កម្ពុជា​និង​តួកគី បន្ត​ព្យាយាម​រក​វិធី​ដើម្បី​ឲ្យ​មាន​ការ​ហោះ​ហើរ​ត្រង់​រវាង​ប្រទេស​ទាំង​ពីរ ខណៈ​ដែល​ការ​ពិភាក្សា​លើ​រឿង​នេះ​បាន​ធ្វើ​ឡើង​ជាច្រើន​ឆ្នាំ​មកហើយ តែ​មិនទាន់​មាន​លទ្ធផល។


កិច្ច​ពិភាក្សា​ចុងក្រោយ​លើ​រឿង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​រវាង​លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​តួកគី​ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅប្រទេស​តួកគី​កាល​ពី​ថ្ងៃទី​២៩ ខែ​ឧសភា។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​នៅ​ថ្ងៃ​ទី៣១ ខែឧសភា ។


សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា៖ «ក្នុងកិច្ច​ពិភាក្សា​អំពី​ការ​វិនិយោគ ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ទៅ​លើ​តម្រូវកា​រ​ក្នុង​ការ​មាន​ការ​ហោះហើរ​ត្រង់​រវាង​តួកគី​និង​កម្ពុជា។ ដូច្នេះ តួកគី​នឹង​ប្រឹងប្រែង​លើក​ទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​ហោះហើរ Turkish Airlines ចាប់​ផ្ដើម​ហោះ​ហើរ​ត្រង់​មក​កម្ពុជា​ឆាប់ៗ​នេះ​តាម​តែ​អាច​ធ្វើ​ទៅ​បាន​​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍»។


ក្រសួង​ការបរទេស​បន្ត​ថា៖ «ភាគី​ទាំងពីរ​ទទួល​ស្គាល់​នូវ​សក្ដានុពល​ដ៏ធំធេង​សម្រាប់​ការ​វិនិយោគ​នាពេល​អនាគត​នៅ​ក្នុង​វិស័យ​នានា​ដូចជា ឧស្សាហកម្ម​កសិកម្ម ការអប់រំ ការ​កែច្នៃ​ម្ហូប​អាការ ការ​អភិវឌ្ឍ​ថាមពល​បៃតង និង ទេសចរណ៍»។


ឆ្នាំ​នេះ​គឺជា​ខួបទី៦៥​ឆ្នាំ​នៃ​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ។​ លោក​រដ្ឋមន្ត្រី​ការបរទេស​ក៏​បាន​លើក​ឡើង​អំពី​ទំនាក់​ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ​នៅ​លើ​វិស័យ​ជាច្រើន​ផងដែរ។


លោក​ប្រាប់​ដល់​ភាគី​តួកគី​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​ធ្វើ​ឡើង​ដើម្បី​អនុវត្ត​ការព្រម​ព្រៀង​គ្នា​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ដែលធ្វើ​ឡើង​ក្នុង​គោល​បំណង​បង្កើន​ទំហំ​សេដ្ឋ​កិច្ច​ទ្វេភាគី​ឲ្យ​ដល់​ទំហំ ១​ពាន់​លាន​ដុល្លារ។

លោក សុខ ចិន្តា​សោភា ស្នើ​ឲ្យ​តួកគី​មើល​មក​កម្ពុជា​ថា​ជា​ផ្នែក​មួយ​នៃ​ទីផ្សារ​ដ៏ធំ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​មាន​ពលរដ្ឋ​ជាង ៦៥០​លាន​នាក់ និង​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ជាច្រើន។

លោក តុប សុភ័គ អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ការហោះ​ហើរ​ត្រង់​រវាង​កម្ពុជា​និង​តួកគី​ពិត​ជា​មាន​សារៈ​សំខាន់​ពីព្រោះ​ភ្ញៀវទេសចរ​ពី​តួកគី​មក​កម្ពុជា​ក្នុង​រយៈ​ពេល​ ៣ ខែ​ដំបូង​ក្នុង​ឆ្នាំ​២០២៤​នេះ​មាន​ចំនួន​ ២ ៤៨០នាក់ ដែល​ជា​ចំនួនដ៏ទាប​មួយ។ លោក​រំពឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​ពី​តួកគី​អាច​កើន​ឡើង​នៅ​ពេល​មាន​ជើង​ហោះ​ហើរ​ត្រង់។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ប្រសិន​បើ​មាន​ការ​ហោះ​ហើរ​ត្រង់​វា​នឹង​មាន​ភាព​ងាយ​ស្រួល​សម្រាប់​ភ្ញៀវទេសចរ​ពី​តួកគី​និង​ប្រទេស​ក្បែរៗ​ហ្នឹង។ ការ​ភ្ជាប់​ជើង​ហោះ​ហើរ​ត្រង់​មាន​សារៈ​សំខាន់​ពីព្រោះ​វា​កាត់​បន្ថយ​ការ​ចំណាយ​របស់​ភ្ញៀវទេសចរ និង​ចំណេញ​ពេល​វេលា»។

លោក ធួន ស៊ីណាន សមាគម​ទេសចរណ៍​អាស៊ី​បាស៊ីហ្វិក​(PATA) ក៏​បាន​បង្ហាញ​ពី​ផលប្រយោជន៍​នៃ​ការ​ហោះ​ហើរ​ត្រង់​រវាង​តួកគី​និង​កម្ពុជា​ផងដែរ​ ដោយលោក​ថា តួកគី​ប្រៀប​បី​ដូចជា​មជ្ឈមណ្ឌល​តភ្ជាប់​ជើង​ហោះ​ហើរ​មួយ។ ប៉ុន្តែ​លោក​ថា ការពិភាក្សា​រវាង​ប្រទេស​ទាំងពីរ​លើ​ការ​ហោះ​ហើរ​ត្រង់នេះ​ធ្លាប់​ត្រូវ​បាន​ជជែក​គ្នា​ជាយូរ​មក​ហើយ តែ​មិន​ទាន់​ឃើញ​មាន​លទ្ធផល​អ្វី។

លោក​ថា៖ «តួកគី​គឺ​ជា​មជ្ឈមណ្ឌល​តភ្ជាប់​រវាង​មជ្ឈិម​បូព៌ា​និង​អឺរ៉ុប ទាំង​ធុរកិច្ច និង​ការ​ហោះ​ហើរ។ បើ​យើង​ជិះ​យន្តហោះ​ទៅ​អឺរ៉ុប ហើយ​ឆ្លង​កាត់​តួកគី​យើង​ឃើញ​មាន​មនុស្ស​ចេញចូល​ឆ្លងកាត់​តួកគី​ច្រើន​ណាស់ គឺច្រើន​ជាង​នៅ​ប្រទេស​ថៃ​ទៅ​ទៀត។ ដូច្នេះ​ការ​ភ្ជាប់​ការ​ហោះហើរ​ត្រង់​ជាមួយ​តួកគី​គឺ​ជា​ការ​តភ្ជាប់​រវាង​មជ្ឈិមបូព៌ា សហគមន៍​អឺរ៉ុប និង​ជាមួយ​នឹង​កម្ពុជា ក៏ដូចជា​ត​ភ្ជាប់​កម្ពុជា​ជាមួយ​នឹង​អាមេរិក​និង​កាណាដា​ផងដែរ»។

យ៉ាង​ណា​ក៏ដោយយ​លោក​ថា កម្ពុជា​ត្រូវ​មាន​យុទ្ធសាស្ត្រ​និង​ធ្វើ​សកម្មភាព​ជាក់ស្ដែង​បន្ថែម​ទៀត​ឲ្យ​បាន​លើស​ពី​ការ​និយាយ និង​ត្រូវ​ធ្វើ​ឲ្យ​មាន​ភាព​ទាក់ទាញ​ផងដែរ។

ប៉ុន្តែ លោក តុប សុភ័គ និយាយ​ថា ក្រសួង​ទេសចរណ៍​និង​ក្រសួង​ពាក់​ព័ន្ធ​កំពុង​ប្រឹងប្រែង​ធ្វើ​ឲ្យ​ការ​ធ្វើ​ដំណើរ​មក​កម្ពុជា​កាន់​តែ​ងាយស្រួល ​ដូចជា​ការ​ហោះ​ហើរ​ត្រង់​ជាដើម។ ប៉ុន្តែ​ការ​ងារ​នេះ​ក៏​មិន​ងាយ​ស្រួល​នោះ​ដែរ។

លោក​ថ្លែង​ថា៖ «ប៉ុន្តែ​វា​មិនមែន​ថា យើង​ធ្វើ​បាន​ភ្លាមៗ​ទេ ព្រោះ​ត្រូវ​ការ​លក្ខខណ្ឌ​ច្រើន​ដែរ​នៅ​ក្នុង​ការ​តភ្ជាប់​ជើង​ហោះ​ហើរ​ត្រង់​នេះ។ ដូច្នេះ​ហើយ​យើង​នៅ​តែ​ខិតខំ​ដើម្បី​ឲ្យ​បាន​ល្អ​ប្រសើរ​សម្រាប់​វិស័យ​ទេសចរណ៍​របស់​យើង។ នៅ​ពេល​យើង​មាន​ការ​ហោះ​ហើរ​ត្រង់​ មិន​មែន​មក​តែ​ទេសចរ​ទេ គឺ​មក​ទាំង​អ្នក​វិនិយោគ​និង​អ្នក​ដំណើរ​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​កាន់​តែងាយ​ស្រួល»។

បើតាម​ក្រសួង​ទេសចរណ៍ ក្នុង​ត្រីមាស​ទី១​នៃ​ឆ្នាំ​២០២៤​នេះ ចំនួន​ទេសចរ​អន្តរជាតិ​ចូល​មក​កម្ពុជា​មាន​ចំនួន ១,៥៨​លាន​នាក់ កើនឡើង​ ២២,៥​ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២៣។

ចំណែក​ឯ​ជើង​ហោះ​ហើរ​​អន្តរជាតិ​មាន​ចំនួន ៦ ៤៨៨ ជើង ឬ​ចន្លោះ​ពី​៥០០ ទៅ៥១០​ជើង​ក្នុង​មួយ​សប្ដាហ៍​ក្នុង​ត្រីមាស​ទី១។ កម្ពុជា​មាន​ក្រុមហ៊ុន​ទេសចរណ៍​កំពុង​ដំណើរ​ការ​ចំនួន ៣០​ក្រុមហ៊ុន។ នេះ​បើតាម​ក្រសួង​ទេសចរណ៍៕