ភ្នំពេញៈ កម្ពុជា​រំពឹង​ថា​ដំណើរ​ទស្សនកិច្ច​របស់​តំណាង​ផ្នែក​ឯកជន​កម្ពុជា​ទៅ​កាន់​សហរដ្ឋ​អាមេរិក​នឹង​ជួយ​ឱ្យ​ទីផ្សារ​នាំ​ចេញ​ទំនិញ​កម្ពុជា ពិសេស​ផលិតផល​កសិកម្ម​ទៅ​ទីផ្សារ​អាមេរិក ​មាន​បរិមាណ​កាន់​តែ​ច្រើន ខណៈ​រយៈ​ពេល ៨​ខែ​ដើម​ឆ្នាំ​២០២៤ ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ មាន​ទឹក​ប្រាក់​សរុប​ជិត ៧​ពាន់​លាន​ដុល្លារ។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សភា​ពាណិជ្ជកម្ម​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឱ្យ​ដឹង​ថា គណៈ​ប្រតិភូ​សភា​ពាណិជ្ជកម្ម​កម្ពុជា ដែល​ដឹកនាំ​ដោយ លោក តាន់ មុនីវណ្ណ អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​ដឹកនាំ​តំណាង​ក្រុមហ៊ុន​នៅ​កម្ពុជា​ជាង ៥០​ ទៅ​បំពេញ​ទស្សនកិច្ច​ធុរកិច្ច​នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក ចាប់ពី​ថ្ងៃ​ទី​១៧-២១ ខែ​កញ្ញា ទៅ​ចូល​រួម​ក្នុង​ជំនួប​ពាណិជ្ជកម្ម​កម្ពុជា​-​អាមេរិក ឆ្នាំ​២០២៤។


យោង​តាម CCC នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ នឹង​មាន​កម្ម​វិធី​ជំនួប​ពាណិជ្ជកម្ម​កម្ពុជា-​អាមេរិក, ការ​ធ្វើ​បទ​បង្ហាញ​ស្តីពី​និន្នាការ​ទីផ្សារ អនុលោមភាព​បទ​ប្បញ្ញត្តិ និង​ប្រព័ន្ធ​ភស្តុភារ ដែល​ជា​ព័ត៌មាន​គន្លឹះ​សម្រាប់​ធុរជន​កម្ពុជា ក្នុង​ការ​នាំ​ផលិតផល​ចូល​ក្នុង​ទីផ្សារ​អាមេរិក។ ផលិតផល​សំខាន់​ៗ ដែល​កម្ពុជា​យក​ទៅ​ចូល​រួម​ក្នុង​កម្មវិធី​ជំនួប​ពាណិជ្ជកម្ម​នេះ មាន​ដូច​ជា អង្ករ ម្រេច គ្រាប់ស្វាយចន្ទី ដំណាប់​ផ្លែឈើ ខ្ញី ដំឡូងជ្វា ត្រីងៀត ទឹកត្រី អំបិល និង ផលិតផល​បង្កក​(ទុរេន និងមៀន) ជា​ដើម​។

ទន្ទឹម​នឹង​នេះ គណៈ​ប្រតិភូ​សភា​ពាណិជ្ជកម្ម​កម្ពុជា ក៏​នឹង​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ផ្សារទំនើប និង​ក្រុមហ៊ុន​ចែកចាយ​ផលិតផល​នៅ​ទីផ្សារ​អាមេរិក​ដើម្បី​ស្វែង​យល់​ពី​តម្រូវការ​ទីផ្សារ និង​ខ្សែច្រវាក់​ផ្គត់ផ្គង់។ នេះ​បើ​តាម CCC។


អគ្គ​នាយក​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក ងួន ម៉េងតិច កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​សហរដ្ឋ​អាមេរិក ថា សភា​ពាណិជ្ជកម្ម​កម្ពុជា​ធ្លាប់​បាន​ធ្វើ​កម្មវិធី​បែប​នេះ​ជា​ច្រើន​ដង​ហើយ​ចាប់​តាំង​ពី​ឆ្នាំ​២០១១ ដោយ​ក្នុង​ជំនួប​ម្តងៗ​តែងតែ​មាន​ការ​ពិភាក្សា​គ្នា​ដើម្បី​ធ្វើ​យ៉ាង​ណា​ជំរុញ​ការ​នាំ​ចេញ​ទំនិញ​កម្ពុជា​ ពិសេស​ផលិតផល​កសិកម្ម​ទៅ​ទីផ្សារ​អាមេរិក ឱ្យ​បាន​កាន់​តែ​ច្រើន​។

លោក​ថ្លែង​ថា៖​«​យើង​រំពឹង​ថា​ជំនួប​នេះ នឹង​ផ្តល់​ផល​វិជ្ជមាន​សម្រាប់​ការ​នាំ​ចេញ​ផលិតផល​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អាមេរិក ខណៈទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​»។

ទិន្នន័យ​ដែល​កត់​ត្រា​ដោយ​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE)​ ឱ្យ​ដឹង​ថា ចន្លោះ​ពី​ខែ​មករា​-​សីហា ឆ្នាំ​២០២៤ ការ​នាំ​ចេញ​-​នាំចូល​ទំនិញ​រវាង​កម្ពុជា​-​អាមេរិក មាន​ទឹក​ប្រាក់​សរុប ៦,៩២​ពាន់​លាន​ដុល្លារ កើន​ឡើង ១០,៤​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៣ ដែល​មាន ៦,២៧​ ពាន់​លាន​ដុល្លារ​។

ក្នុង​ចំនួន​ខាង​លើ គឺ​ការ​នាំ​ចេញ​របស់​កម្ពុជា​មាន​ចំនួន ៦,៧៥​ ពាន់​លាន​ដុល្លារ កើន ១០,៤ ភាគរយ ចំណែក​ទំនិញ​អាមេរិក​នាំ​មក​កម្ពុជា ១៧៣,៧៩ ​លាន​ដុល្លារ កើន ៨,៣​ ភាគរយ​។​ អាមេរិក គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​ ២ របស់​កម្ពុជា បន្ទាប់​ពី​ប្រទេស​ចិន​។​ ​សម្រាប់​រយៈពេល​ខាង​លើ គឺ​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា​មាន​ឧត្តមភាព ៦,៥៧​ ពាន់​លាន​ដុល្លារ​។​

ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន ពេជ្រចិន្តា ហ្វ្រ៊ូត​ប្រូដាក់សិន ភីអែហ្វភី លោក ភត់ សុផាន់បូរី ដែល​ជា​ក្រុមហ៊ុន​កែច្នៃ និង​នាំ​ចេញ​ផលិត​ផល​កសិកម្ម​មួយ​ចំនួន​ដូចជា ផ្លែមៀន​ទៅ​ទីផ្សារ​អន្តរជាតិ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជា​ការ​ល្អ​ណាស់​ប្រសិន​បើ​កម្ពុជា​អាច​នាំ​ចេញ​ផ្លែ​ឈើ​ស្រស់ និង​បង្កក​ទៅកាលក់​នៅ​ទីផ្សារ​អាមេរិក។ បញ្ហា​ចោត​សម្រាប់​ការ​នាំ​ចេញ​កសិផល ពិសេស​ផ្លែឈើ​ទៅ​អាមេរិក គឺ​ចម្ងាយ​ផ្លូវ​រវាង​ប្រទេស​ទាំង ២ ដែល​ធ្វើ​ឱ្យ​ការ​ដឹក​ជញ្ជូន​ត្រូវ​ប្រើ​ពេល​យូរ​(ការ​ដឹក​ជញ្ជូន​តាម​កប៉ាល់​)។

លោក​និយាយ​ថា៖​«កន្លង​មក​យើង​ដឹង​ថា​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ចង់​បាន​ផលិត​ផល​កម្ពុជា​(ផ្លែមៀន និង​ធុរ៉េន) ទៅ​ប្រទេស​អាមេរិក និង​កាណាដា ប៉ុន្តែ​បើ​តាម​ដឹង គឺ​ការ​នាំ​ចេញ​ជា​ផ្លូវការ​មក​ដល់​ពេល​នេះ​គឺ​មិន​ទាន់​ទេ»។

ទន្ទឹម​នឹង​ការ​លើក​ឡើង​ខាង​លើ លោក សុផាន់បូរី ក៏​បាន​ជំរុញ​ឱ្យ​ម្ចាស់​កសិដ្ឋាន​ដាំដុះ​ដំណាំ​ហូប​ផ្លែ​ទាំង​អស់ ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ជ្រើស​រើស​ពូជ ​វិធីសាស្រ្ត​ក្នុង​ការ​ដាំដុះ ថែទាំ ប្រមូល​ផល និង​ការ​វេចខ្ចប់ ដើម្បី​ឱ្យ​មាន​គុណភាព​ល្អ ស្រប​តាម​ការ​ចង់​បាន​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ​ផងដែរ៕​