រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា​ បាន​លើក​ឡើង​ថា ប្រទេសជប៉ុនបានរួម​ចំណែកយ៉ាងធំធេងដល់ការកសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ច​ ព្រម​ទាំង​​ជួយ​កម្ពុជាឱ្យ​ធ្វើ​​សមាហរណកម្មសេដ្ឋកិច្ចរបស់​ខ្លួន​ទៅ​ក្នុង​​តំបន់ និងពិភពលោក​។​

នេះ​ជា​ការ​លើក​ឡើង​របស់ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា លោក អូន ព័ន្ធមុនីរ័ត្ន ក្នុង​​​ជំនួប​ពិភាក្សា​ទ្វេភាគី​ជា​មួយ​​ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក KATO Katsunobu នៅ​ទីស្តីការ​ក្រសួងសេដ្ឋកិច្ច កាល​ពី​ថ្ងៃ​ទី​១០ ខែមករា។ ក្នុង​ជំនួប​នេះ​ក៏​មាន​ការ​ចូល​រួម​របស់លោក​ UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាផងដែរ។

ជាកិច្ច​ចាប់​ផ្តើម លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះ​រដ្ឋាភិបាល និងប្រជាជនជប៉ុន​ដែលបានចូលរួមចំណែកយ៉ាងសកម្មដល់ដំណើរការកសាងសន្តិភាព និងបានជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា​។ ទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ និងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ​ត្រូវបានពង្រឹង និងពង្រីក​ឥតឈប់ឈរ។

លោក​បន្ថែម​ថា ហិរញ្ញប្បទានពីប្រទេសជប៉ុន​ទាំងឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង ដែល​ផ្តល់​ឱ្យ​កម្ពុជា គឺ​សុទ្ធ​តែ​បានឆ្លើយតបទាន់ពេលវេលា និងចំតម្រូវការជាអាទិភាពរបស់រាជរដ្ឋាភិបាលក។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តពូនជ្រុំកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។​


លោក​បាន​ថ្លែង​ថា៖​«​​ហិរញ្ញប្បទានពីប្រទេសជប៉ុន បាន​រួម​ចំណែកយ៉ាងធំធេងដល់ការកសាងមូលដ្ឋានគ្រឹះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅ​របស់ប្រជាជនកម្ពុជា។ លើសពីនេះ ហិរញ្ញប្បទានពីរដ្ឋាភិបាលជប៉ុន បានរួមចំណែកដល់ការតភ្ជាប់ផ្ទៃ​ក្នុងប្រទេសកម្ពុជា និងឈានទៅធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងពិភពលោក»។

លោកបាន​លើក​ឡើង​ទៀត​ថា បច្ចុប្បន្ន​រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ផ្នែកឯកជន​ គឺ​ជា​កិច្ចការអាទិភាព តាម​រយៈ​​ការ​បន្តប្រកាន់ខ្ជាប់នូវគោលការណ៍​វិស័យឯកជន គឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងរាជរដ្ឋាភិបាលគឺជាយុទ្ធសាស្ត្រវិទូ​។

ជាការ​ឆ្លើយតប លោក KATO Katsunobu ​បាន​លើក​ឡើង​ពី​ទំនាក់​ទំនង​ល្អ​របស់​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​នៃ​ប្រទេស​ទាំង ២។ 

លោក​បន្ថែម​ថា ក្រៅ​ពី​កិច្ច​សហប្រតិបត្តិការ​ល្អ​ផ្នែក​ការ​ទូត ​រដ្ឋាភិបាលជប៉ុនក៏បាន​ផ្តោត​ការយកចិត្តទុកដាក់ផងដែរ​ដល់ការវិនិយោគពីសំណាក់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ដែលជាកត្តាគន្លឹះទ្រទ្រង់កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍប្រកបដោយចីរភាព​របស់​កម្ពុជា​។

ទិន្នន័យ​កត់​ត្រា​ដោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករកម្ពុជា(GDCE) ឱ្យ​ដឹង​ថា ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​ប្រទេស​កម្ពុជា​ និង​ជប៉ុន ក្នុង​ឆ្នាំ​ ២០២៤ មាន​ទឹក​ប្រាក់​សរុប ២,១៦ ពាន់​លាន​ដុល្លារ កើន​ឡើង ២០,១ ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២៣ ដែល​ក្នុង​ចំនួន​នេះ គឺ​ទំនិញ​កម្ពុជា​នាំ​ទៅ​ជប៉ុន មាន​ទឹក​ប្រាក់ ១,៤១ ពាន់​លាន​ដុល្លារ កើន​ឡើង ១៩,៨ ភាគ​រយ ចំណែក​ជប៉ុន​នាំ​មក​កម្ពុជា ៧៥២,៥៦ លាន​ដុល្លារ​ កើន​ឡើង ២០,៧ ភាគ​រយ​។ សម្រាប់​តុល្យភាព​ជញ្ជីងពាណិជ្ជកម្ម គឺ​កម្ពុជា​មាន​ឧត្តមភាព​ប្រមាណ ៦៥៦,១២ លាន​ដុល្លារ​។

ប្រទេស​ជប៉ុន គឺ​ជា​​ដៃគូ​ពាណិជ្ជកម្ម​ធំជាង​គេ​ទី ៥ របស់​កម្ពុជា​បន្ទាប់​ពី​ប្រទេស​ចិន អាមេរិក វៀតណាម និង​ថៃ។ ទំហំពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង ២ គឺ​ស្មើនឹង ៣,៩៥ ភាគរយ​នៃទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​ក្នុង​ឆ្នាំ ២០២៤ ដែល​មាន​ចំនួន ៥៤,៧៤ ពាន់​លាន​ដុល្លារ។​​

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ក្នុង​ថ្ងៃ​ទី​១៥ ខែ​មករា ថា (Lim Heng, Vice-president of the Cambodia Chamber of Commerce (CCC), told the Post on January 15 that) ជប៉ុន គឺ​ជា​ទីផ្សារ​គោលដៅ​​ទទួល​ទិញទំនិញ​​សំខាន់​របស់​កម្ពុជា ដោយ​មាន​ទឹក​ប្រាក់​រាប់​រយ​លាន​ដុល្លារ​ក្នុង​​ ១ឆ្នាំៗ។ ទំនិញ​សក្តានុពល​ដែល​កម្ពុជា​នាំ​ទៅ​ជប៉ុន គឺ​ជា​​ផលិតផល​សម្លៀកបំពាក់ គ្រឿង​បង្គុំ​ឧបករណ៍​អេឡិចត្រូនិក និង​ផលិតផល​កសិកម្ម។

លោក​បន្ត​ថា ការ​នាំចេញ​ទំនិញ​ពី​កម្ពុជានឹង​បន្ត​​សញ្ញា​វិជ្ជមាន​បន្ថែម​ទៀត ព្រោះ​បច្ចុប្បន្ន​មាន​វិនិយោគិន​ជប៉ុនកាន់តែ​ច្រើន​បាន​ចូល​មក​បើក​រោងចក្រ​ផលិតគ្រឿងបង្គុំនៅកម្ពុជា​សម្រាប់​យក​ទៅផ្គត់​ផ្គង់​ឱ្យ​រោងចក្រ​ធំៗ​នៅ​ក្នុង​ប្រទេស​ជប៉ុន។

លោក​និយាយ​ទៀតថា ក្រៅ​នេះ​នោះប្រទេស​ទាំង ២ ក៏​​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ 

កិច្ចព្រម​ព្រៀង​នេះ​បាន​អនុញ្ញាតឱ្យ​សមាជិក​ទាំង​ ១៥ ប្រទេស​អាច​នាំចេញ-នាំចូល​រវាង​គ្នា​ក្រោម​លក្ខខណ្ឌ​ពិសេស​ផ្នែក​ពន្ធយក និង​វិធាន​មួយ​ចំនួន​។​

លោក​​ថ្លែង​ថា៖​«​ជប៉ុន​ជា​ប្រទេស​រីកចម្រើនផ្នែក​ឧស្សាហកម្ម ដូច្នេះ​កម្ពុជា​មាន​ឱកាស​ច្រើន​ក្នុង​នាំ​ទំនិញ​របស់​ខ្លួន​ទៅ​កាន់​ទីនោះ ជា​ពិសេស​ផលិតផល​វាយនភណ្ឌ និង​កសិកម្ម»។

លោក​បន្ថែម​ថា ក្រៅ​ពី​ពាណិជ្ជកម្ម​ទំនិញ បច្ចុប្បន្ន​ក៏​មាន​វិនិយោគិន​ជប៉ុន​ជា​ច្រើន​កំពុង​វិនិយោគ​នៅ​កម្ពុជា​ផងដែរ ជា​ពិសេស​ក្នុង​វិស័យ​​ហិរញ្ញវត្ថុ សំណង់ សណ្ឋាគារ ធានារ៉ាប់រង រោងចក្រ​ផលិត​គ្រឿង​បង្គុំ​អេឡិចត្រូនិក ​ផ្សារ​ទំនើប និង​ភោជនីយដ្ឋាន​ ជាដើម​​។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC) បាន​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២៤ មាន​គម្រោងវិនិយោគចំនួន ៤១៤ ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ ពាន់លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ទុនវិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន ស្ថិត​នៅចំណាត់​ថ្នាក់​ទី​៧ ដោយ​​មាន​ប្រមាណ ០,៥៨ ភាគ​រយ​នៃ​ចំនួន​ទឹក​ប្រាក់​សរុប​​៕​