
ទីស្នាក់ការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ Post Staff
ភ្នំពេញ៖ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគដែលពង្រីកផលិតកម្ម និងបង្កើតតំបន់សេដ្ឋកិច្ចពិសេស (SEZ) ចំនួន ១៩០គម្រោង កើនឡើងចំនួន៧៧គម្រោង បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ដែលមាន១១៣គម្រោង។ នេះបើយោងតាមរបាយការណ៍ CDC នាថ្ងៃទី៥ កក្កដា។
របាយការណ៍បង្ហាញថា គម្រោងវិនិយោគទាំង១៩០នេះ មានទុនវិនិយោគសរុបប្រមាណ៣,២ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ២,១ពាន់លានដុល្លារ បើធៀបនឹងរយៈពេល៦ខែដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានប្រមាណ១,១ពាន់លានដុល្លារ។
របាយការណ៍ដដែលបង្ហាញថា គម្រោងវិនិយោគទាំង១៩០នេះ អាចបង្កើតការងារបានចំនួនប្រមាណ១៦៨ ០០០កន្លែង កើនឡើងប្រមាណ៤៦ ០០០កន្លែង បើធៀបនឹងរយៈពេល៦ខែដូចគ្នាក្នុងឆ្នាំ២០២៣ ដែលអាចបង្កើតការងារបានប្រមាណ ១២២ ០០០កន្លែង។
របាយការណ៍បង្ហាញទៀតថា ក្នុងរយៈពេល៦ខែនេះ សម្រាប់ទុនវិនិយោគ វិស័យឧស្សាហកម្មមានចំនួនច្រើនជាងគេគឺជាង១ ៨០០លានដុល្លារ (៥៦ភាគរយ) បន្ទាប់មកវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗ ដែលមានទុនវិនិយោគជាង៧៥០លានដុល្លារ (២៣ភាគរយ)។
វិស័យទេសចរណ៍មានទុនវិនិយោគ៥៨៨លានដុល្លារ (១៨ភាគរយ) ខណៈវិស័យកសិកម្ម និងកសិឧស្សាហកម្មមានទុនវិនិយោគ៧២លានដុល្លារ (២ភាគរយ)។
គម្រោងវិនិយោគទាំង១៩០នេះមានទីតាំងវិនិយោគស្ថិតនៅក្នុងរាជធានី ខេត្តចំនួន១៣។ ក្នុងនោះខេត្តកំពង់ស្ពឺមានគម្រោងវិនិយោគច្រើនជាងគេគឺ៤៣គម្រោង បន្ទាប់មកខេត្តស្វាយរៀងមាន៤០គម្រោង ខណៈខេត្តត្បូងឃ្មុំ និងព្រះវិហារមានគម្រោងវិនិយោគតិចជាងគេគឺ១គម្រោងរៀងៗខ្លួន៕