ABA ដែល​ជា​ធនាគារ​ពាណិជ្ជ​ធំ​បំផុត​នៅ​កម្ពុជា បាន​ទទួល​ការ​អនុម័ត​សម្រាប់​ការ​បន្ថែម​ដើម​ទុន​ចំនួន ២២០ លាន​ដុល្លារ ពី​ធនាគារ​ជាតិ​កាណាដា ដែល​ជា​ភាគ​ហ៊ុនិក​របស់​ខ្លួន។

ការ​បន្ថែម​ថ្មី​នេះ បាន​ធ្វើ​ឲ្យ​មូលធន​សរុប​របស់​ភាគហ៊ុនិក សម្រេច​ឈាន​ដល់ ២.២ ពាន់​លាន​ដុល្លារ​អាមេរិក​ដោយ​ពង្រឹងជំហរ របស់​ខ្លួន​ជា​តួ​អង្គ​នាំ​មុខ​គេ នៅ​ក្នុង​វិស័យ​ធនាគារ​របស់​កម្ពុជា។


ការ​សម្រេច​ចិត្ត​របស់​ភាគហ៊ុនិក​ក្នុង​ការ​បង្កើន​ដើម​ទុន​នេះ គឺ​ជា​ការ​គាំទ្រ​ប្រកប​ដោយ​អានុភាព​ដល់​មាគ៌ា​រីក​ចម្រើន​របស់ធនាគារ ABA និង​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​ខ្លួន​ចំពោះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ។

គួរ​កត់​សម្គាល់​ផងដែរ​ថា រាល់​ប្រាក់​ចំណេញ​ទាំងអស់ ភាគហ៊ុនិក​មិន​ដែល​ដក​ចេញ​ពី ABA មួយ​កាក់​មួយ​សេន​ចេញ​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួកគាត់​បន្ត​ដាក់​ប្រាក់​ចំណេញ​របស់​ពួកគាត់​ទាំងអស់​ទៅ​ក្នុង ABA វិញ ដោយ​ផ្តោត​លើ​វឌ្ឍនភាព​បន្ត​នៃ​បច្ចេក​វិទ្យា​ទំនើបៗ និង​ការ​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់​លើ​ធនធាន​មនុស្ស​របស់​ធនាគារ។


ជំរុញ​ដល់​ស្ថិរភាព​ហិរញ្ញវត្ថុ និង​បច្ចេក​វិទ្យា

ការ​បន្ថែម​ដើម​ទុន​ថ្មី​នេះ មិន​ត្រឹម​តែ​ជួយ​ពង្រឹង​ស្ថិរភាព​ហិរញ្ញ​វត្ថុ​របស់ ABA ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​គាំទ្រ​ដល់​ចក្ខុវិស័យ​របស់​ធនាគារ សម្រាប់​កំណើន​ប្រកប​ដោយ​ចីរភាព និង​នវានុវត្ត​ផងដែរ។ ជាមួយ​នឹង​មូលដ្ឋាន​ដើមទុនកើន​ឡើង​ដ៏​ធំ​នេះ ធនាគារ​ស្ថិត​ក្នុង​ជំហរ​ដ៏​រឹងមាំ អាច​គ្រប់គ្រង​ស្ថានភាព​មិន​ប្រាកដ​ប្រជានៃ​សេដ្ឋកិច្ច ដោយ​ធានា​បាន​នូវស្ថិរភាព​និង​ភាព​ធន់​របស់​ខ្លួន​ក្នុង​ទិដ្ឋភាព​ហិរញ្ញ​វត្ថុ​របស់​កម្ពុជា។

ដើម​ទុន​ថ្មី​នេះ​នឹង​ពន្លឿន​បន្ថែម​ដល់​ការ​វិនិយោគ​របស់ ABA នៅក្នុង​បច្ចេក​វិទ្យា​ទំនើប ពង្រឹង​សេវា​ធនាគារ​ឌីជីថល​របស់​ខ្លួន និង​គាំទ្រ​ដល់​ភាព​រីក​ចម្រើន​របស់​សហគ្រាស​ធុនតូច និង​មធ្យម។ ដោយ​ផ្តោត​លើ​ផ្នែក​អាទិភាព​ទាំង​នេះ ABA មាន​គោល​បំណង​ផ្ដល់​អានុភាព​ដល់​បណ្ដា​អាជីវកម្ម​ក្នុង​ស្រុក និង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​នៅ​គ្រប់​វិស័យ ខណៈ​ដែល​ខ្លួន​បន្ត​បម្រើ​អតិថិជន​ជាមួយ​សេវា​ធនាគារ​កាន់​តែ​ងាយស្រួល​ប្រើប្រាស់ មាន​ប្រសិទ្ធ​ភាព និង​សុវត្ថិភាព​ខ្ពស់​ជា​លំដាប់។

លោក Askhat Azhikhanov នាយក​ប្រតិបត្តិ​នៃ​ធនាគារ ABA បាន​មាន​ប្រសាសន៍​ថា “«ការ​បង្កើន​ដើម​ទុន​នេះ គឺជា​ឧទាហរណ៍​ជាក់​ស្ដែង​មួយ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​ក្នុង​សេដ្ឋកិច្ច​ជាតិ ដោយសារ​ទំនុក​ចិត្ត​ជា​បន្តបន្ទាប់​របស់​ភាគ​ហ៊ុនិក​យើង មក​លើ​ប្រទេស​កម្ពុជា និង​លើ ABA ផ្ទាល់។ ការ​បន្ថែម​ដើមទុន​នេះ​អាច​ឲ្យ​យើង​បន្ត​ផ្តល់​កម្ចី​ដល់​សហគ្រាស​ធុនតូច និង​មធ្យម រក្សា​ការ​វិនិយោគ​ជា​បន្ដ​បន្ទាប់​លើ​បច្ចេក​វិទ្យា​ទំនើបៗ និង​ផ្តល់​សេវា​កម្ម​ហិរញ្ញ​វត្ថុ​ល្អ​ឯក ខណៈ​ដែល​ខ្លួន​កំពុង​រួម​ចំណែក​ដល់​វឌ្ឍនភាព​សេដ្ឋកិច្ច​របស់​កម្ពុជា»។

ការរួម​វិភាគទាន​ជា​បន្ដ​បន្ទាប់​ទៅ​ក្នុង​សេដ្ឋកិច្ច​ជាតិ

ធនាគារ ABA ក៏​ប្រតិបត្តិ​ខ្លួន​ជា​ពលរដ្ឋ​សាជីវកម្ម​គំរូ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ ដោយ​ទទួល​បាន​វិញ្ញាបនបត្រ​អនុលោមភាព​សារពើពន្ធ​ប្រភេទ «មាស» ពី​អគ្គនាយកដ្ឋាន​ពន្ធដារ (GDT) រយៈពេល​ប្រាំមួយ​ឆ្នាំ​ជាប់ៗ​គ្នា​ចាប់​តាំង​ពី​ឆ្នាំ ២០១៩ មក។

ការ​ទទួល​ស្គាល់​នេះ គូស​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ឥត​ឈប់ឈរ​របស់ ABA ចំពោះ​តម្លាភាព​និង​អភិបាលកិច្ច​ពន្ធសាជីវកម្ម​ល្អ។ ធនាគារ​បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​ទៅ​តាម​បទប្បញ្ញត្តិ​ពន្ធដារ​របស់​កម្ពុជា ដោយ​បង់​ពន្ធ​យ៉ាង​ពេញលេញ និង​មាន​តម្លាភាព ១០០%។ ធនាគារ​ក៏​មាន​កិត្តិយស​ទទួល​បាន​លិខិត​ថ្លែង​អំណរគុណ​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ខែ​ឧសភា ឆ្នាំ២០២២ សម្រាប់​ជា​ការ​ទទួល​ស្គាល់​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំង​នេះ។

គិត​តែ​លើ​ឆ្នាំ ២០២៣ ABA បាន​បង់ពន្ធ​លើ​ប្រាក់​ចំណូល និង ចំណាយ​លើ​ពន្ធ​ផ្សេងៗ​ទៀត ប្រមាណ ៨៥​លាន​ដុល្លារ។ ហើយ​គិត​ត្រឹម ៨​ខែ​ដំបូង​នៃ​ឆ្នាំ ២០២៤ ធនាគារ​បាន​បង់ពន្ធ​ជូន​រដ្ឋ​រួច​រាល់​ប្រមាណ ៨០​លាន​ដុល្លារ។

សរុប​ពី​ឆ្នាំ២០០៩ ដល់​ឆ្នាំ២០២៤ មក ABA បាន​រួម​ចំណែក​បង់ពន្ធ​ជូន​រដ្ឋ​ប្រមាណ ៤៤៦​លាន​ដុល្លារ ដោយ​ថវិកា​ទាំង​នេះ​បាន​រួម​ចំណែក​គាំទ្រ​ដល់​គំនិត​ផ្ដួចផ្ដើម​នានា​របស់​រដ្ឋាភិបាល​ក្នុង​ការ​កសាង​ហេដ្ឋា​រចនា​សម្ពន្ធ សម្រាប់​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ទាំងមូល។

ការ​វិនិយោគ​ជា​យុទ្ធសាស្ដ្រ​លើ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស

កំណើន​គួរ​ឲ្យ​កត់​សម្គាល់​របស់​ធនាគារ ABA ដែល​សម្រេច​បាន​មិនមែន​អាស្រ័យ​លើ​ត្រឹម​ហិរញ្ញ​វត្ថុ​រឹងមាំ និង​នវានុវត្តន៍​ផ្នែកបច្ចេក​វិទ្យា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដោយ​សារ​ការ​ប្តេជ្ញា​ចិត្ត​ឥតងាក​រេ​របស់​ខ្លួន​ក្នុង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ផងដែរ។ ជាមួយការ​បង្កើត​ឱកាស​ការងារ​ជាង ៩,៣00 ធនាគារ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​លើ​ការ​បណ្ដុះ​បណ្ដាល បំពាក់​បំប៉ន​បុគ្គលិក និង​លើក​កម្ពស់​វប្បធម៌​នៃ​ការ​អនុវត្ត​ការងារ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់។

ការ​វិនិយោគ​ជា​បន្តបន្ទាប់​របស់ ABA ក្នុង​ការ​បណ្តុះ​បណ្តាល និង​អភិវឌ្ឍន៍​ជំនាញ​វិជ្ជាជីវៈ​ធានា​ថា បុគ្គលិក​របស់​ខ្លួន​ត្រូវ បាន​បំពាក់​បំប៉ន​ជាមួយ​នឹង​ជំនាញ​យ៉ាង​ច្បាស់លាស់ ដើម្បី​បំពេញ​តម្រូវការ​របស់​អតិថិជន​ដែល​បន្ដ​កើន​ឡើង និង​បញ្ហា​ប្រឈម​នៃ​ទិដ្ឋភាព​ហិរញ្ញ​វត្ថុ​ដែល​កំពុង​ផ្លាស់ប្តូរ​យ៉ាង​ឆាប់​រហ័ស។

តាម​រយៈ​កម្មវិធី​បណ្ដុះ​បណ្ដាល​ភាព​ជា​អ្នកដឹកនាំ សិក្ខា​សាលា​ពង្រឹង​ជំនាញ និង​ឱកាស​នានា​សម្រាប់​វឌ្ឍនភាព​ការងារ ធនាគារ​គាំទ្រ​ការ​អភិវឌ្ឍន៍​ខ្លួន និង​វិជ្ជាជីវៈ​របស់​បុគ្គលិក ដោយ​ពង្រឹង​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការ​ជំរុញ​ការ​ច្នៃប្រឌិត និងផ្តល់​សេវាកម្ម​កម្រិត​ខ្ពស់​បំផុត​ជូន​អតិថិជន។

កម្លាំង​ដ៏​រឹងមាំ គួបផ្សំ​នឹង​បច្ចេក​វិទ្យា​ដ៏​ទំនើប​បាន​ធ្វើឲ្យ ABA រក្សា​តំណែង​ជា​ធនាគារ​នាំ​មុខ​នៅ​លើ​ទីផ្សារ និង​បន្ត​កំណត់​ស្តង់​ដារ​ថ្មីៗ​នៅ​ក្នុង​ឧស្សាហកម្ម​ធនាគារ​របស់​កម្ពុជា។

អំណរគុណ​ចំពោះ​ទំនុកចិត្ត និង​ការ​គាំទ្រ​របស់​អតិថិជន

ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​របស់​ធនាគារ​នៅ​ក្នុង​កំណើន​មូលដ្ឋាន​អតិថិជន ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​ឧត្តមភាព។ បច្ចុប្បន្ន​នេះ ធនាគារ ABA បម្រើ​អតិថិជន​ជាង ៤​លាន​ដោយ​ក្នុង​នោះ ៣.៨​លាន​ជា​អ្នក​ប្រើប្រាស់​កម្មវិធី ABA Mobile។

កំណើន​យ៉ាង​ឆាប់​រហ័ស​នេះ ស​បញ្ជាក់​ឲ្យ​ឃើញ​យ៉ាងច្បាស់​ពី​ជំនឿ​ចិត្ត និង​ទំនុក​ចិត្ត ដែល​អតិថិជន​ខ្មែរ​យើង​មាន​មក​លើ​ធនាគារ។ យើង​ខ្ញុំ​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដល់​អតិថិជន​គ្រប់​រូប​សម្រាប់​ការ​បន្ត​ស្រឡាញ់​គាំទ្រ​ឥត​ងាករេ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួកគាត់​ដែល​បាន​ក្លាយ​ជា​ចលករ​ដ៏​សំខាន់​មួយ​ក្នុង​ការ​ពង្រឹង​ជំហរ​របស់ ABA ក្នុង​នាម​ជា​ធនាគារ​ឌីជីថល​ឈាន​មុខ​គេ​នៅ​ក្នុង​ប្រទេស។

ការ​ពង្រីក​វត្តមាន​ទីផ្សារ និង​ឧត្តម​ភាព​ប្រកួត​ប្រជែង

ជាមួយ​នឹង​ដើម​ទុន​បន្ថែម​នេះ ធនាគារ ABA ត្រៀម​រួចរាល់​ក្នុង​ការ​ពង្រឹង និង​ពង្រីក​ឧត្តមភាព​របស់​ខ្លួន​បន្ថែម​ទៀត​នៅ​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា​ដែល​ពោរពេញ​ដោយ​ការ​ប្រកួត​ប្រជែង។ ធនាគារ​បន្ត​បង្ហាញ​ភាព​ល្អ​ឯក​លេចធ្លោ​របស់​ខ្លួន​ជាមួយនឹង​ផលិតផល​ហិរញ្ញ​វត្ថុ​នវានុវត្ត និង ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ចំពោះ​នវានុវត្តន៍​ឌីជីថល។

ខណៈ​ដែល​ខ្លួន​បន្ត​ពង្រីក​វត្តមាន​និង​សមត្ថភាព​ជា​លំដាប់ ធនាគារ ABA នៅតែ​យក​ចិត្ត​ទុក​ជា​និច្ច​ដាក់​ចំពោះ​បេសកកម្ម​របស់​ខ្លួន​ក្នុង​ការ​លើក​កម្ពស់​សុខុមាលភាព​ហិរញ្ញ​វត្ថុ​របស់​អតិថិជន និង​រួម​ចំណែក​ដល់​វឌ្ឍនភាព​របស់​ប្រទេសជាតិ​ទាំង​មូល។

កំណើន​របស់​ធនាគារ ABA ស្របតាម​យុទ្ធសាស្ត្រ​បញ្ចកោណ​របស់​រដ្ឋាភិបាល​កម្ពុជា ដោយ​គាំទ្រ​ដល់​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព និង​បរិយាបន្ន​របស់​ប្រទេស។ ធនាគារ​ត្រៀម​ខ្លួន​ជានិច្ច​ក្នុង​ការ​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​បាន​កាន់​តែ​ច្រើន ដោយ​ពង្រឹង​តួនាទី​របស់​ខ្លួន​ជា​គ្រឹះស្ថាន​ផ្ដល់​សេវា​ធនាគារ​ជា​ទី​ទុកចិត្ត និង​សុវត្ថិភាព​បំផុត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

ជារួម​មក ខណៈ​ដែល​ខ្លួន​បន្ត​អភិវឌ្ឍ និង​រីក​ចម្រើន​ទៅ​មុខ ធនាគារ ABA ប្ដេជ្ញា​គាំទ្រ​ជានិច្ច​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ដោយ​ធានា​ថា ABA នៅតែ​នាំ​មុខគេ​ក្នុង​វិស័យ​សេវា​ហិរញ្ញ​វត្ថុ​របស់​ប្រទេស​យើង ដោយ​ផ្តល់​នូវ​គុណ​តម្លៃ និង​គុណប្រយោជន៍​ដល់​ភាគហ៊ុនិក អតិថិជន និង​សហគមន៍​ទាំងមូល។