កំណើនឥណទាននៅកម្ពុជាបានថមថយជាបន្តបន្ទាប់ដល់កម្រិតទាបក្នុងអត្រា ២,៦ ភាគរយដែលជាកម្រិតទាបមិនធ្លាប់មានក្នុងរយៈពេល២០ឆ្នាំចុងក្រោយ។ ប៉ុន្តែ កំណើនសេដ្ឋកិច្ចកម្ពុជាជាទូទៅក្នុងរយៈពេល ៦ខែឆ្នាំនេះមានកំណើនខ្ពស់ក្នុងអត្រា ៦,៣ ភាគរយ។ នេះបើតាមលោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។
ថ្លែងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ រៀបចំឡើងនៅថ្ងៃនេះ លោកស្រី ជា សិរី ថ្លែងថា ការធ្លាក់ចុះនៃចំនួនឥណទានបណ្ដាលមកពីការប្រុងប្រយ័ត្នរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ស្របពេលមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោកបណ្ដាលមកពីសង្គ្រាមនៅតំបន់អឺរ៉ុបនិងមជ្ឈិមបូព៌ា និងបញ្ហាភូមិសាស្ត្រនយោបាយ។
លោកស្រីថ្លែងថា៖ «ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងក្នុងតំបន់ បានជំរុញឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបង្កើនការប្រុងប្រយ័ត្នជាងមុនក្នុងការផ្ដល់ឥណទាន ហើយស្របពេលនៃការងើបឡើងយឺតនៃវិស័យមួយចំនួនផងនោះ កំណើនឥណទានបានថមថយជាបន្តបន្ទាប់ដល់កម្រិតទាបក្នុងអត្រា ២,៦ ភាគរយ ដែលជាកម្រិតទាបក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយ»។
លោស្រីបន្តថា ស្របពេលជាមួយគ្នានេះ អនុបាតឥណនាមិនដំណើរការ (ការសងមិនបានតាមកាលកំណត់) មានការកើនឡើងជាបន្តបន្ទាប់ដល់ ៦,៨ ភាគរយក្នុងវិស័យធនាគារ និង ៨,៣ ភាគរយក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ កម្រិតខ្ពស់នេះមួយផ្នែកក៏ដោយសារតែការធ្លាក់ចុះនៃចំនួនឥណទានផងដែរ។
យ៉ាងណាក៏ដោយ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើង ៦,៣ ភាគរយនៅឆមាសទី១នៃឆ្នាំនេះ និងត្រូវបានព្យាករណ៍ថានឹងមានកំណើន ៦ ភាគរយសម្រាប់ឆ្នាំ២០២៤ ដែលកើនលើសឆ្នាំមុន ១ ភាគរយ។
បើតាមលោកស្រី ជា សិរី កំណើននេះត្រូវបានគាំទ្រដោយវិស័យសំខាន់ដូចជាវិស័យកាត់ដេរ ដែលមាន ១៧,២ ភាគរយ, វិស័យទេសចរណ៍ មាន ២១,២ ភាគរយ និងវិស័យកសិកម្មកើនឡើង ៤៧,៨ភាគរយ។ សម្រាប់វិស័យសំណង់ និងអចលនទ្រព្យដែលជាសរសេរស្ដម្ភគាំទ្រដល់វិស័យសេដ្ឋកិច្ចកម្ពុជាក៏រងការប៉ះពាល់ដោយកត្តាខាងក្រៅដែរ ហើយត្រូវបានរំពឹងថានឹងកើនត្រឹមតែ ១,៤ ភាគរយ និង ០,៨ ភាគរយរៀងគ្នា។
ចំណុចវិជ្ជមានដែលកម្ពុជាសម្រេចបាន គឺការរក្សាអត្រាអតិផរណាទាបក្នុងកម្រិតត្រឹមតែ ០,៤ភាគរយនៅក្នុងរយៈពេល ៦ខែឆ្នាំនេះ។ អត្រាអតិផរណាទាបនេះក៏ដោយសារតែការធ្លាក់ថ្លៃនៃក្រុមទំនិញមួយចំនួន ប្រេងឥន្ធនៈ និងសេវាពាក់ព័ន្ធ។ លើសពីនេះទៀត អត្រាប្ដូរប្រាក់ក៏មានស្ថិរភាពល្អដែរ គឺមានត្រា ៤០៧៥ រៀលក្នុងមួយដុល្លារ កើនឡើងតែ ០,៤ ភាគរយលើសឆ្នាំមុន។
លោកស្រីថ្លែងថា៖ «ការរក្សាបានអត្រាប្ដូរប្រាក់ឲ្យនៅក្រោម ១ ភាគរយ គឺជាជោគជ័យមួយរបស់កម្ពុជាបើប្រៀបធៀតទៅនឹងរូបិយប័ណ្ណមួយចំនួននៅក្នុងតំបន់... ការរក្សាបានស្ថិរភាពនេះដោយសារតែការអនុវត្តនយោបាយរូបិយវត្ថុដ៏ប្រុងប្រយ័ត្ន»។
លើសពីនេះទៀត កម្ពុជាក៏បានពង្រឹងទំនុកចិត្តដល់វិនិយោគិន និងសាធារណជនទៅលើស្ថិរភាពសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈការសម្រេចបានទុនបម្រុងអន្តរជាតិខ្ពស់រហូតដល់ទៅប្រមាណ ២០ពាន់លានដុល្លារ។ នេះបើតាមលោកស្រី ជា សិរី។
ពាក់ព័ន្ធនឹងការថមថយនៃការផ្ដល់ឥណទាន លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា វាបង្ហាញពីស្ថានភាពជាក់ស្ដែង ព្រោះថាអ្នកទទួលឥណទានជួបការលំបាក ហើយអ្នកផ្ដល់ឥណទានដូចជាគ្រឹះស្ថានធនាគារ ឬ មីក្រូហិរញ្ញវត្ថុ ត្រូវតែប្រុងប្រយ័ត្ននិងពិចារណាលើគុណវុឌ្ឍរបស់អ្នកទទួល។ លោកថា បើតាមលោកដឹង កម្ចីដែលអត់មានគុណភាពដូចជាការសងយឺតយ៉ាវមានចំនួនច្រើន ដែលធ្វើឲ្យប៉ះពាល់ដល់គ្រឹះស្ថានហិរញ្ញវត្ថុ។
លោកថា៖ «វាជាការពិត វាជាកត្តាសត្យានុម័តដែលវាត្រូវតែថុយចុះ ដោយសារយើងដឹងហើយថា មានបញ្ហាជាច្រើនរាប់ចាប់ពីកូវីដ បន្តដោយសង្គ្រាមនៅអ៊ុយក្រែននិងនៅតំបន់មជ្ឈិមបូព៌ា ដែលធ្វើឲ្យសេដ្ឋកិច្ច ជាពិសេសអាជីវករ ឬបុគ្គល រងការប៉ះពាល់ ហើយវាធ្វើឲ្យចំណូលរបស់គាត់មានបញ្ហាជាច្រើន បូករួមទាំងបញ្ហាលើឥណទានចាស់។
លោកបន្តថា៖ «ដូច្នេះ ការផ្ដល់ឥណទានត្រូវពិនិត្យលក្ខខណ្ឌជាក់លាក់ និងប្រព័ន្ធចំណូលជាដើម ដែលនេះធ្វើឲ្យគ្រឹះស្ថានហិរញ្ញវត្ថុទាំងធនាគារ និងមីក្រូហិរញ្ញវត្ថុពិបាកបញ្ចេញថវិកាឲ្យខ្ចីណាស់។ ទីពីរ គឺអ្នកដែលជាប់បំណុលចាស់ស្រាប់គាត់មិនហ៊ានទៅខ្ចីទៀតព្រោះទូទាត់អាចាស់មិនទាន់ចប់ផង។ អ្នកដែលមិនជាប់បំណុលចាស់ក៏មិនហ៊ានទៅខ្ចីព្រោះគាត់អត់មានលទ្ធភាព»។
លោក ហុង វណ្ណៈ ពន្យល់ថា ការធ្លាក់ចុះនៃឥណទាននេះក៏ឆ្លុះបញ្ចាំងអំពីស្ថានភាពសេដ្ឋកិច្ចជាក់ស្ដែងរបស់ប្រជាពរលដ្ឋដែរ គឺពួកគាត់អាចរកចំណូលបានត្រឹមតែទប់ទល់នឹងជីវភាព និងសងបំណុលចាស់សម្រាប់អ្នកដែលកំពុងជាប់បំណុល។
លោកនិយាយថា កំណើននៃឥណទានអាចកើនឡើងវិញនៅពេលវិស័យផ្សេងៗទៀតមានកំណើនពីព្រោះវិស័យធនាគារត្រូវការកម្លាំងជំរុញពីវិស័យផ្សេងៗ និងកំណើនចំណូលបុគ្គល៕