ក្រសួង​កសិកម្ម ​កំពុង​ជំរុញ និង​លើក​ទឹក​ចិត្ត ដល់​ប្រជាកសិករ​ឱ្យ​ប្រើ​ប្រាស់​ពូជ​ស្រូវ​ក្នុង​ស្រុក ជា​ជាង​ពូជ​ស្រូវ​បរទេស​ ខណៈ​ដែល​ក្រសួង​អះ​អាង​ថា ការ​បន្ត​ដាំ​ដុះ​ពូជ​ស្រូវ ដែល​នាំ​ចូល​ពី​បរទេស វា​ប្រៀប​ដូច​ជា​ការ​ខ្ចី​ដង្ហើម​គេ​ដក។

ខណៈ​ដែល​ការ​រដូវ​ច្រូត​កាត់​បាន​មក​ដល់​ជា​បណ្ដើរៗ​នៅ​តាម​តំបន់​មួយ​ចំនួន ប្រជាកសិករ​បាន​ត្អូញ​ត្អែរ​អំពី​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ស្រូវ​សើម បន្ទាប់​ពី​ពួក​គាត់​បាន​ចំណាយ​ប្រាក់​ច្រើន​ដើម្បី​ដាំដុះ​ និង​ថែ​ទាំម។


កញ្ញា អ៊ឹម រចនា អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឆ្លើយ​តប​ទៅ​នឹង​សំនួរ​របស់​អ្នក​សារព័ត៌មាន​អំពី​បញ្ហា​នេះ​កាល​ពី​ថ្ងៃ​ទី១០ ខែ​កញ្ញា ដោយ​ទទួល​ស្គាល់​​អំពី​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ស្រូវ​ឆ្នាំ​នេះ ​បើ​ប្រៀបធៀប​ទៅ​នឹង​តម្លៃ​ដែល​កសិករ​លក់​បាន​កាល​ពី​ឆ្នាំ​មុន។

កញ្ញា រចនា ថ្លែង​ដូច្នេះ​ថា៖ «មែន​ទែន​ទៅ ​នៅ​ក្នុង​ឆ្នាំ​នេះ​ បើ​ទោះ​ជាស្រូវ​សើម​លក់​ពុំ​បាន​ថ្លៃ​ដូច​ឆ្នាំ​មុន​ក៏​ដោយ កសិករ​នៅ​តែ​ចំណេញ។ ​យើង​យល់​អំពី​ហេតុផល​មួយ​ចំនួន ​ដែល​លោក​ត្អូញ​ត្អែរ ក៏​ប៉ុន្តែ យើង​បាន​សិក្សា​លម្អិត​រួច​ហើយ។ ​មាន​បញ្ហា​ប្រធានសក្តិ​មួយ​ចំនួន ​ដែល​បាន​ធ្វើ​ឱ្យ​ការ​ចំណាយ​របស់​បង​ប្អូន​យើង​មាន​ការ​កើន​ឡើង​ ដូច​ជា​បញ្ហា​ទឹក​ជំនន់, គ្រោះ​រាំង​ស្ងួត, ដង្កូវ​ហ្វូង, រុយស, និង​សត្វ​ល្អិត​ចង្រៃ​ផ្សេង​ទៀត​ជាដើម ​ដែល​ធ្វើ​ឱ្យ​ការ​ចំណាយ​របស់​កសិករ​ត្រូវ​បន្ថែម​មួយ​កម្រិត​ទៀត»។


អ្នកនាំ​ពាក្យ បាន​សង្កត់ធ្ងន់​ថា ការ​បន្ត​ដាំដុះ​ពូជស្រូវ ដែល​នាំចូល​ពី​បរទេស វា​ប្រៀប​ដូចជា​ការ​ខ្ចី​ដង្ហើម​គេ​ដក ខណៈ​ដែល​ក្រសួង​បាន​ជំរុញ លើកទឹក​ចិត្ត​ឱ្យ​កសិករ​ដាំ​ពូជ​ស្រូវ​ជាតិ ពីព្រោះ​លក់​បាន​ថ្លៃ ដាំ​ឆាប់​បាន​ផល ធ្វើឱ្យ​កសិករ​កាត់​បន្ថយ​បាន​ជា​អតិបរមា​នូវ​ហានិភ័យ។

«ដើម្បី​កាត់បន្ថយ​នូវ​បញ្ហា​តម្លៃ​ស្រូវ​ធ្លាក់ថ្លៃ​តាម​មាត់​ឈ្មួញ​នេះ ក្រសួង​កសិកម្ម តែងតែ​បាន​ពន្យល់​លើក​ទឹក​ចិត្ត និង​ជំរុញ​ឱ្យ​កសិករ​ដាំស្រូវ​ដែល​ជា​ពូជជាតិ​ដោយសារ​កត្តា​សំខាន់ៗ​មួយ​ចំនួន ​ដូចជា បាន​ផល​ចំណេញ​ច្រើន​ដល់​កសិករ ខណៈ​ការ​ដាំស្រូវ​ពូជ​នាំចូល​ពី​បរទេស​នាំ​មក​នូវហានិភ័យ​ខ្ពស់​ដល់​កសិករ ជាដើម» ។ 

កញ្ញា រចនា បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ស្ថាប័ន​ជំនាញ​ដែល​ស្ថិត​ក្រោម​ឱវាទ​របស់​ក្រសួង​កសិកម្ម ​បាន​ជោគ​ជ័យ​ជា​បន្តបន្ទាប់​ក្នុង​ការ​បង្កាត់​ពូជស្រូវ​ល្អៗ​ជាច្រើន​ដែល​ក្នុង​នោះ​ពូជស្រូវ​សែនក្រអូប​០១ គឺជា​ពូជ​ស្រូវ​កំពុង​ឈាន​មុខគេ​ទាំងក្នុង​ប្រទេស និង​នៅ​លើ​ឆាក​អន្តរជាតិ ។ 

«ពូជស្រូវ​សែន​ក្រអូប​០១ គឺជា​ពូជ​បង្កាត់​ចេញ​ពី​ស្រូវ​ផ្ការំដួល ធ្វើឱ្យ​អង្ករ នៃ​ស្រូវ​សែន​ក្រអូប​០១ មាន​ក្លិន​ក្រអូប មាន​ទម្រង់​អង្ករ​ស្រលោន​ល្អ បាយទន់ មាន​រសជាតិ​ឆ្ងាញ់ ជា​ពូជស្រូវ​ស្រាល ដាំដុះ​បាន​ផល​ក្នុង​រយៈពេល​ខ្លី ផ្ដល់​លទ្ធភាព​ឱ្យ​កសិករ​អាច​ធ្វើបាន​ច្រើន​ដង​ក្នុង​មួយ​ឆ្នាំ។ សំខាន់​បំផុត ពូជស្រូវ​សែន​ក្រអូប​០១ មាន​ការ​ចរចា​ធានា​តម្លៃខ្ពស់​ដោយ​រោង​ម៉ាស៊ីន និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា»។ កញ្ញា រចនា បាន​បញ្ជាក់​បន្ថែម។

បើតាម នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា លោក ឡោ ប៊ុណ្ណា នៅ​កម្ពុជា មាន​ការ​ដាំដុះ​ពូជ​ស្រូវ​ប្រមាណ​ជាង ២​ពាន់​ពូជ​ដែល​វិទ្យាស្ថាន​ប្រមូល​បាន ខណៈ​ដែល​ពូជ​ដែល​មាន​ការ​និយម​ដាំដុះ​មាន​ប្រមាណ​ត្រឹម ១​ពាន់​ប៉ុណ្ណោះ។ ចាប់​ពី​ទស្សវត្ស​ឆ្នាំ៩០ មក​ វិទ្យាស្ថាន​បាន​បញ្ចេញ​ពូជស្រូវ​ប្រមាណ ៤៦​ប្រភេទ​ហើយ ឱ្យ​ដល់​កសិករ​ដាំដុះ ដោយ​ពូជ​នីមួយៗ ​បែងចែក​ទៅ​តាម​ក្សេត្រ-បរិស្ថាន ខុសៗគ្នា។

លោក​បាន​បញ្ជាក់​ថា៖ «នៅ​ក្នុង​កម្មវិធី​គោលនយោបាយ​ស្តីពី​ការ​ជំរុញ​ផលិតកម្ម​ស្រូវ​ និង​ការ​នាំ​ចេញ​អង្ករ យើង​បាន​ដាក់​ចេញ​ពូជ​ប្រមាណ​ជាង ១០​ពូជ​ផ្សេងៗ​ទៅ​ក្នុង​កម្មវិធី​នេះ ដែល​មាន​ពូជ​ស្រូវ​ស្រាល ៣​ពូជ ស្រូវ​កណ្តាល ៦ពូជ និង​ស្រូវ​ធ្ងន់​ចំនួន ៤ពូជ។ ដោយ​មក​ទល់នឹង​ពេលនេះ​ ពូជ​ដែល​ពេញ​និយម​ជាងគេ គឺ​ពូជសែន​ក្រអូប​០១ និង​ពូជ​ផ្ការំដួល»។

លោក​បាន​បន្ថែម​ថា កាល​ពី​ឆ្នាំ​២០២៣ ក្រសួង​កសិកម្ម បាន​បញ្ចេញ​ពូជ​ចំប៉ីស​៧០ ដែល​ជា​ពូជ​បង្កាត់​ចេញ​ពី​ពូជ​ផ្កា​រំដួល ដែល​មាន​លក្ខណៈ​ពិសេស​ជាង​ពូជ​ផ្កា​រំដួល ដោយសារ​ការ​ដាំដុះ​មិន​ប្រកាន់​រដូវ ធន់​នឹង​អាកាសធាតុ ខណៈ​វិទ្យាស្ថាន​កំពុង​បង្កើន​ការ​ផលិត និង​ត្រៀម​ចែក​ទៅ​មន្ទីរ​កសិកម្ម​ខេត្ត​នានា​ផងដែរ។

នៅអំឡុង​ពេល​សុន្ទរកថា បិទ​វេទិកា​ស្រូវ​អង្ករ​កម្ពុជា លើក​ទី៧ ឆ្នាំ​២០២៤ នា​ថ្ងៃទី​១០ ខែ​កញ្ញា លោក ចាន់ សុឃាំង ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ថ្លែង​ថា វិស័យ​ស្រូវអង្ករ​ បាន​ទទួល​ការ​យកចិត្តទុក​ដាក់​ខ្លាំង​ពី​រាជរដ្ឋាភិបាល ដោយ​តាម​រយៈការ​ដាក់​ចេញ​នូវ​កម្មវិធី​គោលនយោបាយ​ស្តីពី​ការ​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការ​នាំចេញ​អង្ករ​នេះ ផលិតកម្ម​ស្រូវ មាន​បរិមាណ​ត្រឹម​តែ​ប្រមាណ ៧,៣​លាន​តោន សម្រាប់​ស្រូវ​សើម ខណៈ​ដែល​ការ​នាំចេញ​មាន​ប្រមាណ​ត្រឹម​តែ ២០​ពាន់​តោន​សម្រាប់​ឆ្នាំ ២០០៩។

លោក​បាន​និយាយ​ទៀត​ថា តាម​រយៈការ​ដាក់​ចេញ​នូវ​កម្មវិធី​គោល​នយោបាយ​ស្តីពី​ការ​ជំរុញ ផលិតកម្ម​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ​ក្នុង​ឆ្នាំ ២០១០-២០១១ បាន​ធ្វើឱ្យ​ផលិតកម្ម​និង​ការ​នាំ​ចេញ​ស្រូវ​អង្ករ មាន​ការ​រីក​ចម្រើន​ជា​ជំហាន ដោយ​ក្នុង​នោះ​កាល​ពី​ឆ្នាំ ២០២២-២០២៣ ការ​នាំ​ចេញ​ស្រូវ​សម្រេច​បាន ៤,៣៩​លាន​តោន​នៃ​ផលិតកម្ម​សរុប  ១២,៤៥​លាន​តោន​នៅ​គ្រា​ដែល​អង្ករ​នាំ​ចេញ​បាន ៦៥៦​ពាន់​តោន​នា​ឆ្នាំ​នោះ។

លោក​អះអាង​ជា​រួម​ថា៖ «ការ​នាំចេញ​ស្រូវ​អង្ករ​នៅ​ក្នុង​ឆ្នាំ ២០២៣  មាន​ទឹក​ប្រាក់ ១,៧៩​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​បាន​ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ច​កម្ពុជា។ 

ដោយឡែក ក្នុង​រយៈពេល ៨​ខែ ឆ្នាំ​២០២៤​នេះ ការ​នាំ​ចេញ​អង្ករ​សម្រេច​បាន ១១២​ពាន់​តោន និង​បាន​នាំ​ចេញ​ស្រូវ​ចំនួន ៣,៣​លាន​តោន។ ក្នុង​រយៈពេល ១២ខែ (សីហា ២០២៣-សីហា ២០២៤) នៃ​រាជ​រដ្ឋាភិបាល​អាណត្តិទី៧ ការ​នាំចេញ​អង្ករ​បាន​ជាង ៧០​ម៉ឺនតោន ខណៈ​ដែល​ការ​នាំ​ចេញ​ស្រូវ​សម្រេច​បាន​ជាង ៥​លាន​តោន»។

គួររម្លឹកថា ពូជ​ស្រូវ​សែន​ក្រអូប​០១ មាន​ទីផ្សារ​ស្រាប់​ទាំង​ក្នុង​ប្រទេស ទាំង​នៅ​ប្រទេស​ចិន និង​អឺរ៉ុប ហើយ​ការ​ដាំ​ពូជស្រូវ​សែន​ក្រអូប​០១ គឺជា​ការ​លើក​តម្កើង​កិត្តិយស​មុខមាត់ កិត្តិនាម​ពូជស្រូវ​ជាតិ ដោយ​ស្រូវ​ប្រភេទ​នេះ ក៏​ទទួល​បាន​ពានមាស​នៅចិន​ផងដែរ ខណៈ​ដែល​ជា​ពូជ​ស្រូវ​ផ្កា​រំដួល​វិញ បាន​ឈ្នះ​ពាន​រង្វាន់​ជា​អង្ករ​ឆ្ងាញ់​ដាច់គេ​នៅ​លើ​ពិភពលោក​រហូត​ទៅ​ដល់ ៥លើក៕