ភ្នំពេញៈ ភ្ញៀវ​ទេសចរ​ជនជាតិ​ថៃ និង​វៀតណាម សរុប​ជិត ២ លាន​នាក់​ បាន​ធ្វើ​ដំណើរ​មក​កម្ពុជា​នា​រយៈ​ពេល ៧​ ខែ ដើម​ឆ្នាំ ២០២៤ កើន​ឡើង​ជាង ២០​ភាគ​រយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០២៣ ខណៈ​ចំនួន​នេះ​គឺ​ស្មើ​នឹង​ជាង​ពាក់​កណ្តាល​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​សរុប។

ទិន្នន័យ​ក្រសួង​ទេសចរណ៍ ​បង្ហាញ​ថា ចន្លោះ​ពី​ខែ​មករា ដល់​ខែ​កក្កដា ឆ្នាំ ​២០២៤ កម្ពុជា​ទទួល​បាន​ភ្ញៀវ​បរទេស​សរុប ៣ ៧៤២ ២៣០ ​នាក់ កើន​ឡើង ២៣,២​ ភាគ​រយ​​ធៀបនឹង​​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​ ២០២៣ ដែល​មាន​ចំនួន ៣ ០៣៧ ៣៤៤នាក់​។​


ក្នុង​ចំណោម​ភ្ញៀវ​ខាង​លើ គឺ​ភ្ញៀវ​មក​ពី​ប្រទេស​ថៃ និង​វៀតណាម បាន​គ្រប​ដណ្តប់ ៥០,៩ ​ភាគ​រយ​នៃ​ចំនួន​ភ្ញៀវ​សរុប ដោយ​ជនជាតិ​ថៃ មាន​ចំនួន​ ១ ១៤៧ ៥៣៤​ នាក់(កើន ១១,៦​ ភាគ​រយ) ស្មើ​ ៣០,៧​ ភាគរយ​នៃ​ចំនួន​ភ្ញៀវ​បរទេស​សរុប, និង​វៀតណាម ៧៥៧ ៤៣៧​ នាក់​(កើន​ ៣៧,៤​ ភាគរយ) ស្មើនឹង​ ២០,២ ​ភាគរយ។

ក្រសួង​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ជនជាតិ​ថៃ និង​វៀតណាម គឺ​ជនជាតិ​ចិន មាន​ចំនួន ៤៦៣ ៩៨០​ នាក់​ ស្មើនឹង​ ១២,៤ ​ភាគ​រយ, ឡាវ ២២៤ ៨៧១ ​នាក់ ស្មើ ៦​ ភាគ​រយ, អាមេរិក ១២៩ ៥១៧​ នាក់ ​ស្មើ ៣,៥​ ភាគ​រយ។ ក្រៅពី​នោះ​មាន​ដូច​ជា កូរ៉េ  ឥណ្ឌូនេស៊ី, បារាំង ចក្រភព​អង់គ្លេស និង​ប្រទេស​ជប៉ុន។ល។


ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ លោក ខៀវ ធី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា​ថា បើ​និយាយ​ពីចំនួន​ភ្ញៀវ​ទេសចរ​ជនជាតិ​ថៃ និង​វៀតណាម ចូល​មក​ដើរ​កម្សាន្ត​​តាម​ប្រាសាទ​បុរាណ​ក្នុង​ខេត្តសៀមរាប គឺ​មិន​មាន​ចំនួន​ច្រើន​ដូច​ភ្ញៀវ​មក​ពីតំបន់​អាមេរិក និង​តំបន់​អ៊ឺរ៉ុប ឡើយ។

លោក​បន្ត​ថា ​តួលេខ​ច្រើន​នៃ​ចំនួន​ភ្ញៀវ​ថៃ និង​វៀតណាម គឺ​អាច​បាន​មក​ពី​ការ​ចូល​មក​ធ្វើ​​ពាណិជ្ជកម្ម​បន្តិច​បន្តួច​នៅ​តាម​ព្រំដែន ឬ​ចូល​មក​កម្សាន្ត​​តាម​ព្រំដែន​(កាស៊ីណូ)។

លោក​ប្រាប់​ទៀត ​ថាចំនួន​ភ្ញៀវ​​បរទេស​ដែល​បាន​ធ្វើ​ដំណើរ​មក​កម្ពុជា​ពិត​ជា​កើន​ឡើង​ជា​បន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​ប្រមាណ ២ ​ឆ្នាំចុង​ក្រោយ​នេះ គឺ​បន្ទាប់​ពី​ធ្លាក់​ចុះ​ស្ទើរ​ដល់​សូន្យ​អំឡុង​ពេល​នៃ​ការ​រីករាល​ដាល​ខ្លាំង​ជំងឺ​កូវីដ​១៩។

លោក​ថ្លែង​ថា៖​«​ភ្ញៀវ​ទេសចរ​បរទេស​បាន​កើន​ឡើង​ ប៉ុន្តែ​មិន​ទាន់​មាន​ចំនួន​ច្រើន​ប្រហាក់​ប្រហែល​នឹង​មុន​ឆ្នាំ​២០២០ ឡើយ​។ ស្ថានភាព​ចំនួន​ភ្ញៀវ​ទេសចរ គឺ​ជាប់​ទាក់​ទង​នឹង​ស្ថាន​ភាព​សេដ្ឋកិច្ច​ និង​នយោបាយ​ពិភពលោក»។

យោង​តាម​គ្រឹះស្ថាន​អង្គរ ដែល​ជា​ស្ថាប័ន​ទទួល​បន្ទុក​លើការ​លក់​សំបុត្រ​ឱ្យ​ភ្ញៀវ​បរទេស ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ គឺ​ក្នុង​រយៈ​ពេល ​៧ ខែ​ ដើមឆ្នាំ​២០២៤ មាន​ភ្ញៀវ​បរទេស​ចំនួន ៥៨៤ ៣៧៥ ​នាក់​ បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដោយ​ប្រាក់​បាន​ពី​ការ​លក់​សំបុត្រ​មាន​ចំនួន ២៧,១៨លាន​ដុល្លារ កើន​ឡើង​ ៣៣​ ភាគ​រយ​ និង ៣៣,៧៦ ភាគ​រយ​ ព្រម​គ្នា​បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២៣។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATA) លោក ធួន ស៊ីណាន ធ្លាប់​អះអាង​ថា ការ​ផ្លាស់​ប្តូរ​របៀប​កត់ត្រា បាន​ធ្វើ​ឱ្យ​ចំនួន​ភ្ញៀវ​មក​ពី​ប្រទេស​ជាប់​ព្រំដែនទាំង ២​ (ថៃ និង​វៀតណាម) កើនឡើង​យ៉ាង​ច្រើន ខុស​ពី​ពេល​មុន​ដែល​គេ​កត់​តែ​ភ្ញៀវ​ដែល​មាន​គោល​បំណង​ចូល​មក​ដើរ​លេង​កម្សាន្ត។ 

លោក​បន្ត​ថា បើតាម​លោក​ដឹង ពេលនេះ​គេ​កត់​ទាំង​អស់​ឱ្យ​តែ​ភ្ញៀវ​បរទេស​ឆ្លង​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា ទោះ​ពួក​គេ​មក​លេង​ល្បែង​តាម​ទីតាំង​ជាប់​ព្រំដែន​ក៏ដោយ។

យ៉ាង​ណា​លោក ស៊ីណាន នៅ​តែ​បង្ហាញ​ការ​ស្វាគមន៍​ចំពោះ​តួលេខ​នៃ​កំណើន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចូល​ម​ក​កម្ពុជា។

ក្នុង​ឆ្នាំ​ ២០២៣ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ចំនួន ៥,៤៥ ​លាន​នាក់ កើនឡើង ១៣៩,៥​ ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២២ ចំណែក​ប្រាក់​ដែល​រកបាន​ពី​វិស័យ​ទេសចរណ៍​បរទេស ក្នុង​ឆ្នាំ​ ២០២៣ គឺមាន​ប្រមាណ ៣,០៤​ ពាន់​លាន​ដុល្លារ កើន​ឡើង ១១៥​ ភាគរយ​ពី​ចំនួន ១,៤១​ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០២២​។ នេះ​បើតាម​ក្រសួង​ទេសចរណ៍៕