ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវដល់វិនិយោគិនបារាំងស្វែងយល់ពីសក្ដានុពលវិនិយោគនៅកម្ពុជា និងសម្រេចចិត្ត «ជាយុទ្ធសាស្ត្រ» ដើម្បីទាញយកផលប្រយោជន៍ពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-បារាំង។
លោកថ្លែងថា៖ «ខ្ញុំសូមអញ្ជើញវិនិយោគិនបារាំងទាំងអស់មកស្វែងយល់ពីសក្ដានុពលវិនិយោគដ៏ធំធេង ស្វែងរកកាលានុវត្តភាពដ៏សម្បូរបែប និងធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រដើម្បីទាញយកផលប្រយោជន៍ពីទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធរបស់យើង។ កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការស្វាគមន៍ និងការផ្តល់ការគាំទ្រពេញទំហឹង ក៏ដូចជាការទទួលបដិសណ្ឋារកិច្ចដល់វិនិយោគិន និងធុរជន»។
ថ្លែងក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា នាថ្ងៃទី៨ កក្កដា នៅរាជធានីភ្នំពេញ លោក ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍ចំពោះការសម្រេចចិត្ត «ដ៏ឈ្លាសវៃ» របស់វិនិយោគិនទាំងអស់ ជាពិសេសវិនិយោគិនបារាំងដែលជ្រើសរើស និងមានបំណងមកបណ្ដាក់ទុននៅកម្ពុជាដោយផ្ទាល់ ដោយចាប់ដៃគូជាមួយវិនិយោគិនក្នុងស្រុក។
លោកមានសុទិដ្ឋិនិយមថា បន្ទាប់ពីវេទិកានេះកម្ពុជានឹងទទួលបានទំហំវិនិយោគ និងធុរកិច្ចបារាំងបន្ថែមទៀតដែលអាចបំបែកកំណត់ត្រាឆ្នាំមុនៗ។
ពាក់ព័ន្ធនឹងកិច្ចសហការសេដ្ឋកិច្ច លោកនាយករដ្ឋមន្ត្រីលើកឡើងថា បារាំងនៅតែជាដៃគូពាណិជ្ជកម្មនិងវិនិយោគធំជាងគេមួយនៅកម្ពុជាក្នុងចំណោមប្រទេសអឺរ៉ុប។ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារាំងបានកើនឡើងជាលំដាប់ដែលមានទំហំទឹកប្រាក់ប្រមាណ៥១៥លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ និងប្រមាណ២០៦លានដុល្លារអាមេរិកក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៤។
លោកបន្តថា ក្រុមហ៊ុនបារាំងជាច្រើនដោយរាប់ចាប់ពីសហគ្រាសពហុជាតិរហូតដល់សហគ្រាសធុនតូច និងមធ្យមបានបង្កើតមូលដ្ឋាននៅកម្ពុជា ដូចជាវ៉ាងស៊ី (VINCI), TotalEnergy, Accor, BRED Bank និងសហគ្រាសធុនតូច និងមធ្យមជាច្រើនទៀតដែលគ្រប់គ្រងដោយធុរជនបារាំង។ ការវិនិយោគពីបារាំងរួមចំណែកដល់ការបង្កើតការងារ ការផ្ទេរជំនាញ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចិរភាពនៅកម្ពុជា។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ដើម្បីដោះស្រាយកង្វល់របស់វិស័យឯកជន ជាពិសេសពាក់ព័ន្ធនឹងសវនកម្ម និងការវាយតម្លៃពន្ធឡើងវិញ រាជរដ្ឋាភិបាលបានធ្វើការយ៉ាងជិតស្និទ្ធនិងពិគ្រោះយោបល់ជាមួយវិស័យឯកជនក្នុងការរៀបចំនីតិវិធីប្រតិបត្តិស្តង់ដារដើម្បីបង្កើនប្រសិទ្ធភាព ភាពអាចប៉ាន់ប្រមាណបាន និងតម្លាភាពនៃរដ្ឋបាលសារពើពន្ធ។
លោកបន្ថែមថា៖ «រាជរដ្ឋាភិបាលក៏បាននិងកំពុងលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការកាត់បន្ថយថ្លៃឡូជីស្ទិក និងដឹកជញ្ជូន ការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបញ្ជរតែមួយជាតិ និងការបំពេញបែបបទគយ មុនពេលទំនិញមកដល់ជាដើម»។
បើតាមលោកនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលក៏បានបង្កើតគណៈកម្មការជាន់ខ្ពស់ចំនួនពីរដើម្បីពង្រឹងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការធ្វើឱ្យប្រសើរឡើងនូវធុរកិច្ច និងការវិនិយោគតាមរយៈកិច្ចសហការឥតឈប់ឈរជាមួយវិស័យឯកជន។
ទី១ ក្រុមប្រឹក្សាពិគ្រោះយោបល់គោលនយោបាយពាណិជ្ជកម្មមានតួនាទីផ្តល់ការណែនាំឯកទេសលើការអភិវឌ្ឍ និងការអនុវត្តយុទ្ធសាស្ត្រពាណិជ្ជកម្មដើម្បីធ្វើសមាហរណកម្មកម្ពុជានៅក្នុងសេដ្ឋកិច្ចតំបន់ និងសកលឱ្យកាន់តែស៊ីជម្រៅ និងធ្វើឱ្យវិស័យឯកជនក្លាយជាតួអង្គសេដ្ឋកិច្ចដ៏ចម្បងនៅក្នុងវិសាលគមពាណិជ្ជកម្មទាំងមូល។
ទី២ គណៈកម្មការជំរុញការដោះស្រាយបញ្ហាវិស័យឯកជន មានតួនាទីតាមដាន វាយតម្លៃ និងផ្តល់ដំណោះស្រាយចំពោះបញ្ហាប្រឈមរបស់វិស័យឯកជន និងជំរុញបន្ថែមទៀតនូវបរិយាកាសធុរកិច្ច និងការវិនិយោគដែលអំណោយផលដល់កម្ពុជា។
លោក Cyril Girot ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា (CCIFC) ថ្លែងក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅស្ថានទូតបារាំងប្រចាំកម្ពុជា កាលពីចុងខែមិថុនា ថា ការនាំចេញរបស់បារាំងមកកាន់កម្ពុជាក្នុងឆ្នាំ២០២៣ បានកើនឡើងគួរឱ្យកត់សម្គាល់គឺ៣១ភាគរយ បើធៀបនឹងឆ្នាំ២០២២ ដែលភាគច្រើន មានផលិតផលកសិចំណីអាហារ ឱសថ និងផលិតផលលោហធាតុ ខណៈការនាំចេញរបស់កម្ពុជាទៅកាន់បារាំងបានកើនដល់ប្រមាណ១,២ពាន់លានដុល្លារក្នុងឆ្នាំដដែលនេះ ដែលផលិតសំខាន់ៗមានផលិតផលវាយនភណ្ឌ កសិចំណីអាហារ និងកង់៕