កំពតៈ ការ​ផលិត​អំបិល​ក្នុង​ខេត្ត​កំពត មាន​រហូត​ដល់​ជាង​ ៩​ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០២៤​នេះ ដែល​កើនឡើង​ជាង​១​ម៉ឺន​តោន បើ​ធៀប​ទៅ​នឹង​ការ​ផលិត​ កាល​ពី​ឆ្នាំ ២០២៣ ដោយសារ​តែ​កត្តា​អាកាសធាតុ​អំណោយ​ផល​ល្អ។ 

កំពត​គឺជា​ខេត្ត​ឃ្លាំង​អំបិល​មួយ ​ដែល​មាន​ផ្ទៃដី​ផលិត​អំបិល​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ស្រុក​ជាង ៣ ៤៨៩ហិកតា។ នៅ​ក្នុង​ការ​ផលិត​អំបិល​នេះ មាន​កម្លាំង​ចំនួន១ ៤៧៤នាក់ ស្មើ​នឹង ១៧១​ក្រុម ដែល​ចែក​ចេញ​ជា ៦​មណ្ឌល។ នេះ​បើ​យោង​តាម​អភិបាល​ខេត្ត​កំពត លោកម៉ៅ ធនិន ដែល​បាន​ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​នឹង​ក្រសួង​មហាផ្ទៃ​កាល​ពី​ពេល​ថ្មីៗ​នេះ។


ក្នុង​ឆ្នាំ ២០២៤​នេះ ការ​ផលិត​អំបិល​បាន​រហូត​ទៅ​ដល់ ៩៣ ៩០៦តោន ដែល​អាច​ធានា​បាន​នូវ​ការ​ផ្គត់​ផ្គង់​នៅ​ក្នុង​ប្រទេស។ ទោះយ៉ាងណា ការ​ផលិត​នេះ​វា​ពឹង​ផ្អែក​ទៅ​លើ​កត្តា​ធម្មជាតិ​ផងដែរ។

លោក​បញ្ជាក់​ថា៖ «ដោយសារ​តែ​ស្រែ​អំបិល​គឺ​ពឹង​កម្តៅ​មេឃ កំដៅ​ពន្លឺ​ព្រះអាទិត្យ បើ​សិន​ជា​អាកាសធាតុ​អំណោយ​ផល មិនមាន​ព្យុះ​ភ្លៀង នៅ​ពេល​ដែល​យើង​ផលិត​ ទិន្នផល​អំបិល​របស់​យើង​ល្អ​ណាស់។ ដោយសារ​តែ​បច្ចេកទេស​របស់​បងប្អូន​ទាំង ៦​មណ្ឌល​របស់​យើង​នេះ មាន​បទ​ពិសោធ​ខ្ពស់​នៅ​ក្នុង​ការ​ផលិត​អំបិល»។


លោក​បាន​បន្ត​ថា នា​ពេល​បច្ចុប្បន្ន​នេះ ស្រែ​អំបិល​ទាំង​នោះ​មាន​ការ​គាំទ្រ ហើយ​មាន​ការ​អភិរក្ស ពីព្រោះ​ស្រែ​​អំបិល​នេះ​ល្អ​ណាស់​សម្រាប់​ជា​អត្តសញាណ​របស់​ជាតិ និង​អត្តសញាណ​របស់​ខេត្ត។

លោក​អភិបាល​ថ្លែង​ដូច្នេះ​ថា៖ «ជាពិសេស​ទៅ​ទៀត ជា​គំនិត​ខ្ញុំ ប្រសិន​បើ​ស្រែ​អំបិល​នេះ អាកាសធាតុ​អំណោយផល យើង​នឹង​ជំរុញ​បងប្អូន​ឱ្យ​បង្កើន​ការ​ផលិត ធ្វើ​ម៉េច​ឱ្យ​យើង​ទទួល​បាន​នូវ​ផលិតផល​ទាំងអស់​នេះ​សម្រាប់​ប្រើ​ប្រាស់​ជា​ផល​ប្រយោជន៍​នៅ​ក្នុង​ប្រទេស​ដោយ​យើង​មិន​បាច់​នាំចូល។ យើង​ចំណេញ​ច្រើន។​ នេះ​ជា​ជំហរ​របស់​រដ្ឋបាល​ខេត្ត ហើយ​ក៏​ដូចជា​យើង​ពង្រឹង​ឆន្ទៈ និង​មនសិកា​របស់​បងប្អូន​ដែរ»។

ទិន្នផល​អំបិល​ ដែល​ប្រមូល​បាន​នៅ​ខេត្ត​កំពត​ក្នុង​ឆ្នាំ​២០២៣​មាន​ចំនួន៧៨ ៤៨៤​តោន។ ការ ​ផលិត​​អំបិល គឺ​​ចាប់ពី​ចុង​ខែ​ធ្នូ ទៅដល់​ពាក់​កណ្តាលខែ​ឧសភា​នៃ​ឆ្នាំ​នីមួយៗ បើ​អាកាសធាតុ​អំណោយ​ផលល្អ ​ផ្ទៃដី១​ហិកតា​ ​អាច​ផលិត​អំបិល​បានជា​មធ្យម២០​ តោន​ក្នុង​១​ឆ្នាំ។

កម្ពុជា​ត្រូវការ​អំបិល​ចន្លោះ​ពី​ ៧-១០​ ម៉ឺន​តោន ​ដើម្បី​បំពេញ​តម្រូវ​ការ​ប្រើប្រាស់​ក្នុងស្រុក​។ ក្រៅ​ពី​ផល​អំបិល​ក្នុងស្រុក បណ្តា​ខេត្ត​នៅជាប់​ព្រំដែន​ថៃ និង​វៀតណាម ក៏​តែង​នាំចូល​អំបិល​មក​ដាក់​លក់​ផងដែរ​។​ នេះ​បើ​យោង​តាម​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍។

លោក សុខ ឡុង ដែល​ជា​ម្ចាស់​ស្រែ​អំបិល​ម្នាក់​បាន​ឱ្យ​ដឹង​ថា ឆ្នាំនេះ ការ​ផលិត​អំបិល​ពិត​ជា​មាន​ការ​កើន​ឡើង​មែន ដោយសារ​តែ​អាកាសធាតុ​អំណោយ​ផល​ល្អ។ 

លោកថា៖«ឆ្នាំនេះ យើង​ផលិត​អំបិល​បាន​ចាប់​ពី​ខែ១ ដល់​ខែ៤។ តែ​កាល​ពី​ឆ្នាំ​ទៅ​ពេល​ផលិត​បាន​តែ​១​ខែ​ទេ ដោយសារ​តែ​ភ្លៀង​កក់​ខែ​តាំង​ពី​ដើម​ឆ្នាំ។ អញ្ជឹង​ការ​ប្រមូល​ផល​អំបិល​ឆ្នាំនេះ​កើន​ឡើង ១​គុណ​នឹង ២ ​ឬ​គុណ​នឹង​៣»។

ទោះយ៉ាងណា លោកថា ការ​ផលិត​បាន​ច្រើន​មែន ប៉ុន្តែ​តម្លៃ​វិញ​មិន​បាន​ថ្លៃ​ដូច​កាល​ពី​ឆ្នាំ​ទៅ​នោះ​ទេ។ ឆ្នាំ​នេះ ​ អំបិល​លេខ​៣ (អំបិល​គ្រួស) ១​បាវ ទម្ងន់​ ៥០​គីឡូក្រាម តម្លៃ​ជាង ៦​ពាន់រៀល, អំបិល​លេខ២ មួយបាវ តម្លៃ៨ពាន់​រៀល និង​លេខ​១ មួយ​បាវ​តម្លៃ​ប្រហែល១ម៉ឺនរៀល៕