ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើក​ឡើង​ថា ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ​របស់​កម្ពុជា​នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​កាន់​តែ​មាន​ប្រសិទ្ធភាព ដោយ​ផ្លាស់​ប្ដូរ​ពីការ​ប្រើ​ក្រដាស​ទៅ​ជា​ការ​មិន​ប្រើ​ក្រដាស ដោយ​ប្រព័ន្ធ​នេះ​មាន​ការ​តភ្ជាប់​ទៅកាន់​ប្រព័ន្ធ​បញ្ជរតែ​មួយ​របស់​អាស៊ាន​ ដើម្បី​ផ្លាស់ប្ដូរ​ទិន្នន័យ​ជាមួយ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន។

ក្នុងពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ ​នា​ថ្ងៃទី​៧ ខែ​ឧសភា នៅ​រាជធានី​ភ្នំពេញ លោក​ថ្លែង​ថា ការ​ដាក់​ឱ្យ​អនុវត្ត​ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ​នេះ​ គឺជា​ការ​ចូលរួម​ចំណែក​មួយ​ដ៏សំខាន់​ក្នុង​ការ​កែ​លម្អ​បរិយាកាស​ធុរកិច្ច និង ការ​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​នៅ​កម្ពុជា។

ប្រព័ន្ធ​នេះ​មាន​គោលដៅ​លើក​កម្ពស់​គុណភាព តម្លាភាព ប្រសិទ្ធភាព និង​ភាព​ជឿ​ជាក់​ពីសំណាក់​វិនិយោគិន និង​ធុរជន ព្រម​ទាំង​បង្កើត​ការ​បង្ខិត​សេវា​សាធារណៈ​ទៅ​ជិត​អ្នក​ប្រើប្រាស់​តាម​រយៈការ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម និង ថ្នាល​បច្ចេក​វិទ្យា និង ការ​ផ្តល់​សេវា​សាធារណៈ​ដើម្បី​សម្រួល​នីតិវិធី កាត់​បន្ថយ​ពេលវេលា និង ចំណាយ​ពាក់​ព័ន្ធ​ផ្សេងៗ។


លោក​នាយក​រដ្ឋមន្ត្រី​លើក​ឡើង​ថា៖ «ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ​របស់​កម្ពុជា​មាន​ការ​តភ្ជាប់​ទៅកាន់​ប្រព័ន្ធ​បញ្ជរ​តែ​មួយ​អាស៊ាន ដើម្បី​ផ្លាស់ប្ដូរ​ទិន្នន័យ​ជាមួយ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន និង​កែសម្រួល​នីតិវិធី​នៃ​ការ​ស្នើ​សុំ​អាជ្ញាបណ្ណ លិខិត​អនុញ្ញាត វិញ្ញាបនបត្រ និង​ឯកសារតម្រូវ​នានា​ពាក់ព័ន្ធ​នឹង​ការ​នាំចេញ នាំចូល​ទំនិញ ដែល​កន្លង​មក ពាណិជ្ជករ​ត្រូវ​រត់​ការ​ឆ្លងកាត់​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច​ផ្សេង​គ្នា​ជាច្រើន​លើក​មក​ជា​ការ​ស្នើសុំ​តែមួយ​លើក​រួមគ្នា​តាម​ទម្រង់​អេឡិចត្រូនិក»។


លោកបន្ថែមថា៖ ​«ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ​រួម​ជាមួយ​នឹង​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​ទិន្នន័យ​គយ ឬហៅថា អាស៊ីគូដា (ASYCUDA) នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ដោយ​ផ្លាស់ប្ដូរ​របៀបរបប​ការងារ​ពី​ការ​ពឹង​ផ្អែក​ទៅ​លើ​ក្រដាស​ទៅ​ជា​ការ​មិន​ប្រើ​ក្រដាស។ ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​នឹង​ក្លាយ​ជា​តួអង្គ​ដ៏សំខាន់​មួយ​នៃ​ប្រព័ន្ធ​អេកូឡូ​ជីឌីថល​សម្រាប់​ធុរកិច្ច​ដែល​ធ្វើឱ្យ​កិច្ចសម្រួល​ពាណិជ្ជកម្ម​របស់​កម្ពុជា​កាន់តែ​មាន​ប្រសិទ្ធភាព​និង​មាន​លទ្ធផល​តភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​អេកូឡូស៊ី​ឌីជីថល​សម្រាប់​ធុរកិច្ច​ផ្សេង​ទៀត​ក្នុងតំបន់ និង​លើសកលលោក។ 


លោក ហ៊ុន ម៉ាណែត លើក​ឡើង​ថា​៖ «សមិទ្ធផល​នេះ​ក៏​ជា​ការ​បន្ត​ជំរុញ​នូវ​ការ​កែទម្រង់​ស៊ីជម្រៅ និង​ការ​ធ្វើ​ទំនើបកម្ម​រដ្ឋបាល​សារពើពន្ធ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ចំណូល និង​បង្កើត​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើរ​ភាព​ក្នុង​ការ​ធ្វើ​ធុរកិច្ច និង​ការ​វិនិយោគ និងដើម្បី​កាត់​បន្ថយ​បន្ទុក​ចំណាយ​លើ​ការ​បំពេញ​តាម​កាតព្វកិច្ច​និង​នីតិវិធី​សារពើពន្ធ»។


លោក​រំពឹង​យ៉ាង​មុតមាំ​ថា ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ​នេះ​នឹង​ក្លាយ​ទៅ​ជា​គំរូជោគជ័យ​មួយ​ទៀត​នៃ​ការ​ខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​ក្រសួង ស្ថាប័ន​នៃ​រដ្ឋាភិបាល​ដែល​បាន​ជម្នះ​នូវ​ការ​លំបាក ក្នុង​ដំណើរការ​សម្របសម្រួល​ស្ថាប័ន។ ប្រព័ន្ធ​នេះ​អាច​ចាត់​ទុក​បាន​ថា​ជា​ជោគជ័យ​រួមគ្នា គឺជា​សមិទ្ធផល​រួម​គ្នា​របស់​ក្រសួង ស្ថាប័ន​នៃ​រដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​ការងារ​តាម​អភិក្រម​ចីរភាព​នៃ​ប្រព័ន្ធ​តួអង្គតែមួយ។ 

លោក​នាយក​រដ្ឋ​មន្ត្រី​បញ្ជាក់​ថា ការ​ធ្វើ​ការ​រួមគ្នា «ប្រកប​ដោយ​ជោគជ័យ» នេះ​ក៏​បាន​ហុចផលដល់​វិស័យ​ឯកជន និង ទទួល​បាន​ផល​ប្រយោជន៍​ជាច្រើន​ពី​ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ មាន​ជាអាទិ៍ ចំណេញ​ពេល កាត់​បន្ថយ​ចំណាយ​ដោយ​មិន​ចាំបាច់​ត្រូវ​រត់ការ​ពី​ក្រសួង ស្ថាប័ន​មួយ​ទៅក្រសួង​ស្ថាប័ន​មួយ​ទៀត​នោះទេ។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានថ្លែង​ក្នុង​ពិធី​នេះ​ថា ក្រៅពី​ប្រព័ន្ធ​បច្ចេក​វិទ្យា​ឌីជីថល​ដែល​គាំទ្រ​ដល់​មុខងារ​បច្ចេកទេស​នីមួយៗ ក្រសួង​របស់​លោក​បាន​គិតគូរ​លើ​ការ​រៀបចំ​ជា​ប្រព័ន្ធ​អេកូឡូស៊ី និង ថ្នាល​បច្ចេក​វិទ្យា​ដែល​មាន​ភាព​ប្រទាក់​ក្រឡា​គ្នា​ដែល​អនុញ្ញាត​ឱ្យ​ប្រព័ន្ធ​បច្ចេក​វិទ្យាព័ត៌មាន​ផ្សេងៗ ទាំង​ប្រព័ន្ធបច្ចេកវិទ្យា​ក្នុង​ក្រសួង​របស់​លោក និង​ប្រព័ន្ធ​បច្ចេក​វិទ្យា​របស់​ក្រសួង ស្ថាប័ន​ផ្សេង​ទៀត​ អាចធ្វើការ​ប្រទាក់​ក្រឡា​ជាមួយ​គ្នា​បាន​ជា​ចង្កោម​នៃ​អង្គ​តែមួយ។

លោកថ្លែងថា៖ ​«ការ​ដាក់​ចេញ​នូវ​ថ្នាល​ឌីជីថល​គន្លឹះ​សំខាន់ៗ ដូចជា ថ្នាល​ផ្លាស់​ប្ដូរ​ទិន្នន័យ​កម្ពុជា ហៅកាត់ថា CamDX បាន​បើក​ឡើង​នូវ​ឱកាស​​ឱ្យ​ប្រព័ន្ធ​ដទៃទៀត​អាច​ធ្វើ​ការ​រួមគ្នា​និង​ប្រទាក់ក្រឡា​គ្នា ដោយ​បង្កើត​បាន​ជា​សេវា​ឌីជីថល​ថ្មីៗ​ឱ្យ​កាន់​តែ​ងាយស្រួល និង​មាន​ប្រសិទ្ធភាព​ជាងមុន។ ជាក់ស្ដែង ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេក​វិទ្យាព័ត៌មាន​ដែល​តភ្ជាប់​ជាខ្សែ​ច្រវ៉ាក់​ពី​ប្រព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌មាន​មួយ​ទៅ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​មួយ​ទៀត​នៃ​ក្រសួងស្ថាប័ន​ចំនួន ២១ បាន​អនុញ្ញាត​ឱ្យ​ធុរជន​ចុះ​បញ្ជី​អាជីវកម្ម​ដោយ​ប្រើពេល​ត្រឹម​តែ​ ៨​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​ប៉ុណ្ណោះ»។

លោក អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់​ថា ក្នុង​រយៈជិត​​៤ឆ្នាំ បើ​គិត​ពី​ពេល​ចាប់ផ្ដើម​ដាក់​ឱ្យ​ដំណើរការ CamDX នៅពាក់​កណ្ដាល​ឆ្នាំ ២០២០ មក​ដល់​ដំណាច់​ខែ​មេសា ឆ្នាំ ២០២៤ នេះ ក្រុមហ៊ុនចំនួន ៣៥ ៧៥៥ ជាមួយ​នឹង​ទំហំ​ដើម​ទុន ១០,៧៣ ប៊ីលាន​ដុល្លារ​អាមេរិក​បាន​ចុះ​បញ្ជី​ដោយជោគជ័យ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ីនេះ៕