ក្រុមប្រឹក្សា​ភិបាល​សិក្សា​ទីផ្សារ​និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា (ក.ផ.ផ.) ដែល​មាន​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ សុខ សូកេន ​ជា​ប្រធាន បាន​បង្ហាញ​ផែនការ​សម្មភាព​ដើម្បី​ស្ដារ​វិស័យ​ទេសចរណ៍​ឡើង​វិញ​ដោយ​បែង​ចែក​ជា​សកម្មភាព​ចំពោះ​មុខ​ សកម្មភាព​រយៈ​ពេល​ខ្លី ​ធម្យម ​និង​រយៈ​ពេល​វែង។

ការ​បង្ហាញ​ផែនការ​សកម្មភាព​នេះ​ធ្វើ​ឡើង​ក្នុង​សិក្ខា​សាលា​ស្ដីពី​ការ​ស្ដារ​ឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា (Cambodia Tourism Revival) ​កាល​ពី​ថ្ងៃ​ទី២៥​ខែកក្កដា។


លោក សុខ សូកេន បានថ្លែង​ថា សម្រាប់​សកម្មភាព​ចំពោះ​មុខ​ក្នុង​រយៈ​ពេល ៦ខែ​នេះ​ ភិបាល​សិក្សា​ទីផ្សារ​និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​នឹង​ផ្ដោត​ទៅ​លើ​ការជំរុញ​ការ​ផ្សព្វ​ផ្សាយ​និង​ការ​ទាក់​ទាញ​ទីផ្សារ ​ការ​ពង្រឹង​ការ​តភ្ជាប់​ទំនាក់​ទំនង​របស់​ផ្នែក​ឯកជន និង​ការ​ជំរុញ​ការ​ផ្គូផ្គង​ផ្នែក​ឯកជន​ ក្នុង​ការ​លក់​កញ្ចប់​ទស្សនកិច្ច​ ក្នុង​គោលដៅ​ទាញ​យក​ភ្ញៀវទេសចរ​ភ្លាមៗ។

លោក​បន្ត​ថា ការងារ​នេះ ក្រសួង​ទេសចរណ៍​បាន​រៀបចំ​ព្រឹត្តិការណ៍​និង​សកម្មភាព​ជំរុញ​ទេសចរណ៍​តាម​រយៈ​យុទ្ធនាការ​ទស្សនា​សៀមរាប​ឆ្នាំ​២០២៤​ និង​យុទ្ធនាការ​ឆ្នាំ​នៃ​ការផ្លាស់​ប្ដូរ​ប្រជាជន​និង​ប្រជាជន ​រវាង​កម្ពុជា​និង​ចិន ក៏​ដូចជា​ឆ្នាំ​ទេសចរណ៍​កម្ពុជា-ឥណ្ឌា ​លើក​ទី១។​


ក្នុង​រយៈ​ពេល​នេះ​ដែរ ក្រុមប្រឹក្សា​នេះ​នឹង​ជំរុញ​ការរៀបចំ​ដំណើរ​ទស្សនកិច្ច​សិក្សា​ស្វែង​យល់​ពី​ទេសចរណ៍ (FAM Trips) កម្មវិធី​បង្ហាញ​សក្ដានុពល​ទេសចរណ៍​ក្រៅ​ប្រទេស​ Roadshows​ និង​ពិព័រណ៌​ទេសចរណ៍ ​Travel Fairs​ ទាំង​នៅ​ក្នុង​និង​ក្រៅ​ប្រទេស​ ជាពិសេស​នៅ​ខេត្ដ​សៀមរាប ប្រទេស​ចិន​និង​ឥណ្ឌា​ ដែល​មាន​ការ​ចូល​រួម​ពី​ផ្នែក​ឯកជន។ សកម្មភាព​ទាំង​នេះ​រំពឹង​ថា​នឹង​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​ជាក់​ស្ដែង​ភ្លាមៗ។

លោក សុខ សូកេន ថ្លែង​ថា៖ «ក្នុង​ន័យ​នេះ ​ក.ផ.ផ. នឹង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ទេសចរណ៍​ដើម្បី​រួម​គ្នា​សម្រេច​ឱ្យ​បាន​នូវ​ ការផ្សព្វផ្សាយ​ព្រឹត្តិការណ៍​សំខាន់ៗ​ទាំង​នេះ​ទៅ​កាន់​ភ្ញៀវ​ទេសចរជាតិ​និង​អន្តរជាតិ​ឱ្យ​មក ​ទស្សនា​កម្ពុជា​កាន់​តែ​ច្រើន​ថែម​ទៀត»។

លោក​បន្ត​ថា៖ «សម្រាប់​សកម្មភាព​រយៈ​ពេល​ខ្លី ពី​ ៦-១២ខែ ក្រុមប្រឹក្សា​នេះ​នឹង​ផ្ដោត​លើការ​ពង្រីក​ការ​យល់​ដឹង​ពីកិត្តិនាម​របស់​កម្ពុជា​និង​យុទ្ធនាការ​កំណត់​ទីផ្សារ​ក្រៅ​ប្រទេស ផ្ដោត​សំខាន់​លើ​យុទ្ធនាការ​ទំនាក់​ទំនង​សាធារណៈ ​និង​ពង្រីក​យុទ្ធសាស្ត្រ​ទាក់​ទាញ​ទីផ្សារ​គោល​ដៅ​សំខាន់ៗ»។

សម្រាប់​សកម្មភាព​រយៈ​ពេល​មធ្យម​ និង​វែង ក្រុមប្រឹក្សា​ដដែល​នឹង​ផ្ដោត​ទៅ​លើ​ការពង្រីក​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ ​តាមរយៈ​វេទិកា​នានា ការអភិវឌ្ឍ​ផលិត​ផល​ទេសចរណ៍​ថ្មីៗ​ ទេសចរណ៍​លំហែ បែប​ធុរកិច្ច និង​សុខុមាលភាព​ និង​ការ​ជំរុញ​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ធំៗ។

បើតាម​លោក សុខ សូកេន កិច្ច​ប្រឹងប្រែង​ស្ដារ​វិស័យ​ទេសចរណ៍​ឡើង​វិញ​ក៏​ត្រូវ​បាន​លើក​យក​ទៅ​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ផងដែរ កាល​ពី​ថ្ងៃទី១០ ខែកក្កដា​កន្លង​ទៅ​ ជាពិសេស​ដំណោះ​ស្រាយគន្លឹះ​ក្នុង​ការ​ជំរុញ​ឱ្យ​វិស័យទេសចរណ៍​ងើប​ឡើង​វិញ​ សម្រាប់​រដូវកាល​ដែល​មាន​ភ្ញៀវ​ច្រើន ឬ​ High Season ​នៃ​ឆ្នាំ​២០២៤​ និង​សម្រាប់​ឆ្នាំ​២០២៥​ទាំង​មូល។

លោក ឈត ប៊ុនថង ​មន្ត្រី​ស្រាវជ្រាវ​ផ្នែក​ទំនាក់​ទំនង​ វប្បធម៌ ​អប់រំ​ និង​ទេសចរណ៍ នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា យល់ឃើញ​ថា ផែនការ​ដែល​បាន​ដាក់​ចេញ​នេះ​ល្អ​គ្រប់​គ្រាន់​ហើយ គ្រាន់​តែ​ត្រូវ​ឲ្យ​ភាគី​ពាក់​ព័ន្ធ​យល់​អំពី​ផែនការ​នេះ​ឲ្យ​បាន​ច្បាស់ ហើយ​អនុវត្ត​ឲ្យ​បាន។

លោក​ថ្លែង​ថា៖ «បើ​និយាយ​ពិរោះ​ហើយ មាន​ជា​ឯកសារ​ហើយ ប៉ុន្តែ​គ្មាន​សកម្មភាព​អនុវត្ត​ឲ្យ​បាន​ទាន់​ពេល​វេលា​ក៏​អត់​សូវ​មាន​ប្រយោជន៍​ដែរ។ ក្រៅ​ពី​ការ​អនុវត្ត​ផែនការ​នេះ ខ្ញុំ​នៅ​តែ​មើល​ឃើញ​ថា សេវា​បម្រើ​តាំង​ពី​នៅ​ព្រលាន​យន្តហោះ ឬ​នៅ​ព្រំដែន និង​តាម​ទីតាំង​រមណីយដ្ឋាន គួរ​តែ​មាន​ការ​សម្រួល​សម្រាប់​ទេសចរ​កុំ​ឲ្យ​គាត់​មក​ហើយ​រាងចាល​ នេះ​រាប់​ចាប់​តាំង​ពី​ការ​បំពេញ​បែបបទ​ឲ្យ​ងាយ​ស្រួល»។

លោក​បន្ត​ថា៖ «បើ​សិន​ជា​ភ្ញៀវ​ចូល​មក​ហើយ​ពួកគាត់​អត់​មាន​បញ្ហា​អ្វី​ទេ ការ​បំពេញ​បែប​បទ​នោះ​គួរ​តែ​ធ្វើ​ឲ្យ​បាន​រហ័ស មាន​ភាព​រស់​រាយ​រាក់ទាងក់ ភាព​ស្មោះ​ត្រង់។ ទាំង​នេះ​ជា​ចំណុច​បន្ថែល​លើ​ផែន​ការ​ដែល​រដ្ឋមន្ត្រី​លោក​លើក​ឡើង ដែល​ខ្ញុំ​មើល​ទៅ​មាន​ភាព​គ្រប់​គ្រាន់​ហើយ។ សំខាន់​ធ្វើ​ឲ្យ​បាន​ធ្វើ​ឲ្យ​ល្អ តាំង​ពីចុះ​ពី​លើ​យន្តហោះ ឬ​មក​ដល់​ព្រំដែន រហូត​ដល់​ពួកគេ​ទៅវិញ រាប់​ចាប់​តាំង​ពី​អ្នក​ពី​អ្នក​រត់​រ៉ឺម៉ក​ដឹក​ភ្ញៀវ​ជាដើម»។

កាល​ពី​សប្ដាហ៍​មុន ក្រសួង​ទេសចរណ៍​​កម្ពុជា ​និង​ភាគី​ថៃ បាន​រៀបចំ​​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​រវាង​ប្រទេស​ទាំង​២​ជា​លើក​ទី៣ ដោយ​បាន​សម្រេច​ធ្វើការ​សម្រប​សម្រួល​ការ​ធ្វើ​ដំណើរ​និង​ការ​ឆ្លង​កាត់​ព្រំដែន​សម្រាប់​ទេសចរ​មក​ពី​ប្រទេស​ទាំងពីរ និង​ទេសចរ​អន្តរជាតិ​មក​ពី​ប្រទេស​ទីបី។

ភាគី​ទាំងពីរ​ក៏​បាន​សម្រេច​ផ្សព្វផ្សាយ​ទីផ្សារ​​ទេសចរណ៍​រួម​គ្នា «ព្រះរាជាណាចក្រ​ពីរ គោលដៅ​មួយ» និង​ការ​ធ្វើ​ដំណើរ​ស្វែង​យល់​អំពី​សក្ដា​នុពល​នៃ​គោលដៅ​ទេសចរណ៍ (Familiarization Trip) ការរៀប​ចំ​ព្រឹត្តិការណ៍​ទេសចរណ៍​រួមគ្នា និង​ការ​ជំរុញ​ឲ្យ​ភ្ញៀវ​ទេសចរ​ទៅ​ចូលរួម​កម្មវិធី​ទេសចរណ៍​ដែល​ប្រទេស​នីមួយៗ​រៀបចំ និង​កិច្ច​សហការ​មួយ​ចំនួន​ទៀត។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ទេសចរណ៍៕