ក្នុងនាមជាប្រទេសក្នុងតំបន់ និងមានកិច្ចសហប្រតិបត្តិការល្អ បានជួយឱ្យការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងម៉ាឡេស៊ី កើនឡើងគួរឱ្យកត់សម្គាល់ ដោយសម្រេចបានជិត ៧៨០ លានដុល្លារនារយៈពេល ១១ ខែដើមឆ្នាំ ២០២៤ កើនឡើងជាង ១/៣ដងបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣។
ម៉ាឡេស៊ី គឺជាដៃគូពាណិជ្ជកម្មធំទី១២ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន អាមេរិក វៀតណាម ថៃ ជប៉ុន កាណាដា ឥណ្ឌូនេស៊ី អេស្ប៉ាញ អាល្លឺម៉ង់ ចក្រភពអង់គ្លេស និងសិង្ហបុរី។
ស្ថិតិជញ្ជីងពាណិជ្ជកម្មកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បង្ហាញថា ចន្លោះពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៤ ការផ្លាស់ប្តូរទំនិញរវាងភាគីទាង ២ មានទឹកប្រាក់សរុប ៧៧៦,៨៥ លានដុល្លារ កើន ៣៤,៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣។
ក្នុងនោះទំនិញម៉ាឡេស៊ី នាំមកកម្ពុជាមានទឹកប្រាក់ ៦៤៩,៣ លានដុល្លារ កើន ៣៣,៦ ភាគរយ និងទំនិញកម្ពុជានាំទៅម៉ាឡេស៊ី ១២៧,៥៥ លានដុល្លារ កើនឡើង ៣៩,២ ភាគរយ។
ផ្អែកតាមស្ថិតិខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជារយៈពេល ១១ខែឆ្នាំ ២០២៤ មានឱនភាព ៥២១,៧៤ លានដុល្លារ កើនពីចំនួន ៣៩៤,៤១ លានដុល្លារនារយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៣
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ម៉ាឡេស៊ីគឺជាទីផ្សារទទួលទិញផលិតផលកសិកម្មសំខាន់មួយរបស់កម្ពុជា ដោយកន្លងមកកម្ពុជាបាននាំចេញជ័រកៅស៊ូជាច្រើន។
ទោះយ៉ាងណាបរិមាណទឹកប្រាក់ដែលកម្ពុជានាំទៅម៉ាឡេស៊ី គឺនៅមានកម្រិតតិចនៅឡើយបើធៀបនឹងការនាំចូលពីម៉ាឡេស៊ី ដែលជាប្រទេសធំ មានប្រជាជនច្រើន និងកម្លាំងផលិតកម្មខ្លាំងជាយូរមកហើយ។ លោកបន្តថា ទោះយ៉ាងណា ការនាំចេញទំនិញពីកម្ពុជាទៅទីផ្សារអន្តរជាតិ រួមទាំងប្រទេសម៉ាឡេស៊ី នឹងកើនឡើងកាន់តែច្រើន ខណៈបច្ចុប្បន្នមានក្រុមហ៊ុវិនិយោគថ្មីៗ និងគម្រោងពង្រីកអាជីវកម្មកាន់តែច្រើនកំពុងធ្វើប្រតិបត្តិការនៅកម្ពុជា។
លោកថ្លែងថា៖«ការខិតខំពង្រឹងផលិតកម្មក្នុងស្រុក និងការបណ្តាក់ទុនថ្មីៗលើរោងចក្រកែច្នៃ នឹងជួយលើកកម្ពស់សមត្ថភាពនាំចេញទំនិញពីកម្ពុជាទៅទីផ្សារអន្តរជាតិបានកាន់តែច្រើនបន្ថែមនាពេលឆាប់ៗ»។
លោកលើកឡើងទៀតថា ក្រៅពីការផ្លាស់ប្តូរទំនិញជាមួយគ្នា កម្ពុជាក៏មានពលករជាច្រើនកំពុងបម្រើការងារនៅម៉ាឡេស៊ីផងដែរ។ ការវិនិយោគរបស់ម៉ាឡេស៊ីនៅកម្ពុជា ភាគច្រើនក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ កសិកម្មនិងកសិពាណិជ្ជកម្ម អាហារ និងភេសជ្ជៈ ទេសចរណ៍ ដិសណ្ឋារកិច្ច និងអចលនទ្រព្យជាដើម។
ភាគច្រើននៃទំនិញកម្ពុជានាំទៅម៉ាឡេស៊ី គឺជាផលិតផលវាយភណ្ឌ និងកសិកម្ម ចំណែកម៉ាឡេស៊ី នាំចូលមកកម្ពុជា ជាគ្រឿងអេឡិចត្រូនិក គ្រឿងម៉ាស៊ីន គ្រឿងសំណង់ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃជាច្រើនទៀត។ នេះបើតាមលោក លឹម ហេង។
កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៤ នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា លោក Shaharuddin Bin Onn ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនម៉ាឡេស៊ី ដែលគាំទ្រ និងបញ្ជាទិញអង្ករពីកម្ពុជា។
បន្ថែមពីលើនេះភាគីទាំង ២ ក៏បានសម្តែងការពេញចិត្តផងដែរចំពោះកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការលើវិស័យការងារ ការអប់រំ និងវិស័យមួយចំនួនទៀត។
ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង ២ ឱ្យរឹតតែខ្លាំង កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី និង ទេសាភិបាលធនាគារកណ្ដាលម៉ាឡេស៊ី លោក Abdul RasheedGhaffour បានចុះអនុស្សរណៈការយល់យោគគ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ព្រមទាំងលើកកម្ពស់នវានុវត្តន៍ហិរញ្ញវត្ថុ និងការទូទាត់ឆ្លងដែន ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពថែមទៀត ព្រមទាំងផ្តល់ជាប្រយោជន៍ដល់ប្រជាជននិងធុរជននៃប្រទេសទាំងពីរ។ MoU នេះគឺជាការបើកផ្លូវឱ្យកម្ពុជា-ម៉ាឡេស៊ី ធ្វើការទូទាត់ប្រាក់តាមរយៈ QR Code។
ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា៖«ការណ៍នេះនឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋម៉ាឡេស៊ី អាចធ្វើការទូទាត់ដោយស្កេន QR Code នៅប្រទេសកម្ពុជា ហើយប្រជាជនកម្ពុជាក៏អាចធ្វើការទូទាត់ដោយស្កេន QR Code នៅក្នុងប្រទេសម៉ាឡេស៊ីទៅវិញទៅមកផងដែរ ដោយប្រើប្រាស់រូបិយវត្ថុក្នុងស្រុកសម្រាប់ការទូទាត់ ព្រមទាំងបានជួយគាំទ្រដល់យន្តការកិច្ចសហការត្រួតពិនិត្យការទូទាត់ឆ្លងដែន ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាព។ MoU នេះនឹងជួយសម្រួលដល់សកម្មភាពពាណិជ្ជកម្ម និងវិស័យទេសចរណ៍នៃប្រទេសទាំង ២ ផងដែរ»។
ក្នុងឆ្នាំ ២០២៣ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី មានទឹកប្រាក់សរុប ៦៣២,៤៤ លានដុល្លារ កើន ១,៩ ភាគរយធៀបឆ្នាំ ២០២២ ក្នុងនោះកម្ពុជានាំចេញ ១០៥,០៥ លានដុល្លារ ធ្លាក់ចុះ ៦,១ ភាគរយ និងម៉ាឡេស៊ីនាំចូល ៥២៧,៣៨ លានដុល្លារ កើន ៣,៧ ភាគរយ។ នេះបើតាម GDCE៕