ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំរបស់ចិន គឺក្រុមហ៊ុន BYD គ្រោងមកបណ្ដាក់ទុនវិនិយោគបើករោងចក្រផលិតរថយន្តនៅកម្ពុជាក្នុងពេលខាងមុខ។
ក្នុងពិធីអបអរទិវាសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) នាថ្ងៃទី២៧ មិថុនា នៅរាជធានីភ្នំពេញលោកថ្លែងថា៖ «ឥឡូវ បន្តិចទៀត ដែលព័ត៌មានមក គឺក្រុមហ៊ុន BYD ក្រុមហ៊ុនឡានអគ្គិសនីរបស់ចិនមួយនឹងគ្រោងមកដាក់ទុនដើម្បីរៀបចំផលិតរថយន្តនៅកម្ពុជា។ នេះគឺជាជោគជ័យមួយ»។
លោក ហ៊ុន ម៉ាណែត បន្ថែមថា នេះគឺជាការពង្រីកការធ្វើពិពិធកម្មនៃប្រភពសេដ្ឋកិច្ច និងខ្សែច្រវាក់ផលិតកម្មរបស់កម្ពុជា ហើយលោកសង្ឃឹមថា នាពេលអនាគត ក្រុមហ៊ុនធំៗដែលមកបណ្ដាក់ទុននៅកម្ពុជានឹងភ្ជាប់ជាមួយក្រុមហ៊ុនធុនកណ្ដាល និងក្រុមហ៊ុនធុនតូចនៅកម្ពុជាដើម្បីជាធាតុផ្សំនៃខ្សែច្រវាក់ផ្គត់ផ្គង់។
លោកថ្លែងថា៖ «ហេតុអីបានជាយើងត្រូវលើកកម្ពស់វិស័យឯកជន ហើយហេតុអីបានជាយើងត្រូវលើកទឹកចិត្ត យកចិត្តទុកដាក់ពិសេសទៅលើសហគ្រាសធុនតូច ធុនមធ្យម (SME) របស់យើង? ពិតណាស់ យើងមិនមែនមិនយកចិត្តទុកដាក់លើសហគ្រាសធុនធំទេ។ យើងលើកទឹកចិត្ត ដូច BYD ក្រុមហ៊ុនធំ ក្រុមហ៊ុនដែលមកផលិតធំ។ យើងលើកទឹកចិត្តទាក់ទាញ ប៉ុន្តែយើងក៏មិនត្រូវចោលនៅក្នុងការជួយជំរុញ និងយកចិត្តទុកដាក់ពិសេសទៅលើ SME, MSME»។
លោក ជ័យ តិច អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅពេលដែលក្រុមហ៊ុនខ្នាតយក្សលំដាប់ពិភពលោកចូលមកវិនិយោគនៅកម្ពុជា វានឹងធ្វើឱ្យអ្នកវិនិយោគផ្សេងៗទាំងនៅក្នុងវិស័យរថយន្ត និងវិស័យផ្សេងៗមានការចាប់អារម្មណ៍ និងអាចបង្កើនទំនុកចិត្តដល់អ្នកវិនិយោគដើម្បីមកវិនិយោគនៅកម្ពុជា។
លោកបន្ថែមថា នៅពេលមានការដំឡើងរថយន្តពីក្រុមហ៊ុនខ្នាតយក្សនេះ គឺមានតម្រូវការនៃពលកម្មដែលនឹងផ្តល់ឱកាសការងារជាច្រើនដល់ប្រជាជនកម្ពុជា ដែលជាការងារលំដាប់ខ្ពស់ថ្នាក់បច្ចេកទេស ហើយបុគ្គលិកដែលធ្វើការនៅក្រុមហ៊ុនប្រភេទនេះទទួលបានប្រាក់កម្រៃខ្ពស់ ជំនាញបច្ចេកទេសរថយន្តអគ្គិសនី និងបច្ចេកទេសផ្សេងៗទៀតពីក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោកនេះ។
លោក ជ័យ តិច ថ្លែងថា៖ «សម្រាប់អតិថិជនទាំងមូលតែម្ដង នៅពេលដែលមានការដំឡើងរថយន្តនៅក្នុងស្រុកគឺធ្វើឱ្យតម្លៃរថយន្តតិច ឬក៏ច្រើនគឺមានការធូរថ្លៃជាងមុន ដោយកាត់បន្ថយនូវការដឹកជញ្ជូនពីក្រៅប្រទេសចូលកម្ពុជា ក៏ដូចជាកាត់បន្ថយនូវពន្ធនាំចូល។ ដូច្នេះ ចង់មិនចង់ ទោះបីជាមានការនាំចូលនូវបរិក្ខារនិងសម្ភារៈផ្សេងៗដើម្បីដំឡើងរថយន្តនៅកម្ពុជា ប៉ុន្តែ ទោះជាយ៉ាងណា បើយើងធៀបជាមួយនឹងពន្ធនាំចូលរថយន្តទាំងមូល ហើយនិង spare part [គ្រឿងបន្លាស់] ដែលនាំចូលដើម្បីដំឡើងរថយន្តគឺយើងនៅមានផលចំណេញ»។
លោកបន្ថែមថា៖ «ប្រជាជនកម្ពុជាទាំងមូលដែលចាប់អារម្មណ៍នៅក្នុងការប្រើប្រាស់រថយន្ត EV [រថយន្តអគ្គិសនី] នៅកម្ពុជាជាមួយនឹងBrand [ក្រុមហ៊ុន] លំដាប់ពិភពលោកនេះគឺនឹងអាចទិញបាននូវតម្លៃធូរជាងការនាំចូលរថយន្តទាំងមូលនៅកម្ពុជា»។
ក្នុងជំនួបជាមួយលោក Kading Liu នាយករងក្រុមហ៊ុន BYD នៅប្រទេសចិន កាលពីខែតុលា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុននេះចូលរួមដំឡើងស្ថានីយសាករថយន្តអគ្គិសនីក្នុងប្រទេសកម្ពុជាឱ្យបានច្រើន ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលប្រើប្រាស់យានយន្តអគ្គិសនី។
លោកបានផ្តល់យោបល់ឱ្យក្រុមហ៊ុននេះសិក្សាលទ្ធភាពសាងសង់រោងចក្រខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំយានយន្ត នៅប្រទេសកម្ពុជា ដោយលោកពន្យល់ថា ៦៥ភាគរយ នៃចំនួនប្រជាជនកម្ពុជាសរុប គឺមានអាយុស្ថិតក្នុងវ័យក្មេងប្រកបដោយផលិតភាពខ្ពស់ ដែលអាចចូលរួមក្នុងផលិតកម្ម ដើម្បីផ្គត់ផ្គង់សម្រាប់មហាអនុតំបន់មេគង្គ៕