កម្ពុជា​កំពុង​ខិតខំ​ពង្រីក​សក្តានុពល​លើ​ការ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ជប៉ុន​តាម​រយៈ​ការ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​អន្ដរជាតិ​ជប៉ុន “Tourism Expo Japan 2024” ដែល​កំពុង​ប្រព្រឹត្ត​ធ្វើ​នៅ​ក្នុង​ទីក្រុងតូក្យូ ខណៈ​ចំនួន​ភ្ញៀវ​ទេសចរ​ជន​ជាតិ​ជប៉ុន​ដែល​ធ្វើ​ដំណើរ​មក​កម្ពុជា​ក្នុង​រយៈ​ពេល​ ៧​ខែ ដើម​ឆ្នាំ​២០២៤ មាន​ប្រមាណ​ជាង ៦ ម៉ឺន​នាក់។

បណ្តាញ​សង្គម​ «Facebook» ​ផ្លូវការ​ក្រសួង​ទេសចរណ៍ បាន​លើក​ឡើង​ថា ស្រប​តាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្រ្ត​បញ្ចកោណ​ដំណាក់​កាល​ទី ១ របស់​រាជ​រដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា និង​ជំរុញ​ការ​ផ្សព្វផ្សាយ​យុទ្ធនាការ​“ឆ្នាំ​ទស្សនា​សៀមរាប ២០២៤” ប្រតិភូ​ក្រសួងទេសចរណ៍កម្ពុជា ដឹកនាំដោយ​លោកស្រី  ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួង​ទេសចរណ៍ រួម​ជាមួយ​ក្រុមហ៊ុន​ឯកជន​កម្ពុជា មួយ​ចំនួន បាន​នឹង​កំពុង​ចូល​រួម​ពិព័រណ៍​ទេសចរណ៍​អន្ដរជាតិ​ជប៉ុន “Tourism Expo Japan 2024” ចាប់​ពីថ្ងៃ​ទី ២៦-​២៩ ខែ​កញ្ញា ឆ្នាំ​២០២៤ នៅ​ទីក្រុងតូក្យូ ប្រទេស​ជប៉ុន។


បើ​តាម​ក្រសួង​ទេសចរណ៍ ព្រឹត្តិការណ៍“Tourism Expo Japan 2024 នឹង​មាន​ការ​ចូលរួម​ពី​អ្នក​សារ​ព័ត៌មាន ក្រុមហ៊ុន​អន្តរជាតិ និង​ស្ថាប័ន​នានា មក​ពី​ជាង ៨០ ប្រទេស ក្នុង​តំបន់ និង​ពិភពលោក ដោយ​រំពឹង​ថា ពិព័រណ៍​រយៈពេល ៤ ថ្ងៃ​នេះ​នឹង​មាន​អ្នក​ទស្សនាសរុប​ចំនួន ១៨ម៉ឺន​នាក់​។

ក្រសួង​បញ្ជាក់​ថា៖​«​តាម​រយៈ​ការ​ចូលរួម​ពិព័រណ៍ “Tourism Expo Japan 2024” ក្រសួង​ទេសចរណ៍​រំពឹង​ថា កម្ពុជា​នឹង​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរ និង​វិនិយោគិន​ជប៉ុន ឱ្យ​មក​ទស្សនា និង​វិនិយោគ​នៅ​ប្រទេស​កម្ពុជា“​កម្ពុជា៖ ព្រះរាជាណាចក្រ​អច្ឆរិយៈ សុវត្ថិភាព និង​ផ្ដល់​ភាព​កក់ក្តៅ” កាន់​តែ​ច្រើន​ថែម​ទៀត»។


ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​បាស៊ីហ្វិក ​(PATA) លោក ធួន ស៊ីណាន Thuorn Sinan, president of the Pacific Asia Travel Association (PATA)​ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី២៧ ខែ​កញ្ញា​ថា ភ្ញៀវ​ទេសចរ​ជន​ជាតិ​​ជប៉ុន ជាទូទៅ​ការ​ចេញ​ទៅ​មក​ដើរ​លេង​នៅ​ប្រទេស​ណា​មួយ គឺ​គេ​និយម​ប្រើប្រាស់​សេវា​កម្ម​របស់​ក្រុមហ៊ុន​ជប៉ុន​ដូច្នេះ​ការ​ផ្សព្វផ្សាយ​ដោយ​ផ្ទាល់​នៅ​ប្រទេស​ជប៉ុន និង​ការ​ស្វែង​រកដៃគូ​ក្រមហ៊ុន​ជប៉ុន​ឱ្យ​ជួយ​សហការ គឺ​ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​ជួយ​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា។ លោក​បន្ថែមថា សម្រាប់​ការ​ចំណាយ គឺ​ការ​ចំណាយ​របស់​ភ្ញៀវ​ជប៉ុន មិន​មាន​អ្វី​ខុស​ប្លែក​ពី​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន ឬ​កូរ៉េ​ឡើយ។

លោក​អះអាង​ថា៖​«​ការ​ទៅ​ចូល​រួម​ដោយផ្ទាល់​ដើម្បី​ឲ្យ​គេ​ស្គាល់​អំពី​សក្តានុពល​វិស័យ​ទេសចរណ៍​កម្ពុជា គឺ​ពិត​ជា​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​ជួយ​លើក​កម្ពស់​វិស័យ​នេះ​ឲ្យ​ងើប​ឡើ​ងវិញ បន្ទាប់​ពី​វិបត្តិ​ជាង ៤ ឆ្នាំ​ដោយ​សារ​កូវីដ១៩»។​

ចំណែក​​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​​ទេសចរ​អង្គរ លោក ខៀវ ធី បាន​និយាយ​ថា ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត​បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។ ប្រសិន​បើ​ជើងហោះហើរត្រង់​បើកឡើងវិញ វា​ជាការ​ល្អ​ណាស់​។​​​

ស្រប​ពេល​ជា​មួយ​គ្នា​នេះ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏​បាន​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន China-ASEAN EXPO Tourism Exhibition លើកទី១០ នៅទីក្រុង Guilin តំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ផងដែរ។

យោងតាម​​​ក្រសួង​ទេសចរណ៍ ក្នុង​រយៈ​ពេល ៧ ខែ​ដើម​ឆ្នាំ​ ២០២៤ កម្ពុជា​ទទួល​បានភ្ញៀវទេសចរអន្តរ​ជាតិ​សរុប ៣ ៧៤២ ២៣០ ​នាក់ កើន​ឡើង ២៣,២​ ភាគ​រយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​ ២០២៣ ដែល​មាន​ចំនួន ៣ ០៣៧ ៣៤៤នាក់។ ក្នុង​នោះ​ភ្ញៀវទេសចរជនជាតិ​ជប៉ុន មាន​ចំនួន ៦២ ៤៩៧​នាក់ កើនឡើង ៤៨,៩​ភាគ​រយ​ធៀបរយៈ​ពេល ៧​ខែ​ ឆ្នាំ​២០២៣។

ក្នុង​អំឡុង​ឆ្នាំ​ ២០១៩ ដែល​ជា​ពេល​ប្រទេស​​កម្ពុជា​​​ទទួលបាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ច្រើន​ជាប់​កំណត់​ត្រា ៦,៦១ ​លាន​នាក់ គឺ​ជន​ជាតិ​ជប៉ុន មាន​ចំនួន ២០៧ ៦៣៦នាក់ ស្មើនឹង ៣,១​ភាគ​រយ​នៃចំនួន​ភ្ញៀវបរទេស​សរុប​៕