កម្ពុជា​កំពុង​រក​លទ្ធភាព​ពង្រីក​ការ​លក់​ផលិតផល​ក្នុង​ស្រុក​ទៅ​លើ​ទីផ្សារ​អនឡាញ​ធំបំផុត​របស់ពិភពលោកគឺ Amazon។ ដើម្បី​ឈាន​ទៅ​ដល់​លទ្ធភាព​នេះ មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ជួប​ជាមួយ​តំណាង​ក្រុមហ៊ុន Amazon កាល​ពី​សប្ដាហ៍​មុន​ដើម្បី​ពិភាក្សា​លទ្ធភាព​នេះ។

ក្រសួង​ពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា ជំនួប​នេះ​ធ្វើ​ឡើង​រវាង​លោកស្រី ជា រដ្ឋា រដ្ឋលេខា​ធិការ​ក្រសួង​ពាណិជ្ជកម្ម ​ជាមួយ​លោក Darren Ong ដែល​ជា​អ្នកចាត់ការ​ជាន់​ខ្ពស់​ផ្នែក​គោលនយោបាយ​សាធារណៈ ដែល​តំណាង​ឲ្យ​ក្រុមហ៊ុន Amazon ដោយ​មាន​ការ​ចូលរួម​ពី លោក​ស្រី​ ចាន់ សុខរស់ (Chann Sokros) តំណាង​ស្ថានទូត​អាមេរិក។


ក្រសួង​ពាណិជ្ជកម្ម​បញ្ជាក់​ថា៖ «កិច្ច​ប្រជុំ​នេះ ​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ពិភាក្សា​អំពី​លទ្ធភាព​ក្នុង​ការ​ចូល​រួម​សហការ​រវាង​កម្ពុជា ​និង​ក្រុមហ៊ុន ​Amazon​ ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ចូលរួម​ផុស​ផុល​ពី​អ្នក​លក់​កម្ពុជា​លើ​ថ្នាល​ពាណិជ្ជកម្ម​តាម​អនឡាញ​ Amazon​ និង ជំរុញ​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​ឌីជីថល និង​លើក​កម្ពស់​សេដ្ឋកិច្ច​ឌីជីថល​រវាង​ប្រទេស​កម្ពុជា ​និង Amazon.com»។

Amazon គឺជាទីផ្សារ​លក់​ផលិតផល​​លំដាប់​ទី១​នៅ​លើ​ពិភពលោក​ដែល​មាន​អ្នក​ចូល​ទស្សនា​ស្វែង​រក​ទិញ​ផលិតផល​ជិត ៤.៨ ពាន់​លាន​ដង​ក្នុង​មួយ​ឆ្នាំ។


យ៉ាងណា​ក៏ដោយ មិន​មាន​ព័ត៌មាន​លម្អិត​ថាតើ​ការ​ចរច​ពិភាក្សា​នេះ ទទួល​បាន​លទ្ធផល​យ៉ាង​ណា​នោះ​ទេ ដោយ​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម មិន​ទាន់​បាន​ឆ្លើយ​តប​សំណួរ​របស់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​នេះ។​

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​នៅ​រាជ្យ​បណ្ឌិត្យ​សភា​កម្ពុជា បាន​យល់​ថា ការផ្សព្វ​ផ្សាយ​លក់​ផលិតផល​ជា​រឿង​សំខាន់​ណាស់​បន្ទាប់​ពី​ក្រុមហ៊ុន​មួយ​មាន​ផលិតផល​ល្អ​ហើយ។ ដូច្នេះ ដំណាក់​ដំបូង គួរ​មាន​ការ​ពិនិត្យ​ផលិតផល​ណា​មួយ​ដែល​មាន​គុណភាព​នៅ​លើ​ទីផ្សារ​ក្នុង​ស្រុក និង​អ្នក​ភ្ញៀវទេសចរ​បរទេស​ដែល​មក​ទស្សនា​ស្រុក​ខ្មែរ។ ​បន្ទាប់​មក ទើប​យក​ផលិតផល​នោះ​ដាក់​លក់​នៅ​លើ​ទីផ្សារ​អនឡាញ​ល្បីៗ។

លោក​បន្ត​ថា បន្ទាប់​ពី​បានទៅ​ដល់​ទីផ្សារ​អនឡាញ​អន្តរជាតិ​ហើយ ត្រូវ​អង្កេត​មើល​បន្ត​ទៀត​ថា​តើ​ផលិតផល​នោះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ដូចម្ដេច​ខ្លះ​ពី​អ្នក​ប្រើប្រាស់​អន្តរជាតិ។

លោក​ថា៖ «ដូច្នេះ ជា​ទស្សនៈ​របស់​ខ្ញុំ បើ​យើង​មិន​បាន​ផ្សពផ្សាយ​លក់​ក្នុង​ស្រុក​ឲ្យ​បាន​ទូលំទូលាយ ហើយ​ទៅផ្សព្វផ្សាយ​នៅ​លើ​ទីផ្សារ​អនឡាញ​អន្តរជាតិ វា​ក៏ជា​ការ​ខាត​ដែរ ព្រោះ​វា​អាច​មាន​ការ​ចំណាយ​ខ្ពស់។ បើ​យើង​យក​ផលិតផល​របស់​យើង​ដែល​គេ​មិន​ស្គាល់​សោះ​ទៅផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​ល្បីៗ គឺយើង​ចំណាយ​សម្រាប់​ពាណិជ្ជកម្ម​ខ្ពស់ យើង​អត់​អាច​ទទួល​បាន​ផល​ត្រូឡប់​មក​វិញ​ច្រើន​ទេ»។

លោក​ថា ទីផ្សារ​របស់​ក្រុមហ៊ុន​ Amazon គឺជា​ទីផ្សារ​ធំ ជាពិសេស​នៅ​សហរដ្ឋ​អាមេរិក។ ស្របពេល​ដែល​ទំនាក់​ទំនង​ពាណិជ្ជកម្ម​របស់​កម្ពុជា​និង​អាមេរិក​ល្អ ការ​លក់​ផ្សព្វផ្សាយ​លក់​ផលិត​នៅ​គេហទំព័រ​នេះ​នឹង​រីក​សាយ​ទៅ​ប្រទេស​ផ្សេងៗ​នៅ​លើ​ពិភពលោក។

បច្ចុប្បន្ន​នេះ ផលិតផល​របស់​កម្ពុជា​មួយ​ចំនួន​ត្រូវ​បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ពាណិជ្ជកម្ម​អនឡាញ Alibaba ដូចជា ម្រេច អាហារ​សម្រន់ គ្រាប់​ស្វាយ​ចន្ទី ដំណាប់​ស្វាយ ដំណាប់​មៀន ជាដើម៕