ក្រុមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានអះអាងថា វិធានការរបស់រដ្ឋាភិបាលដែលអនុញ្ញាតឱ្យមានការលើកលែង និងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យសម្រាប់អ្នកទិញលំនៅឋាន និង/ឬផ្ទេរកម្មសិទ្ធិជាលើកដំបូង សម្រាប់ការទិញលក់ក្នុងឆ្នាំ ២០២៥ នេះប្រាកដជាជួយជំរុញឱ្យសកម្មភាពទិញលក់អចលនទ្រព្យប្រភេទលំនៅឋាន មានភាពល្អប្រសើរជាងឆ្នាំ ២០២៤។
ទីផ្សារអចលនទ្រព្យ និងសំណង់នៅកម្ពុជា បានបង្ហាញពីវឌ្ឍនភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ចាប់ពីអំឡុងចុងទសវត្សឆ្នាំ៩០ រហូតដល់ឆ្នាំ ២០០៨ មុនត្រូវជាប់គាំងមួយរយៈដោយសារសេដ្ឋកិច្ចពិភពលោកជួបនឹងវិបត្តិហិរញ្ញវត្ថុសកល ក្នុងឆ្នាំ២០០៨។
បន្ទាប់ពីស្ថានភាពសេដ្ឋកិច្ចពិភពលោកល្អប្រសើរឡើងវិញ វិស័យនេះបានមើលឃើញពន្លឺស្រស់បំព្រងរបស់ខ្លួនចាប់ពីដើមឆ្នាំ២០១០ នឹងបន្តការរីកចម្រើនយ៉ាងឆាប់រហ័ស មុនពេលជួបនឹងវិបត្តិសាជាថ្មីដែលផ្តើមចេញពីវិបត្តិកូវីដ១៩ នាដើមឆ្នាំ២០២០ រហូតដល់ពេលពេលបច្ចុប្បន្ន។
ប្រធានសមាគមអចលនទ្រព្យសកល និងជាប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group លោក សំ សុខនឿន(The President of the Global Real Estate Association and Chairman of the Board of SAM SN Group, Mr. Sam Soknoeun) បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ថា ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យសម្រាប់អ្នកទិញលំនៅឋាន និង ឬ/ផ្ទេរកម្មសិទ្ធិលើកដំបូង (First-Time Home Buyer) ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២៥ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៥ គឺប្រាកដជានឹងជួយជំរុញឱ្យសកម្មភាពទិញលក់លំនៅឋានមានភាពល្អប្រសើរជាងមុន។ ការលើកលែងពន្ធនេះ ក៏ជាវិធានមួយរបស់រដ្ឋាភិបាលដើម្បីចូលរួមចំណែកក្នុងការធ្វើឱ្យបុគ្គល ឬគ្រួសារនីមួយៗមានលំនៅខានផ្ទាល់ខ្លួនផងដែរ។
ក្នុងឆ្នាំ ២០២៣ និងឆ្នាំ ២០២៤ សកម្មភាពទិញលក់លំនៅឋានគឺមានភាពស្ងប់ស្ងាត់ដូចគ្នាដោយសារតែការផ្គត់ផ្គង់លើសតម្រូវការ ប៉ុន្តែសម្រាប់តម្រូវការទិញលក់ដីធ្លីយកទៅវិនិយោគសាងសង់រោងចក្រសហគ្រាស ឬតំបន់សេដ្ឋកិច្ចពិសេស គឺមានការកម្រើកឡើងវិញខ្លះៗហើយ។
លោកអះអាងថា រដ្ឋាភិបាលកំពុងយកចិត្តទិកដាក់យ៉ាងខ្លាំងទៅលើវិស័យអចលនទ្រព្យ តាមរយៈការរិះរកនូវមធ្យោបាយនានាដើម្បីធ្វើឱ្យវិស័យមួយនេះងើបឡើងវិញប្រកបដោយសក្តានុពល។
លោកបានថ្លែងថា៖«ទោះបីរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងរិះរកវិធីអនុគ្រោះការមិនយកពន្ធច្រើនប្រភេទយ៉ាងនេះក្តី ក៏វិស័យនេះគឺមិនទាន់អាចងើបឡើងវិញបានលឿនឡើយ ព្រោះតែពេលកន្លងមកការផ្គត់ផ្គង់លើសតម្រូវការ ដូច្នេះវាត្រូវការពេលវេលាបន្ថែមទៀត៤-៥ទៀត ដើម្បីធ្វើឱ្យលំនៅឋាន ឬខុនដូដែលកំពុងសល់នៅលើទីផ្សារបញ្ចេញលក់អស់ ហើយពេលនោះតម្រូវការនឹងងើបឡើងវិញ»។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) លោកសន សៀប (Sorn Seap, the president of Cambodian valuers and estate agent Association) បាននិយាយថា ការដាក់ចេញនូវវិធានការអន្តររាគមន៍របស់រាជរដ្ឋាភិបាលលើផ្នែកពន្ធប្រថាប់ត្រាចំពោះអចលនទ្រព្យសម្រាប់អ្នកទិញលំនៅឋាន និង/ឬផ្ទេរកម្មសិទ្ធិជាលើកដំបូងក្នុងឆ្នាំ ២០២៥ នេះគឺប្រាកដជានឹងជួយជំរុញឱ្យទីផ្សារទិញលក់លំនៅឋាន មានភាពសកម្មជាងពេលបច្ចុប្បន្ន។
លោកបន្តថា នៅពេលការទិញលក់មានសកម្មភាព វាក៏ជួយឱ្យតម្លៃមានភាពល្អប្រសើរផងដែរ។ លោកបន្តថា នៅពេលទីផ្សារអចលនទ្រព្យមានដំណើរការល្អ សេដ្ឋកិច្ចក្នុងប្រទេសក៏ល្អដែរ តាមរយៈសកម្មភាពសំណង់កើនឡើង បង្កើតការងារ និងតម្រូវការផ្នែកពាក់ព័ន្ធដូចជា ស៊ីម៉ងត៍ ដែក និងសេដ្ឋកិច្ចនៅក្នុងស្រុក។
លោកថ្លែងថា ក្រៅពីចំណុចខាងលើ អនុឡោមភាព និងតម្លាភាពតាមរយៈប្រតិបត្តិការផ្លូវការក្នុងការផ្ទេរឯកសារកម្មសិទ្ធិផ្ទេរ ក៏អាចជួយលើកកម្ពស់តម្លាភាពនៃអនុឡោមភាពក្នុងវិស័យអចលនទ្រព្យ ដែលមានសារៈសំខាន់សម្រាប់និរន្តរភាពរយៈពេលវែង ខណៈយើងដឹងហើយថា បច្ចុប្បន្នមានអ្នកទិញមួយចំនួន គឺពួកគាត់មិនទាន់បានផ្ទេរកម្មសិទ្ធិជូនទៅតាមផ្លូវច្បាប់នៅឡើយ។ ហើយប្រសិនបើក្រុមហ៊ុន/អ្នកលក់ ត្រូវក្ស័យធន នឹងធ្វើឱ្យការផ្ទេរសិទ្ធិជួបបញ្ហាជាច្រើន។
លោកបានបញ្ជាក់ថា៖«សរុបមកការអនុវត្តការលើកលែងពន្ធប្រថាប់ត្រា នឹងដើរតួនាទីជាកាតាលីករសម្រាប់កំណើនក្នុងទីផ្សារអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិមានភាពស្វាហាប់ និងមានភាពធនជាងមុន»។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤ បានចេញនូវសេចក្តីជូនដំណឹងមួយស្តីពី«ការលើកលែងនិងអនុគ្រោះពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យសម្រាប់អ្នកទិញលំនៅឋាន និង/ឬផ្ទេរកម្មសិទ្ធិជាលើកដំបូង (First-Time Home Buyer) ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២៥ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៥» បានសរសេរថា ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋទិញលំនៅឋានពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលមានលក្ខណៈជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) និងជួយដល់វិស័យអចលនទ្រព្យបន្ថែមទៀត ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានកិត្តិយសសូមជូនដំណឹងដល់ម្ចាស់អចលនទ្រព្យ និងសាធារណជន អំពីការលើកលែងនិងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យសម្រាប់អ្នកទិញលំនៅឋាន និង/ឬផ្ទេរកម្មសិទ្ធិជាលើកដំបូង (First-Time Home Buyer) មួយចំនួន។
យោងតាមសេចក្តីជូនដំណឹង ការផ្តល់ជូនចំពោះការបង់ពន្ធប្រថាប់ត្រាត្រូវបានចែកចេញជា ៤ ប្រភេទ គឺ ១. ចំពោះបុគ្គលទាំងឡាយណាដែលទិញលំនៅឋានមានលក្ខណៈជាបុរី ឬ ខុនដូ មុនឆ្នាំ ២០២៥ ហើយធ្វើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានជាលើកដំបូងនៅរដ្ឋបាលសារពើពន្ធក្នុងឆ្នាំ ២០២៥ ត្រូវទទួលបានការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ សម្រាប់លំនៅឋានដែលមានតម្លៃក្រោម ឬស្មើ ២១ ម៉ឺនដុល្លារអាមេរិក, និងអនុគ្រោះចំពោះលំនៅឋានដែលមានតម្លៃលើស ២១ ម៉ឺនដុល្លារដោយអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំនួន ២១ ម៉ឺនដុល្លារ។ ការលើកលែង និងអនុគ្រោះពន្ធនេះសម្រាប់លំនៅឋានតែមួយប៉ុណ្ណោះ។
ដោយឡែក លំនៅឋានទី២ ឬបន្តបន្ទាប់ត្រូវទទួលបានការអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ចំនួន ៧ ម៉ឺនដុល្លារ, ទី២ ចំពោះបុគ្គលទាំងឡាយណាដែលទិញលំនៅឋានមានលក្ខណៈជាបុរី ឬខុនដូ ក្នុងឆ្នាំ ២០២៥ ដែលមិនទាន់ទទួលបានការលើកលែងនិងអនុគ្រោះពន្ធដូចក្នុងចំណុច (១) ត្រូវទទួលបានការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យសម្រាប់លំនៅឋានដែលមានតម្លៃក្រោម ឬស្មើ ២១ ម៉ឺនដុល្លារ, និងអនុគ្រោះចំពោះលំនៅឋានដែលមានតម្លៃលើស ២១ ម៉ឺនដុល្លារ ដោយអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាចំនួន ២១ ម៉ឺនដុល្លារ។ ការលើកលែងនិងអនុគ្រោះពន្ធនេះសម្រាប់លំនៅឋានតែមួយប៉ុណ្ណោះ។
ដោយឡែក លំនៅឋានទី២ ឬបន្តបន្ទាប់ត្រូវទទួលបានការអនុញ្ញាតឱ្យដកចេញ ពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យចំនួន ៧ ម៉ឺនដុល្លារ។ ការលើកលែងនិងអនុគ្រោះពន្ធនេះ ត្រូវអនុវត្តនៅពេលធ្វើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋាននោះ។
ចំណែកចំណុចទី ៣ គឺការទិញលំនៅឋានមានលក្ខណៈជាបុរី ឬខុនដូ ដូចមានចែងក្នុងចំណុច (១) និង (២) ត្រូវទិញពីក្រុមហ៊ុនលំនៅឋានដែលបានចុះបញ្ជីនៅនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ឬនៅមន្ទីរសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុខេត្ត ទោះបីជានៅលើបណ្ណកម្មសិទ្ធិជាឈ្មោះក្រុមហ៊ុន ឬឈ្មោះរូបវន្តបុគ្គលដែលជាម្ចាស់គម្រោងឬ ជាអ្នកតំណាងក្រុមហ៊ុនឬម្ចាស់គម្រោងក៏ដោយ និងទី៤ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានទាំងអស់ត្រូវធ្វើកិច្ចសន្យាទិញ-លក់ឱ្យបានត្រឹមត្រូវដោយផ្អែកលើតម្លៃទីផ្សារ ជាក់ស្តែង និងត្រូវបញ្ជូនកិច្ចសន្យាទិញ-លក់ មករដ្ឋបាលសារពើពន្ធមុន ឬនៅពេលធ្វើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋាន។
លិខិតបានបញ្ជាក់ទៀតថា ចំពោះការទិញលំនៅឋានដូចខាងលើពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលពុំមានអាជ្ញាប័ណ្ណអាជីវកម្មអភិវឌ្ឍន៍លំនៅឋានដែលម្ចាស់គម្រោងមានបញ្ហា ឬក្ស័យធន ហើយត្រូវបានអនុញ្ញាតឱ្យផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានតាមរយៈយន្តការដោះស្រាយរបស់ក្រសួង ឬស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធក៏ត្រូវបានទទួលការលើកលែងនិងការអនុគ្រោះពន្ធប្រថាប់ត្រាផងដែរ៕