ធនាគារជាតិ​នៃ​កម្ពុជា​នឹង​ដាក់​ដំណើរ​ការ​ប្រព័ន្ធ​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ បាគង(Bakong) សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដើម្បី​សម្រួល​​ដល់​ការ​ចាយវាយ​នៅ​ក្នុង​ស្រុក នៅ​ពេលពួក​គេ​មក​ទស្សនា​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី ជា សិរី អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជានៅ​ថ្ងៃ​សុក្រ​នេះ។

លោកស្រី​បញ្ជាក់​ថា កម្មវី​ធីបាគង​​នេះ​នឹង​ត្រូវ​ដាក់​បង្ហាញ​នៅ​តាម​ព្រលានយន្តហោះ​និង​ច្រក​ចូល​នានា​ដើម្បី​ឲ្យ​ភ្ញៀវ​អន្តរជាតិ​អាច​ដោនឡូត​នៅ​ពេល​ចូល​មក​ដល់​កម្ពុជា​ភ្លាម​តែ​ម្ដង។


លោកស្រី ជា សិរី បាន​ថ្លែង​ដូច្នេះ​ថា៖ «បន្តិច​ទៀត​យើង​មាន​ដាក់​ប្រព័ន្ធ​បាគង សម្រាប់​ភ្ញៀវទេសចរ​ បាន​ន័យ​ថា​ពេល​ភ្ញៀវ​ទេសចរ​គាត់​ចុះ​មក​ គាត់​អាច​ដោនឡូត​ប្រព័ន្ធ​បាគង​យើង បើ​គាត់​អត់​មាន​ប្រព័ន្ធធនាគារ​ក្នុង​ស្រុកដើម្បី​ដក​លុយបំពេញប្រព័ន្ធ​​បាគង​ទេ​ គាត់​អាច​ប្រើ​កាត​ក្រេឌីតដែល​គាត់​មាន​ពីប្រទេស​របស់​គាត់ ដូចជា​ Visa Card, Master Card, ឬ UnionPay ជាដើម»។

លោកស្រីបន្ត​ថា៖ «ការ​ដាក់​ចេញ​នេះ​នឹង​ជួយ​សម្រួល​ដល់​ភ្ញៀវទេសចរ​ក្នុង​ការ​ប្រើប្រាស់ និង​អាច​ឲ្យ​គាត់​ទទួល​បាន​បទពិសោធ​ឌីជីថល និង​ប្រព័ន្ធ​ចាយវាយ​ដោយ​មិន​បាច់​ប្រើ​សាច់​ប្រាក់ ​ដោយសារ​តែ​គេ​តែង​មើល​មក​ប្រទេស​យើង​ថា​ជា​ប្រទេស​ក្រ ប្រទេស​តូច ​ប្រហែល​ជា​អត់​មាន​អី​ទេ។ ប៉ុន្តែ ពេល​គាត់​ចុះ​មក យើង​ចង់​ឲ្យ​គាត់​មាន​បាគង​ប្រើ ហើយ​ចាយវាយ​ស្រួល​ដូច​ប្រជាជន​យើង​ក្នុង​ស្រុក»។


ការ​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​បាគង​សម្រាប់​ភ្ញៀវទេសចរ​នេះ​ក៏​ជា​ការ​ឆ្លើយ​តប​ទៅនឹង​បញ្ហា​មួយ​ចំនួន ដែល​ភ្ញៀវ​ទេសចរ​មួយចំនួន​បាន​ជួប​ប្រទះ​ក្នុង​ការ​ចាយ​ក្រដាស់​ប្រាក់​ធំ ជាពិសេស​នៅ​ខេត្ត​សៀមរាបដែលជាកន្លែង​ទាក់​ទាញ​ភ្ញៀវទេសចរ​ដ៏​សំខាន់​របស់​កម្ពុជា។

គម្រោង​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​បាគង​សម្រាប់​ភ្ញៀវ​ទេសចរ​នេះ ក៏​ធ្វើឡើង​បន្ទាប់​ពី​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត ទទួល​បាន​ការ​ស្នើសុំ​ពី​អាជីវករ​នៅ​ខេត្ត​សៀមរាប ដែល​ត្អូញ​ត្អែរ​អំពី​ការ​ពិបាក​ចាយ​ប្រាក់​ដែល​រហែក​បន្តិច​បន្តួច ឬ​ប្រឡាក់។ លោក​បាន​ប្រាប់​ឲ្យ​លោកស្រី ជា សិរី​ រិះរក​វិធី​យ៉ាងណា​ដោះស្រាយ​បញ្ហា​នេះ។

លោកស្រី ជា សិរី៖ «លោកបានទូរស័ព្ទដើម្បី​ឲ្យ​ខ្ញុំ​ចាត់​ចែង។ ខ្ញុំ​សូម​ទទួល​អនុសាសន៍​នេះ​ ហើយនឹង​ធ្វើ​ការ​បន្ត​ទៀតជាមួយ​នឹង​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ ដោយសារ​តែ​ការ​វិនិច្ឆ័យ​ក្រដាស់​ប្រាក់​ដែល​ចាស់ រហែក វា​អាស្រ័យ​ទៅ​លើការ​វិនិច្ឆ័យ​របស់​​បេឡាកររបស់​​ធនាគារ​នីមួយៗ»។

លោក ឈត ប៊ុនថង មន្ដ្រី​ស្រាវ​ជ្រាវ​ផ្នែក​ទំនាក់​ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា យល់​ថា ការ​ដាក់​ដំណើរ​ការ​បាគង​សម្រាប់​ទេសចរអន្តរជាតិអាច​កាត់​បន្ថយ​បាន​ការ​លំបាក​ខ្លះ​របស់​ភ្ញៀវ​ទេសចរណ៍។

លោកថា នេះ​ជា​ដំណោះស្រាយ​មួយ​ជំហាន ក្នុង​ចំណោម​បញ្ហា​មួយ​ចំនួន​ទៀត​ក្នុង​វិស័យ​ទេសចរណ៍។

លោក​ថ្លែង​ថា៖ «សម្រាប់​ខ្ញុំ វិធី​នេះ​ជា​រឿង​ល្អ​ដែល​ជួយ​សម្រួល​ដល់​ពួកគាត់​ព្រោះ​ឥឡូវ​នេះ​ពិភពលោក​គឺជាសម័យ​ឌីជីថល សម័យ AI និង​សម័យ​បច្ចេកវិទ្យា​ព័ត៌មាន ដែល​យើង​ត្រូវ​ដើរ​ឲ្យ​ទាន់។ ដូច្នេះ ទេសចរ​ដែល​មក​ពី​អរិយ​ប្រទេស​គាត់​ងាយ​ស្រួល​ ធ្វើ​យ៉ាងណា​ឲ្យ​ប្រាក់សុទ្ធ​​ជា​ក្រដាស់​​ក៏អាច​ចាយ​បាន ប្រាក់ជា​តួលេខ​ក្នុង​ម៉ាស៊ីន​ក៏ចាយ​បាន»៕