គោលការណ៍​ទទួល​យក​ប្រាក់​ដុល្លារ​អាមេរិក​ទក់ ឬ​រហែក​បន្តិច​បន្តួច​អាច​នឹង​ត្រូវ​បាន​អនុវត្ត​នៅ​ទូទាំង​ប្រទេស​កម្ពុជា​នា​ពេល​ខាង​មុខ​នេះ បន្ទាប់​ពី​ការ​វាយ​តម្លៃ​របស់​ធនាគារ​ជាតិ​ដោយ​យក​បទ​ពិសោធន៍​ពី​ខេត្ត​សៀមរាប។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។

គោលការណ៍​ទទួល​លុយ​ដុល្លារ​អាមេរិក​ទក់ ឬ​រហែក​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​នៅ​ខេត្ត​សៀមរាប​ចាប់​ពី​ថ្ងៃទី​២២ ខែ​កក្កដា ដោយ​ធនាគារ​ជាតិ​តម្រូវ​ឱ្យ​សាខា​ធនាគារ​ពាណិជ្ជ​ខេត្ត​សៀមរាប​ទទួល​យក​ប្រាក់​ដុល្លារ​អាមេរិក​ចាស់​ឬ ប្រឡាក់​ដោយ​មិន​ទាមទារ​កម្រៃ​សេវា​ពី​អតិថិជន​របស់​ខ្លួន។


គោលការណ៍​នេះ​ធ្វើឡើង​តាម​ការ​ស្នើ​របស់​ពលរដ្ឋ​និង​អាជីវករ​នៅ​ខេត្ត​សៀមរាប​ទៅ​លោក ហ៊ុន ម៉ាណែត។

នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី២ ខែសីហា​នេះ លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​អំណរ​គុណ​ដល់​បណ្តា​ធនាគារ អាជីវករ​ អ្នក​ប្ដូរ​ប្រាក់ ​ក៏​ដូចជា​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​សៀមរាប​ ដែល​បាន​ចូល​រួម​អនុវត្ត​នូវ​គោលការណ៍​ថ្មី​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា។


ប៉ុន្តែ ពលរដ្ឋ​នៅ​ខេត្ត​ផ្សេង​ក្រៅ​ពី​ខេត្ត​សៀបរាម បាន​ចោទ​ជា​សំនួរ​ថា ហេតុ​អ្វី​គោលការណ៍​ទទួល​ប្រាក់​ដុល្លារ​រហែក​ ឬ ទក់​ អនុវត្ត​តែ​នៅ​ខេត្ត​សៀមរាប ខណៈ​ដែល​ខេត្ត​ផ្សេង​ទៀត​ក៏​ជួប​បញ្ហា​នេះ​ដែរ។

ឆ្លើយ​តប​នឹង​កង្វល់​នេះ លោក ហ៊ុន​ ម៉ាណែត ពន្យល់​ថា ការ​ទទួល​យក​ក្រដាស​ប្រាក់​ដុល្លារ​ហែក ឬ​ចាស់​ដែល​មិន​អាច​ប្រើ​ប្រាស់​បាន​ ដើម្បី​យក​ទៅ​ដូរ​យក​ក្រដាស​ប្រាក់​ថ្មី​ពី​ធនាគារ​កណ្តាល​សហរដ្ឋ​អាមេរិក ​ជា​កាតព្វកិច្ច​របស់​ធនាគារ​ជាតិ ដែល​ត្រូវ​ការ​ចំណាយ​ថវិកា​ច្រើន​ ការ​ដាក់​ឱ្យ​អនុវត្ត​នូវ​គោលការណ៍​ថ្មី​នេះ​ត្រូវ​ធ្វើ​ទៅ​ដោយ​ប្រុង​ប្រយ័ត្ន​ និង​ជា​ជំហាន។

យ៉ាង​ណា​ក៏​ដោយ លោក​បញ្ជាក់​អំពី​ភ្លើង​ខៀវ​សម្រាប់​ខេត្ត​ផ្សេង​ទៀត​ថា៖ «ហេតុ​ដូច្នេះ​ ការ​ដាក់​ឱ្យ​អនុវត្ត​នៅ​ខេត្ត​សៀមរាប​នេះ ជា​ជំហាន​សាកល្បង​ (pilot)​ ដើម្បី​ធនាគារ​ជាតិ​អាច​ធ្វើ​ការ​វាយ​តម្លៃ និង​យក​ជា​មូលដ្ឋាន​សម្រាប់​រៀប​ចំ​ផែនការ​ឱ្យ​បាន​ជាក់​លាក់​ មុន​នឹង​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​គោលការណ៍​ថ្មី​នេះ​នៅ​ទូទាំង​ប្រទេស​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ»។

កម្ពុជា​កំពុង​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល ជាពិសេស​សម្រាប់​ក្រដាស់​ប្រាក់​ដុល្លារ​តូច ដូចជា ១ដុល្លារ និង ៥​ដុល្លារ តាម​រយៈ​ការ​ប្រមូល​ក្រដាស់​ប្រាក់​ទាំង​នេះ​ដើម្បី​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស។

ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០២៤​នេះ ការ​នាំ​ចេញ​ប្រាក់​ដុល្លារ​អាមេរិក​ទៅ​ក្រៅ​ប្រទេស​បាន​កើន​ឡើង ៦៦ ភាគរយ ហើយ​ការ​នាំចូល​ប្រាក់​ដុល្លារ​មក​កម្ពុជា​ពី​ក្រៅ​ប្រទេស​បាន​ថយ​ចុះ ១០០ ភាគរយ។ នេះ​បើ​តាម​របាយការណ៍​ធនាគារជាតិ។

របាយការណ៍​ដដែល​បញ្ជាក់​ថា សម្រាប់​ប្រាក់​ដុល្លារ​ប្រភេទ​តូច​ដែល​ទទួល​បាន​នៅ​ស្នាក់​ការ​កណ្ដាល​ធនាគាជាតិ​និង​នៅ​តាម​សាខា​ទូទាំង​ប្រទេស បាន​កើន​ឡើង​ ៣៧,៤ ភាគរយ ហើយ​ការ​នាំ​ចេញ​ក្រដាស​ប្រាក់​ប្រភេទ​នេះ​ទៅ​ក្រៅ​ប្រទេស​បាន​កើន​ឡើង ៥៥,២ ភាគរយ។

លោក ហុង វណ្ណៈ អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា ទទួល​យក​ប្រាក់​ដុល្លារ​ចាស់​ ទក់​រហែក គឺជា​គោលការណ៍​លើក​ទឹក​ចិត្ត​ដល់​ភ្ញៀវ​ទេសចរ។ លោក​ថា ការ​យក​ក្រដាស​ប្រាក់​ទក់ ឬ រហែក ទៅ​ធនាគារ​កណ្ដាល​អាមេរិក​ទំនង​ជា​មិន​បដិសេធ​ក្នុង​ការ​ទទួល​យក​ទេ។

លោក​និយាយ​ថា ការ​ទទួល​យក​ក្រដាស​​ប្រាក់​ដុល្លារ​ទក់​រហែក​នៅ​ខេត្ត​សៀមរាប ក៏​អាចជា​ការ​បើក​ផ្លូវ​សម្រាប់​ការ​ទទួល​យក​ក្រដាស​ប្រាក់​បែប​នេះ​នៅ​ទូទាំង​ប្រទេស សម្រាប់​ទាំង​ទេសចរ និង​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដោយ​គ្មាន​ការ​រើសអើង ក្រោយ​ពេល​ការ​សាក​ល្បង​បាន​បញ្ចប់។

លោក ហុង វណ្ណៈ បន្ត​ថា រដ្ឋ​ក៏ដាក់​ចេញ​គោលការណ៍​ទទួល​យក​ក្រដាស​ប្រាក់​រៀល​ចាស់ ទក់​ ឬ​រហែក​ផងដែរ បន្ថែម​លើ​រូបិយប័ណ្ណ​បរទេស ពីព្រោះ​តាម​ការ​អង្កេត​របស់​លោក ពលរដ្ឋ​ក៏​ជួប​បញ្ហា​ក្នុង​ការ​ចាយ​ក្រដាស​ប្រាក់​ទក់​រហែក​ផងដែរ។

ចំពោះ​ការ​ទប់ស្កាត់​ដុល្លារូបនីយកម្ម លោក ហុង វណ្ណៈ ថ្លែង​ថា ប្រាក់​ដុល្លារ​បាន​ចាក់​ស្រេះ​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​របស់​ប្រជាពលរដ្ឋ​យូរ​មក​ហើយ។ ទោះបីជា​ការ​ពង្រឹង​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​ជារឿង​ល្អ ប៉ុន្តែ​បើ​មើល​លើ​កត្តា​ពាណិជ្ជកម្ម ប្រាក់​ដុល្លារ​នៅ​តែ​មាន​សារៈ​សំខាន់៕