វាជា​មោទនភាព​មួយ​ទៀត​របស់​កម្ពុជា​ដែល​ផលិតផល​មាន​គុណភាព​មួយ​ប្រភេទ​បាន​ទៅ​ដល់​ទីផ្សារ​បរទស​នៅ​ក្នុង​ឆ្នាំនេះ។ ម្រេច​ខ្មៅ​ចំនួន ៣០​តោន​បាន​ទៅ​ដល់​ប្រទេស​ចិន កាលពី​ខែ​មេសា ប៉ុន្តែ បញ្ហា​ប្រឈម​អាច​កើត​មាន​នៅ​ឆ្នាំ២០២៥ សម្រាប់​ផលិត​ផល​កសិកម្ម​មួយនេះ។

ម្រេច​ខ្មៅ​ចំនួន ៣០តោន ដែល​ជា​ផលិតផល​របស់​ក្រុមហ៊ុន Sela Pepper ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​ជា​លើក​ដំបូង។ ផលិតផល​នេះ​បាន​ទៅ​ដល់​​ទីក្រុង Qingdao ស្ថិត​នៅ​ក្នុង​ខេត្ត​ Shandong ​នៅ​ភាគខាង​កើត​នៃ​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា​កន្លង​ទៅ។


អ្នកស្រី Anna Cai នាយក​ក្រុមហ៊ុន Sela Pepper បាន​ឲ្យ​ដឹង​ថា ការ​នាំចេញ​លើក​ទីមួយ​ទៅ​កាន់​ប្រទេស​ចិន​នេះ​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ បន្ទាប់​ពី​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​បាន​ប្រកាស​​អំពី​ការ​អនុញ្ញាត​ឲ្យ​កម្ពុជា​នាំ​ចេញ​ម្រេច​ទៅ​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ទី១២ ខែ​ឧសភា​ ឆ្នាំ​២០២៣។

អ្នកស្រី​​ពន្យល់​ថា ម្រេច​ដែល​អាច​នាំ​ចេញ​ទៅ​បាន​ត្រូវ​តែ​អនុលោម​ទៅតាម​​ការ​កំណត់​​របស់​អគ្គរដ្ឋបាល​គយ​ នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន (GACC)។ អ្នកស្រី​ថា ម្រេច​ពី​ក្រុមហ៊ុន​របស់​អ្នកស្រី​មាន​គុណភាព​ទៅ​តាម​តម្រូវការ​របស់​អតិថិជន​ចិន។


អ្នកស្រី​និយាយ​ថា៖ «វា​ជា​ការ​ប្រារព្ធ​ខួបមួយ​ឆ្នាំ​នៃ​ការ​ប្រកាស​អំពី​ការ​ផ្ដល់​សិទ្ធិ​នាំ​ចេញ​ម្រេច​ទៅ​ប្រទេស​ចិន។ វាជា​សមិទ្ធិផល​មួយ​ដ៏ធំ​គួរ​ឲ្យ​កត់​សម្គាល់ និង​​ថ្ងៃ​ដ៏​ល្អ​សម្រាប់​កសិករ​ដាំម្រេច​កម្ពុជា និង​សម្រាប់​ក្រុមហ៊ុន​ Sela Pepper ផ្ទាល់តែ​ម្ដង។ ខ្ញុំសូម​អរគុណ​ដល់​កសិករ​ទាំង​អស់»។

ក្រៅ​ពី​នាំចេញ​ទៅ​ប្រទេស​ចិន ក្រុមហ៊ុន Sela Pepper ក៏​នាំចេញ​ម្រេច​ខ្មៅ​ទៅ​ប្រទេស​ប្រមាណ​ ១០​ផ្សេង​​ទៀត​នៅ​លើ​ពិភពលោក។

អ្នកស្រី​ Anna Cai បញ្ជាក់​ថា ក្រុមហ៊ុន​របស់​អ្នកស្រី​បាន​ដំណើរ​ការ​ ៩​ឆ្នាំ​មក​ហើយ ដោយ​ធ្វើការ​រួម​គ្នា​ជាមួយ​កសិករ​ដើម្បី​ផលិត​ម្រេច​ដែល​មាន​គុណភាព​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​និង​នាំ​ចេញ។

កាល​ពី​ឆ្នាំ​​២០២៣ កម្ពុជា​បាន​នាំចេញ​ម្រេច​​សរុប​ជាង​ ៦ពាន់​តោន​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ដែល​តួលេខ​នេះ​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ជិត ២៧​ភាគរយ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២២។ ការធ្លាក់ចុះ​នេះ​បណ្ដាល​មក​ពី​កត្តា​រួមផ្សំ​ផ្សេងៗ​បូករួម​ទាំង​ការ​ស្ទាក់ស្ទើរ​របស់​កសិករ​ដែល​មិន​ចង់​លក់​ចេញ​ដោយសារ​បាន​តម្លៃ​ទាប។ នេះ​បើតាម​តួលេខ​របស់​ក្រសួង​កសិកម្ម​​ រុក្ខាប្រមាញ់ និង​នេសាទ។

យ៉ាងណា​ក៏ដោយ អាកាសធាតុ​ក្ដៅ​ និង​គ្រោះ​រាំង​ស្ងួត​រយៈ​ពេល​វែង​នៅ​២០២៤​ឆ្នាំ​នេះ នឹង​ធ្វើ​ឲ្យ​ផលិតផល​កសិកម្ម​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​ ក្នុង​នោះ​ក៏​មាន​ទាំង​ម្រេច​ផងដែរ។

លោក ងួន ឡាយ ប្រធាន​សមាគម​លើក​កម្ពស់​ម្រេច​កំពត បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Sela Pepper ក៏ជា​សមាជិក​របស់​សមាគម​នេះដែរ។

លោក​ថា ការ​នាំ​ចេញ​នេះ​ជាការ​ចូលរួម​លើក​កម្ពស់​ផលិតផល​កម្ពុជា។ យ៉ាងណា​ក៏ដោយ​លោក​បង្ហាញ​កង្វល់​អំពី​កង្វះ​ផលិតផល​សម្រាប់​ឆ្នាំ​២០២៥​ ដោយសារ​តែ​ដំណាំ​ម្រេច​ក្នុង​ឆ្នាំ​នេះ​រងគ្រោះ​ពី​គ្រោះ​រាំង​ស្ងួត។

បើតាម​លោក ងួន ឡាយ ​ម្រេចដែល​មាន​ក្នុង​ប្រទេស​នៅ​ក្នុង​ឆ្នាំ​​២០២៤​នេះ​ គឺ​ជា​ផលិត​ផល​កាល​ពី​ឆ្នាំ​មុន ហើយ​ក៏​មាន​មិន​ច្រើន​នោះដែរ។

លោក​និយាយ​ថា៖ «ស្ថានភាព​សម្រាប់​ឆ្នាំ​២០២៤​នេះ​​ ម្រេច​ខូចខាត​អស់​ច្រើនណាស់។ យើង​អាច​ប៉ាន់ស្មាន​ថា ការ​ខូចខាត​មាន​ ៦០​ភាគរយ​បាត់​ទៅ​ហើយ។ កាលពី​ឆ្នាំ​មុន ភ្លៀង​​ច្រើន​ពេក ធ្វើ​ឲ្យ​រលួយ​គល់​ដើមម្រេច​មួយ​ចំនួនធំ។ ដល់​មក​រដូវ​ប្រាំង​ឆ្នាំនេះ​ មាន​ការរាំង​រហូត​ដល់​ ៦​ឬ​ ៧​ខែ ធ្វើ​ឲ្យ​ខ្វះទឹក ដល់​អីចឹង​ទៅ​វា​ងាប់​អស់​​ច្រើនណាស់»។ 

លោក​បន្ត​ថា៖ «ខ្ញុំ​ធ្លាប់​បេះម្រេច​បាន​ ៨​ឬ​៩​តោន​ក្នុង​មួយ​ឆ្នាំ តែ​ឆ្នាំនេះ​អត់​បាន គឺ​​បាន​យ៉ាង​ច្រើន​ ២០០​គីឡូក្រាម។ បើ​យើង​មើល​ទៅ​លើ​កសិដ្ឋាន​ផ្សេងៗ​ក៏​មិន​ខុស​គ្នា​ដែរ គឺ​ខូចច្រើន​ណាស់។ សម្រាប់​ឆ្នាំ​២០២៥ យើង​មិន​សង្ឃឹម​ថា​នឹង​មាន​ម្រេច​សម្រាប់​នាំ​ចេញ​រាប់​រយ​តោន​ដូច​មុន​ទេ។ បាន​តែ​៥០ ទៅ​៦០​តោន វា​ល្អ​ណាស់​ទៅ​ហើយ»។ 

ទោះ​បី​ជា​មាន​បញ្ហា​ប្រឈម​បណ្ដាល​មក​ពីគ្រោះ​​ធម្មជាតិ​បែប​នេះ​ក្ដី ​អ្នកស្រី Anna Cai អះអាង​ថា ក្រុមហ៊ុន​​អ្នកស្រី​បន្ត​ធ្វើ​ការ​ជាមួយ​កសិករ​ដើម្បី​មាន​ម្រេច​ផ្គត់ផ្គង់​ទៅ​តាម​តម្រូវការ​ទីផ្សារ។

អ្នកស្រី​ថ្លែង​ថា៖ «ពិតណាស់​ រដូវប្រាំង​នេះ​ធ្វើ​ឲ្យ​មាន​បញ្ហា​លំបាក​សម្រាប់​ដំណាំម្រេច។ ប៉ុន្តែ មិនថា​លំបាក​យ៉ាង​ណា​ទេ កសិករ​នឹង​ក្រុមហ៊ុន​របស់​យើង​នឹង​បន្ត​ពុះពារ​តទៅ​ទៀត»។

លោក ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋានកសិកម្ម បាន​ឲ្យ​ដឹង​ថា អាកាសធាតុ​ឡើង​កម្ដៅ​ខ្លាំង​ក្នុង​ឆ្នាំ​នេះ​ពិត​ជា​ប៉ះពាល់​ដល់​ដំណាំ​កសិកម្ម បូក​រួម​ទាំង​ម្រេច​ផងដែរ។ ដើម្បី​កាត់​បន្ថយ​ការ​ផល​ប៉ពាល់​នេះ ម្ចាស់​កសិដ្ឋាន​ម្រេច​អាច​ប្រើសំណាញ់​ពណ៌​ខ្មៅ​ដើម្បី​បាំង​ពី​លើ​ទប់​កម្ដៅ ឬ ចំហាយទឹក ឬ ទឹកសាច​ដើម្បី​ស្រោច​ឲ្យ​បាន​ញឹក​ញាប់។ ធ្វើ​ដូច្នេះ​ដើម្បី​កាត់​បន្ថយ​កម្ដៅ និង ផ្ដល់​ទឹក​ដល់​ដំណាំ​ឲ្យ​បាន​គ្រប់​គ្រាន់៕