ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួន ៣ នៅកម្មពិធីប្រគល់ពានរង្វាន់ Euromoney 2024 ដែលជាសក្ខីភាពបង្ហាញពីលទ្ធផលសម្រេចបានដ៏ឥតខ្ចោះ និងការប្តេជ្ញាចិត្តឥតងាករេរបស់ ABA។
ឆ្នាំនេះ ABA មានកិត្តិយសដែលបានទទួលស្គាល់ជា “ធនាគារឆ្នើមបំផុតនៅកម្ពុជា ឆ្នាំ ២០២៤” និងទទួលបានពានរង្វាន់ធំៗរហូតទៅដល់ពីរបន្ថែមទៀតគឺ “ធនាគារឌីជីថលឆ្នើមបំផុតនៅកម្ពុជា ឆ្នាំ២០២៤” និង “ធនាគារឆ្នើមបំផុតលើកិច្ចការទំនួលខុសត្រូវសង្គមនៅកម្ពុជា ឆ្នាំ២០២៤”។ ABA ត្រូវបានប្រសិទ្ធនាមជា ធនាគារឆ្នើមបំផុតនៅកម្ពុជា ដប់មួយឆ្នាំជាប់ៗគ្នាពីទស្សនាវដ្តី Euromoney។
លទ្ធផលហិរញ្ញវត្ថុរឹងមាំ និងការពង្រីកបណ្តាញសេវា
ការប្តេជ្ញាចិត្តឥតងាករេ ដើម្បីសម្រេចបានកំណើនប្រកបដោយស្ថិរភាពរបស់ ABA បានស្ដែងឲ្យឃើញយ៉ាងប្រត្យក្សនៅលើគ្រប់ទិដ្ឋភាពធុរកិច្ចរបស់ខ្លួន។ ធនាគារ សម្រេចបានម៉ាទ្រីកលទ្ធផលហិរញ្ញវត្ថុគួរឲ្យកត់សំគាល់នៅឆ្នាំ ២០២៣ ដែលបន្តឈរយ៉ាងរឹងមាំក្នុងវិស័យធនាគារនៅកម្ពុជា។ ទ្រព្យសកម្មសរុបមានការកើនឡើង ២៧% រហូតដល់ ១១.៥ ប៊ីលានដុល្លារអាមេរិក នៅដំណាច់ឆ្នាំ ២០២៣។ ជាមួយគ្នានេះដែរ ប្រាក់បញ្ញើអតិថិជនបានកើនឡើង ២៦% រហូតដល់ ៩.២ ប៊ីលានដុល្លារអាមេរិក និងកម្ចីដុល សម្រេចបានចំនួន ៩.២ ប៊ីលានដុល្លារអាមេរិក ដែលមានការកើនឡើង ២១% បើប្រៀបធៀបនឹងដំណាច់ឆ្នាំមុននេះ។
លើសពីលទ្ធផលហិរញ្ញវត្ថុ ធនាគារ ABA ក៏បានបន្តពង្រីកបណ្តាញសាខារបស់ខ្លួនផងដែរ។ រាប់ចាប់ពីដំណាច់ឆ្នាំ ២០២៣ ABA បានបម្រើសេវាកម្មអតិថិជនតាមរយៈសាខាចំនួន ៩៥ និងទីតាំងស្វ័យសេវា ABA 24/7 ចំនួន ៤៥ កន្លែងដែលបង្ហាញពីកំណើនទីផ្សារយ៉ាងធំ។ គួរកត់សម្គាល់ថា ការផ្តោតសំខាន់របស់ ABA ទៅលើដំណោះស្រាយឌីជីថលថ្មីៗ បានរំលេចឲ្យឃើញអំពីការប្តេជ្ញាបន្តជំហាននាំមុខគេក្នុងវិស័យធនាគារឌីជីថល ដែលកំពុងមានសន្ទុះនៅកម្ពុជា។
ឈានមុខគេក្នុងវិស័យធនាគារឌីជីថល
កម្មវិធី ABA Mobile ដែលជាផលិតផលឯករបស់យើង បានបន្តឈានមុខគេកាន់តែឆ្ងាយបន្ថែមទៀត ក្នុងនាមជាអេបធនាគារដ៏មានប្រជាប្រិយភាព និងពេញនិយមបំផុតនៅកម្ពុជា។ នៅឆ្នាំ ២០២៣ អ្នកប្រើប្រាស់ ABA Mobile បានកើនឡើង ៣០% ធៀបនឹងឆ្នាំមុន ដោយសម្រេចបានរហូតដល់ ៣.១ លាននាក់ ដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងពង្រឹងនូវសេវាកម្មនិងមុខងារផ្សេងៗលើ ABA Mobile។
អំឡុងពេលពេញមួយឆ្នាំ ABA Mobile ទទួលបាននូវវឌ្ឍនភាពថ្មីសំខាន់ៗជាច្រើន។ ចំណុចដែលគួរឲ្យកត់សំគាល់នោះគឺ ការកែប្រែផ្ទៃអន្ដរកម្មក្នុងកំណែ 5.0 ដោយបន្ថែមបទពិសោធថ្មីដល់អ្នកប្រើប្រាស់។ ការកែប្រែថ្មីនេះ ផ្ដល់នូវការប្រើប្រាស់ឲ្យកាន់តែមានលក្ខណៈផ្ទាល់ខ្លួន និងងាយស្រួលជូនអតិថិជន ពង្រឹងមុខងារសុវត្ថិភាព ព្រមទាំងអាចដូរ និងរៀបចំផ្ទៃអេក្រង់ឲ្យស្រួលប្រើប្រាស់ ដូចជាកែទំហំអក្សរ និងម៉ូដរចនាជាដើម។ ការផ្ដល់អ៊ីនធឺណិតដោយឥតគិតថ្លៃក្នុង ABA Mobile សម្រាប់ប្រព័ន្ធទូរស័ព្ទមួយចំនួន ជួយសម្រួលឲ្យអតិថិជនប្រើប្រាស់សេវាធនាគារ ដោយមិនចាំបាច់មានទិន្នន័យអ៊ីនធឺណិតផ្ទាល់ខ្លួន ដែលជាចំណែកមួយជួយជំរុញដល់បរិយាបន្នហិរញ្ញវត្ថុ និងការប្រើប្រាស់របស់អតិថិជន។ ABA ក៏បានប្រកាសដាក់ដំណើរការសេវាទូទាត់ឆ្លងប្រទេសតាមរយៈ QR នៅក្នុងប្រទេសថៃ កាលពីឆ្នាំ២០២៣ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ABA ធ្វើប្រតិបត្តការដោយរលូន ដោយប្រើ ABA Mobile ស្គែនកូដ ThaiQR ផងដែរ។
លើសពីនេះទៀត ធនាគារបានពង្រីកបណ្តាញទូទាត់ KHQR សម្រាប់អាជីវករកាន់តែទូលំទូលាយ ដែលកើនឡើងរហូតដល់ ៤៣%។ កម្មវិធី ABA Merchant ក៏បន្តទទួលបានការកែប្រែ ដូចជា មុខងារវិភាគ ដែលអនុញ្ញាតឲ្យអាជីវកម្មតូចធំនានាប្រើប្រាស់ និងវិភាគទិន្នន័យដែលជួយឲ្យពួកគាត់គ្រប់គ្រងសកម្មភាពលក់ដូរ ប្រកបដោយភាពងាយស្រួល និងប្រសិទ្ធភាព។ ភាពទំនើបឈានមុខទាំងនេះ ឆ្លុះបញ្ចាំងឲ្យឃើញពីគោលជំហរយ៉ាងរឹងមាំរបស់ ABA ក្នុងនាមជាធនាគារផ្ដល់សេវាទូទាត់ឌីជីថលឈានមុខគេ និងភាពងាយស្រួលកាន់តែប្រសើរជាលំដាប់សម្រាប់អតិថិជន។
ការកសាងអនាគតប្រកបដោយនិរន្តរភាពតាមរយៈទំនួលខុសត្រូវសង្គម
គណៈវិនិច្ឆ័យរបស់ Euromoney បានទទួលស្គាល់នូវការប្តេជ្ញាចិត្តរបស់ធនាគារ ABA លើទំនួលខុសត្រូវសង្គម ដែលឆ្លុះបញ្ចាំងពីការផ្តល់វិភាគទានត្រលប់ទៅកាន់សហគមន៍ និង ការរួមចំណែកដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ទំនួលខុសត្រូវសង្គមសំខាន់ៗរបស់ធនាគារ ABA រួមមានការរួមចំណែកជួយវិស័យអប់រំ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ឲ្យមានភាពប្រសើរឡើង ព្រមទាំងពង្រឹងសមត្ថភាពយុវជន នៅទូទាំងប្រទេសកម្ពុជា។ ការរួមចំណែកទាំងអស់នេះ បង្ហាញពី ការប្តេជ្ញាចិត្តរបស់ ABA ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ។
ABA បានឧបត្ថម្ភទឹកប្រាក់ចំនួន ២0,000 ដុល្លារអាមេរិក ដល់វិទ្យាល័យនៅស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង សម្រាប់ជួសជុលអគារ និងរៀបចំឲ្យមានថ្នាក់រៀនកុំព្យូទ័រ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់សាលារៀនឲ្យកាន់តែប្រសើរ។ លើសពីនេះទៀត ABA ក៏បានឧបត្ថម្ភថវិកាចំនួន ៣00,000 ដុល្លារអាមេរិក ដល់សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (AMT) សម្រាប់ឆ្នាំ ២០២៣-២០២៥ ដើម្បីកម្មវិធីផ្តល់អាហារូបករណ៍ និងកម្មវិធីអប់រំរបស់សមាគមន៍។
ធនាគារ ABA ក៏បានពង្រីកថ្នាក់ចំណេះដឹងហិរញ្ញវត្ថុដំណាក់កាលទី៣ របស់ខ្លួន នៅតំបន់ដាច់ស្រយាលក្នុងខេត្តរតនគិរី ដើម្បីផ្តល់ចំណេះដឹងចាំបាច់មួយចំនួនដល់អ្នកចូលរួម។ ការបើកថ្នាក់ចំណេះដឹងហិរញ្ញវត្ថុនេះប្រព្រឹត្តទៅដោយជោគជ័យ ដោយមានអ្នកភូមិ អ្នកស្រុក ជាច្រើនចូលរួមប្រមាណ ៥០០នាក់។
ដោយទទួលស្គាល់សារៈសំខាន់នៃការពង្រឹងសមត្ថភាពយុវជន ABA បានសហការជាមួយមូលនិធិកុមារកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់កុមារដែលខ្វះខាតតាមរយៈការពង្រឹងចំណេះដឹង និងការអភិវឌ្ឍវិស័យអប់រំ ដោយមានផ្តល់ការហាត់ការ និងឱកាសការងារ អាហារូបករណ៍ ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងកម្មវិធីស្ម័គ្រចិត្តផ្សេងៗ។
ការទទួលស្គាល់ពី Euromoney គឺជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់ ABA ចំពោះឧត្តមភាពសម្រាប់អតិថិជន នវានុវត្តន៍ និងទំនួលខុសត្រូវសង្គមរបស់ខ្លួន។ ការប្តេជ្ញាចិត្តរបស់ធនាគារចំពោះសមិទ្ធផលដ៏លេចធ្លោទាំងនេះ បានត្រួសត្រាយផ្លូវសម្រាប់អនាគតដ៏ភ្លឺស្វាង ដល់អតិថិជនគ្រប់រូប និងអាជីវកម្មឲ្យកាន់តែរីកចម្រើន៕