ភ្នំពេញ៖ វេទិកាធុរកិច្ចបារាំង-កម្ពុជាលើកទី២ នៅឆ្នាំ២០២៤ គ្រោងនឹងទាក់ទាញចំណាប់អារម្មណ៍ពីអ្នកវិនិយោគបារាំង ដោយផ្តោតជាពិសេសលើវិស័យអគ្គិសនី កសិកម្ម កសិឧស្សាហកម្ម និងសុខាភិបាលនៅកម្ពុជា។
ការប្រកាសនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយនៅស្ថានទូតបារាំងប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។
លោក ហ្សាក់ បឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បាននិយាយថា វេទិកាធុរកិច្ចបារាំង-កម្ពុជានឹងរៀបចំឡើងរៀងរាល់ពីរឆ្នាំម្ដង ដោយការលើរៀបចំលើកដំបូង ត្រូវបានរៀបចំកាលពីឆ្នាំ២០២២។
វេទិកាធុរកិច្ចបារាំង-កម្ពុជាលើកទីពីរ ឆ្នាំ២០២៤ រំពឹងថានឹងកៀរគរវិនិយោគិនបារាំងចាប់អារម្មណ៍លើគម្រោងវិនិយោគថាមពលអគ្គិសនី កសិកម្ម និងកសិឧស្សាហកម្មនៅកម្ពុជា។
លោក បឺឡេ បានថ្លែងថា៖ «យើងពិតជាបានទទួលសំណើពីកម្ពុជាដើម្បីវិនិយោគលើវិស័យថាមពលអគ្គិសនីនេះ រួមទាំងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ក៏ដូចជាសុខាភិបាល»។
រៀបចំដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងកម្ពុជា (CCIFC) សហការជាមួយគណៈកម្មាធិការទីប្រឹក្សាពាណិជ្ជកម្មបរទេសបារាំង (CCEF) និងសភាពាណិជ្ជកម្មកម្ពុជា (CCC) ដោយមានការគាំទ្រពីស្ថានទូតបារាំង សហព័ន្ធនិយោជកបារាំងអន្តរជាតិ (MEDEF) និងសមាគមឧកញ្ញាកម្ពុជា វេទិកានេះនឹងប្រព្រឹត្តទៅពីថ្ងៃទី៨ ដល់ទី១០ ខែកក្កដា ឆ្នាំ២០២៤។
ព្រឹត្តិការណ៍នេះនឹងមានរយៈពេលបីថ្ងៃ ដោយរយៈពេលពីរថ្ងៃដំបូងនៅរាជធានីភ្នំពេញ និងថ្ងៃចុងក្រោយនៅខេត្តព្រះសីហនុ ហើយពិធីបើកនៅទីក្រុងភ្នំពេញនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
លោក Cyril Girot ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា បាននិយាយថា៖ «វេទិកាធុរកិច្ចនឹងប្រមូលផ្តុំសមាជិកសហគមន៍ធុរកិច្ចបារាំងនៅកម្ពុជា ក៏ដូចជាតំណាងមកពីក្រុមហ៊ុនបារាំងកំពុងប្រតិបត្តិការនៅក្នុងតំបន់ ដែលមានបំណងចង់ស្វែងយល់កាន់តែស៊ីជម្រៅអំពីទីផ្សារកម្ពុជា»។
លោក Girot បានលើកឡើងថា វេទិកានេះនឹងគ្របដណ្តប់លើវិស័យជាច្រើន រួមទាំងសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាឌីជីថល ការថែទាំសុខភាព ថាមពល ផែនការទីក្រុង ទេសចរណ៍ ភស្តុភារ ដឹកជញ្ជូន កសិកម្ម កសិឧស្សាហកម្ម ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិស្ថាន។
បទបង្ហាញសំខាន់ៗនឹងធ្វើឡើងដោយថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ រួមមាន រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរដ្ឋមន្ត្រីទទួលបន្ទុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
មិនខុសពីវេទិកាធុរកិច្ចលើកទីមួយ វេទិកាលើកទីពីរនឹងមានការចូលរួមពីធុរកិច្ចជនទាំងពីរប្រទេស រួមទាំងអាជ្ញាធរប្រមាណ ២០០នាក់។
លោកបានឱ្យដឹងថា វេទិកាធុរកិច្ចលើកទី២នេះនឹងជួយពង្រឹងទំនាក់ ទំនងសេដ្ឋកិច្ចបារាំង-កម្ពុជា និងជាឱកាសពិសេសមួយសម្រាប់ក្រុមហ៊ុន អ្នកប្រកបវិជ្ជាជីវៈ និងអ្នកមានចំណាប់អារម្មណ៍អំពីការ អភិវឌ្ឍសេដ្ឋកិច្ច ក្នុងការស្វែងយល់ពីសក្តានុពលជាច្រើនដែលកម្ពុជាផ្តល់ឱ្យ។ វេទិកានេះក៏ជាពេលវេលាសម្រាប់បង្កើតទំនាក់ទំនងជាមួយដៃគូយុទ្ធសាស្ត្រ ថ្នាក់ដឹកនាំនយោបាយ និងអ្នកជំនាញនៅកម្ពុជាផងដែរ។
លោកបានប្រាប់ថា៖ «ទំហំនៃបម្លាស់ប្តូរពាណិជ្ជកម្មរវាងបារាំង និងកម្ពុជាមានចំនួន ១៣៦៣ លានអឺរ៉ូ (ជាង ១៤៥៧លានដុល្លារ) កាលពីឆ្នាំ២០២៣។ បច្ចុប្បន្ន ប្រទេសបារាំងគឺ ជាដៃគូពាណិជ្ជកម្មទី២របស់កម្ពុជានៅអឺរ៉ុប បន្ទាប់ពីប្រទេសអាល្លឺម៉ង់»។
លោក Girot បានបន្ដថា ការនាំចេញរបស់បារាំងមកកម្ពុជាកាលពីឆ្នាំ២០២៣ បានកើនឡើងយ៉ាងខ្លាំង ពោលគឺ៣១ភាគរយ ធៀបនឹងឆ្នាំ២០២២ ជាពិសេសផលិតផលកសិអាហារ ឱសថ និងផលិតផលលោហៈ។ ចំណែកការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសបារាំងវិញមានទំហំទឹកប្រាក់ ១១៩២ លានអឺរ៉ូ (១២៧៤ លានដុល្លារ) កាលពីឆ្នាំ២០២៣ ជាពិសេស ក្នុងវិស័យវាយនភ័ណ្ឌ ផលិតផលកសិអាហារ និងទោចក្រយាន។
ក្នុងទំហំប្រមាណ៥៦០លានអឺរ៉ូ ការវិនិយោគរបស់បារាំងនៅកម្ពុជាក៏មានការកើនឡើងផងដែរ ជាពិសេសក្នុងវិស័យសំណង់ កសិឧស្សាហកម្ម និងសេវា។
ក្រៅពីបុត្រសម្ព័ន្ធនៃក្រុមហ៊ុនបារាំងធំៗ វត្តមានដ៏ច្រើននៃក្រុមហ៊ុនក្នុងស្រុករបស់ជនជាតិបារាំង នៅកម្ពុជា (ជាង៤០០ក្រុមហ៊ុន) បង្ហាញឱ្យឃើញអំពីការវិនិយោគ ក៏ដូចជាវត្តមានរឹងមាំរបស់បារាំងនៅកម្ពុជា។
លោកបញ្ជាក់ថា តួលេខទាំងនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីភាពរស់រវើកនៃទំនាក់ទំនងសេដ្ឋកិច្ចបារាំង-កម្ពុជា ដែលផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុននៃប្រទេសទាំងពីរ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
ថ្ងៃទីបីនៃវេទិកានេះនឹងប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ ដើម្បីផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការស្វែងរកទីតាំងសេដ្ឋកិច្ចសំខាន់ៗ និងជួបជាមួយតំណាងរដ្ឋាភិបាល។
លោក Girot បានបញ្ជាក់ថា៖ «វេទិកាធុរកិច្ចបារាំងកម្ពុជាឆ្នាំ២០២៤ នេះ មានគោលបំណងជាកត្តាជំរុញដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីថ្មី ដែលផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃប្រទេសទាំងពីរ»។
លោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា គម្រោងនៅកម្ពុជាមានច្រើន ដែលត្រូវការចាប់ដៃគូជាមួយវិនិយោគិនបារាំង ដោយរង់ចាំមើលលទ្ធភាពខាងភាគីបារាំង។
លោកបាននិយាយថា ក្រោយមានការរឹតចំណងការទូតរវាងប្រទេសទាំងពីរដោយមានការធ្វើទស្សនកិច្ចជាបន្ដបន្ទាប់ពីសំណាក់ព្រះមហាក្សត្រ អតីតនាយករដ្ឋមន្ដ្រី និងនាយករដ្ឋមន្ដ្រីបច្ចុប្បន្ន វិនិយោគិនបារាំងជាច្រើនបង្ហាញចំណាប់អារម្មណ៍មកធ្វើជំនួញនៅកម្ពុជា។
លោកបានលើកឡើងថា៖ «បារាំងមានជំនាញខាងកសិកម្ម ថាមពលអគ្គិសនី ជាក់ស្ដែង ក្រុមហ៊ុន Total ដែលកំពុងតែពង្រីកខ្លួនបន្ថែម»។
លោកបានបន្ដថា៖ «អ្វីដែលយើងចង់បានពីវេទិកាធុរកិច្ចបារាំង-កម្ពុជានេះ គឺយើងចង់បានគម្រោងវិនិយោគថ្មីៗ និងថែទាំអ្វីដែលមានបច្ចុប្បន្ន»។
លោក គិត ម៉េង បានបន្ដថា សភាពាណិជ្ជកម្មកម្ពុជាមានសេចក្តីសោមនស្សរីករាយក្នុងការសហការរៀបចំជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា និង MECDF ដោយមានការគាំទ្រពីឯកអគ្គរដ្ឋទូតបារាំង។
លោកបានលើកឡើងថា នេះនឹងក្លាយទៅជាសសរស្តម្ភដ៏សំខាន់មួយក្នុងការបង្កើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕