ភ្នំពេញៈ ក្នុង​ខែ​ឧសភា ការ​វិនិយោគ​មកពី​ប្រទេស​ចិន​នៅ​កម្ពុជា​មាន​ជិត​៥០​ភាគរយ​នៃ​ទុន​វិនិយោគ​សរុប ចំណែក​ការ​វិនិយោគ​ក្នុង​ស្រុក​មាន​ជាង​៣០​ភាគរយ ខណៈ​ការ​វិនិយោគ​មកពី​សហរដ្ឋអាមេរិក​មាន​តិច​ជាង​១​ភាគរយ​។ នេះ​បើ​យោង​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)។


ក្នុង​ខែ​ឧសភា​នេះ​ CDC បាន​អនុម័ត​គម្រោង​ថ្មី​ចំនួន ២៤​គម្រោង និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន ១​គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ជាង ២៤៦​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ប្រមាណ ១៥​ពាន់​កន្លែង។ នេះ​បើ​យោង​តាម​របាយ​ការណ៍ CDC។


របាយការណ៍ CDC នា​ថ្ងៃ​ទី១០ មិថុនា បង្ហាញ​ថា ក្នុង​ចំណោម​៨​ប្រទេស ការ​វិនិយោគ​មក​ពី​ប្រទេស​ចិន​មាន​៤៩,៦៧​ភាគរយ ឈរ​នៅ​លេខ​រៀង​ទី១ កម្ពុជា​មាន​៣០,៨៥ភាគរយ ​ឈរ​នៅ​លេខរៀងទី២ សិង្ហបុរី​មាន១០,១៥​ភាគរយ​ លេខ​នៅ​លេខ​រៀង​ទី៣។


របាយការណ៍​បន្ត​ថា ការ​វិនិយោគ​ពី​អូស្ត្រាលី​មាន​២,៣៣​ភាគរយ​ ឈរ​លេខ​រៀង​ទី៤ វៀតណាម​២,២៩​ភាគរយ​ ស្ថិត​នៅ​លេខ​រៀង​ទី៥ កូរ៉េ​ខាង​ត្បូង ២,០៥​ភាគរយ ឈរ​លេខ​រៀង​ទី៦ សេណេហ្គាល់​៣,០៣​ភាគរយ លេខ​រៀង​ទី៧ ខណៈ​សហរដ្ឋអាមេរិក​មាន ០,៦៣​ភាគរយ ​ឈរ​នៅ​លេខរៀងទី៨។


ក្នុង​ចំណោម​គម្រោង​វិនិយោគ​ទាំង​២៥ គម្រោង​វិនិយោគ​ដែល​មាន ទីតាំង​ស្ថិត​នៅ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ចំនួន ១៧​គម្រោង និង​គម្រោង​វិនិយោគ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ចំនួន​៨​គម្រោង។


គម្រោង​វិនិយោគ​ដែល​មាន​ភាព​លេចធ្លោ​ជាងគេ​ប្រចាំ​ខែ​ឧសភា ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មាន​៣​គម្រោង។ ​

ទី១​គឺ​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ព្រះអាទិត្យ អានុភាព ៦០​មេហ្កាវ៉ាត់ ជាមួយ​ប្រព័ន្ធ​ផ្ទុក​ថាមពល​អគ្គិសនី​ស្ថិត​នៅ​ខេត្ត​កំពង់ឆ្នាំង ក្នុង​ទុន​វិនិយោគ​ប្រមាណ​ជាង​៦៥​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​៣៥កន្លែង។

ទី២​គឺ​គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ស្ល និង​កែច្នៃ​លោហធាតុ ស្ថិតនៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះ​សីហនុ ក្នុង​ទុន​វិនិយោគ​ប្រមាណ​ជាង​២៦​លាន​ដុល្លារ​អាមេរិក និង អាច​បង្កើត​ការងារ​បាន​ចំនួន ៣១៧​កន្លែង។

ទី៣គឺ​គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​បំពង់​ទីប​ដែក ស្ថិត​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ក្នុង​ទុន​វិនិយោគ​ប្រមាណ​ជាង ១៦​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ២២៩​កន្លែង។

ចំណែក​គម្រោង​ដែល​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​១គម្រោង​គឺ​គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​កែច្នៃ​អាលុយមីញ៉ូម ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ជាំងស៊ូ (Jiangsu) ផ្លូវ​ជាតិ​លេខ៦ ក្នុង​ទុន​វិនិយោគ​ចំនួន ២៥​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៦៨៤​កន្លែង។

របាយការណ៍​ដដែល​បន្ថែម​ថា ក្នុង​ចំណោម​គម្រោង​ទាំង ​២៥​ វិស័យ​ឧស្សាហកម្ម​មាន​ជាង ​១៨០​ លាន​ដុល្លារ​អាមេរិក ចំណែក​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​វិស័យ​ផ្សេងៗ​មាន​ជាង​៦៥​លាន​ដុល្លារ​អាមេរិក។ 

រាជធានី​ភ្នំពេញ​ និង​ខេត្ត​ព្រះសីហនុ​មាន​គម្រោង​ច្រើន​ជាង​គេ​គឺ៥ គម្រោង​រៀងៗ​ខ្លួន ខណៈ​ខេត្ត​កំពង់​ឆ្នាំង កំពត កណ្ដាល និង​កំពង់​ចាម​មាន​គម្រោង​តិច​ជាង​គេ​គឺ​១​គម្រោង​រៀងៗខ្លួន៕