើស១០០ដងនៃការនាំចូលពីប្រទេសឆែកមកកាន់កម្ពុជា។
ការសន្យានេះធ្វើឡើងក្នុងជំនួបរវាងលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោក Martin Vavra ឯកអគ្គរដ្ឋទូតនៃប្រទេសឆែកប្រចាំកម្ពុជាដែលទើបតែងតាំងថ្មី នាថ្ងៃទី២០ ឧសភា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ក្នុងជំនួបនេះ លោក ហ៊ុន សែន បានលើកទឹកចិត្តឱ្យភាគីកម្ពុជា និងឆែកខិតខំធ្វើយ៉ាងណាជំរុញឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកើនឡើង ជាពិសេសឱ្យមានតុល្យភាពជញ្ជីងពាណិជ្ជកម្ម ដោយបង្កើនការនាំចេញទំនិញពីកម្ពុជាទៅឆែក ក៏ដូចជាពីនាំចូលទំនិញពីឆែកចូលមកកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។
លោកក៏បានស្នើឱ្យប្រទេសទាំងពីរពិនិត្យមើលនូវកិច្ចព្រមព្រៀងទាំងឡាយណា ដែលអាចជាការលើកទឹកចិត្តឱ្យអ្នកវិនិយោគមានទំនុកចិត្តគ្នាក៏ដូចជាការជំរុញការវិនិយោគរវាងប្រទេសទាំងពីរផងដែរ។
លោក Vavra បានប្តេជ្ញាចិត្តក្នុងការខិតខំឱ្យមានការនាំចូលទំនិញច្រើនបន្ថែមទៀតពីប្រទេសឆែកមកកម្ពុជាដើម្បីឱ្យមានតុល្យភាពតាមរយៈការនាំអ្នកវិនិយោគថ្មីៗមកកម្ពុជាបន្ថែមទៀត ហើយលោកក៏នឹងជំរុញឱ្យមានការផ្ដល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាបន្ថែមទៀត។
ហ្វេសប៊ុកលោក ហ៊ុន សែន បានបញ្ជាក់ក្រោយជំនួបនេះថា៖ «ឯកឧត្ដម Martin Vavra បានប្ដេជ្ញានឹងបន្តខិតខំជំរុញឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែខ្លាំងឡើងថែមទៀត ដោយបច្ចុប្បន្នពុំទាន់មានតុល្យភាពនៅឡើយ ដោយការនាំចេញពីកម្ពុជាទៅសាធារណរដ្ឋឆែកគឺមានទំហំស្ទើរតែលើស១០០ដងនៃការនាំចូលពីឆែកមកកម្ពុជាវិញ»។
លោក Vavra ថ្លែងថា លោកនឹងខិតខំប្រឹងប្រែងសម្របសម្រួលដើម្បីឱ្យគណៈប្រតិភូសភានៃប្រទេសឆែកមកបំពេញទស្សនកិច្ចនៅកម្ពុជានៅចុងឆ្នាំ២០២៤ នេះ ពីព្រោះគណៈប្រតិភូសភាឆែកមានបំណងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា។
លោក ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រទេសឆែកដែលបានលុបបំណុល និងប្រែក្លាយបំណុលសេសសល់ទៅជាជំនួយអភិវឌ្ឍន៍ ហើយឆែកក៏នៅបន្តផ្ដល់ជំនួយជាបន្តទៀតលើវិស័យសុខាភិបាល អប់រំ និងអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសក្នុងវិស័យអប់រំ ប្រទេសឆែកបានផ្ដល់អាហារូបករណ៍ជាបន្តបន្ទាប់ដល់និស្សិតកម្ពុជាទៅសិក្សានៅឆែក។
លោក ហ៊ុន សែន ថ្លែងថា ព្រឹទ្ធសភាកម្ពុជាបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយលោក Vavra ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។
កាលពីឆ្នាំ២០១៩ លោក ហ៊ុន សែន ដែលនាពេលនោះជានាយករដ្ឋមន្ត្រី បានទៅបំពេញទស្សនកិច្ចនៅប្រទេសឆែក។ ភាគីនៃប្រទេសទាំងពីរបានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការក្នុងជំនួយអភិវឌ្ឍន៍លើវិស័យអប់រំ និងសុខាភិបាល៕