កម្ពុជា-អាមេរិក បានសហការគ្នា រៀបចំជាលើកដំបូងនូវកិច្ចសន្ទនារវាងរដ្ឋ និងឯកជន (Cambodia-U.S. Public-Private Sector Dialogue) ក្នុងន័យដើម្បីថែទាំវិនិយោគិនអាមេរិកដែលមានស្រាប់នៅកម្ពុជា និងជាការទាក់ទាញសម្រាប់វិនិយោគិនថ្មីៗដែលមានបំណងចង់មកបណ្ដាក់ទុននៅកម្ពុជា។
បណ្តាញសង្គមផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ឱ្យដឹងថា ដើម្បីថែរក្សា និងទាក់ទាញវិនិយោគិនអាមេរិកឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល និងលោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានដឹកនាំកិច្ចសន្ទនារវាងរដ្ឋ និងឯកជនកម្ពុជា-អាមេរិក(Cambodia-U.S. Public-Private Sector Dialogue) លើកទី១ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham Cambodia), ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ABC), ផ្នែកឯកជន និងមន្ត្រីជំនាញជាច្រើនរូប។
យោងតាម CDC កិច្ចសន្ទនារវាងរដ្ឋ និងឯកជនកម្ពុជា-អាមេរិក លើកទី ១ នេះបានក្លាយជារបៀបវារៈថ្មី នៃកិច្ចសន្ទនាផ្លូវការដើម្បីស្ដាប់ និងពិភាក្សាដោះស្រាយរាល់កង្វល់នានារបស់វិនិយោគិនអាមេរិក អនុវត្តក្រោមស្មារតីសហការ និងឯកភាពរួមគ្នារវាងប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំង ២។
CDC ឱ្យដឹងទៀតថា យន្តការថែទាំវិនិយោគិន ដែលរៀបចំឡើងនាពេលនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងជំនឿចិត្តរបស់តួអង្គពាក់ព័ន្ធ រួមមានវិស័យឯកជនទាំងមានស្រាប់ និងវិនិយោគិនថ្មីៗ តាមរយៈការបង្កើនប្រសិទ្ធភាពយន្តការសន្ទនារវាងរដ្ឋ និងឯកជន ទាំងក្នុងកម្រិតគោលនយោបាយ និងបច្ចេកទេស ដើម្បីជំរុញការពិភាក្សាស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ដោយអនុវត្តស្របតាមកម្មវីធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីសង្គម-សេដ្ឋកិច្ចកម្ពុជា។
ក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល បានសម្តែងការស្វាគមន៍ និងបានអំពាវនាវឱ្យផ្នែកឯកជនអាមេរិក តាមរយៈស្ថានទូត និងសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក ឱ្យលើកឡើងអំពីបញ្ហាប្រឈមរបស់ខ្លួន ដើម្បីធានាស្វែងរកដំណោះស្រាយសមស្របពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ជាមួយគ្នានេះលោកក៏រំពឹងថា នឹងទទួលបានសញ្ញាណល្អពីវិនិយោគិនអាមេរិក ក្នុងអំឡុងបេសកកម្មគោះទ្វារវិនិយោគិននៅសហរដ្ឋអាមេរិកប្រមាណ ២ សប្ដាហ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងខែកញ្ញា ឆ្នាំ ២០២៤ នេះ។
ជាការឆ្លើយតប លោកស្រី Bridgette L. Walker បានបង្ហាញភាពរីករាយដែលបានសហការរៀបចំកិច្ចសន្ទនារវាងរដ្ឋ និងឯកជន លើកទី ១ នេះ ដែលអាចរួមគ្នាពិនិត្យពិភាក្សាលើបរិយាកាសវិនិយោគនៅកម្ពុជា។ លោកស្រីក៏បានសន្យានឹងបន្តខិតខំធ្វើការរួមគ្នា ដើម្បីពង្រីកពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំង ២។ ក្នុងក្របខណ្ឌការវិនិយោគ សហរដ្ឋអាមេរិកបានមើលឃើញអំពីការចូលរួមរបស់ក្រុមហ៊ុនឯកជនអាមេរិក ដែលបានវិនិយោគបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា ហើយលោកស្រីជឿថា វត្តមាន និងប្រតិបត្តិការក្រុមហ៊ុនរបស់អាមេរិកកាន់តែច្រើន នឹងចូលរួមបានកាន់តែប្រសើរក្នុងការជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
ទន្ទឹមនឹងជំនួបខាងលើ តំណាងសភាពាណិជ្ជកម្មកម្ពុជា រួមជាមួយតំណាងក្រុមហ៊ុនឯកជនកម្ពុជាជាង ៥០ ក៏កំពុងធ្វើទស្សនកិច្ចនៅអាមេរិក ដើម្បីចូលរួមក្នុងពិធី «ជំនួបពាណិជ្ជកម្មអាមេរិក-កម្ពុជា ឆ្នាំ ២០២៤ (US-Cambodia Business Matchmaking Summit) ដែលប្រព្រឹត្តទៅនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ផងដែរ។ គោលបំណងចម្បងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីស្វែងរកទីផ្សារលក់ផលិតផលកម្ពុជាទៅទីផ្សារអាមេរិក ពិសេសផលិតផលកសិកម្ម៕