ធនាគារជាតិនៃកម្ពុជាតម្រូវឱ្យគ្រប់គ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ទូទាំងប្រទេសទទួលយកក្រដាសប្រាក់ដុល្លារអាមេរិក ចាស់ ឬប្រឡាក់ ដោយមិនទាមទាររកកម្រៃសេវាឬហៅសាមញ្ញថា«កាត់ទឹក»។
ការសម្រេចនេះធ្វើឡើងកាលពីថ្ងៃទី២ ខែសីហានេះ តបតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងការពិបាករបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលពិបាកចាយក្រដាសប្រាក់ដុល្លារទក់ ចាស់ ឬរហែកបន្តិចបន្តួច។
ប៉ុន្តែ ប្រាក់ដុល្លារដែលទក់ ឬចាស់រហូតដល់បាត់បង់អត្តសញ្ញាណដែលមិនអាចទទួលស្គាល់បាន និងក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយទាំងអស់ នឹងមិនត្រូវបានទទួលយកទេ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិ។
សម្រាប់ក្រដាសប្រាក់ដុល្លារក្លែងក្លាយ គ្រប់គ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុ និងអាជីវរប្តូរប្រាក់ ត្រូវដកហូតដោយពុំមានសំណង និងបញ្ជូនមកធនាគារជាតិនៃកម្ពុជា។
ធនាគារជាតិក៏បានបញ្ជាក់ដែរថា ធនាគារជាតិនៃកម្ពុជាមិនមែនជាអាជ្ញាធរបោះពុម្ព និងដាក់ឱ្យចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកនោះឡើយហើយក៏មិនមានសិទ្ធិក្នុងការកាត់ ដុតក្រដាសចាស់ ទក់ រហែក ដើម្បីជំនួសដោយក្រដាសប្រាក់ថ្មី ដូចក្រដាសប្រាក់រៀលនោះទេ។
ធនាគារជាតិក៏ត្រូវធ្វើការជាមួយក្រុមហ៊ុនដឹកជញ្ជូន និង ត្រូវបង់សេវាធានារ៉ាប់រងសម្រាប់ទាំងការដឹកចេញប្រាក់ដុល្លារចាស់ៗ និងការនាំចូលមកវិញនូវក្រដាសប្រាក់ដុល្លារអាមេរិកថ្មី ដែលការចំណាយទាំងនេះ ជាក់ស្ដែងមិនមែនជាការទទួលខុសត្រូវរបស់ធានាគារជាតិនោះឡើយ។ ធនាគារជាតិលើកទឹកចិត្តឱ្យប្រើប្រាស់ប្រាក់រៀលឱបានទូលំទូលាយ។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា៖ «កម្ពុជាក៏សូមលើកទឹកចិត្តឱ្យសាធារណជនទាំងអស់ចូលរួមប្រើប្រាស់ប្រាក់រៀលខ្មែរ ដែលជារូបិយវត្ថុជាតិឱ្យបានកាន់តែច្រើនឡើង ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយភាពធន់»។
ធនាគារជាតិក៏លើបានដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបាគង (Bakong) ដែលជាប្រព័ន្ធ ទូទាត់សងប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកឆ្លងគ្រឹះស្ថាន។ ប្រព័ន្ធនេះក៏នឹងត្រូវដាក់ឲ្យអនុវត្តសម្រាប់ភ្ញៀវទេសចរផងដែរដែលមានឈ្មោះថា Bakong Tourist App៕