ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបន្តផ្ដល់លទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រិនស្ត្រី ខណៈលោកកត់សម្គាល់ថា សហគ្រិនស្ត្រីនៅជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ដែលក្នុងនោះក៏មានកម្រិតនៃលទ្ធភាពទទួលបានហិរញ្ញវត្ថុផងដែរ។
លោកថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យវែងឆ្ងាយសម្រាប់ការពង្រឹងភាពអង់អាចដល់ស្ត្រី និងប្ដេជ្ញាចិត្តពេញលេញក្នុងការសម្រេចឱ្យបានចក្ខុវិស័យនេះ ហើយថា កម្ពុជាតែងផ្ដល់តម្លៃដល់ស្ត្រីគ្រប់រូប ផ្ដល់ការគោរព និងផ្ដល់អំណាចដល់ពួកគេដើម្បីសម្រេចបានសក្ដានុពលពេញលេញ។
លោកនាយករដ្ឋមន្ត្រីកត់សម្គាល់ថា មានស្ត្រីវ័យក្មេងក្លាហានប្រកបដោយមហិច្ឆតាខ្ពស់ ដែលមានទំនុកចិត្តថា ពួកគេអាចទទួលបានការគាំទ្រ និងធនធានចាំបាច់ដើម្បីប្រែក្លាយសុបិនរបស់ពួកគេឱ្យក្លាយជាការពិត។ លោកថា នេះជាគំរូដ៏ភ្លឺស្វាងនៃសមភាពយេនឌ័រ និងជានិមិត្តរូបនៃក្តីសង្ឃឹមសម្រាប់សហគមន៍អាស៊ានទាំងមូល។
ក្នុងពិធីបើក «វេទិកាសហគ្រិនឆ្នើម និងពានរង្វាន់បណ្ដាញសហគ្រិនស្ត្រីឆ្នើមអាស៊ាន (AWEN) ឆ្នាំ២០២៤» នាថ្ងៃទី១ សីហា នៅរាជធានីភ្នំពេញ លោក ហ៊ុន ម៉ាណែត ថ្លែងជាភាសាអង់គ្លេសតាមរយៈការបកប្រែថា៖ «ដើម្បីសម្រេចចក្ខុវិស័យនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ខ្ញុំនឹងបន្តវិនិយោគលើ… និងផ្ដល់លទ្ធភាពទទួលបានហិរញ្ញវត្ថុ និងការបង្ហាត់បង្រៀន ព្រមទាំងជម្នះគ្រប់ឧបសគ្គ…។
លោកថ្លែងថា រដ្ឋាភិបាលអាស៊ាន រួមទាំងកម្ពុជាទទួលស្គាល់បញ្ហាប្រឈមសហគ្រិនស្ត្រី និងយល់អំពីតួនាទីសំខាន់របស់ស្ត្រីក្នុងការសម្រេចបាននូវសមភាពយេនឌ័រ និងកំណើនសេដ្ឋកិច្ច ហើយរដ្ឋាភិបាលកម្ពុជាបាននិងកំពុងធ្វើការយ៉ាងសកម្មក្នុងការយកឈ្នះលើឧបសគ្គទាំងនេះ។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «យើងត្រូវទទួលស្គាល់ថា ដំណើរការធុរកិច្ចរបស់ពួកគាត់ [សហគ្រិនស្ត្រី] មិនមែនងាយស្រួលនោះទេ ទោះបីជាពួកគាត់មានភាពធន់ និងការតាំងចិត្តរឹងមាំក៏ដោយ សហគ្រិនស្ត្រីនៅជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ដូចជាភាពមានកម្រិតនៃលទ្ធភាពទទួលបានហិរញ្ញវត្ថុ, ទីផ្សារ, បណ្ដាញធុរកិច្ច, និងកាលានុវត្តសម្រាប់កំណើនការអភិវឌ្ឍ»។
លោកបន្ថែមថា៖ «ខ្ញុំយល់អំពីការតស៊ូ បំណងប្រាថ្នា និងសក្ដានុពលធំធេងរបស់ស្ត្រី។ ខ្ញុំសូមប្ដេជ្ញាចិត្តនឹងបន្តគាំទ្របុព្វហេតុរបស់ស្ត្រី និងបន្តជាអ្នកតស៊ូមតិ ជាសម្ព័ន្ធមិត្ត និងជាអ្នកគាំទ្រឥតងាករេរបស់ស្ត្រី»។
លោក ហ៊ុន ម៉ាណែត ថ្លែងថា ការបង្កើតបណ្ដាញសហគ្រិនស្ត្រីអាស៊ាន (AWEN) និងបណ្តាញសហគ្រិនស្ត្រីកម្ពុជា (CamWEN) ក៏ដូចជាការរៀបចំព្រឹត្តិការណ៍ក្នុងថ្ងៃនេះគឺជាការបង្ហាញពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការផ្ដល់សិទ្ធិអំណាចដល់ស្ត្រីទាំងផ្នែកសង្គម និងសេដ្ឋកិច្ច។
លោកលើកឡើងថា តាមរយៈក្របខ័ណ្ឌមេគង្គ-ឡានឆាងរបស់ចិន រដ្ឋាភិបាលកម្ពុជាក៏បាននិងកំពុងដឹកនាំការអនុវត្តគម្រោងថ្នាក់តំបន់ស្ដីអំពីការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីក្នុងយុគសម័យឌីជីថល (digital)។ បច្ចុប្បន្ន រដ្ឋាភិបាលកម្ពុជាបាននិងកំពុងរៀបចំគម្រោងស្នើទៅប្រទេសចិនដើម្បីបង្កើតមជ្ឈមណ្ឌលសហគ្រិនភាពស្ត្រីមេគង្គ-ឡានឆាងដើម្បី បន្តគាំទ្រដល់ការតភ្ជាប់បណ្ដាញទំនាក់ទំនង ការធ្វើអាជីវកម្ម និងការអភិវឌ្ឍសហគ្រិនភាពស្ត្រីក្នុងតំបន់។
ថ្លែងក្នុងពិធីនេះ លោកស្រី អេង លីគង់ ប្រធានបណ្ដាញ AWEN និង CamWEN ជំរុញដល់ស្ត្រីចែករំលែកក្ដីសុបិន ការបណ្ដុះគំនិត និងចំណេះដឹង ព្រមទាំងពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីដើម្បីធានាថា ស្ត្រីគ្រប់រូបត្រូវបានគាំពារ។
លោកស្រីថ្លែងជាភាសាអង់គ្លេសតាមរយៈការបកប្រែថា៖ «ផ្លូវដែលយើងដើរទៅមុខគឺវាមិនងាយស្រួលនោះទេ។ វាតែងតែមានបញ្ហា និងឧបសគ្គផ្សេងៗទៀត...។ នេះជាពេលវេលាដែលយើងត្រូវរួបរួមគ្នាដើម្បីសម្រេចឱ្យបាននូវការប្តេជ្ញាចិត្តរបស់យើង ក៏ដូចជាទទួលបាននូវសក្ដានុពលផ្សេងៗទៀត»៕