អំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២៥ នេះមានភ្ញៀវទេសចរបរទេសជាច្រើនបានកក់កញ្ចប់ទេសចរណ៍ជាមួយមគ្គុទេសក៍នៅក្នុងតំបន់អង្គរ ខណៈកម្ពុជារំពឹងថាកំណើនជើងហោះហើរអន្តរជាតិ នឹងជួយទាក់ទាញភ្ញៀវបរទេសឱ្យចូលមកប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៥ នេះមានចំនួនលើសឆ្នាំ ២០២៤។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ ២០២៥ នេះចាប់ពីថ្ងៃទី២៩-៣១ ខែមករា ដែលជាថ្ងៃឈប់សម្រាក និងដើរកម្សាន្តរបស់ប្រជាជនចិន ហើយពិធីបុណ្យនេះក៏ប្រារព្ធឡើងចំរដូវកាលមានភ្ញៀវទេសចរគ្រប់ជាតិសាសន៍ចេញដើរលេងកម្សាន្ត(high season) ច្រើនផងដែរ។
លោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិន ឆ្នាំ២០២៥ នេះលោកត្រូវបានភ្ញៀវកក់ពេញហើយ ប៉ុន្តែដោយសាររូបលោកគឺជាមគ្គុទ្ទេសក៏ភាសាអង់គ្លេស ដូច្នេះភ្ញៀវរបស់លោកភាគច្រើនមកពីតំបន់អឺរ៉ុប និងអាមេរិក។
លោកបានថ្លែងថា៖«ខ្ញុំមានភ្ញៀវកក់ចូលច្រើនគួរសមដែរ គឺកក់ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុន រហូតមកដល់ខែកុម្ភៈ គឺមានភ្ញៀវស្ទើរាល់ថ្ងៃ ដែលពេលនេះក៏ជា High season ផងដែរ។
សម្រាប់ខ្ញុំដែលជាមគ្គុទេសក៍ភាសាអង់គ្លេស គឺទទួលបានតែភ្ញៀវមកពីអាមេរិក អឺរ៉ុប អាមេរិក និងអូស្ត្រាលី ជាដើម»។ លោកបន្ថែមថា៖«មួយរយៈនេះយើងសង្កេតឃើញមានសន្ទុះនៃភ្ញៀវមកពីទ្វីបអឺរ៉ុប និងអាមេរិកច្រើន ដូច្នេះមគ្គុទេសក៍ភាសអង់គ្លេស ក៏មានការរវល់ច្រើនដែរ»។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរខាងលើ បានឱ្យដឹងទៀតថា អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប គឺជាផ្លូវតភ្ជាប់ដ៏សំខាន់មួយពីប្រទេសនានាមកកាន់កម្ពុជា រួមផ្សំនឹងសក្តានុពលដែលកម្ពុជាមាន និងភាពសម្បូរបែបនៃតំបន់ទេសចរណ៍ទាំងប្រវត្តិសាស្រ្ត វប្បធ៌ម ធម្មជាតិ គឺកម្ពុជាប្រាកដជាអាចទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរបរទេសឱ្យធ្វើដំណើរមកកម្សាន្តបានច្រើនជារៀងរាល់ឆ្នាំ។ ភាគច្រើននៃភ្ញៀវធ្វើដំណើរតាមផ្លូវអាកាស មកអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប គឺជាអ្នកទេសចរ។
របាយការណ៍វឌ្ឍនភាពវិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ឱ្យដឹងថា វិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់អាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់កម្ពុជា(អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ) កាលពីឆ្នាំ ២០២៤ បានកើនឡើងគួរឱ្យកត់សម្គាល់ ដោយទទួលបានជើងហោះហើរចេញ-ចូល(ទ្វេទិស) សរុប ៥៨ ៣៥៤ កើនឡើង ១៤ ភាគរយបើធៀបនឹងឆ្នាំ ២០២៣ និងអ្នកដំណើរឆ្លងកាត់ចេញ-ចូល(ទ្វេទិស) មានចំនួន ៦ ២៤១ ៨៤២ នាក់ កើនឡើង ២២ ភាគរយ។
ចំណែកទំនិញដឹកជញ្ជូនតាមផ្លូវអាកាសចេញ-ចូល(ទ្វេទិស) មាន ៧៧ ៧៥២តោន កើនឡើង ៤០ ភាគរយ។ សម្រាប់ឆ្នាំ ២០២៥ នេះតាមការព្យាករ គឺចំនួនជើងហោះហើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិទាំង ៣ នឹងអាចកើនលើសឆ្នាំ ២០២៤។
បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន ៤ និងអន្តរជាតិចំនួន ២៧ កំពុងធ្វើប្រតិបត្តិការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់កម្ពុជា។
ប្រធានសមាគមទីភ្នាក់ងារទេសចណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បាននិយាយថា ចំនួនភ្ញៀវទេសចរបរទេសដែលមកដើរលេងកម្សាន្តនៅកម្ពុជាក្នុងអំឡុងពេលនេះ(បុណ្យចូលឆ្នាំចិន) គឺមានចំនួនច្រើនគួរឱ្យកត់សម្គាល់។
ការបង្កើនចំនួនជើងហោះហើរ ព្រមទាំងការបង្កើតជើងហោះហើរថ្មីៗមកកម្ពុជា ពិសេសទៅកាន់ខេត្តសៀមរាប នឹងជួយឱ្យកម្ពុជាទទួលបានកំណើនភ្ញៀវទេសចរ និងចំណូលថវិកាចូលក្នុងចរន្តសេដ្ឋកិច្ចជាតិកាន់តែច្រើន។
លោកស្រីបានបន្ថែមថា៖«ខ្ញុំមានសុទិដ្ឋនិយមថាក្នុងឆ្នាំ ២០២៥ នេះនឹងមានភ្ញៀវទេសចរ និងអ្នកវិនិយោគបរទេសកាន់តែច្រើនចូលមកកម្ពុជា។ ខេត្តសៀមរាបអាចទទួលបានកំណើនភ្ញៀវទេសចរបរទេសច្រើនឡើងវិញ បន្ទាប់ពីមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិជាបន្តបន្ទាប់បានបង្ហាញពីការតភ្ជាប់ផ្លូវហោះហើររបស់ខ្លួនទៅកាន់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប»។
ទិន្នន័យក្រសួងទេសចរណ៍ឱ្យដឹងថា ក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវបរទេសសរុប ៦,៧ លាននាក់ កើនឡើង ២២,៩ ភាគរយបើធៀបនឹងឆ្នាំ២០២៣ និងកើនឡើង ១,៤ ភាគរយ ធៀបនឹងឆ្នាំ២០១៩។ ភ្ញៀវបរទេសដែលធ្វើដំណើរមកកម្ពុជាច្រើនជាងគេ គឺជនជាតិថៃ វៀតណាម ចិន ឡាវ និងអាមេរិក៕