ក្រសួងកសិកម្ម​កំពុង​បន្តខិតខំ​ជំរុញ និង​លើក​ទឹកចិត្ត​​ប្រជាកសិកររួមគ្នា​ចងក្របបង្កើត​​«សហគមន៍កសិកម្មទំនើប»​ឱ្យ​បាន​តែ​ច្រើន​​ដែល​វា​នឹង​ជួយ​ឱ្យ​ប្រជាកសិករទទួល​បាន​ផល​ចំណេញ​យ៉ាង​ច្រើន​តាម​រយៈ​ការ​កាត់បន្ថយថ្លៃដើមផលិត ការ​​ធានាបាន​​តម្លៃ​ទីផ្សារ​ និង​អាច​ទទួល​បាន​ប្រាក់​កម្ចី​ក្នុង​អត្រា​ការប្រាក់​អនុគ្រោះ​​។

នៅ​ក្នុងដំណើរបេសកកម្ម​ចុះ​ជួប​ជាមួយ​ប្រជាកសិករ​នៅស្រុកបវេល ខេត្តបាត់ដំបង កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា ក៏​ដូច​ជា​បណ្តា​ខេត្ត​នានានៅទូទាំង​ប្រទេស​ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែ​​ជំរុញ និង​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជាកសិករ​(ពិសេស​​ផលិតកម្ម​ស្រូវ)ឱ្យ​រួមគ្នា​ចងក្រង​បង្កើត​ជា​សហគមន៍កសិកម្មទំនើប ដែល​ការ​ធ្វើ​បែបនេះ​នឹង​ផ្តល់​ផល​វិជ្ជមាន​ច្រើន​សម្រាប់​ពួក​គេ។ 

ផល​ចំណេញ​​ដែល​ប្រជាកសិករ​អាច​ទទួល​បាន​មាន​ដូចជា ​ការកាត់បន្ថយថ្លៃដើមផលិតតាមរយៈការភ្ជូរដីស្រែ ការទិញធាតុចូលកសិកម្មជាលក្ខណៈទ្រង់ទ្រាយធំ មាន​ការ​រៀបចំផែនការផលិតកម្មច្បាស់លាស់ អាចផ្គត់ផ្គង់​តាមតម្រូវការទីផ្សារ មានកិច្ចសន្យាផលិតកម្មត្រឹមត្រូវ អាច​ទទួលបានកម្ចីការប្រាក់ទាប ព្រម​ទាំង​​មានទីផ្សារ​ទទួល​ទិញ​ពិតប្រាកដ។

លោក​បាន​ពន្យល់​​​ថា សម្រាប់​ក្រុម​ប្រជាកសិករ​ដែល​មាន​ដីបូក​បញ្ចូល​​​គ្នា​យ៉ាង​តិច ១ ០០០​ហិកតា គឺ​ពួក​គេ​គួរតែរួមគ្នា​ដើម្បី​​​ចងក្រងជាសហគមន៍កសិកម្មទំនើប ដែលមានភាពងាយស្រួលក្នុងការគ្រប់គ្រង និងអនុវត្តស្របតាមទស្សនទាន​«មានហូប មានប្រើ មានបាន និងមានរហូត»។


លោក​បាន​ថ្លែង​ថា៖​«​សហគមន៍កសិកម្មទំនើប នឹងទទួលបានការគាំទ្របច្ចេកទេសពីក្រសួងកសិកម្មដោយ​ផ្ទាល់ តាមរយៈការសហការជាមួយមន្រ្តីកសិកម្មឃុំ និងក្រុមការងារជំនាញ។ ប្រការសំខាន់ប្រជាកសិករត្រូវកសាងទំនុកចិត្តជាមួយគ្នា ចេះសហការគ្នា គោរពតាមច្បាប់លក្ខន្តិកៈរបស់សហគមន៍ដែលបានចែង ដើម្បីទទួលបានផលចំណេញសេដ្ឋកិច្ច និងមាននិរន្តរភាព»។

បន្ថែម​ពី​លើ​នេះ លោករដ្ឋមន្ត្រី​ក៏​បាន​ណែនាំទៅអាជ្ញាធរថ្នាក់ក្រោមជាតិ សហការជាមួយមន្ត្រីជំនាញកសិកម្ម ដើម្បីពិភាក្សាគ្នាឱ្យបានលម្អិតពីគោលការណ៍ និងអត្ថប្រយោជន៍នៃការចងក្រងសហគមន៍កសិកម្មទំនើប សម្រាប់យកព័ត៌មានចែករំលែក និងផ្សព្វផ្សាយបន្តទៅដល់ប្រជាកសិករឱ្យបានយល់កាន់តែច្បាស់ពីការចូលរួមជាមួយសហគមន៍កសិកម្មទំនើប។

ដើម្បី​ជំរុញ​ការ​ដាំដុះ និង​បង្កើន​ទិន្នផល​ក្នុង​វិស័យ​កសិកម្ម ពិសេស​ផលិតកម្ម​ស្រូវ រាជរដ្ឋាភិបាល​កម្ពុជា​នីតីកាល​ទី៧ នៃ​រដ្ឋសភា បាន​ដាក់​ចេញ​នូវ​វិធាន​ការ​អាទិភាព​ជា​ច្រើនដើម្បី​ជួយ​ដល់​ប្រជាកសិករ ក្នុង​នោះ​ក៏​មាន​ការ​ដាក់​​ពង្រាយ​មន្ត្រី​កសិកម្ម​ឃុំ​ឱ្យ​ទៅ​​ជួយដោយ​ផ្ទាល់​​នៅ​តាម​ឃុំ​(កសិកម្ម)នៅ​ស្ទើ​រ​ទូទាំង​ប្រទេស​។​

សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ ​២០២៥ ត្រូវបានព្យាករណ៍​ថា​នឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៣ភាគរយ ដែល​ត្រូវទ្រទ្រង់​ចម្បង​ដោយ​វិស័យឧស្សាហកម្ម ដែល​​​អាចមាន​កំណើន​ ៨,៦ភាគរយ, វិស័យ​សេវាកម្ម ៥,៦ភាគរយ និង​វិស័យ​កសិកម្ម ១,១ភាគរយ។ នេះ​បើ​យោង​តាម​ឯកសារ​ថវិកាសង្ខេប​ឆ្នាំ ២០២៥ (Budget in Brief Fiscal Year 2025)។

ឯកសារ​បាន​លើក​ឡើង​ថា វិស័យកសិកម្ម​នឹង​មានភាព​ល្អ​ប្រសើរ​​​​ដោយសារកំណើនល្អនៃអនុវិស័យដំណាំ និងចិញ្ចឹមសត្វ ព្រម​ទាំង​​ការងើប​សន្សឹមៗនៃអនុវិស័យនេសាទ។ សម្រាប់​អនុវិស័យដំណាំ ត្រូវបានរំពឹងថានៅរក្សាកំណើន​ល្អ ដោយសារការបន្តកើននៃការវិនិយោគទាំងក្នុងស្រុក និងពីបរទេស​លើការកែច្នៃផលិតផល​កសិកម្ម, ការបង្កើនការវិនិយោគសាធារណៈ និងអន្តរាគមន៍របស់រាជរដ្ឋាភិបាល​ដូចជា ការផ្តល់ហិរញ្ញប្បទានសម្បទានក្នុងការជំរុញផលិតកម្មក្នុងស្រុក និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីនានា ដែលនឹងបន្តជំរុញដល់ការនាំចេញ។

របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា ក្នុង​ឆ្នាំ​២០២៤ កម្ពុជាបាននាំចេញកសិផលចំនួន ១១,៧ លានតោន ​កើនឡើង ៣៩ ភាគរយបើធៀបនឹងឆ្នាំ​២០២៣ ដែលមានចំនួន ៨,៤ លានតោន។ ការនាំចេញកសិផលនេះ​មានតម្លៃ​ប្រមាណ ៤,៨ ពាន់​លានដុល្លារ។ ផលិតផលកសិកម្មនាំចេញ​សំខាន់ៗ រួមមាន ជ័រកៅស៊ូ ស្រូវ អង្ករ ដំឡូងមី ស្វាយចន្ទី ចេក ផ្លែមៀន ម្រេច និងកសិផលសំខាន់ៗមួយចំនួនទៀត។ វិស័យកសិកម្ម ​បានចូលរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប(GDP) ប្រមាណ ២២ ភាគរយ​នៅ​ក្នុង​ឆ្នាំ ២០២៤។

ឧបនាយករដ្ឋមន្រ្តី​ លោក សុខ​ ចិន្តាសោភា​ នៅ​ក្នុង​ពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទូទាំងប្រទេសឆ្នាំ ២០២៤ និងទិសដៅអនុវត្តឆ្នាំ ២០២៥ បាន​លើក​ឡើង​ថា កសិកម្ម ​គឺ​ជា​វិស័យ​អាទិភាព​មួយដែល​ថ្នាក់ដឹកនាំ​​រដ្ឋាភិបាលតែង​គិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ព្រោះ​វិស័យ​នេះ​​មិន​ត្រឹម​តែ​ជួយ​ឱ្យ​ប្រទេសកម្ពុជា​អាច​ធានាបាន​នូវ​សន្តិសុខស្បៀង​សម្រាប់​ប្រជាជន​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជាផ្នែក​សំខាន់​ក្នុង​ការ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ផងដែរ​។

លោក​បន្ត​ថា ដើម្បី​លើកកម្ពស់​វិស័យ​កសិកម្ម​ រាជរដ្ឋាភិបាល​កម្ពុជា​​បានកំណត់គោលនយោបាយអាទិភាពសំខាន់​ៗ​ជា​ច្រើន ក្នុង​ន័យ​ជំរុញ​ការ​បង្កបង្កើនផល រក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំទូទាំងប្រទេស និងការកសាងសហគមន៍កសិកម្មទំនើប។

លោក​បាន​ថ្លែង​ថា៖​«​វិស័យកសិកម្មកម្ពុជាមិនត្រឹមតែបន្ត​​ធានាបាន​នូវ​សន្តិសុខស្បៀងប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​កាន់តែមាន​ភាពធន់ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ និង​គ្រោះធម្មជាតិនានា​ និង​សម្រេច​បាន​ផលិតផល​កសិកម្ម​កាន់តែ​ច្រើន​ជាង​មុនសម្រាប់​ការនាំចេញ គឺ​ក្នុង​បរិមាណ ១២​​លាន​តោន ដែល​មានតម្លៃ​សរុប​ចំនួន ៥,៣​ពាន់​លាន​ដុល្លារ»៕​