អ្នក​ធ្វើការ​ក្នុង​វិស័យ​ទេសចរណ៍​​រំពឹង​ថា ក្រសួង​ទេសចរណ៍​នឹង​ជំរុញ​ឲ្យ​ប្រតិបត្តិករ​ទេសចរណ៍​ថៃ លើក​ទឹកចិត្ត​ឲ្យ​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​នៅ​ថៃ ពង្រីក​កញ្ចប់​ទស្សនា​របស់​ពួកគេ​មក​កម្ពុជា ​ខណៈ​ដែល​ក្រសួង​ទេសចរណ៍​នៃ​ប្រទេស​ទាំង​ពីរ​កំពុង​ពិភាក្សា​គ្នា​អំពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍។

លោក​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ សុខ សូកេន បាន​ជួប​ជាមួយ​សមភាគី​ថៃ Sermsak Pongpanich នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​នៅ​ថ្ងៃ​នេះ​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​ទ្វេភាគី​កម្ពុជា-ថៃ ​លើក​ទី៣​ដែល​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី១៧-១៨ ខែកក្កដា។


បើតាម​ក្រសួង​ទេសចរណ៍ ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​នេះ​ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ផ្អែក​លើ​ស្មារតីនៃ​ការ​អនុវត្ត​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​ទេសចរណ៍​ទ្វេភាគី​រវាង​កម្ពុជា និង ថៃ ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​១០​ឆ្នាំមុន។ នេះ​បើ​តាម​ក្រសួង​ទេសចរណ៍។

នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ ភាគី​ទាំង​ពីរ​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​ និង​ចែក​រំលែក​ទស្សនៈ​នានា​ស្តីពី​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំង​ពីរ និង​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​សកម្មភាព​រួម​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​ទេសចរណ៍ ​២០២៣-២០២៥ ​ព្រមទាំង​ដាក់​ចេញ​នូវ​សេចក្តី​ថ្លែងការណ៍​រួម​ក្នុង​គោល​បំណង​បន្តពង្រឹង​ការ​អនុវត្ត​កិច្ចសហ​ប្រតិបត្តិការ​ទេសចរណ៍​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ។


ជំនួប​រវាង​ក្រុម​ប្រឹក្សា​ភិបាល​សិក្សា​ទីផ្សារ ​និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា ​(CTB) និង​អាជ្ញាធរ​ទេសចរណ៍​ថៃ (TAT) ក៏​ត្រូវ​បាន​ធ្វើឡើង​ផងដែរ ដើម្បី​ជំរុញ​កិច្ច​សហការ និង​ការ​ចូលរួម​របស់​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង​ពីរ​ដើម្បី​ជំរុញ​លំហូរ​ភ្ញៀវ​ទេសចរ​រវាង​ប្រទេស​ទាំង​ពីរ​ ក៏ដូចជា​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ប្រទេស​ទីបី​មក​កាន់​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់​តែច្រើន​ឡើង​ថែម​ទៀត។

លោក ជុក ជំនោរ អ្នក​នាំ​ពាក្យ​ក្រសួង​ទេសចរណ៍​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​អំពី​លទ្ធផល​នៃ​ជំនួប​ទ្វេរភាគី​នេះ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ។​
 
លោក ខៀវ ធី ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ​នៅ​ខេត្ត​សៀមរាប​មាន​សុទ្ធិដ្ឋិនិយម​អំពី​ជំនួប​ជាន់​ខ្ពស់​នេះ ដោយ​រំពឹង​ថា លោក​រដ្ឋមន្ត្រី​ទេសចរណ៍​នឹង​ស្នើ​ទៅដល់​ភាគី​ថៃ​ឲ្យ​លើក​ទឹកចិត្ត​ដល់​ប្រតិបត្តិករ​ទេសចរណ៍​ថៃ រក​វិធី​ជួយ​ឲ្យ​ភ្ញៀវបរទេស​បន្ត​ដំណើរ​មក​ទស្សនា​កម្ពុជា​បន្ទាប់​ពី​ថៃ។

លោក​និយាយ​ថា៖ «ខ្ញុំ​សូមគាំទ្រ​ការ​ធ្វើ​ទំនាក់​ទំនង​នេះ។ គាត់​អញ្ជើញ​ទៅ​នេះ ខ្ញុំ​ចង់​ឲ្យ​គាត់​លើក​ទឹកចិត្ត​ឲ្យ​ប្រតិបត្តិករ​ទេសចរណ៍​នៅ​ថៃ​ភ្ជាប់​កញ្ចប់​ទស្សនា​មក​អង្គរវត្ត​ផងដែរ ពីព្រោះ​នៅ​ប្រទេស​ថៃ ជើងហោះហើរ​របស់​គេ​ច្រើន​ណាស់ ហើយ​ភ្ញៀវទេសចរ​វាល់​លាន​នាក់​ឯណោះ​ក្នុង​មួយ​ឆ្នាំ។ ដូច្នេះ យើង​ស្នើ​ឲ្យ​ថៃ​ជួយ​ផ្សព្វផ្សាយ​ថា បើ​ភ្ញៀវ​មក​ទស្សនា​ប្រទេស​ថៃ ឬ​ទីក្រុ​ងបាងកក សូម​ឲ្យ​គេ​បន្ត​មក​កម្ពុជា​ផង ដូចជា​ទិញ​កញ្ចប់ទស្សនា ឬ​បន្ត​មក​ទស្សនា​កម្ពុជា​ពី​៣​ថ្ងៃ​ទៅ​មួយ​សប្ដាហ៍»។

បើ​តាម​លោក ខៀវ ធី ការ​ពង្រីក​កញ្ចប់​ទស្សនា​សម្រាប់​ភ្ញៀវ​បរទេស​ឲ្យ​មក​ទស្សនា​ប្រទេស​កម្ពុជា ត្រូវ​បាន​អនុវត្ត​ហើយ​សម្រាប់​ប្រតិបត្តិករ​វៀតណាម​ខ្លះ។​

បច្ចុប្បន្ន​នេះ ភ្ញៀវទេសចរ​ពី​ប្រទេស​ថៃ​មិន​ទាន់​មាន​ច្រើន​ទេ ប៉ុន្តែ​អាច​មាន​នៅ​តាម​ព្រំដែន ដែល​មក​ធ្វើ​ជំនួញ ឬ​កម្សាន្ត​រយៈ​ពេល​ខ្លី។ លោកថា ​ប្រហែល​ជា​ពលរដ្ឋ​ខ្មែរ​អាច​ទៅ​ប្រទេស​ថៃ​ក្នុង​ចំនួន​ច្រើន​ជាង​ពលរដ្ឋ​ថៃ​មក​ទស្សនា​កម្ពុជា ជាពិសេស​ដើម្បី​ទៅ​ទិញ​អីវ៉ាន់​ ឬ​ទៅ​ទទួល​សេវា​ព្យាបាល​ ដោយ​មិន​រាប់​បញ្ចូល​ពលករ​ទៅ​ធ្វើការ។ នេះ​តាម​លោក ខៀវ ធី ដដែល។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា ថ្លែង​ថា កិច្ចសហ​ប្រតិបត្តិការ​រវាង​ប្រទេស​ជិត​ខាង​មាន​សារៈ​សំខាន់​នៅ​គ្រប់​កាលៈទេសៈ​ទាំង​អស់ ជាពិសេស​នៅ​ពេល​ដែល​ពិភពលោក​កំពុង​ជួប​បញ្ហា​សេដ្ឋកិច្ច គឺ​ភ្ញៀវ​បរទស​មក​ពី​ប្រទេស​ជិត​ខាង​នេះ​ហើយ​ដែល​យក​មក​បាន​លឿន​ជាង​គេ។

លោក​ថា៖ «សម្រាប់​ខ្ញុំ កិច្ចប្រជុំ​របស់​ក្រសួង​ទេសចរណ៍​ខ្មែរ​យើង​ជាមួយ​ភាគី​ថៃ គឺ​ជារឿង​ល្អ​ណាស់ ហើយ​នេះ​ជា​អ្វី​ដែល​យើង​ចង់​បាន។ កន្លង​មក​ខាង​វិស័យ​ឯកជន​របស់​ខ្ញុំ​ក៏​បាន​ធ្វើ​ច្រើន​ហើយ តាំង​ពី​មុន​កូវីដ​ក៏យើង​បាន​ផ្លាស់​ប្ដូរ​[ទស្សនៈ] គ្នា​ដែរ»។

លោក​ថា ប្រទេស​នីមួយៗ​ត្រូវ​បង្កើត​ផលិតផល​ទេសចរណ៍​របស់​ខ្លួន​ និង​របៀបចំ​វា​យ៉ាង​ណា​ឲ្យ​មាន​ភាព​ទាក់​ទាញ​ទៅ​តាម​ទីផ្សារ​នីមួយៗ៕