ខេត្ត​សៀមរាប​ដែល​ពឹង​អាស្រ័យ​យ៉ាង​ខ្លាំង​លើ​វិស័យ​ទេសចរណ៍ កំពុង​ងើប​ឡើង​វិញ​នៅ​ក្រោយ​វិបត្តិ​កូវីដ១៩។ ភ្ញៀវ​ទេសចរ​មកពី​តំបន់​អឺរ៉ុប​ និង​អាមេរិក​បាន​ត្រឡប់​មក​វិញ​ជា​បណ្ដើរៗ​មក​កាន់​ប្រទេស​កម្ពុជា ជាពិសេស​មក​កាន់​ខេត្ត​ដែល​សម្បូរ​​ទៅ​ដោយ​ប្រាង្គ​ប្រាសាទ​បុរាណ​ និង​រមនីយដ្ឋាន​ជាច្រើន។ ប៉ុន្តែ​ទីផ្សារ​ភ្ញៀវទេសចរ​សំខាន់ៗ​ពី​ក្នុង​តំបន់​អាស៊ី​ដូចជា​ ចិន ជប៉ុន និង កូរ៉េ នៅ​មានតិច​តួច​នៅ​ឡើយ។

ដើម្បី​ដឹងថា វិស័យ​ទេសចរណ៍​នៅ​ខេត្ត​នេះ​បាន​ងើប​ឡើង​វិញ​ក្នុង​កម្រិត​ណា​នោះ ​ភ្នំពេញ​ប៉ុស្តិ៍​បាន​ធ្វើ​បទ​សម្ភាស​មួយ​ជាមួយ​លោក ធិម សេរីវុឌ្ឍ ប្រធាន​ស្តីទី​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​ដូច​ខាង​ក្រោម៖


តាម​ការ​ប៉ាន់ស្មាន តើ​អាជីវកម្ម​និង​សេវាកម្ម​ពាក់​ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​សៀមរាប​ បាន​ងើប​ឡើង​វិញ​ក្នុង​កម្រិត​ណា ចាប់​តាំង​ពី​ការ​បើក​ប្រទេស​ឡើងវិញ​នៅ​ក្រោយ​កូវីដ១៩?

អាជីវកម្ម​ទេសចរណ៍​ក្នុង​ខេត្ត​នេះ​ក្រោយ​កូវីដ១៩ បាន​បើក​ឡើង​វិញ​បាន​ប្រមាណ ៨៨ ភាគរយ បើ​យើង​ប្រៀបធៀប​ទៅ​នឹង​កម្រិត​មុន​កូវីដ។ កាល​ពី​មុន​កូវីដ មាន​អាជីវកម្ម​ពាក់​ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ចំនួន ១១៩០ កន្លែង​ក្នុង​ក្រុង​សៀមរាប។ បើ​គិត​ត្រឹម​ដំណាច់​ខែ​ឧសភា​នេះ អាជីវកម្ម​ទេសចរណ៍​បាន​បើក​ឡើង​វិញ​ចំនួន​ ១០៤៣​កន្លែង ស្មើ​នឹង​៨៨​ភាគរយ​នៃ​អាជីវកម្ម​ទាំង​អស់។


ខេត្ត​សៀមរាប​មាន​វិស័យ​ជាច្រើន​ដែល​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ ដូចជា​វិស័យ​កសិកម្ម ទេសចរណ៍ សេវាកម្ម និង​សិប្បកម្ម​ផ្សេងៗ។ វិស័យ​ទេសចរណ៍​រួម​ចំណែក​យ៉ាង​សំខាន់។​ នៅ​ក្រោយ​វិបត្តិ​កូរីដ១៩ យើង​ឃើញ​ថា បងប្អូន​ដែល​មាន​អាជីវកម្ម​ពាក់​ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​មាន​បញ្ហា​ប្រឈម​ដោយសារ​តែ​ទីផ្សារ​ធំ​នៃ​ទេសចរណ៍​ខេត្ត​សៀមរាប​គឺ​ជា​ទេសចរ​អន្តរជាតិ។ បច្ចុប្បន្ន​ យើង​ឃើញ​មាន​ការ​កើន​ឡើង​ឡើង​វិញ ​ដូចជា​ទេសចរ​ពី​អឺរ៉ុប និង​អាមេរិក បាន​កើន​ឡើង​ស្ទើរ​តែ​ប្រហាក់​ប្រហែល​ទៅ​នឹង​ចំនួន​មុន​សម័យ​កូវីដ។ ប៉ុន្តែ​ទីផ្សារ​ទេសចរណ៍​ធំៗ​ផ្សេង​ទៀត​ដូចជា ចិន កូរ៉េ ​ជប៉ុន និង​ថៃ មិន​ទាន់​មាន​ការ​កើន​ឡើង​ខ្លាំង​ដូច​មុន​កូវីដទេ។​ ដូច្នេះ ​វា​ធ្វើ​ឲ្យ​សណ្ឋាគារ ភោជនីយដ្ឋាន បា​បែប​បារាំង (bar bistro) និង ប៊ូហ្វេ ធំៗ មិន​ទាន់​បើក​ដំណើរ​ការ​ទាំង​ស្រុង​ទេ ទើប​តែ​បើក​ដោយ​ផ្នែក ឬ​មួយ​ចំនួន​ប៉ុណ្ណោះ។ ឧទាហរណ៍​ បើ​សណ្ឋាគារ​មាន​ ៣០០​ បន្ទប់ គេ​អាច​បើក​ត្រឹម​តែ ១០០​បន្ទប់ ​ដើម្បី​បន្ថយ​បុគ្គលិក ដោយសារ​ភ្ញៀវ​ទេសចរ​មាន​កម្រិត។

សម្រាប់​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក យើង​ឃើញ​មាន​ច្រើន​តែ​នៅ​ពេល​មាន​បុណ្យ​ជាតិ និង​ព្រឹត្តិការណ៍​ផ្សេងៗ។ ក្រៅ​ពីព្រឹត្តិការណ៍​ទាំង​នេះ អាជីវកម្ម​ទេសចរ​នៅ​មាន​ការ​ពិបាក ដែល​ធ្វើ​ឲ្យ​គាត់​ត្រូវ​បន្ថយ​ចំនួន​បុគ្គលិក​ ឬ​ត្រូវ​បើក​ដោយ​ផ្នែក។ អាជីវកម្ម ឬ​សណ្ឋាគារ​ធំៗ​មួយ​ចំនួន​នៅ​បន្ត​បិទ​នៅ​ឡើយ ដោយសារ​តែ​ទីផ្សារ​ទេសចរណ៍​ធំៗ​នៅ​អាស៊ី​មិន​ទាន់​មាន​ច្រើន​ដូចមុន។

គិត​ចាប់​ពី​ដើម​ឆ្នាំ​២០២៤ មក​ទល់​ពេល​នេះ មាន​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ និង​ជាតិ ​ប៉ុន្មាន​នាក់​បាន​មក​ទស្សនា​ខេត្ត​សៀមរាប?

ភ្ញៀវទេសចរ​ក្នុង​រយៈពេល​ ៥ ខែដើម​ឆ្នាំ​២០២៤​នេះ​មាន​សរុប ១.៨២៤.៦៥៨​ នាក់។ ក្នុង​នោះ​មាន​ភ្ញៀវ​អន្តរជាតិ​ចំនួន ៤៧៧.២៥៨​នាក់ កើន​ឡើង​ចំនួន ៣៦,៩៨ ភាគរយ​ប្រៀបទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ ចំណែក​ភ្ញៀវ​ជាតិ​មាន​ចំនួន​ជាង​ ១.៣៥២.៤០០ កើន​ឡើង​ ៥២,២៤ ​ភាគរយ។

សៀមរាប គឺជា​គោលដៅ​ទេសចរណ៍​ដែល​រដ្ឋាភិបាល​កំណត់​យក​ជា​អាទិភាព ដូចជា​តាម​រយៈ​ «ទស្សនា​សៀមរាប ឆ្នាំ​២០២៤»។ តើ​នឹង​មាន​ការ​រៀបចំ​ព្រឹត្តិការណ៍​សំខាន់ៗ​អ្វី​បន្ថែម​ទៀត​រហូត​ដល់​ដំណាច់​ឆ្នាំ​២០២៤?

ឆ្នាំ​នេះ​រដ្ឋាភិបាល​កំណត់​យក​ខេត្ត​សៀមរាប​ជា​ឆ្នាំ​ទស្សនា​ខេត្ត​សៀមរាប តាម​រយៈ​ការ​បង្កើត​ព្រឹត្តិការណ៍​ជា​ច្រើន​ដូចជា បុណ្យ​ទន្លេ ពិធី​សម្ដែង​រួម​គ្នា​ក្បាច់​គុន​កុងហ្វូ និង​ក្បាច់គុន​ល្បុក្តតោ និង​ការ​ប្រណាំង​បង្ហាញ​ម៉ូតូ ឡាន ហើយ​នៅ​ចុង​ឆ្នាំ​នេះ ក្នុង​ខែ​ធ្នូ នឹង​មាន​ព្រឹត្តិការណ៍​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​នៅ​តំបន់​អង្គរ។ ក្រៅ​ពី​នេះ​ក៏​មាន​កម្មវិធី​ផ្សេងៗ​ទៀត​ក្រៅ​ពី​វិស័យ​ទេសចរណ៍ ប៉ុន្តែ​កម្មវិធី​ទាំងនោះ​ចូលរួម​លើក​កម្ពស់​ទាក់ទាញ​​ភ្ញៀវទេសចរ​ឲ្យ​មក​ទស្សនា​ខេត្ត​សៀមរាប​ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​ទទួល​បាន​ចំណូល។ ក្រៅ​ពី​នេះ​ក៏​មាន​ព្រឹត្តិការណ៍​ផ្សេងៗ​រៀបចំ​ឡើង​ដោយ​សមាគមន៍​ទេសចរណ៍ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដើម្បី​ជួយ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​ទស្សនា​ខេត្ត​នេះ។

ជាការ​កត់​សម្គាល់ តើ​មាន​អាជីវកម្ម​ទេសចរណ៍​ថ្មី​ដែល​មាន​លក្ខណៈ​ច្នៃ​ប្រឌិត ឬ​មាន​ភាព​ទាក់​ទាញ​ជាង​មុន​ដែរ​ឬ​ទេ?

បន្ទាប់​ពី​កូវីដ១៩ យើង​ឃើញ​មាន​អាជីវកម្ម​ទេសចរណ៍​មួយ​ចំនួន​បើក​ឡើង​ក្នុង​ទ្រង់​ថ្មី​ ដូចជា​សារមន្ទីរ​ត្រី​ សួន​ផ្ការ​ចម្រុះ ​និង​រមនីយដ្ឋាន​កែច្នៃ​នៅ​តាម​សហគមន៍។ ចំពោះ​គុណភាព​សេវាកម្ម យើង​ឃើញ​ថា​ អាជីករ​មួយ​ចំនួន​បាន​កែច្នៃ​សេវា​ស្នាក់នៅ​របស់​គាត់​ទៅ​តាម​ភាព​ជាក់ស្ដែង​ដែល​ភ្ញៀវ​ចង់​បាន។ ឧទាហរណ៍ មូលដ្ឋាន​អាជីវកម្ម​ដែល​បាន​បិទ ពេល​គាត់​បើក​ឡើង​វិញ គាត់​បាន​កែច្នៃ ​ឬ​បន្ថែម​ចំនួន​ ឬ​ធ្វើ​ឲ្យ​វា​ល្អ​ជាង​មុន​ ដើម្បី​ទាក់ទាញ់​ភ្ញៀវ​ទេសចរ​ដែល​មាន​កំណត់។

ចំពោះ​រដ្ឋាភិបាល ក្រសួង​ទេសចរណ៍​និង​មន្ទីរទេសចរណ៍​បាន​បង្កើត​គំនិត​ផ្ដួច​ផ្ដើម​ដើម្បី​ធ្វើ​ឲ្យ​កិត្យានុភាព​កម្ពុជា​មាន​ភាព​ល្បីល្បាញ​នៅ​លើ​ពិភពលោក។ លើស​ពីនេះ​ក៏​មាន​ការ​ពង្រឹង​គុណភាព​សេវា​កម្ម​ផងដែរ ដូចជា​ការ​ផ្សព្វផ្សាយ​អំពី​គោលការណ៍​ពង្រឹង​គុណភាព​សេវាកម្ម​ទេសចរណ៍ ការ​បណ្ដុះ​បណ្ដាល​ដល់​បុគ្គលិក​បម្រើ​ការ​តាម​អាជីវកម្ម​ទេសចរណ៍ ដោយ​ផ្ដោត​ទៅ​លើ​ស្តង់ដារ​ជាតិ និង​ស្តង់ដារ​បៃតង និង​ការងារ​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត​សម្រាប់​វិស័យ​នេះ។

បញ្ហា​ប្រឈម​សម្រាប់​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​នេះ គឺ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នៅ​មាន​កម្រិត។ តើ​រដ្ឋាភិបាល​មាន​ដំណោះ​ស្រាយ​ដូចម្ដេច?

ចំពោះ​បញ្ហា​ប្រឈម​នេះ រដ្ឋាភិបាល​បាន​រៀបចំ​ព្រឹត្តិការណ៍​ជាច្រើន​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ ហើយ​យើង​ទាក់ទាញ​បាន​ច្រើន​សម្រាប់​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក។ ប៉ុន្តែ​ទេសចរណ៍​ក្នុង​ស្រុក​មាន​រយៈ​ពេល​ខ្លី អាស្រ័យ​ទៅ​លើ​ព្រឹត្តិការណ៍​នីមួយៗ។ ទាំង​នេះ​នៅ​តែ​ជា​បញ្ហា​ប្រឈម​ ជាពិសេស​សម្រាប់​បង​ប្អូន​អាជីវករ​ និង​ប្រតិបត្តិករ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​សៀមរាប ខ្លះ​ក៏​មាន​ជាប់​បំណុល​ធនាគារ។ ជុំវិញ​បញ្ហា​នេះ រដ្ឋាភិបាល​បាន​ផ្ដល់​កម្ចី​ដែរ ប៉ុន្តែ​ខ្លះ​គាត់​មិន​ទាន់​ទទួល​យក​បាន​ដើម្បី​ស្ដារ​ឡើង​វិញ ហើយ​គាត់​ក៏​បន្ត​ផ្អាក​អាជីវកម្ម​នៅ​ឡើយ។

ពលរដ្ឋ​មួយចំនួ​លើក​ឡើង​ថា សណ្ដាប់​ធ្នាប់​នៅ​តំបន់​ផាប់ស្ត្រីត (Pub Street) ហាក់ដូចជា​មិន​ល្អ​ដូច​ពី​មុន​កូវីដ ដោយសារ​មាន​ការ​ចាក់​បាស​សំឡេង​ខ្លាំងៗ​ដែល​ធ្វើ​ឲ្យ​មាន​ការ​រំខាន។ បើ​ពិតជា​មាន​បញ្ហា​បែប​នេះ​ តើ​នឹង​មាន​ដំណោះ​ស្រាយ​ដូច្នេះ?

ចំពោះ​តំបន់​ផាប់ស្ត្រីត យើង​មាន​អាជ្ញាធរ​ពាក់​ព័ន្ធ​គ្រប់​ផ្នែក ដូចជា​ក្រសួងទេសចរណ៍​ អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​ពាក់​ព័ន្ធ ដូចជា​ប៉ូលិស​ចរាចរណ៍ សណ្ដាប់ធ្នាប់ មន្ទីរ​បរិស្ថាន និង​មន្ទីរ​ពាក់ព័ន្ធ។ យើង​តែងតែ​មាន​ក្រុម​ការងារ​ប្រចាំការ​ដើម្បី​ដោះស្រាយ និង​ទប់ស្កាត់​សកម្មភាព​នានា ដូចជា​បញ្ហា​សំឡេង​រំខាន។ យើង​មាន​គោលការណ៍ ជាពិសេស​មន្ទីរបរិស្ថាន​ក្នុង​ការ​វាស់​វែង​ស្តង់ដារ​ជាក់​លាក់​ជូន​ដល់​ប្រតិបត្តិករ​ទេសចរណ៍​ឲ្យ​យល់​ថា គាត់​ត្រូវ​ប្រើ​ប្រាស់​សំឡេង​កម្រិត​ណា​នៅ​ពេល​ម៉ោង​ណា។ មន្ទីរ​បិរស្ថាន​និង​អាជ្ញាធរ​ខេត្ត​ក៏​បាន​ចេញ​លិខិត​ដល់​អាជីវកម្ម​ទេសចរណ៍​មួយ​ចំនួន​ដែល​បាន​ប្រព្រឹត្ត​ខុស ដូចជា​តម្រូវ​ឲ្យ​បន្ថយ​សំឡេង ឬ​ផ្អាក​សំឡេង​យ៉ាង​ណា​ដើម្បី​កុំ​ឲ្យ​មានផល​ប៉ះពាល់។

ក្នុង​នាម​ជា​ប្រធាន​ស្តីទី​មន្ទីរទេសចរណ៍​ខេត្ត តើ​លោក​មាន​ពាក្យ​ពេចន៍​អ្វី​ដែល​បង្ហាញ​ពី​សក្ដានុពល​នៃ​ខេត្ត​សៀមរាប?

ជាសំណូមពរ​របស់​ខ្ញុំ គឺ​សុំ​ឲ្យ​បង​ប្អូនប្រជា​ពលរដ្ឋ​យើង​គ្រប់​ខេត្ត​ក្រុង​ទាំង​អស់ អញ្ចើញ​មក​លេង​ខេត្ត​សៀមរាប ​ដោយសារ​ខេត្ត​នេះ​មាន​សក្ដានុពល ជា​ទីក្រុង​ស្អាត មាន​ផ្លូវ​ល្អ ដូចជា​ផ្លូវ​សម្រាប់​ជិះ​កង់ ផ្លូវ​សម្រាប់​ដើរ និង​មាន​ផ្លូវ​សម្រាប់​ជិះ​កង់​ទៅ​តាម​ប្រាសាទ​ទៀត ក៏​ដូចជា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​រដ្ឋាភិបាល​បាន​រៀបចំ​យ៉ាង​ស្អាត​ក្នុង​ពេល​កូវីដ។

សម្រាប់​ម្ហូបអាហារ ក្រៅ​ពី​ម្ហូប​ខ្មែរ​ យើង​មាន​ការ​ផ្គត់ផ្គង់​ជាច្រើន​ដូចជា​សេវាកម្ម​ភេសជ្ជៈ​និង​ម្ហូប​អាហារ​ដូចជា ម្ហូប​ចិន ម្ហូប​កូរ៉េ ម្ហូប​បែប​អឺរ៉ុប ម្ហូប​ថៃ ម្ហូប​ជប៉ុន ម្ហូប​អីតាលី ដែល​អតិថិជន​ចង់​បាន។

បើ​និយាយ​ពី​សណ្ឋាគារ​វិញ​យើង​មាន​លំដាប់​ផ្កាយ៥ ផ្កាយ៤ និង​ផ្កាយ​៤ ជាច្រើន និង​សណ្ឋាគារ​បៃតង បែប​ប៊ូទិក​សម្រាប់​ឯកជន ឬ​គ្រួសារ និង​មាន​សាល​ប្រជុំ​ សិក្ខាសាលា​ធំៗ។ បង​ប្អូន​អញ្ជើ​មក អាច​ជួយ​ដល់​ជីវភាព​អាជីវករ​ ក៏ដូចជា​ទទួល​បាន​មក​វិញ​នូវ​សុខភាព​ល្អ តាម​រយៈ​រមនីយដ្ឋាន​ដ៏​ស្រស់​ស្អាត​​និង​អាកាសធាតុ​បរិសុទ្ធ​នៅ​តំបន់​អង្គរ។ ចំពោះ​រមនីយដ្ឋាន​កែច្នៃ​ធម្មជាតិ​នៅ​តាម​សហគមន៍​ក៏​មាន​ច្រើន​ដែរ​រហូត​ដល់​ ១៧​កន្លែង។ ចំណែក​សន្តិសុខ​វិញ​គឺ​ យើង​មាន​សុវត្ថិភាព​ពេញ​លេញ​ដែរ ដោយសារ​យើង​បាន​ការពារ​សន្តិសុខ​ល្អ ជា​រហូត​មក​ហើយ៕