ភ្នំពេញៈ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរទទួលបានអ្នកដំណើរប្រមាណ៩០ម៉ឺននាក់ ក្រោយបានបើកដំណើរការរយៈពេលប្រមាណ១ឆ្នាំ ហើយរំពឹងថានឹងទទួលបានអ្នកដំណើរកើនឡើងដល់ ១,៥លាននាក់នៅដំណាច់ឆ្នាំ២០២៤នេះ។
អាកាសយានដ្ឋានថ្មីនេះបានស្វាគមន៍ការហោះហើរលើកដំបូងរបស់ខ្លួនកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ខណៈពិធីសម្ពោធជាផ្លូវការត្រូវបានធ្វើឡើង ១ខែក្រោយមក ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាមួយនឹងវត្តមានអ្នកការទូតចិនផងដែរ។
លោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Angkor International Airport Investment (AIAI) ថ្លែងថា៖ «ចាប់តាំងពីការបើកដំណើរការ មកទល់ពេលនេះ អាកាសយានដ្ឋាននេះបានទទួលអ្នកដំណើរប្រមាណ៩០ម៉ឺននាក់ ហើយរំពឹងថារហូតដល់ខែតុលា នឹងមានអ្នកដំណើរប្រមាណ ១,៣លាននាក់ ហើយនឹងកើនដល់ ១,៥លាននាក់ នៅដំណាច់ឆ្នាំ២០២៤នេះ»។
លោកថ្លែងដូច្នេះក្នុងជំនួបជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាថ្ងៃទី៤ កញ្ញា នៅទីស្ដីការ CDC។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន CDC នាថ្ងៃដដែលនេះ។
ក្នុងជំនួបនេះ លោក ជា វុទ្ធី ថ្លែងថា ការបើកដំណើរការអាកាសយានដ្ឋាននេះបានចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបានជំរុញទាក់ទាញទេសចរបរទេសមកទស្សនាកម្ពុជា ពិសេស ខេត្តសៀមរាប។
ក្នុងជំនួបជាមួយលោក ជា វុទ្ធី កាលពីខែឧសភា តំណាងក្រុមហ៊ុន AIAI បានស្វែងរកការគាំទ្រ ដល់គម្រោងវិនិយោគអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចនៅជិតអាកាសយានដ្ឋាននេះ ដែលបឋម គ្រោងវិនិយោគលើថាមពលកកើតឡើងវិញដើរដោយពន្លឺព្រះអាទិត្យ, ទេសចរណ៍ និងកសិកម្ម។
ដោយឡែក ក្នុងជំនួបថ្ងៃទី៤ កញ្ញា នេះ លោក Lu Wei បានលើកឡើងពីគម្រោងសិក្សាបឋមក្នុងការអភិវឌ្ឍតំបន់ថាមពលពិសេស ដោយបានសហការជាមួយក្រុមហ៊ុន China YNPD ដែលជាក្រុមហ៊ុនចិនបង្កើតឡើងតាំងពីឆ្នាំ១៩៥៨ និងមានជំនាញផ្នែកថាមពលអគ្គិសនី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដដែល។
ប្រភពដដែលបន្តថា គម្រោងតំបន់ថាមពលពិសេសនេះនឹងមានរៀបចំផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ, ជីវម៉ាស(Biomass), ថាមពលដើរដោយខ្យល់ (Wind Power) និងប្រព័ន្ធផ្ទុកថាមពល (Energy Storage) ផងដែរ។
លោក ជា វុទ្ធី បានស្វាគមន៍គម្រោងវិនិយោគរបស់ក្រុមហ៊ុននេះ និងបានស្នើឱ្យក្រុមហ៊ុននេះធ្វើការពិភាក្សាលម្អិតជាមួយក្រសួងរ៉ែ និងថាមពល ជាមុនសិន មុននឹងដាក់ពាក្យស្នើសុំវិនិយោគនៅCDC។
ក្រសួងទេសចរណ៍បានប្រកាសនៅថ្ងៃទី៥ កញ្ញា នេះថា ក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា កម្ពុជាមានទេសចរជាតិប្រមាណ ២៨២ ៣០០នាក់ និងទេសចរបរទេសប្រមាណ ៤៤ ៦០០នាក់។
ក្រសួងបញ្ជាក់ក្នុងបណ្ដាញសង្គមថា ក្នុងរយៈពេល១សប្ដាហ៍នេះ ជើងហោះហើរអន្តរជាតិចូលមកកាន់ប្រទេសកម្ពុជាសរុបចំនួន៤៥០ ជើងហោះហើរ។ ក្នុងនោះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន ៣៤០ ជើងហោះហើរ, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានចំនួន ១០០ ជើងហោះហើរ, និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុមានចំនួន ១០ ជើងហោះហើរ៕