ភ្នំពេញ៖ នៅ​ថ្ងៃទី ២៧ ខែ​មិថុនា កម្ពុជា​នឹង​ប្រារព្ធ​ទិវា​ជាតិ​នៃ​សហគ្រាស​ធុន​មីក្រូ​ ខ្នាតតូច និង​មធ្យម (MSMEs) ជា​លើក​ដំបូង​របស់​ខ្លួន ​ជា​វិស័យ​មួយ​ដែល​ទទួល​បាន​ទាំង​​ឱកាស និង​បញ្ហា​ប្រឈម។

លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត កាលពី​ថ្ងៃទី ២៥ ខែមិថុនា បាន​ចេញ​សារ​លិខិត​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ជាតិ​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម​លើកទី​១ ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២៤ ក្រោម​ប្រធានបទ «ការពង្រឹង​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម សម្រាប់​កំណើន​កាន់តែ​ប្រសើរ (Better MSMEs Ecosystem for Better Growth)»។


សារលិខិត​របស់​លោក​បាន​ឱ្យ​ដឹង​ថា​ មហាសន្និបាត​អង្គការ​សហប្រជាជាតិ បាន​បង្កើត​ទិវា សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម (MSMEs Day) ដោយ​កំណត់​យក​ថ្ងៃទី​២៧ នៃ​ខែមិថុនា ជា​រៀងរាល់​ឆ្នាំ ដើម្បី​រួមចំណែក​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ឆ្នាំ​២០៣០ និង​ធានា​បាន​នូវ ការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច និង​បរិស្ថាន​ប្រកប​ដោយ​បរិយាបន្ន និង​និរន្តភាព។


លោក​នាយក​រដ្ឋមន្ដ្រី បាន​ឱ្យ​ដឹង​ក្នុង​សារ​លិខិត​នោះ​ថា៖ «វិស័យ​នេះ​គ្រប​ដណ្តប់​សកម្មភាព​សេដ្ឋកិច្ច​គ្រប់​ប្រភេទ និង​ផ្តល់នូវ​អត្ថ ប្រយោជន៍​ជូន​ប្រជាជន​និង​ធុរជន​គ្រប់រូប​តាមរយៈ​ការបង្កើត​ការងារ មុខរបរ បង្កើន​ប្រាក់​ចំណូល កាត់​បន្ថយ​ចំណាក​ស្រុក ជួយ​ប្រជាជន​ងាយ​រងគ្រោះ​ឱ្យ​មាន​លំនឹង​ជីវភាព ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ស្ថិរភាព​សង្គម និង​រួម​ចំណែក​ដល់​ការ​រីក​ចម្រើន​នៃ​វិស័យ​ឯកជន​»។​


នាយករដ្ឋមន្ត្រី​បាន​បន្ត​នៅ​ក្នុង​សារ​របស់​លោក​ថា បច្ចុប្បន្ននេះ MSMEs មាន​ប្រមាណ​ ៩០​ភាគរយ លើ​មូលដ្ឋាន​ផលិតកម្ម​អាជីវកម្ម​សរុប ផ្តល់​ការងារ​ពី ៦០​ភាគរយ​ ទៅ​៧០​ភាគរយ​ និង​រួម​ចំណែក ៥០ភាគរយ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​នៅ​ទូទាំង​ពិភពលោក។ 


នៅ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន មាន​ចំនួន​សហគ្រាស​សរុប​ប្រមាណ ៧០​លាន​មូលដ្ឋាន (ចន្លោះ​ពី ៩៧,២ភាគរយ ទៅ ៩៩,៩ភាគរយ) និង​រួម​ចំណែក​ក្នុង​រង្វង់ ៤៤,៨ភាគរយ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់ ប្រទេស​ជា​សមាជិក​អាស៊ាន។

យោង​តាម​សារ​លិខិត​បាន​បង្ហាញ​ថា៖ «យោង​តាម​របាយការណ៍​ថ្នាក់​ជាតិ​ស្តីពី​លទ្ធផល​ចុងក្រោយ​នៃ​ជំរឿន​សេដ្ឋកិច្ច នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​២០២២ របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួង​ផែនការ កម្ពុជា​មាន​សហគ្រាស ធុន​មីក្រូ តូច និង​មធ្យម​ចំនួន ៧៥៣,៦៧០ មូលដ្ឋាន មាន​កម្លាំង​ពលកម្ម​សរុប ២,៩៨០,៥៦៩ នាក់ ក្នុងនោះ​ស្ត្រី​មាន ១,៨៤១,៣៦២ នាក់»។ 

លទ្ធផល​ជំរឿន​បាន​បង្ហាញ​ថា វិស័យ​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម បាន​ចូល​រួម​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប​ស្មើ​ ៦៣​ភាគរយ​ និង​ផ្តល់​ការងារ​លើសពី​ ៧០ភាគរយ (ដោយ​មិន​រាប់​បញ្ចូល​វិស័យ​កសិកម្ម)។

ទោះបីជា​ចំនួន​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ទាំងនេះ​ក៏ដោយ MSMEs ប្រឈម​នឹង​ឧបសគ្គ​ដែល​គំរាមកំហែង​ដល់​កំណើន និង​និរន្តរភាព​របស់​ពួកគេ។

ទោះបីជា​ប្រឈម​មុខ​នឹង​បរិយាកាស​ប្រកួតប្រជែង​ខ្ពស់​នៅក្នុង​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក​ក៏ដោយ ក៏​MSMEs បានបង្ហាញ​ភាពធន់។

លោក​នាយក​រដ្ឋមន្ត្រី​បាន​​ថ្លែង​ក្នុង​សារ​របស់​លោក​ថា៖ «MSMEs ​កំពុង​ខិតខំ​អភិវឌ្ឍ​និង​វិវត្តន៍​ខ្លួន ឱ្យ​ឆ្លើយតប​ទៅនឹង​និន្នាការ​ថ្មីៗ ជាពិសេស​គឺ​រប​ត់នៃ​ការ​ប្រែប្រួល​ផ្នែក​លក្ខខណ្ឌ​តម្រូវ​របស់​ទីផ្សារ លក្ខខណ្ឌ តម្រូវ​ផ្នែក​បរិស្ថាន និង​ការវិវត្ត​នៃ​បច្ចេកវិទ្យា​»។ 

លោក តែ តាំងប៉ ប្រធាន​សហព័ន្ធ​សមាគម​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា (FASMEC) មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា។​ ពេល​ទាក់​ទង​ លោក​ប្រាប់​យ៉ាង​ខ្លី​ថា ​​លោក​រវល់​នឹង​ការងារ​ជា​ច្រើន​នៅ​ក្នុង​ដៃ។

យោងតាមលោក​​នាយករដ្ឋមន្ត្រី យុទ្ធសាស្ត្រ​ជាតិ ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​គោលបំណង​លើកកម្ពស់ គាំពារ និង​ពង្រឹង សមត្ថភាព ផលិតភាព និង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។​

យុទ្ធសាស្ត្រ​នេះ​ជំរុញ និង​ព​ន្លឿ​ន​ការចូលរួម​ទៅក្នុង សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ ដើម្បី​ធានា​ឱ្យបាន​នូវ​ភាព​ធន់ ភាព​ប៉ាន់ប្រមាណ​បាន និង​ភាព​រីកចម្រើន​ទៅមុខ​នៃការធ្វើ​ធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​ការប្រកប​អាជីវកម្ម មុខរបរ និង​ការងារ​ចិញ្ចឹមជីវិត​នៅ​កម្ពុជា​។ ​

កិច្ចខិតខំ​ប្រឹងប្រែង​កំពុង​ត្រូវបាន​ធ្វើឡើង​ដើម្បី​បង្កើន​ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ និង​យន្តការ​ស្ថាប័ន​ដែល​គាំទ្រ​ដល់​សហគ្រាស​ធុនមីក្រូ ​តូច និង​មធ្យម​។​

លោក​បាន​បន្ដថា ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ក៏​កំពុង បន្ត​ខិតខំ​បង្កើន​សមត្ថភាព និង​កែលម្អ​សេវាសាធារណៈ​របស់ខ្លួន​ឱ្យ​កាន់តែ​ងាយស្រួល រហ័ស និង​មាន ប្រសិទ្ធភាព ហើយ​ត្រូវ​បន្តធ្វើ​យ៉ាងណា​ឱ្យ​ការផ្តល់សេវា ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​របស់​ធុរកិច្ច និង​​រួមចំណែក​បង្កើន​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ក្នុង​ឆាក​តំបន់ និង​អន្តរជាតិ​។​

លោកនាយករដ្ឋ​មន្ដ្រី បាន​បន្ថែម​នៅក្នុងសារ​លិខិត​ថា​៖ «ស័យ​ឯកជន មាន​តួនាទី​ក​ន្លឹះ​ក្នុងការ​ទ្រទ្រង់​និង​ពង្រឹង​ប្រព័ន្ធ​អេកូឡូស៊ី​។ រាជរដ្ឋាភិបាល​​សូម​ជំរុញ​និង​លើកទឹកចិត្ត ឱ្យ​វិស័យ​ឯកជន​បន្ត​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព វិនិយោគ​លើ​ការ​រា​ង្រឹ​ង​​ស្តង់ដារ និង​គុណភាព​នៃ​ផលិតផល និង​សេវាកម្ម​របស់ខ្លួន បង្កើន​ផលិតភាព​តាមរយៈ​ការបន្ត​បណ្តុះបណ្តាល​បុគ្គលិក​និយោជិត ​និង​ផ្តល់នូវ​របប​សន្តិសុខ​សង្គម ក៏ដូចជា​ការចាប់យក​បច្ចេកវិទ្យា​និង​ទំនើបកម្ម​ខ្សែ​ច្រវាក់ ផលិតកម្ម សេវាកម្ម​របស់ខ្លួន​»។

រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​វិធានការ​គន្លឹះ​ជាច្រើន​រួមទាំង​ការអនុគ្រោះ ផ្នែក​ពន្ធដារ ដើម្បី​គាំទ្រ​និង​លើកទឹកចិត្ត​ដល់​ការបំពេញ​អនុលោមភាព។

លោកនាយករដ្ឋមន្ដ្រី​បាន​ឱ្យដឹថា​៖ «​គោលបំណង​តែមួយគត់ គឺ ដើម្បី​សហគ្រាស​ទាំងអស់​មានលទ្ធភាព​ក្នុងការ​ឈានទៅ​ទទួលបាន​នូវ​ការទទួលស្គាល់ មាន​ទីផ្សារ​ដែល មាន​និរន្តរភាព និង​ទទួលបាន​ការគាំទ្រ​ហិរញ្ញប្បទាន​និង​សេវា​ហិរញ្ញវត្ថុ​នានា​សម្រាប់​ការពង្រីក​សក្តានុពល របស់ខ្លួន​។ កម្មវិធី​អភិវឌ្ឍ​ជំនាញ ក៏​ជា​អាទិភាព​គន្លឹះ​មួយ​ផងដែរ​»។​

ទោះយ៉ាងណាក៏ដោយ ​សហគ្រាសធុន​មីក្រូ តូច និង​មធ្យម​ទាំងនេះចៀស​មិន​ផុតពី​ការ​ជួបបញ្ហាប្រឈមសំខាន់ៗមួយ​ចំនួន​។

ជាអ្នក​ប្រកប​របរ​ក្នុង​វិស័យ​ទេសចរណ៍នៅ​រាជធានីភ្នំពេញ នាយក​ក្រុមហ៊ុន​ម្នាក់​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ភាគច្រើន​ ការ​អនុគ្រោះ​ផ្សេងៗ ជាពិសេស ពន្ធ​ជាដើម ត្រូវបាន​ធ្វើ​ឡើង​នៅ​ខេត្ដ​សៀមរាប​ ខណៈ​ក្រុមហ៊ុន​នៅភ្នំពេញ​មិន​ទទួល​បាន​ការ​លើក​លែង​អ្វី​នោះទេ ក្រៅពី​ប្រាក់​ឧបត្ថម្ភ​ដល់​បុគ្គលិក​អំឡុង​ពេល​កូវីដ ១៩​។ 

​ដោយ​មិន​បាន​លើកឡើង​ពី​កត្ដាអនុគ្រោះ លោក អែល ជាន ជាអ្នក​ប្រកប​អាជីវកម្ម​ផលិត​ទឹក​ស៊ីអ៊ីវជិត​មួយ​ទសវត្សរ៍​ មិន​បាន​ជួប​ការ​លំបាក​ក្នុង​ការ​ប្រដេញ​បច្ចេកវិទ្យា​ប៉ុន្មាន​ទេ ដោយសារ​ការ​ផលិត​ទឹក​ស៊ីអ៊ីវ​របស់លោក​ត្រូវបាន​ធ្វើឡើង​តាម​រូបមន្ដ​បុរាណ​ ជាមួយ​​ម៉ាស៊ីន​​នាំ​ចូល​ពី​ប្រទេស​ម៉ាឡេស៊ី។ 

លោក ជាន ជា ម្ចាស់​សហគ្រាស​ទឹកស៊ីអ៊ីវ រូប​ស្ដ្រី​កាន់​សណ្ដែង​សៀង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា៖ «ទោះបីជា​វាមិន​ទំនើប​ខ្លាំង ម៉ាស៊ីន​មកពី​ម៉ាឡេស៊ីនេះ​អាច​ជួយ​ខ្ញុំ​ផ្គត់ផ្គង់​ទឹកស៊ីអ៊ីវ​ដល់​អតិថិជន​ក្នុង​ស្រុក​តាម​តម្រូវការ​ដោយ​មួយ​ខែ ខ្ញុំ​អាច​ផលិត​បាន​ច្រើន​ម៉ឺន​ដប​​»។

អ្នកស្រី ប៊ី ឧដ្ឋាន​វតី ជាអ្នក​គ្រប់គ្រង និង​សហស្ថាបនិក​​ក្រុមហ៊ុន RTR Tours Co., Ltd បាន​ឱ្យដឹងថា ក្រុមហ៊ុនរបស់​អ្នកស្រី​នៅ​ប្រើ​ប្រាស់​បុគ្គលិក​ចន្លោះ​ ៥០ ទៅ ៦០​នាក់​ក្នុង​ការ​ទទួល​ការ​កក់​កញ្ចប់​ទេសចរណ៍​របស់ភ្ញៀវ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ ខណៈ​និន្នការ​យុវវ័យ​បច្ចុប្បន្ន​ចូល​ចិត្ដ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​តាម​អនឡាញ​។ 

អ្នកស្រី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​អតិថិជន​ជា​យុវវ័យ​ចាប់​ផ្ដើម​បង្វែ​ពីការ​កក់​កញ្ចប់​ទេសចរណ៍​ដោយ​ផ្ទាល់​ទៅ​​ប្រើ​ប្រាស់អនឡាញ​​។ ដូច្នេះ ការ​លក់​របស់​យើង​ភាគច្រើន​នៅ​សម្បូរ​តែ​ភ្ញៀវ​វ័យ​ចាស់​ និង​ធ្វើ​ការ​ ជាពិសេស ចំណេះដឹង​បច្ចេកវិទ្យា​នៅ​មាន​កម្រិត​»។ 

អ្នកស្រីបាន​បន្ដថា ដោយសារ​កត្ដា​ការ​វិវត្ដន៍​នៃ​បច្ចេកវិទ្យា អ្នកស្រី​ព្យាយាម​រួមបញ្ចូល​បច្ចេកវិទ្យា​ទៅ​ក្នុង​ប្រតិបត្ដិការ​សេវាកម្ម​ រួមទាំង ធ្វើ​ទីផ្សារ​ឌីជីថល​ជាដើម​។ 

យ៉ាងណាមិញ អ្នកស្រី ឧដ្ឋាន​វតី មើល​ឃើញថា ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ដែល​ធ្វើ​ដំណើរ​ទៅ​លេង​ក្រៅ​ប្រទេស​មាន​ការ​ធ្លាក់​ចុះ​ជាង​ពេលវេលា​ទើប​ងើប​ពី​វិបត្ដិ​កូវីដ ១៩​ ដែល​អាច​មកពី​កត្ដា​រដូវ​ធ្លាក់​ភ្លៀង​ និង​សេដ្ឋកិច្ច​គ្រួសារ​មិន​អំណោយ​ផល។ 

ជាមួយ​ការ​ត្រៀម​ដំណើរការ​អាកាសយានដ្ឋាន​អន្ដរជាតិតេជោ​​ភ្នំពេញ​ថ្មី និង​អាកាសយានដ្ឋាន​អន្ដរជាតិ​ខេត្ដសៀមរាប​ រួមទាំងការ​តភ្ជាប់​ជើង​ហោះហើរ​ត្រង់​ អ្នកស្រី រំពឹងថា ភ្ញៀវ​ទេសចរ​បរទេស​នឹង​មក​កាន់​ប្រទេស​កម្ពុជា​ច្រើន​ជាង​មុន។ 

អ្នកស្រី ឧដ្ឋាន​វតី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ការ​បើកជើង​ហោះហើរ​ត្រង់​រវាង​កម្ពុជា និង​ឥណ្ឌា​នឹង​នាំ​យក​ទេសចរ​ឥណ្ឌា​ច្រើន​មក​កាន់​កម្ពុជា​ ដូច​បាន​ឃើញ​នៅ​បណ្ដា​ប្រទេស​ជិត​ខាង​។ ទោះបីជា​ភ្ញៀវ​ទេសចរ​ចិន​មិន​ច្រើន​ដូច​មុន ខ្ញុំ​មើល​ឃើញ​ថា ភ្ញៀវ​អឺរ៉ុប​កំពុង​តែ​មក​វិញ​បណ្ដើរ​ៗ​ហើយ​»៕