ក្រុមហ៊ុនផលិតសំបកកង់រថយន្តចំនួនពីរទីតាំងផ្សេងគ្នា មានទុនវិនិយោគសរុប ៦៨៦លានដុល្លារ ទទួលបានការអនុម័តយល់ព្រមឲ្យបង្កើតឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងខែសីហាកន្លងទៅ ដែលអាចបង្កើតការងារបាន ៣,៤៥៩ កន្លែង។
គម្រោងទាំងពីរនេះគឺស្ថិតនៅក្នុងចំណោមគម្រោងសរុបចំនួន ៥៣ ដែលមានទុនវិនិយោគសរុបជាង ១,២ ពាន់លានដុល្លារដែលត្រូវបានអនុម័តនៅក្នុងខែសីហា ដែលក្នុងនោះ ៤៦គម្រោងជាការវិនិយោគថ្មីសុទ្ធសាធ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញានេះ។
គម្រោងមួយក្នុងចំណោមគម្រោងរោងចក្រផលិតសំបកកង់រថយន្ត មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អី ស្នួល នៅស្រុកស្នួល ខេត្តក្រចេះ ដែលមានទុនវិនិយោគ ៤៣០លានដុល្លារ និងអាចបង្កើតការងារបានចំនួន១៩៥៩កន្លែង។
ចំណែកគម្រោងមួយទៀតស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ក្នុងក្រុងបាវិត ខេត្តស្វាយរៀង មានទុនវិនិយោគជាង ២៥៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៥០០កន្លែង។
គម្រោងលេចធ្លោផ្សេងទៀតក្នុងចំណោមគម្រោងទាំង៥៣ រួមមានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសស្រុកស្រែអំបិលដែលមានទីតាំងស្ថិតនៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងទុនវិនិយោគចំនួន៨០លានដុល្លារ អាចបង្កើតការងារបានចំនួន ៧៧៥កន្លែង។
ក្រៅពីនេះមានគម្រោងវិនិយោគបង្កើតកសិដ្ឋានបង្កាត់ពូជ និងចិញ្ចឹមគោ សេះ សត្វចតុប្បាទផ្សេងៗ និងរោងចក្រ កែច្នៃ ផលិតចំណីសត្វ និងមន្ទីរពិសោធន៍ គម្រោងបង្កើតរោងចក្រផលិតភេសជ្ជៈគ្រប់ប្រភេទគ្មានជាតិអាល់កុល និងគម្រោងបង្កើតសណ្ឋាគារផ្កាយប្រាំ នៅខេត្តព្រះសីហនុ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបញ្ជាក់ថា៖ «ក្នុងខែសីហា ឆ្នាំ២០២៤ នេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៨៤,៧២% នៃទុនវិនិយោគសរុប ខណៈដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់៩,១២% នៃទុនវិនិយោគសរុប»។
បើគិតតាមវិស័យវិញ ឧស្សាហកម្មនៅតែជាចំណាប់អារម្មណ៍របស់វិនិយោគិន ដែលមានទុនវិនិយោគជិត ១,១ពាន់លានដុល្លារក្នុងចំណោមទុនសរុបជាង ១,២ពាន់លានដុល្លារ។ ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ ទទួលបានចំណាប់អារម្មណ៍ខ្ពស់សម្រាប់ការវិនិយោគ ដែលមានគម្រោងចំនួន ១០ និង ៩ រៀងគ្នា៕