បរិបទនៃបម្រែបម្រួលនយោបាយពិភពលោក ស្របពេលដែលរាជរដ្ឋាភិបាល និងផ្នែកឯកជនកំពុងខិតខំបង្កើតបរិយាកាសវិនិយោគឱ្យកាន់តែមានភាពទាក់ទាញនោះ បានជួយឱ្យកម្ពុជាទាក់ទាញបាននូវគម្រោងវិនិយោគជាច្រើនកាលពីឆ្នាំ ២០២៤។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងក្នុងឆ្នាំកន្លងមក គឺមានគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្មរហូតដល់ជិត ៤០០ ត្រូវបានអនុម័តឱ្យវិនិយោគនៅកម្ពុជា។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្នុងឆ្នាំ ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបំបែកកំណត់ត្រាប្រចាំឆ្នាំតាមរយៈការអនុម័តគម្រោងវិនិយោគសរុប ៤១៤ គម្រោង ដោយក្នុងនោះគម្រោងវិនិយោគថ្មី មានចំនួន ៣៨៧ គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧ គម្រោង ដែលមានទុនវិនិយោគសរុប ៦,៩ ពាន់លានដុល្លារ និងអាចបង្កើតការងារបានជិត ៣២ ម៉ឺនកន្លែង។
បើធៀបនឹងឆ្នាំ ២០២៣ គឺចំនួនគម្រោងដែលបានអនុម័តកើនឡើង ១៤៦ គម្រោង ខណៈទុនវិនិយោគកើនឡើងជិត ២ ពាន់លានដុល្លារ ឬស្មើនឹងជិត ៤០ ភាគរយ។
អ្វីដែលគួរកត់សម្គាល់ គឺភាគច្រើននៃគម្រោងវិនិយោគដែលបានអនុម័តស្ថិតក្នុងវិស័យឧស្សាហកម្ម ដោយមានចំនួនជិត ៤០០ ក្នុងចំណោមគម្រោងទាំង ៤១៤។ ក្រៅពីគម្រោងក្នុងវិស័យឧស្សាហកម្ម គឺមានក្នុងវិស័យកសិកម្ម និងកសិ- ឧស្សាហកម្ម ចំនួន ៨ គម្រោង, ទេសចរណ៍ ៤ គម្រោង, ហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ មានចំនួន ៨ គម្រោង។
CDC បានឱ្យដឹងថា៖«ក្នុងឆ្នាំ ២០២៤ វិស័យឧស្សាហកម្ម នៅតែបន្តជាវិស័យលេចធ្លោជាងគេ ដោយបានស្រូបទាញគម្រោងវិនិយោគ ចំនួន ៣៩៤ គម្រោង ស្មើនឹងប្រមាណ ៩៥ ភាគរយនៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគក្នុងវិស័យនេះ មានប្រមាណ ៤,៨ ពាន់លានដុល្លារ ដែលចូលរួមចំណែក ៦៩ ភាគរយនៃទុនវិនិយោគសរុប និងមានកំណើនដល់ទៅ១១០ ភាគរយបើធៀបនឹងឆ្នាំ២០២៣»។
បើតាម CDC គម្រោងធំៗក្នុងវិស័យឧស្សាហកម្មដែលបានអនុម័តក្នុងឆ្នាំ ២០២៤ មានដូចជា គម្រោងពង្រីកផលិតកម្មរបស់អាជីវកម្មរ៉ែមាស, រោងចក្រផលិតសំបកកង់រថយន្ត, រោងចក្រផលិតភេសជ្ជៈ, រោងចក្រផលិតអំពូលភ្លើងលំអដើមណូអែល, រោងចក្រកែច្នៃអាលុយមីញ៉ូម, រោងចក្រដំឡើង និងគ្រឿងបង្គុំម៉ាស៊ីន-មេកានិក, និងរោងចក្រកែច្នៃផលិតផលទឹកដោះគោ ភេសជ្ជៈ និងអាហារ។ល។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី១៥ ខែមករា ថា ឆ្លងកាត់រយៈពេលជាង ២ ទសវត្សរ៍នៃការខិតខំលើការរៀបចំកែលម្អប្រព័ន្ធច្បាប់វិនិយោគ អភិវឌ្ឍធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទីផ្សារ គឺបច្ចុប្បន្នកម្ពុជាបានក្លាយជាទីតាំងដ៏មានសក្តានុពលសម្រាប់អ្នកវិនិយោគចូលមកបណ្តាក់ទុនលើគ្រប់វិស័យ។
លោកបានបញ្ជាក់ថា៖«អ្វីដែលជាការកត់សម្គាល់ខ្លាំងសម្រាប់ខ្ញុំនារយៈពេលចុងក្រោយនេះ គឺមានវិនិយោគិនជាតិ និងអន្តរជាតិកាន់តែច្រើនបានបង្ហាញពីការចាប់អារម្មណ៍ចូលមកបើកអាជីវកម្មនៅកម្ពុជា ដែលជាប្រទេសមានស្ថិរភាពនយោបាលល្អប្រសើរ និងមានគោលនយោបាយអនុគ្រោះជាច្រើនដល់វិនិយោគិន»។ លោកបន្ថែមថា៖«គម្រោងវិនិយោគនៅកម្ពុជានៅពេលនេះ គឺមិនមែនសុទ្ធតែជាប្រភេទឧស្សាហកម្មធុនស្រាលដូចមុនឡើង គឺមានប្រភេទរោងចក្រធំៗដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ និងត្រូវការធនធានមនុស្សជំនាញៗ»។
លោកពន្យល់ថា កាលពីមុនភាគច្រើននៃគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា គឺជារោងចក្រកាត់ដេរ ឬការកែច្នៃផលិតផលសាមញ្ញ ប៉ុន្តែពេលនេះ គឺជាប្រភេទរោងចក្រផលិត កែច្នៃ ឬដំឡើងគ្រឿងយន្តធំៗ ដូចជា ដំឡើងរថយន្ត គ្រឿងបង្គុំអេឡិចត្រូនិក ផលិតផលអគ្គិសនី ផលិតគ្រឿងសំណង់ ស៊ីម៉ងតិ៍ និងចម្រាញ់រ៉ែ។ល។
លោកបានអះអាងថា ចំនួនរោងចក្រ/សហគ្រាសធំៗលំដាប់ពិភពលោកដែលផលិតសម្ភារប្រើប្រាស់ទំនើបៗសម្រាប់បំពេញតម្រូវការប្រើប្រាស់នៅកម្ពុជា ជាពិសេសសម្រាប់នាំចេញទៅទីផ្សារពិភពលោកនឹងបន្តចូលមកវិនិយោគនៅកម្ពុជាច្រើនបន្ថែមទៀតនាពេលខាងមុខ។
ប្រហាក់ប្រហែលនឹងការយល់ឃើញរបស់អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group (The President of the Global Real Estate Association and Chairman of the Board of SAM SN Group, Mr. Sam Soknoeun) បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃនេះដែរថា ក្នុងឆ្នាំ ២០២៥ នេះចំនួនរោងចក្រសហគ្រាសលំដាប់ពិភពលោកកាន់តែច្រើននឹងចូលមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជា ខណៈបច្ចុប្បន្នរូបលោក និងដៃគូដែលជាវិនិយោគិនបរទេស កំពុងសិក្សាលទ្ធភាពក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដើម្បីត្រៀមទទួលក្រុមហ៊ុនបរទេសចូលមកបើករោងចក្រនៅកម្ពុជា។
លោកប្រាប់ទៀតថា ទោះបីកម្ពុជាជាប្រទេសដែលមានសក្តានុពលខ្ពស់លើផ្នែកកសិកម្ម ប៉ុន្តែវិស័យឧស្សាហកម្មក៏កំពុងបង្ហាញពីពន្លឺនៃការបោះជំហានទៅមុខផងដែរ។ មានវិនិយោគិនបរទេសជាច្រើនបានមកជួបពិភាក្សាជាមួយលោកដើម្បីស្វែងរកឱកាសក្នុងការចាប់ដៃគូសហការគ្នា។
លោកបានប្រាប់ទៀតថា ជាទូទៅការវិនិយោគក្នុងវិស័យឧស្សាហកម្ម គេធ្វើក្នុងតំបន់សេដ្ឋកិច្ចពិសេស ចំណែកក្នុងវិស័យកសិកម្ម ទេសចរណ៍ ធនធានរ៉ែ គឺនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស។
លោកបានថ្លែងថា៖«និន្នការនៃការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាកំពុងកើនឡើងជាបន្តបន្ទាប់។ នៅពេលមានតំបន់សេដ្ឋកិច្ចពិសេសកាន់តែច្រើន គម្រោងវិនិយោគប្រភេទរោងចក្រឧស្សាហកម្មនឹងកើនឡើងផងដែរ»។
របាយការណ៍ក្រសួងពាណិជ្ជកម្ម ឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ ២០២៤ នៅកម្ពុជាមានគម្រោងវិនិយោគតំបន់សេដ្ឋកិច្ចចំនួន ៤៩ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)អនុម័ត ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការមានចំនួន ២៦។ ទឹកប្រាក់ពីការនាំចេញទំនិញរបស់តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា បានកើនឡើងជាបន្តបន្ទាប់៕