កម្ពុជា​នឹង​មាន​​រោង​ចក្រ​​ផលិត​សំបកកង់រថយន្ត ទី​៦ ដែល​​​ជា​ការ​វិនិយោគ​របស់​​​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន​ WANLI Tire ក្រោម​ទុន​វិនិយោគ​​​ប្រមាណ ៥០០ លាន​ដុល្លារ នៅក្នុង​​តំបន់​សេដ្ឋកិច្ច ​ស៊ីនបាវិត ​​ខេត្ត​ស្វាយរៀងនា​ពេល​ខាង​មុខ ខណៈ​រយៈ​ពេល ១១ ខែ​ដើម​ឆ្នាំ ២០២៤ ការ​នាំចេញ​​សំបក​កៅស៊ូកង់​រថយន្ត​ទៅ​ទីផ្សារ​អន្តរជាតិ​សម្រេចបានជិត ៨០០ លាន​ដុល្លារ​។

ពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុន WANLI Tire ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ដោយ​មាន​ការចូល​រួម​ពី​លោក​ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​(CDC), លោក Wang Wenbin ឯកអគ្គរដ្ឋទូត​​ចិនប្រចាំនៅ​កម្ពុជា, ​លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង,​ លោក Jing Guangjun ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Guangzhou Industrial Investment Holding Group និង​លោក Cao Xiandong ប្រធានក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន WANLI Tire ព្រម​ទាំង​អ្នក​ពាក់​ព័ន្ធ​ជាច្រើន​ទៀត​។

រោងចក្រ​នេះ​​ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្នុង​ខេត្តស្វាយរៀង លើផ្ទៃដីប្រមាណ ៣២ហិកតា។ គម្រោង​នេះ​នឹងអាច​​បង្កើតការងារ​បាន​ប្រមាណ ១ ០០០កន្លែង។ WANLI Tire គឺ​ជា​រោងចក្រ​ផលិត​សំបកកង់រថយន្ត ទី​២ ដែល​ស្ថិត​នៅ​ក្នុង​តំបន់សេដ្ឋកិច្ច​ពិសេស ស៊ីនបាវិត និង​ជា​រោងចក្រ​ផលិតសំបកកង់​រថយន្ត​ទី ៦ នេះ​កម្ពុជា​។

ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា(CDC) បាន​ឱ្យ​ដឹង​ថា ការសម្រេចចិត្តវិនិយោគនៅកម្ពុជាពី​សំណាក់​​ក្រុមហ៊ុន WANLI Tire គឺ​​កើតចេញពីជំនួបពិភាក្សារវាង លោក ស៊ុន ចាន់ថុល ជាមួយលោក Jing Guangjun ក្នុងដំណើរបេសកកម្មគោះទ្វារវិនិយោគដល់រោងចក្រ WANLI Tire នៅទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។


ឧបនាយករដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល បានលើកឡើងថា ​ទំនាក់​ទំនងរវាង​កម្ពុជា-ចិន នឹងកាន់តែមានភាពល្អប្រសើរបន្ថែម​ទៀត​នា​ពេល​ខាង​មុខក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប រួមទាំងការសម្រេចឱ្យបាននូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ និងស្តង់ដារខ្ពស់។

លោក​​បន្ថែម​​ថា តួលេខនៃការកើនឡើងគម្រោងវិនិយោគរបស់​វិនិយោគិន​ចិន​ គឺ​បង្ហាញឱ្យឃើញពីការជឿទុកចិត្តរបស់វិនិយោ​គិនចិន​មកលើរាជរដ្ឋាភិបាលកម្ពុជា ដែល​ជា​ប្រទេសមាន​សុខសន្តិភាព ស្ថេរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ចរឹងមាំ មានលក្ខខណ្ឌ​ក្របខណ្ឌច្បាប់វិនិយោគ​ល្អ​ប្រសើរ និង​សេដ្ឋកិច្ច​បើក​ចំហរ។​

លោក​បាន​ថ្លែង​​ថា៖​«ខ្ញុំ​សូម​​លើកទឹកចិត្ត​ដល់វិនិយោគិនទាំងអស់ឱ្យ​បន្តចូលរួមផ្សព្វផ្សាយព័ត៌មាន​ល្អៗអំពីបរិយាកាសវិនិយោគនៅកម្ពុជា​ទៅកាន់វិនិយោគិនផ្សេងៗទៀត​ដើម្បីទាក់ទាញវិនិយោគិនមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា តាម​រយៈ​ការបង្កើតការងារបន្ថែមជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជា​ជំរុញកំណើនសេដ្ឋកិច្ចជាតិដើម្បី​ឆ្ពោះទៅសម្រេចបានចក្ខុវិស័យជាប្រទេសចំណូលខ្ពស់​នៅឆ្នាំ២០៥០»។

យោង​តាម CDC តំបន់សេដ្ឋកិច្ចពិសេស​កំពុង​ដើរ​តួនាទី​​យ៉ាងសំខាន់ក្នុងការទាក់ទាញ​ការវិនិយោគនៅកម្ពុជា ដែលរហូតមកទល់​ពេលបច្ចុប្បន្ន កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស​ដែលកំពុងដំណើរការ​ចំនួន ២៨។ 

សម្រាប់តំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត នេះ​បានស្រូបយកគម្រោងវិនិយោគចំនួន ១១គម្រោង ហើយវិស័យដែលគួរឱ្យកត់សម្គាល់នោះគឺការផលិតសំបកកង់យានយន្ត ដែលជាឧស្សាហកម្មមួយថ្មី និងប្រើប្រាស់បច្ចេកវិទ្យាខ្ពស់មិនធ្លាប់មាននៅកម្ពុជា។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង(Lim Heng, Vice-president of the Cambodia Chamber of Commerce(CCC)) បានប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​១៣ ខែ​មករា​ ​និយាយ​ថា បច្ចុប្បន្ន​រោងចក្រ​ផលិតសំ​បកកៅស៊ូកង់​រថយន្ត​មាន​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ស្វាយរៀង ខេត្ត​ព្រះសីហនុ និង​ខេត្ត​ក្រចេះ។​ 

ទោះ​ចំនួន​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត​នៅ​កម្ពុជា​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់ ប៉ុន្តែ​ការ​ប្រើ​ប្រាស់​ជ័រកៅស៊ូ​ក្នុង​ស្រុក​នៅ​មាន​បរិមាណ​តិច​តួច​នៅ​ឡើយ ព្រោះ​ជ័រ​កៅស៊ូ​ដែល​ផលិតនៅ​កម្ពុជា មាន​​ភាគ​​ច្រើន​ជា​ប្រភេទជ័រកៅស៊ូ​គុណភាព​ខ្ពស់​ ដែល​ច្រើន​សម្រាប់​ធ្វើ​ជា​វត្ថុធាតុដើម​ផលិត​ផលិត​ផ្សេងៗ​ទៀត​ក្រៅ​ពី​សំបកកង់​រថយន្ត។​

លោក​ថ្លែង​ថា៖​«​សម្រាប់​កៅ​ស៊ូ​ប្រភេទ​នេះ​(សម្រាប់​ផលិតសំបកកង់រថយន្ត) គឺ​កម្ពុជា​ផលិតបាន​​តិច​ប៉ុណ្ណោះគឺ​ប្រហែល ១០​ភាគ​រយ​​នៃ​ផលិត​ផល​ជ័រកៅស៊ូ​សរុប​ប្រចាំ​ឆ្នាំ​ ដូច្នេះ​វា​នៅ​តែ​មាន​តម្រូវ​ការ​ចាំបាច់​សម្រាប់​​នាំ​ចូល​ជ័រកៅស៊ូ​​ពី​ក្រៅ​ប្រទេស​​មក​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត​នៅ​កម្ពុជា​»។​​​ 

លោក​បាន​ប្រាប់​ទៀត​ថា បច្ចុប្បន្ន​ផលិតផល​សំបកកង់​រថយន្ត​ផលិតនៅ​កម្កុជា ភាគច្រើន​នាំ​ទៅ​កាត់​ទីផ្សារ​អាមេរិក និង​អឺរ៉ុប។​

អនុ​ប្រធាន​សមាគម​ពាណិជ្ជកម្ម​កម្ពុជា-ចិន លោក ឡោ វិចិត្រ(Lor Vichet, vice-president of the Cambodia Chinese Commerce Association (CCCA), បាន​និយាយ​ថា ភាគ​ច្រើននៃ​រោងចក្រ​ផលិតសំបកកង់​រថយន្ត​នៅ​កម្ពុជា ​គឺមក​ពី​ប្រទេស​ចិន និងភាគ​ច្រើន​​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ខេត្ត​ស្វាយរៀង។ 

កំណើន​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត​នឹង​ជួយ​ឱ្យ​​ជ័រកៅស៊ូ​ក្នុង​ស្រុក​មាន​ទីផ្សារ​ជាង​មុន ខណៈ​កាល​ពី​មុខ​ផលិតផល​ជ័រកៅស៊ូ​កម្ពុជា បាន​ពឹង​ផ្អែក​ស្ទើរ​ទាំង​ស្រុង​​លើ​ទីផ្សារនាំចេញ​ទៅ​​ក្រៅ​ប្រទេស។​ លោក​បន្ត​ថា បច្ចុប្បន្នទុន​វិនិយោគ​របស់​រោងចក្រ​ផលិត​សំបកកង់​រថយន្ត​នៅ​កម្ពុជា ​អាច​មានចំនួន​ជិត ២ ពាន់លាន​ដុល្លារ។​​

លោក​បានប្រាប់​​​ថា៖​«ឧស្សាហកម្ម​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត​នៅ​កម្ពុជា នឹង​​កើន​ឡើង​បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ ពី​ព្រោះ​កម្តៅ​នយោបាយរវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ចទាំង​ ២ របស់​​ពិភពលោកនឹង​​ជំរុញ​ឱ្យ​រោងចក្រកាន់​តែ​ច្រើន​​ប្តូរទីតាំង​មក​កាន់​ប្រទេសកម្ពុជា»។​​​​

របាយការណ៍​​ក្រសួង​ពាណិជ្ជកម្ម ​ឱ្យ​ដឹង​ថា ចន្លោះ​ពី​ខែ​មករា ដល់​ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ការ​នាំ​ចេញ​សំបក​កង់​រថយន្ត​​​ទៅ​ទីផ្សារ​អន្តរជាតិ មាន​ទឹក​ប្រាក់​សរុប ៧៧២,៥៥ លាន​ដុល្លារ កើន​ឡើង ១៣៥,៣៤ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៣ ដែល​មាន​ ៣២៨,២៧ លាន​ដុល្លារ។  

ចំនួន​ទឹក​ប្រាក់​នាំ​ចេញ​សំបកកង់​រថយន្ត គឺ​ស្មើ​នឹង ៣,១៧ ភាគរយ​នៃ​ទឹក​ប្រាក់​នាំ​ចេញ​ទំនិញ​សរុប​របស់​កម្ពុជា​ក្នុង​រយៈពេល ១១ ខែ ឆ្នាំ ២០២៤ ដែល​មាន​ចំនួន ២៤ ៣៤៨,៩៤ លាន​ដុល្លារ៕​