ធនាគារ ABA បន្ត​នាំ​មុខ​គេ​នៅ​លើ​ទិដ្ឋភាព​ហិរញ្ញវត្ថុ​ជាមួយ​នឹង​លទ្ធផល​ដ៏​ល្អ​ប្រសើរ​នៅ​ក្នុង​ឆមាស​ទី១ ឆ្នាំ​២០២៤។ ធនាគារ​បាន​រាយការណ៍​អំពី​កំណើន​ដ៏​ល្អ​ប្រសើរ​នៅ​គ្រប់​សូចនាករ (ម៉េតទ្រិក) សំខាន់ៗ​ដោយ​ពង្រឹង​ជំហរ​របស់ ខ្លួន​ក្នុង​នាម​ជា​តួ​អង្គ​ចម្បង​មួយ​ដែល​ចូលរួម​ជំរុញ​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​កម្ពុជា។

សន្ទុះ​នៃ​កំណើន​អតិថិជន ជំរុញ​ដោយ​និន្នាការ​ឌីជីថល៖


ធនាគារ​មាន​មោទនភាព​ក្នុង​ការ​រាយការណ៍​អំពី​កំណើន អតិថិជន​ថ្មីៗ​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ក្នុង​ឆមាស​ទីមួយ​ឆ្នាំ ២០២៤។ ចំនួន​អ្នក​ប្រើ​អេប​ធនាគារ បាន​កើន​ឡើង ៣៤% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា អតិថិជន​មាន​ការ​ពេញ​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង ចំពោះ​សេវា​ធនាគារ​ឌីជីថល​របស់ ABA។ ការ​កើន​ឡើង​នៃ​និន្នាការ​ប្រើប្រាស់​ឌីជីថល​នេះ ត្រូវ​បាន​គូស​បញ្ជាក់​ឲ្យ​ឃើញ​បន្ថែម​ទៀត តាម​រយៈកំណើន​មូលដ្ឋាន​អតិថិជន​ទាំង​មូល​របស់​ខ្លួន​ដល់​ ៣២% ដែល​សម្រេច​ឈាន​ដល់​ជិត ៤ លាន​គណនី។

ក្រៅ​ពី​កំណើន​នេះ ប្រតិបត្តិការ ABA PAY ក៏​មាន​ការ​កើនឡើ​ង​យ៉ាង​គំហុក​ប្រមាណ ១២៦% ធៀប​នឹង​ឆមាស​ទីមួយ ឆ្នាំ ២០២៣។ ការ​កើន​ឡើង​នៃ​ការ​ទូទាត់​បែប​ឌីជីថល (រួមទាំង KHQR ថេរ និង KHQR ចរន្ដ, ការ​ទូទាត់​តាម​ម៉ាស៊ីន POS និង​ប្រតិបត្តិការ​តាម​វេបសាយ) បង្ហាញ​ពី​ឌីជីថលុនីយកម្ម​កំពុង​ពន្លឿន​ទៅ​មុខ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា − ជា​និន្នាការ​ដែល ABA កំពុង​ឈរ​នៅ​ជួរ​មុខ ក្នុង​ការ​ជំរុញ​វឌ្ឍនភាព។


កំណើន​ប្រាក់បញ្ញើ៖

ទំនុក​ចិត្ត​របស់​អតិថិជន​មក​លើ ABA បាន​កើនឡើង ជាមួយ​នឹង​ប្រាក់​បញ្ញើ​សរុប កើន​ដល់ ២០% ដែល​សម្រេច​បាន ៩.៨ ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ក្នុង​ត្រីមាស​ទីពីរ ឆ្នាំ២០២៤ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន ដែល​មាន ៨.២ ពាន់​លាន​ដុល្លារ។ ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​នេះ ស្ដែង​ឲ្យ​ឃើញ​ពី​ទំនុក​ចិត្ត​របស់​អតិថិជន​ថ្មី​រាប់​លាន​នាក់ កំពុង​គ្រប់គ្រង​ហិរញ្ញ​វត្ថុ​របស់​ពួកគាត់​ប្រកប​ដោយ​ភាព​ជឿជាក់​ជាមួយ​ធនាគារ ABA ដែល​រំលេច​ពី​ការ​បន្ត​ពង្រីក​វិសាលភាព​របស់​ធនាគារ​យើង។

ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា៖

ABA បន្ត​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច​របស់​កម្ពុជា។ កំណើន​ប្រាក់​កម្ចី​បន្ដ​មាន​ស្ថិរភាព​ក្នុង​អត្រា ១៤% ដែល​សរុប​ជា​ទឹក​ប្រាក់ ៨.៣ ពាន់​លាន​ដុល្លារ​ក្នុង​ត្រីមាសទី២ ឆ្នាំ២០២៤។ តួ​លេខ​នេះ ឆ្លុះ​បញ្ចាំង​ពី​កំណើន​នៅ​ក្នុង​ឆមាស​ទី១ ដែល​បង្ហាញ​ពី​តម្រូវការ ឥណទាន​ដ៏​ខ្លាំងក្លា ពី​សំណាក់​អាជីវកម្ម និង​រូបវន្ដ​បុគ្គល។ ប្រាក់​កម្ចី​ទាំង​នេះ ជំរុញ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​បណ្ដា​សហគ្រាស និង​សមត្ថភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដោយ​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រកប​ដោយ​ថាមវន្ដ។

មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ៖

ភាព​រឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ​របស់ ABA គាំទ្រ​ដល់​លទ្ធផល​ដ៏​ល្អ​ប្រសើរ​របស់​ធនាគារ។ មូលធន​របស់​ភាគ​ហ៊ុនិក​ទទួល​បាន​កំណើន ១៩% ដែល​សម្រេច​ឈាន​ដល់ ១.៩ ពាន់​លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី២ ឆ្នាំ២០២៤។ កំណើន​នេះ​បង្ហាញ​ពី​មូលដ្ឋាន​ដើម​ទុន​ដ៏​រឹងមាំ​របស់ ABA ដែល​ពង្រឹង​ជំហរ​របស់​ខ្លួន​បាន​ល្អ​ឥត​ខ្ចោះ សម្រាប់​កំណើន​ផលបត្រ​នាពេល​អនាគត។

ការ​ពង្រីក​វិសាលភាព​ជារួម៖

ដោយ​ឆ្លុះ​បញ្ចាំង​ពី​យុទ្ធសាស្ត្រ​កំណើន​ពេញលេញ​របស់ ABA ទ្រព្យ​សកម្ម​សរុប​របស់​ធនាគារ​សម្រេច​បាន​ដល់ ១២.៣ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ត្រី​មាស​ទី២ ឆ្នាំ ២០២៤ ដែល​កើន​បាន ១៩% ធៀប​នឹង​ត្រីមាស​ទី២ ឆ្នាំ២០២៣។ កំណើន​នេះ បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ ABA ក្នុង​ការ​បម្រើ​សេវា​ជូន​អតិថិជន​កាន់​តែ​ច្រើន​វិស័យ និង​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​កម្ពុជា។

ប្រាក់​ចំណេញ​កើន​ឡើង៖

បន្ថែម​លើ​សមត្ថភាព​ប្រតិបត្តិការ​ប្រកប​ដោយ​ភាព​វិជ្ជមាន ប្រាក់​ចំណេញ​សុទ្ធ​របស់ ABA ​ក៏​មាន​ការ​កើន​ឡើង ២១% ផងដែរ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ដែល​សម្រេច​ឈាន​ដល់ ១៦៦.២ លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី២ ឆ្នាំ២០២៤។ កំណើន​នៃ​ប្រាក់​ចំណេញ​នេះ​បង្ហាញ​ពី​ការ​គ្រប់គ្រង​ប្រកប​ដោយ​ប្រសិទ្ធភាព និង​សមត្ថភាព​របស់​ធនាគារ​ក្នុង​ការ​បង្កើត​ប្រាក់​ចំណេញ​ប្រកប​ដោយ​ស្ថិរភាព។

ជាង​នេះ​ទៅ​ទៀត ការ​ដែល​ម្ចាស់​ភាគហ៊ុន​ទាំងអស់​របស់​ធនាគារ​យើង​ខ្ញុំ មិន​ដែល​ដក​ប្រាក់​ចំណេញ​មួយ​កាក់​មួយ​សេន ហើយ​ផ្ទុយ​ទៅវិញ​រក្សា​ទុក​ប្រាក់​ចំណេញ​ទាំងអស់ មក​វិនិយោគ​លើ​ធនាគារ ABA វិញ បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត និង​ទំនុក​ចិត្ត​ជា​បន្តបន្ទាប់​របស់​ម្ចាស់​ភាគហ៊ុន​ទាំងអស់​ចំពោះ​ទិសដៅ​យុទ្ធសាស្ត្រ​របស់ ABA ដោយ​សង្កត់​ធ្ងន់​លើ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ពួកគាត់​ក្នុង​ការ​ចូលរួម​ដល់​ការ​រីក​ចម្រើន​ទៅ​មុខ និង​ការ​អភិវឌ្ឍ​ឥត​ឈប់ឈរ​របស់​កម្ពុជា។

ដោយផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ឥត​ងាក​រេ​លើ​នវានុវត្តន៍ សេវា​បម្រើ​អតិថិជន បច្ចេកវិទ្យា និង​ស្ថិរភាព ABA ស្ថិត​នៅ​ក្នុង​ជំហរ​ដ៏​រឹងមាំ​ជាមួយ​ឱកាស​ច្រើន​ក្នុង​ការ​បម្រើ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា។

ក្នុង​នាម​ជា​ធនាគារ​ពាណិជ្ជធំ​ជាងគេ ABA គាំទ្រ​យ៉ាង​សកម្ម​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គោលដៅ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច​បន្ថែម​ទៀត។ ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​នេះ រួម​បញ្ចូល​គំនិត​ផ្តួចផ្តើម​ជាច្រើន​របស់​រដ្ឋាភិបាល ដូចជា យុទ្ធសាស្ត្រ​បញ្ចកោណ ជាមួយ​ការ​គាំទ្រ​យ៉ាង​ម៉ឺងម៉ាត់​របស់ ABA ចំពោះ​គោលដៅ​យុទ្ធសាស្ត្រ​នានា​របស់​រាជរដ្ឋាភិបាល៕