ភ្នំពេញ៖ របាយការណ៍​ថ្មី​ពី​វិទ្យាស្ថាន Lowy Institute បង្ហាញ​ថា ដៃគូ​អន្តរជាតិ​បាន​កាត់​បន្ថយ​ជំនួយ​ដល់​កម្ពុជា​យ៉ាង​ខ្លាំង​ ទោះបីជា​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​នៅតែ​ផុយស្រួយ និង​ទាប​ជាង​កម្រិត​មុន​ជំងឺ​រាតត្បាត​កូវីដ១៩​ក៏ដោយ​។​

របាយការណ៍​លទ្ធផល​គន្លឹះ​ប្រចាំ​ឆ្នាំ ២០២៤ របស់​ផែនទី​ជំនួយ​អាស៊ី​អាគ្នេយ៍ (Southeast Asia Aid Map) បាន​បង្ហាញ​ថា ហិរញ្ញប្បទាន​អភិវឌ្ឍន៍​ផ្លូវការ​សរុប​ដល់​កម្ពុជា​បាន​ធ្លាក់​ចុះ ៣០​ភាគរយ ក្នុង​ឆ្នាំ​២០២២ ធ្លាក់​ចុះ​មក​ត្រឹម ២,៣ ពាន់​លាន​ដុល្លារ​អាមេរិក ស្រប​តាម​និន្នាការ​តំបន់​អាស៊ី​អាគ្នេយ៍។


ការ​កាត់បន្ថយ​ជំនួយ​ដល់​កម្ពុជា​គឺជា​ផ្នែក​មួយ​នៃ​ផល​ប៉ះពាល់​យ៉ាង​ធំ​ដល់​តំបន់។ ប្រទេស​ចិន​ដែល​បាន​ផ្តល់​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​ច្រើនជាង​មួយ​ភាគ​បី​របស់​កម្ពុជា​ពី​ឆ្នាំ ២០១៥ ដល់​ឆ្នាំ​២០២២ បាន​បន្ថយ​ជំនួយ​ដល់​ចំណុច​ទាប​បំផុត​ក្នុង​ឆ្នាំ២០២២ ដោយមាន​សញ្ញា​តិចតួច​នៃ​ការ​ងើប​ឡើងវិញ​។​


ការ​ធ្លាក់​ចុះ​នេះ​គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា ​ប្រទេស​ចិន​ធ្លាប់ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា ដោយ​ផ្តល់​មូលនិធិ​ចម្រុះ​នៃ​ជំនួយ​ឥត​សំណង និង​កម្ចី​មិនមែន​សម្បទាន​ ​ផ្តោត​ជា​ចម្បង​លើ​វិស័យ​ដឹកជញ្ជូន និង​ភស្តុភារ​កម្ម ក៏​ដូចជា​សុខភាព។


លោក Alexandre Dayant អ្នក​ដឹកនាំ​គម្រោង​ផែនទី​ជំនួយ​អាស៊ី​អាគ្នេយ៍​នៅ​វិទ្យាស្ថាន Lowy Institute បាន​និយាយ​ក្នុង​សិក្ខាសាលា​បញ្ចេញ​របាយការណ៍ល​ទ្ធផល​គន្លឹះ​ប្រចាំ​ឆ្នាំ​២០២៤ របស់​ផែនទី​ជំនួយ​អាស៊ីអាគ្នេយ៍ នៅ​ថ្ងៃទី ១៣ ខែ​មិថុនា​នេះ​ថា៖ «ការ​ធ្លាក់​ចុះ​នៃ​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​ផ្លូវការ​ចំពោះ​ប្រទេស​កម្ពុជា​គឺជា​ក្ដី​កង្វល់»។

លោក​បាន​បន្ដ​ថា៖ «ផែនទី​ជំនួយ​អាស៊ី​អាគ្នេយ៍​បង្ហាញ​ពី​សារៈសំខាន់​នៃ​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​ផ្លូវការ​ចំពោះ​ប្រទេស​កម្ពុជា និង​តំបន់ ជាពិសេស​តួនាទី​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​មូលនិធិ ហេដ្ឋារចនា​សម្ព័ន្ធ សុខភាព ការអប់រំ និង​គំនិត​ផ្តួចផ្តើម​កាត់បន្ថយ​ភាពក្រីក្រ»។

ផ្ទុយ​ទៅនឹ​ង​ការ​ថយចុះ​តួនាទី​របស់​ចិន មហាអំណាច​ក្នុង​តំបន់ ​ដូចជា ​ឥណ្ឌា ជប៉ុន និង​កូរ៉េ បាន​បង្កើន​ការគាំទ្រ​របស់​ពួកគេ ដោយ​ស្នើឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ក្នុង​ភាព​ជា​ដៃគូ​អភិវឌ្ឍន៍​របស់​កម្ពុជា។

ខណៈពេលដែល​កម្ពុជា​ប្រហែលជា​មិន​ងាក​ទៅរក​ម្ចាស់ជំនួយ​បែប​ប្រពៃណី​របស់​លោក​ខាង​លិច​នោះ កម្ពុជា​​អាច​ពង្រីកភាព​ជា​ដៃគូ​របស់​ខ្លួន​ជា​បណ្ដា​ប្រទេស​ដទៃ​ ដែលនាំឱ្យ​កំណើន​សេដ្ឋកិច្ច​កាន់តែ​សម្បូរបែប និង​មាន​ភាព​ធន់។​

របាយ​ការណ៍​ចុង​ក្រោយ​​ថ្មី​នៃ​ផែនទី​ជំនួយ​អាស៊ីអាគ្នេយ៍​បាន​ចងក្រង​​​ទិន្នន័យ​រាប់លាន​ពី​ឆ្នាំ២០១៥ ដល់​ឆ្នាំ២០២២​។​

ផែនទីនេះ​គ្រប​ដណ្តប់​ជាង ១២ម៉ឺន​គម្រោង​ ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ចំនួន ១០៧​ ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ២៥៥ ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ទូទាំង ១១ ប្រទេស​៖ ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហ​បុរី ថៃ ទីម័រ​ខាងកើត និង​វៀតណាម។

យោងតាម​របាយការណ៍​បាន​ឱ្យ​ដឹង​ថា៖ «ទោះបីជា​មាន​ការ​ផ្លាស់ប្តូ​រទាំង​នេះ​ក៏ដោយ ដៃគូ​អភិវឌ្ឍន៍​បែប​ប្រពៃណី​នៅ​តែ​បន្ត​គ្របដណ្តប់​លើ​ការ​ផ្តល់​ហិរញ្ញប្បទាន​សរុប ដែល​ស្មើនឹង​ជាង ៨០ភាគរយ​នៃ​ការ​ផ្តល់​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​ផ្លូវ​ការ​សរុប​ទៅកាន់​តំបន់​អាស៊ីអាគ្នេយ៍​ក្នុង​ឆ្នាំ២០២២»។​

យ៉ាងណាមិញ តួនាទី​នៃ​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​ក្នុង​តំបន់ និង​ជំនួយ​រវាង​រដ្ឋ​សមាជិក​អាស៊ាន​កំពុង​រីកចម្រើន ទោះបីជា​មកពី​មូលដ្ឋាន​ទាប​ក៏ដោយ​។ ប្រទេស​ថៃ​នាំមុខ​ក្នុង​រឿងនេះ បន្ទាប់មក​គឺ​វៀតណាម​។​

សេដ្ឋកិច្ច​របស់​កម្ពុជា​ដែល​បាន​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ក្នុង​ឆ្នាំ២០១៥ នៅតែ​ទាប​ជាង​កម្រិត​មុន​ការ​រាតត្បាត​ជាមួយនឹង​ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់​ចំនួន ១៧៦០ដុល្លារ ​ជា​កម្រិត​ទាប​បំផុត​ទី​ពីរ​នៅក្នុង​តំបន់​បន្ទាប់ពី​ប្រទេស​មីយ៉ាន់ម៉ា។

ប្រទេស​នេះ​បាន​កាត់​បន្ថយ​ភាព​ក្រីក្រ​គួរឱ្យ​ចាប់​អារម្មណ៍ និង​កំណើន​សេដ្ឋកិច្ច​លឿន​បំផុត​មួយ​ចំនួន​នៅ​ក្នុង​ពិភព​លោក ចាប់​តាំ​ងពី​ការ​បញ្ចប់​ជា​ផ្លូវការ​នៃ​ជម្លោះ​ស៊ីវិល​ក្នុង​ឆ្នាំ ១៩៩១​។​

ទោះបីជា​យ៉ាងណាក៏​ដោយ របាយការណ៍​នេះ​បាន​និយាយ​ថា បញ្ហា​ប្រឈម​នៃ​ការ​អភិវឌ្ឍន៍​សំខាន់ៗ​នៅតែមាន ដោយ​អភិបាលកិច្ច​បាន​លើក​ឡើង​ថា​ជា​ឧបសគ្គ​ចម្បង​សម្រាប់​កំណើន និង​ការ​អភិវឌ្ឍន៍។

យោង​តាម​របាយការណ៍ ដែល​អាច​រក​បាន​តាម​អនឡាញ​ចាប់​ថ្ងៃទី ១៦ ខែមិថុនា​ បាន​ឱ្យ​ដឹង​ថា៖ «ក្នុងអំឡុង​ពេល ២០១៥-២០២២ គម្រោង​ជាង ១៩៥០០ ត្រូវ​បាន​អនុវត្ត​ដោយ​ដៃគូ​អភិវឌ្ឍន៍​ចំនួន ៦៣ នៅ​កម្ពុជា សរុប​ជា​ទឹកប្រាក់​ជាង ១៧,៧ ពាន់លាន​ដុល្លារ»។

គួរកត់សម្គាល់​ថា រយៈពេល​មាន​ការប្រែប្រួល​នៃ​ហិរញ្ញវត្ថុ​អភិវឌ្ឍន៍​ផ្លូវការ ត្រូវបាន​មើលឃើញ​មាន​ការ​កើនឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​ជំងឺ​រាតត្បាត​កូវីដ ១៩ ហើយ​បន្ទាប់មក​បាន​ធ្លាក់ចុះ​មកវិញ​នៅ​ឆ្នាំ ២០២២​។ ភាព​ប្រែប្រួល​នេះ​ភាគច្រើន​កើត​ឡើង​ពី​ការផ្លាស់ប្តូរ​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​របស់​ចិន។

របាយការណ៍​នេះ​បាន​បន្តថា​៖ «​ការចំណាយ​លើ​ការអភិវឌ្ឍ​របស់​ប្រទេស​ចិន​នៅ​កម្ពុជា​បាន​កើនឡើង​ជិត​ពីរដង​ពី​ឆ្នាំ ២០១៥ ដល់​ឆ្នាំ ២០២១ តែ​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​មក​នៅត្រឹម ៣៨៦ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២២»​។​

គម្រោង​ភាគច្រើន​ត្រូវ​បានផ្តល់​ហិរញ្ញប្បទាន​ដោយ​ធនាគារ​អភិវឌ្ឍន៍​ចិន និង​ធនាគារ​នាំចេញ​-​នាំចូល​នៃ​ប្រទេស​ចិន ដែល​ត្រូវបាន​អនុវត្ត​ដោយ​ក្រុមហ៊ុន​ចិន​ចម្រុះ​ ដូចជា China Road and Bridge Corporation, Shanghai Construction Group និង Shanghai Baoye Group ។

លោក Dayant បាន​និយាយថា៖ «​ការផ្តល់​ហិរញ្ញប្បទាន​របស់​ចិន​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​កំណត់​ត្រា​នៅ​ក្នុង​ប្រទេស ដែល​ស្របតាម​និន្នាការ​នៃ​ជំនួយ​អភិវឌ្ឍន៍​របស់​ចិន​នៅក្នុង​តំបន់​។​ ធ្លាប់​ជា​​ដៃគូ​អភិវឌ្ឍន៍​សំខាន់​​​នៅ​ពាក់កណ្តាល​នៃ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ ទីក្រុង​ប៉េកាំង​ឥឡូវនេះផ្ដោត​តែ​លើ​ប្រទេស​​​ម៉ាឡេស៊ី និង​ឡាវ​ប៉ុណ្ណោះ»។​

ផ្ទុយទៅវិញ ការគាំទ្រ​ផ្នែក​អភិវឌ្ឍន៍​របស់​ប្រទេស​ជប៉ុន នៅតែ​រក្សាបានដូច​មុន​កើត​ជំងឺ​រាតត្បាត​ជា​ និង​បាន​បង្កើន​ខ្ពស់​​យ៉ាងខ្លាំង​ក្នុងអំឡុង​ឆ្នាំ ២០២០-២០២២​។​

​នេះ​រាប់បញ្ចូល​ទាំង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ ​ដូចជា កម្ចី​ជំនួយ​សង្គ្រោះបន្ទាន់​ក្នុងការ​ឆ្លើយតប​នឹង​វិបត្តិកូវីដ ១៩ ក្នុង​ខែមករា ឆ្នាំ២០២១ ​ជា​ការផ្តល់​ជំនួយ​ដ៏​ច្រើន​បំផុត​របស់​​ជប៉ុន​ដល់​​កម្ពុជា​។​

​ការថយចុះ​នៃ​ការគាំទ្រ​ការអភិវឌ្ឍន៍​គឺ​ទាក់ទង​នឹង​វិស័យ​សំខាន់ៗ​ដែល​វា​ប៉ះពាល់​។ ហេដ្ឋារចនាសម្ព័ន្ធ សុខភាព និង​ការអប់រំ​ត្រូវបាន​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ជំនួយ​អន្តរជាតិ​។​

​ផែនទី​ជំនួយ​អាស៊ីអាគ្នេយ៍ ​បង្ហាញឱ្យឃើញថា គម្រោង​ក្នុង​វិស័យ​ទាំងនេះ​មាន​សារៈសំខាន់​សម្រាប់​ការអភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា ជួយ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ ​ដូចជា ​មេរោគ​អេដស៍ និង​ជំងឺរបេង និង​ការកែលម្អ​ធនធានទឹក និង​អនាម័យ​។​

ភាព​ងាយ​រងគ្រោះ​នៃ​អាកាសធាតុ​គឺជា​កង្វល់​ដ៏​សំខាន់​មួយទៀត​សម្រាប់​ប្រទេស​កម្ពុជា​។ ទោះបីជា​ហិរញ្ញប្បទាន​អាកាសធាតុ​បាន​កើនឡើង​ពី​ឆ្នាំ២០១៥ ដល់​ឆ្នាំ២០២២ ក៏ដោយ វា​នៅតែ​ជា​ផ្នែក​តូច​មួយ​នៃ​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​រួម​។​

​គម្រោង ​ដូចជា ​ការសាងសង់ និង​ពង្រីក​រោងចក្រ​ផលិត​ទឹកស្អាត​បាក់ខែង ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង បង្ហាញ​ពី​តម្រូវ​ការបន្ត​សម្រាប់​ការវិនិយោគ​លើ​ភាព​ធន់​នឹង​អាកាសធាតុ​។​

​ផែនទី​ជំនួយ​អាស៊ីអាគ្នេយ៍​ក៏បាន​កត់សម្គាល់​​អំពី​ការកើនឡើង​នៃ​ហិរញ្ញប្បទាន​សម្រាប់​សមភាព​យេនឌ័រ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ជំរុញ​ដោយ​គម្រោង​ដែលមាន «សារៈសំខាន់» ផ្តោតលើ​យេនឌ័រ ជាជាង​គំនិត​ផ្តួចផ្តើម​តែមួយ​​។​

​ទោះជា​យ៉ាងណាក៏ដោយ ការផ្តល់​មូលនិធិ​តាមរយៈ​អាស៊ាន​សម្រាប់​សមភាព​យេនឌ័រ​បាន​ធ្លាក់​ចុះក្រោម​កម្រិត​មុន​ជំងឺ​រាតត្បាត ដែល​បង្ហាញ​ពី​តម្រូវការ​សម្រាប់​ការផ្តោត​អារម្មណ៍​ជាថ្មី​នៅក្នុង​តំបន់​នេះ​។​

កញ្ញា Grace Stanhope សហការី​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍ​ឥណ្ឌូ​-ប៉ាស៊ីហ្វិក​នៃ​វិទ្យាស្ថាន Lowy Institute បាន​និយាយថា៖ «​ផែនទី​ជំនួយ​អាស៊ីអាគ្នេយ៍​បង្ហាញ​ពី​ការកើនឡើង​ចំនួន ៥ពាន់​លាន​ដុល្លារ​​អាមេរិក​នៃ​ការផ្តល់​ហិរញ្ញប្បទាន​សមភាព​យេនឌ័រ​នៅក្នុង​តំបន់​ពី​ឆ្នាំ២០១៥ ដល់​ឆ្នាំ២០២២។​ ​ប៉ុន្តែ​ការចំណាយ​លើ​គម្រោង​ដែល​សមភាព​យេនឌ័រ​ជា​ចំណុច​សំខាន់​បាន​ធ្លាក់ចុះ​ក្នុង​រយៈពេល​ដូចគ្នា​»​៕ ​