ភ្នំពេញៈ រោងចក្រផលិតសំបកកង់យានយន្តតម្លៃប្រមាណ ១៤០លានដុល្លារអាមេរិករបស់ក្រុមហ៊ុន Newbustar (Cambodia) Tire Co., Ltd. ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយនាថ្ងៃសុក្រ ថ្ងៃទី៦ ខែកញ្ញានេះ ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ក្នុងខេត្តក្រចេះ។
អគ្គលេខាធិការគណៈកម្មការ វិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកជា វុទ្ធីបានថ្លែងពេលធ្វើជាអធិបតីក្នុងពិធីសម្ពោធនោះថា ការសម្រេចបណ្តាក់ទុនវិនិយោគ រហូតដល់ទៅប្រមាណ ១៤០លានដុល្លារអាមេរិក ក្រុមហ៊ុន Newbustar Group នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ក្នុងខេត្តក្រចេះនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ។
លោកមានប្រសាសន៍ថា ការបោះទុនវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់នេះ«សំដៅចូលរួមចំណែកក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការចូលរួមជំរុញ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្នុងឱកាសនោះ លោកអគ្គលេខាធិការបានក៏លើកឡើងនូវគំនិតផ្តួចផ្តើម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ អតីតនាយករដ្ឋមន្រ្តី លោកហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងការបង្កើតឱ្យមានកម្មវិធីអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា តាំងពីឆ្នាំ២០០៦។ ការបង្កើតឱ្យមានកម្មវិធីអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស គឺដើម្បីធ្វើ ពិពិធកម្មឧស្សាហកម្មកម្ពុជា ដែលពេលនោះពឹងផ្អែកលើខុស្សាហកម្មអតិពលកម្ម ភាគច្រើនផ្តោតលើវិស័យ កាត់ដេរសម្លៀកបំពាក់និងស្បែកជើង សំដៅចាប់យកឧស្សាហកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ និងប្រើប្រាស់បច្ចេក វិទ្យាទំនើប។
លោកថ្លែងដូច្នេះថា៖«បច្ចុប្បន្ននៅក្នុងកម្ពុជា តំបន់សេដ្ឋកិច្ចពិសេស ដែលកំពុងដំណើរការមានចំនួន ២៦តំបន់ ដោយបានស្រូប យកគម្រោងវិនិយោគប្រមាណ ៧៧៥គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ១០ពាន់លានដុល្លារអាមេរិក និង បានផ្តល់ការងារជូនបងប្អូនកម្មករនិយោជិតប្រមាណ ១៨ម៉ឺនកន្លែង»។
លើសពីនោះ តំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល នេះ បានស្រូបយកគម្រោងវិនិយោគលើវិស័យគួរឱ្យកត់សម្គាល់ ដូចជា ការផលិតសម្ភារៈអគ្គិសនី ផ្តុំដំឡើងបន្ទះសូឡា និងការផលិតសំបកកង់យានយន្ត ដែលជាឧស្សាហកម្មមួយថ្មីមានតម្លៃបន្ថែមខ្ពស់ និង ប្រើប្រាស់បច្ចេកវិទ្យាទំនើប។
តាមកំណត់ត្រា របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគផលិតសំបក កង់យានយន្ត មានចំនួន៥ ត្រូវបានចុះបញ្ជីវិនិយោគក្នុងទីតាំងតំបន់សេដ្ឋកិច្ចពិសេស។
ក្រុមហ៊ុន Newbustar (Cambodia) Tire Co., Ltd បាន បើកការដ្ឋានសាងសង់រោងចក្រផលិតសម្បកកង់រថយន្តរបស់ខ្លួនកាលពីខែឧសភា ឆ្នាំ២០២៣ ដែលមានសមត្ថភាពអាចផលិតបានរហូតដល់៨,៥ លានសម្បកកង់ក្នុង១ឆ្នាំ។
ក្រុមហ៊ុននេះ គឺជាបុត្រសម្ព័ន្ធក្រុមហ៊ុនផលិតសម្បកកង់រថយន្តដ៏ធំមួយរបស់ប្រទេសចិន Doublestar Group ដែលជាក្រុមហ៊ុនរដ្ឋចុះបញ្ជី លើផ្សារភាគហ៊ុននៅខេត្តសានទុង៕