ភ្នំពេញ៖ សហគ្រាស​ធុនតូច និង​មធ្យម (SMEs) នៅ​កម្ពុជា​អាច​ទទួល​បាន​អត្ថប្រយោជន៍​​យ៉ាង​សំខាន់​តាមរយៈ​ការ​ចូល​ទៅ​កាន់​ទីផ្សារ​មូលបត្រ ​ដែល​ជា​គំនិត​មួយ​ត្រូវ​បាន​បក​ស្រាយ​ក្នុង​សិក្ខាសាលា សហការ​រៀបចំ​ដោយ​និយតករ​មូលបត្រ​កម្ពុជា (SERC), APM (Cambodia) Securities Co., Ltd, និង Asset Pro Management Co., Ltd នា​ថ្ងៃទី​៥ ខែ​មិថុនា។


កម្មវិធី​នេះ ទទួល​បាន​ការ​គាំទ្រ​ពី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ (MISTI) និង​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា (YEAC) ដោយ​មាន​ការ​ចូលរួម​ពី​សហគ្រិន​ជាង ៣០ នាក់ នៅ​អគារ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ។


លោក ស៊ូ សុជាតិ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​និយ័តករ​មូលបត្រ​កម្ពុជា បាន​ថ្លែង​ក្នុងកម្មវិធី សិក្ខា​សាលា​ស្តីពី ការ​ឈាន​ចូល​ទីផ្សារ​មូលបត្រ​របស់​សហគ្រាស​ធុនតូច និង មធ្យម​៖ បទពិសោធន៍នៅ​ប្រទេសថៃ ​ថា៖ «សិក្ខាសាលា​នេះ​មាន​សារសំខាន់​សម្រាប់​សហគ្រិន​ស្វែង​យល់​អំពី​ទីផ្សារ​មូលបត្រ​ដោយលើក​យក​ករណី​ជាក់ស្ដែង​​នៅក្នុង​ព្រះ​រាជាណាចក្រ​ថៃ។ ក្រុមហ៊ុន​ដែល​ចូល​ទីផ្សារ​បាន​គឺជា​ក្រុមហ៊ុន​ដែល​ទទួល​បាន​ហិរញ្ញប្បទាន​ពីទីផ្សារ​ដើម្បី​បញ្ចូល​ទៅក្នុង​ដើម​ទុន​ និង​ធ្វើ​ការ​អភិវឌ្ឍ​តាម​យន្ដការ​នៃ​សាច់​ប្រាក់​នេះ»។ 


តាម​ប្រពៃណី​នៃការ​បើក​សហគ្រាស ម្ចាស់​ត្រូវ​ទៅរក​ទុន​នៅ​ធនាគារ ឬ​កៀរគរ​ពី​បណ្ដាញ​របស់​ពួកគេ។ នាពេល​នេះ ពួកគេ​មាន​ផ្លូវ​ថ្មី​តាមរយៈទីផ្សារ​មូលបត្រ​ ជាទី​កន្លែង​ផ្ដល់​ទុន​មិន​ចេះ​រីងស្ងួត​ ដែល​មាន​ការ​ចូលរួម​ពី​អ្នក​វិនិយោគ​ជាច្រើន​។ 


លោក​បាន​ឱ្យ​ដឹង​ថា សព្វថ្ងៃ ​​អ្នក​វិនិយោគ ដែល​មាន​ទុន​ត្រៀម​ទិញ​មូលបត្រ ៥ម៉ឺន​នាក់​ ហើយ​តើក្រុមហ៊ុន សហគ្រាស​ត្រូវ​មាន​អ្វីខ្លះដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ទាំង​នោះ។ ផ្សារ​មូលបត្រ​ជា​កន្លែង​មួយ​ដែល​បង្រៀន​សហគ្រិន​ទាំង​អស់​ចេះ​ទៅ​យក​ពី​ទីផ្សារ​មូលបត្រដោយ​ខ្លួន​ និង​​រៀបចំ​ខ្លួន​តាមរយៈ​លិខិត​ស្នាម​បទដ្ឋាន​​ដើម្បី​កៀរគរ​អ្នក​វិនិយោគ​។ 


លោក ហ៊ត ផេង អនុរដ្ឋលេខាធិការ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​និយាយថា យោង​តាម​របាយការណ៍​ថ្នាក់​ជាតិ​ស្តីពី​លទ្ធផល​ចុងក្រោយ​នៃ​ជំរឿន​សេដ្ឋកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​២០២២ របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ នៃ​ក្រសួង ផែនការ បាន​បង្ហាញថា មាន​សហគ្រាស​ធុន តូច និង​មធ្យម​ចំនួន ៧៥៣,៦៧០ ទាំង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ​។ 

រីឯ​​ ​​សហគ្រាស​ធុន​តូច និង​មធ្យម ផ្នែក​កម្មន្តសាល​ដែល​បាន​ចុះបញ្ជី​នៅក្នុង​ក្របខណ្ឌ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ មាន​ចំនួន ៤៤,៦២៥​មូលដ្ឋាន និង​បង្កើត​ការងារ​ចំនួន ៤៦៦,៥៩៤​នាក់ ក្នុង​នោះ ការ​ចុះ​បញ្ជី​តាម​ថ្នាល​បច្ចេកវិទ្យា CamDX មាន​ចំនួន ៣៩១​មូលដ្ឋាន និង​បង្កើត​ការងារ ១,៣២១​នាក់ គិត​ត្រឹម​ឆ្នាំ​២០២៤។ ដូច្នេះ សហគ្រាស ដែល​បាន​ចូលរួម​នាពេលនេះ មាន​ចំនួន ២០ សហគ្រាស តាម​ការស្នើសុំ​របស់​និយ័តករ​មូលបត្រ​កម្ពុជា។

លោក ផេង បាន​ថ្លែង​ថា៖ «ការ​ចូលរួម​ប្រតិបត្តិការ​ក្នុង​ទីផ្សារ​មូលបត្រ​កម្ពុជា របស់​បងប្អូន​ម្ចាស់​សហគ្រាស គឺ​ជា​សកម្មភាព​ដ៏​វិសេសវិសាល​ចូលរួម​ចំណែក​ដល់​ការ​ទាក់ទាញ​វិនិយោគ​បន្ថែម និង​កំណើន​សេដ្ឋកិច្ច​ជាតិ​ផងដែរ»។

លោក​បន្ដថា៖ «ម្យ៉ាងទៀត ទីផ្សារ​មូលបត្រ​ក៏ជា​យន្តការ​មួយ​ជួយ​ផ្សព្វផ្សាយ​ជា​សាធារណៈ​អំពី​សកម្មភាព​សេដ្ឋកិច្ច​របស់​សហគ្រាស​ដែល​កំពុង​ប្រតិបត្តិ​ផលិតកម្ម អាជីវកម្ម និង​សេវាកម្ម ប៉ុន្តែ​ត្រូវមាន​អនុលោមភាព​ស្តង់ដារ ដើម្បី​ធានា​បាន​នូវ​ការ​ប្រកួតប្រជែង​ប្រកប​ដោយ​ស័ក្តិសិទ្ធ​ភាព!។

ជាអ្នក​ប្រកប​អាជីវកម្ម​ផលិត​ទឹក​ស៊ីអ៊ីវ តាំងពី​ឆ្នាំ ២០១៧ ជាមួយ​ការ​ប្រើប្រាស់​ម៉ាស៊ីន​ផលិត​ប្រទេស​ម៉ាឡេស៊ី លោក អែល ជាន បាន​ចូលរួម​សិក្ខា​សាលា​ផ្សារ​មូលបត្រ​នេះ ដោយ​មាន​ចំណាប់​អារម្មណ៍​ចង់​ចេះចង់ដឹង និង​ចង់​ចូលរួម​ផ្សារ​មូលបត្រ​។ 

លោក ជាន ជាម្ចាស់​សហគ្រាស​ទឹកស៊ីអ៊ីវ រូប​ស្ដ្រី​កាន់​សណ្ដែង​សៀង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា៖ «ខ្ញុំ​ចាប់​អារម្មណ៍​ចង់​ចូល​ផ្សារ​មូលបត្រ​ ដោយ​ការ​ចូលរួម​នេះ យើង​ងាយស្រួល​ប្រើ​ប្រាស់​ដើម​ទុន​ប្រកប​របរ​បន្ថែម។ ប៉ុន្ដែ​ដោយសារ​វា​នៅ​ថ្មីពេក​សម្រាប់​ពួកខ្ញុំ ខ្ញុំ​កំពុង​តែ​សិក្សា​អំពី​លទ្ធភាព​សិន»។

លោក សុជាតិ បាន​ថ្លែង​ថា៖ «SMEs មានចំនួន​ជាង ៩៨ ភាគរយ និង​បាន​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​រហូតដល់ ៥៨ភាគរយ​នៃ GDP។ SMEs ​ជា​ឆ្អឹង​ខ្នង​សេដ្ឋកិច្ច​ ជាពិសេស​បង្កើត​ឱកាស​ការងារ​ក្នុង​ស្រុក​។ បើ SMEs កាន់តែ​ខ្លាំង ក្រុមហ៊ុន​ធំៗ​កាន់​តែ​កើន​ឡើង​ផងដែរ»។ 

លោក សុជាតិ បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ មាន​ក្រុមហ៊ុន ២២ បាន​ចុះ​បញ្ជី​មូលបត្រ ដែល​ប្រមូល​ពី​ទីផ្សារ​ជិត ៤០០​លាន​ដុល្លារ​អាមេរិក​ ហើយ​នៅ​ឆ្នាំ​២០២៤ មាន​ពី ៣ ទៅ ៥ ក្រុមហ៊ុន​ទៀត ដែល​ត្រៀម​ចុះ​បញ្ជី​ ដោយ​ក្រុមហ៊ុនចំនួន ៣ ​មាន​ទុន​ជាង ១០០​លាន​ដុល្លារ​អាមេរិកទៅ​ហើយ។ 

លោក​បាន​ពន្យល់បកស្រាយរឿងមួយ ដោយ​​ថា មាន​ក្រុមហ៊ុន ឬសហគ្រាសដែល​​បាន​ចូល​ទីផ្សារ​មូលបត្រ​ហើយ ធនាគារ​លែង​ឱ្យ​ប្រាក់​សហគ្រាស​ទាំង​នោះ​ខ្ចី។ ប៉ុន្តែ​លោក​បាន​អះអាងថា ការ​ចូលផ្សារ​ហ៊ុន​​គឺធ្វើ​ឱ្យ​ធនាគារ​ ផ្តល់​​ប្រាក់កម្ចីទៅវិញ និង​អាច​ទទួល​បាន​ការ​ប្រាក់​ទាប​ថែម​ទៀត មូលហេតុ​ចម្បង​គឺ​សហគ្រាស​នោះមាន​ប្រាក់​សង​ធនាគារ​ជា​ការ​ស្រេច​។ 

ទោះ​ជា​យ៉ាង​ណា លោកបញ្ជាក់​ក្រុមហ៊ុន សហគ្រាស​ចូល​ទីផ្សារ​មូលបត្រ​កម្ពុជា​គឺជា​ជម្រើស​របស់​ម្ចាស់​ក្រុមហ៊ុន សហគ្រាស តែ​ស្ថាប័ន​ជា​អ្នក​សម្របសម្រួល​ក្នុង​ការ​ចុះ​បញ្ជី​នេះ។

អ្នកស្រី​ Sirivipa Supantanet ទីប្រឹក្សា​ក្រុម​ប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Asset Pro Management Co., Ltd បាន​លើក​ឡើង​ពី​តម្លៃ​សេដ្ឋកិច្ច​របស់​សហគ្រាស​ធុនតូច និង​មធ្យម ដែល​នាំមក​នូវ​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប។

អ្នកស្រី​បាន​ថ្លែង​ថា​៖ «​ក្នុង​ឆ្នាំ២០១៩​ សហគ្រាស​ធុន​តូច និង​មធ្យម​បានរួម​ចំណែក​ប្រហែល ៤០ភាគរយ​ ដល់​កំណើន GDP។ នៅ​ឆ្នាំ ២០២៧​ ការរួមចំណែក​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​កើនឡើង​ដល់ ៦០ភាគរយ​នៃ​ផ្សារហ៊ុន​ថៃ​ ហើយ​និយតករ​ទីផ្សារ​មូលធន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ធ្វើឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​អាច​ប្រមូល​មូលនិធិ​តាមរយៈ​ទីផ្សារ​មូលធន»។

អ្នកស្រី​ Supantanet បាន​កត់​សម្គាល់ថា ចំនួន​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​បាន​ចុះបញ្ជី​ក្នុង​ផ្សារ​ហ៊ុន​ថៃ​មាន​ការ​កើនឡើង​គួរ​ឱ្យ​កត់​សម្គាល់ ដោយ​បច្ចុប្បន្ន​សហគ្រាស​ធុន​តូច និង​មធ្យម​ចំនួន ១២៣​ បាន​ចុះបញ្ជី​ក្នុង​ក្រុម​ប្រឹក្សាភិបាល​សហគ្រាស​ធុនតូច និង​មធ្យម ក្នុង​ចំណោម​ក្រុមហ៊ុន​ជាង ៧០០៕