ភ្នំពេញៈ កម្ពុជា​ស្នើ​ឱ្យ​ជប៉ុន​ជំរុញ​គម្រោង​សិក្សា​ធ្វើ​ឱ្យ​កំពង់ផែ​ក្រុង​ព្រះសីហនុ​ក្លាយ​ជា​កំពង់ផែ​តំបន់ និង​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម (Logistics) នៅ​ឆ្នាំ​២០៥០ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា។

ការ​ស្នើ​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​លោក ស៊ុន ចាន់ថុល ឧប​នាយករដ្ឋមន្ត្រី អនុ​ប្រធាន​ទី១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) និង​លោក Saito Tetsuo រដ្ឋមន្ត្រី​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍​ជប៉ុន នា​ថ្ងៃទី​២៣ ខែ​ឧសភា នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ក្នុង​ឱកាស​លោក​ចូលរួម​សន្និសីទ​អន្តរជាតិ​លើក​ទី២៩ ស្ដីពី «អនាគត​របស់​អាស៊ី»។


សេចក្ដី​ប្រកាស​ព័ត៌មាន CDC បញ្ជាក់​ថា៖ «ឯកឧត្ដម​ឧប​នាយក​រដ្ឋមន្ត្រី​ក៏​បាន​សំណូមពរ​ឱ្យ​ភាគី​ជប៉ុន​ជួយ​ពន្លឿន​ការ​អនុវត្ត​គម្រោង​លើក​កម្ពស់​កំពង់ផែ​ក្រុង​ព្រះសីហនុ​ឱ្យ​បាន​ទាន់​ពេល​វេលា និង​ជំរុញ​គម្រោង​ការ​សិក្សា​ធ្វើ​ឱ្យ​កំពង់ផែ​ក្រុង​ព្រះសីហនុ​ក្លាយ​ជា​កំពង់ផែ​តំបន់ និង​មជ្ឈមណ្ឌល​ឡូជីស្ទីក (Logistics) នៅ​ឆ្នាំ​២០៥០ ដើម្បី​ជំរុញ​សន្ទុះ​កំណើន​សេដ្ឋកិច្ច​កម្ពុជា»។


CDC បញ្ជាក់​ថា លោក Saito បាន​បង្ហាញ​នូវ​ការ​តាំងចិត្ត​យ៉ាង​មុតមាំ​នឹង​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​របស់​ជប៉ុន​ពន្លឿន​ការ​អនុវត្ត​គម្រោង​លើក​កម្ពស់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​នេះ​ឱ្យ​បាន​កាន់តែ​ឆាប់​រហ័ស​ដើម្បី​ធានា​បាន​ថា​គម្រោង​នេះ​នឹង​អាច​បញ្ចប់​តាម​ផែនការ​ដែល​បាន​គ្រោង​ទុក។ 


លោក​ក៏​បាន​បង្ហាញ​នូវ​ការ​តាំងចិត្ត​ថា​នឹង​ស្នើ​ឱ្យ​ភាគី​ពាក់ព័ន្ធ​របស់​ជប៉ុន​ពិនិត្យ​លើ​សំណើ​គម្រោង​សិក្សា​ផែនការ​មេ​ធ្វើ​ឱ្យ​កំពង់ផែ​ក្រុង​ព្រះសីហនុ​ក្លាយ​ជា​កំពង់ផែ​តំបន់ និង​មជ្ឈមណ្ឌល​ភស្តុភា​នៅ​ឆ្នាំ​២០៥០ ឱ្យ​បាន​កាន់តែ​ឆាប់​រហ័ស សំដៅ​អាច​ឱ្យ​ការ​សិក្សា​គម្រោង​នេះ​អាច​ចាប់ផ្តើម​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

លោក ស៊ុន ចាន់ថុល បាន​ថ្លែង​អំណរ​គុណ​ដល់​ភាគី​ជប៉ុន ដែល​តែងតែ​ចូលរួម ​«យ៉ាងសកម្ម» ក្នុង​ការ​កសាង​សង្គម​សេដ្ឋកិច្ច​កម្ពុជា និង​ការ​ចូលរួម​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ជំនួប​រវាង​លោក ស៊ុន ចាន់ថុល ឧប​នាយករដ្ឋមន្ត្រី អនុ​ប្រធាន​ទី១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) និង​លោក Saito Tetsuo រដ្ឋមន្ត្រី​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍​ជប៉ុន នា​ថ្ងៃទី​២៣ ខែ​ឧសភា នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។​ CDC

 

រាជ​រដ្ឋាភិបាល​នៅ​ដើម​អាណត្តិ​ទី៧​នេះ​បាន​ធ្វើ​ការ​សម្ពោធ និង​បើក​ការដ្ឋាន​ដែល​ជា​ជំនួយ​របស់​ជប៉ុន​ជា​បន្ត​បន្ទាប់ រួម​មាន ផ្លូវ​ជាតិ​លេខ​៥ ប្រព័ន្ធ​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់​ជើងឯក និង​គម្រោង​បើក​ការដ្ឋាន​លើក​កម្ពស់​កំពង់ផែ​ក្រុង​ព្រះសីហនុ​ដំណាក់​កាល​ទី២ ជំហាន​ទី១។

លោក​ ជ័យ តិច អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កម្ពុជា ​ការ​ទាក់ទាញ​នូវ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) មក​កម្ពុជា ក៏ដូចជា​ការ​ដឹកជញ្ជូន​នាំ​ទំនិញ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​របស់​កម្ពុជា​គឺ​មាន​កត្តា​ប្រឈម​មួយ​ចំនួន​ ដែល​ក្នុង​នោះ​កត្តា​ប្រឈម​ខ្លាំង​មួយ​ផង​ដែរ​របស់​កម្ពុជា​គឺ​ទាក់ទង​ទៅ​នឹង​ភស្តុភារ​កម្ម។

លោក​បន្ត​ថា រាជ​រដ្ឋាភិបាល​អាណត្តិ​ទី៧​នេះ​បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​អភិវឌ្ឍ​វិស័យ​ភស្តុភារ​កម្ម ក្នុង​នោះ​ ​មាន​ការ​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ភស្តុភារ​កម្ម​របស់​កម្ពុជា ក៏ដូចជា​មាន​ការ​អភិវឌ្ឍ​នូវ​វិស័យ​ដឹកជញ្ជូន​តាម​ផ្លូវ​ថ្នល់ ផ្លូវ​ដែក ជាពិសេស​គឺ​ផ្លូវទឹក ដែល​ចុង​ក្រោយ​នេះ​គឺ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ។

លោក​ ជ័យ តិច ថ្លែង​ថា សម្រាប់​កំពង់ផែ​ក្រុង​ព្រះសីហនុ​នេះ​គឺ​សឹងតែ​ទទួល​បាន​ការ​គាំទ្រ​ជា​ប្រពៃណី​ពី​ភាគី​ជប៉ុន តាំងពី​ដើម​រហូត​មក​ដល់​ការ​សាងសង់​នូវ​កំពង់ផែ​នេះ​ក្នុង​ដំណាក់​កាល​ទី២​នេះ​ដើម្បី​ក្លាយ​ជា​កំពង់ផែ​ដ៏​ធំ​បំផុត​មួយ​របស់​កម្ពុជា​ក្នុង​ការ​នាំ​ទំនិញ​ចេញ​ចូល។

លោក​ថ្លែង​ថា៖ «ការ​ចូលរួម​ចំណែក​របស់​ភាគី​ជប៉ុន​ក្នុង​ការ​អភិវឌ្ឍ និង​ពង្រីក​នូវ​កំពង់ផែ​ក្រុង​ព្រះសីហនុ​នេះ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ក៏ដូចជា​ការ​ទាក់ទាញ​នូវ​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម ជា​ពិសេស​គឺ​ទាក់ទង​ទៅ​នឹង​ភស្តុភារ​កម្ម និង​ការ​តភ្ជាប់​នៅ​ថ្នាក់​តំបន់ និង​ពិភព​លោក»៕