ភ្នំពេញៈ អ្នក​ការទូត​អាល្លឺម៉ង់​បញ្ជាក់​ថា ក្រុមហ៊ុន​អាល្លឺម៉ង់​មួយ​ដែល​កំពុង​ធ្វើការ​វិនិយោគ​នៅ​វៀតណាម​កំពុង​ពិនិត្យ​លទ្ធភាព​វិនិយោគ​នៅ​កម្ពុជា ដោយ​ក្រុមហ៊ុន​នេះ​កំពុង​តែ​ធ្វើការ​សិក្សា​បន្ថែម​ទៀត​នៅ​លើ​បរិយាកាស​វិនិយោគ។

បណ្ដាញ​សង្គម​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នាថ្ងៃទី៤ កក្កដា បាន​ដកស្រង់​សំដី​លោក Stefan Messerer ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា ថា៖ «ក្រុមហ៊ុន​អាល្លឺម៉ង់​មួយ​ដែល​កំពុង​ធ្វើការ​វិនិយោគ​នៅ​វៀតណាម​កំពុង​ពិនិត្យ​លទ្ធភាព​វិនិយោគ​នៅ​កម្ពុជា ហើយ​គេ​កំពុង​តែ​ធ្វើការ​សិក្សា​បន្ថែម​ទៀត​នៅ​លើ​បរិយាកាស​សម្រាប់​ការ​វិនិយោគ រួមមាន​នីតិវិធី ពន្ធដារ​ជាដើម»។ 


លោក Messerer បាន​បញ្ជាក់​ដូច្នេះ​ក្នុង​ជំនួប​ជាមួយ​លោក ហ៊ុន សែន នាថ្ងៃទី៤ ខែ​កក្កដា ​​នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ។

ក្នុង​ជំនួប​នេះ លោក ហ៊ុន សែន បាន​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​ថ្មី​ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុង​បន្ត​ខិតខំ​យ៉ាង​សកម្ម​ក្នុងការ​សម្របសម្រួល​ធ្វើឱ្យ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង។ លោក​ស្នើ​លោក Messerer បន្ត​ការងារ ជា​ពិសេស​ជំរុញ​វិស័យ​សេដ្ឋកិច្ច ការ​វិនិយោគ និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​។


លោក ហ៊ុន សែន បាន​វាយតម្លៃ​ថា ការ​វិនិយោគ​តាម​រូបមន្ត​១បូក ដែល​លោក​ចង់បាន​នោះ គឺ​ជា​ការ​ត្រឹមត្រូវ ដោយ​លោក​បាន​លើកឡើង​នូវ​ករណី​ក្រុមហ៊ុន​ជប៉ុន Minebea ដែល​បាន​និង​កំពុង​វិនិយោគ​នៅ​ប្រទេស​ជិត​ខាង​កម្ពុជា ហើយ​បាន​បើក​រោងចក្រ​របស់​ខ្លួន​ផង​ដែរ​នៅ​កម្ពុជា​​ ដែល​ធ្វើ​ឱ្យ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​មាន​ភាព​រលូន​មិន​រអាក់រអួល។

យោង​តាម​បណ្ដាញ​សង្គម​លោក ហ៊ុន សែន បាន​ដឹង​ថា លោក Messerer បាន​បញ្ជាក់​ថា នៅ​ពេល​ខាងមុខ​នេះ ​គណៈប្រតិភូ​ធុរកិច្ច​ចំនួន៣​របស់​អាល្លឺម៉ង់​នឹង​មក​កាន់​កម្ពុជា ហើយ​លោក​ឯកអគ្គរដ្ឋទូត សង្ឃឹម​ថា ការ​វិនិយោគ​ផ្ទាល់​ពី​អាល្លឺម៉ង់​នឹង​ត្រូវ​បាន​ពង្រីក​ថែម​ទៀត​នៅ​កម្ពុជា។

កាល​ពី​ខែ​មិថុនា អាល្លឺម៉ង់​បាន​បើក​ស្ថានកុងស៊ុល​កិត្តិយស​របស់​ខ្លួន​ប្រចាំ​ទីក្រុង​សៀមរាប ហើយ​លោក Messerer ជឿជាក់​ថា ស្ថានកុងស៊ុល​កិត្តិយស​នេះ នឹង​អាច​ជួយ​ជំរុញ​ការ​ទាក់ទាញ​ទេសចរ​អាល្លឺម៉ង់ និង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​មួយចំនួន​ទៀត​មក​បំពេញ​ទស្សនកិច្ច​នៅ​ខេត្ត​សៀមរាប។

លោក ហ៊ុន សែន ជឿជាក់​ថា ការ​បង្កើត​ស្ថានកុងស៊ុលកិត្តិយសអាល្លឺម៉ង់​នេះ​អាច​នឹង​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍​ផងដែរ។

លោក ហ៊ុន សែន លើក​ឡើង​ថា កម្ពុជា​កំពុង​តែ​ជំរុញ​ការ​នាំចេញ​ទៅ​កាន់​បណ្ដា​ប្រទេស​ផ្សេងៗ នៅ​អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន កូរ៉េ និង​ចិន​ឱ្យ​កាន់តែ​ធំ​ថែមទៀត នៅក្នុង​ក្របខ័ណ្ឌ​នៃ​​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​ (RCEP) កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន (AFTA) និង​កិច្ចព្រមព្រៀង​ផ្លាស់ប្ដូរ​សេដ្ឋកិច្ច​សេរី​ជាមួយ​ចិន កូរ៉េខាងត្បូង និង​អេមីរ៉ាតអារ៉ាប់រួម​។ល។ 

លោក​បន្ត​ថា កម្ពុជា​កំពុង​តែ​ខិតខំ​ស្វែងរក​បង្កើត​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​នឹង​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​ផង​ដែរ​។ លោក​ស្នើ​ដល់​ភាគី​អាល្លឺម៉ង់ ជំរុញ​ការ​ចរចា​ដើម្បី​ឈាន​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​អាស៊ាន និង​សហភាព​អឺរ៉ុប៕