ភាពវិជ្ជមាននៃកំណើនសេដ្ឋកិច្ចសកលឆ្នាំ ២០២៤ បានធ្វើឱ្យចំនួនទឹកប្រាក់ពីការនាំចូល-ចេញទំនិញនៃបណ្តារោងចក្រ/សហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ(SSEZ) កើនឡើងគួរឱ្យកត់សម្គាល់ ដោយសម្រេចជាង ៤ ពាន់លានដុល្លារ កើនលើស ១/៥ ដងបើធៀបនឹងឆ្នាំ ២០២៣។
ស្ថិតិចេញផ្សាយដោយ SSEZ ក្នុងសប្តាហ៍នេះ បានឱ្យដឹងថា ក្នុងឆ្នាំ ២០២៤ រោងចក្រ/សហគ្រាស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បាននាំចូល និងនាំចេញទំនិញក្នុងចំនួនទឹកប្រាក់សរុប ៤ ០៧៨ លានដុល្លារអាមេរិក កើនពីចំនួន ៣ ៣៦២ លានដុល្លារ ឬស្មើនឹង ២១,៣ ភាគរយបើធៀបនឹងឆ្នាំ ២០២៣។
នេះជាចំនួនទឹកប្រាក់ដែលឈានដល់កម្រិតខ្ពស់បំផុតសម្រាប់ប្រតិបត្តិការនៅ SSEZ កន្លងមក។ ទឹកប្រាក់នាំចូល-នាំចេញទំនិញរបស់ SSEZ កាលពីឆ្នាំ ២០២៣ បានកើនឡើង ៣៤,៨៦ ភាគរយបើបើធៀបនឹងឆ្នាំ២០២២។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC) លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី៨ ខែមករា ថា កំណើនទឹកប្រាក់នាំចូល-នាំចេញទំនិញសរុបនៅ SSEZ មានន័យថារោងចក្រ/សហគ្រាសនៅទីនោះកំពុងមានដំណើរការល្អ។
នៅពេលមានការបញ្ជាទិញទំនិញពីទីផ្សារអន្តរជាតិច្រើន គឺបណ្តារោងចក្រ/សហគ្រាសនៅទីនោះនឹងមានតម្រូវការនាំចូលវត្ថុធាតុដើម ឬគ្រឿងផ្សំសម្រាប់ផលិត ឬកែច្នៃច្រើន។
លោកបន្តថា ចំនួនទឹកប្រាក់នាំចូល-នាំចេញរបស់ SSEZ នឹងកើនឡើងថែមទៀតក្នុងឆ្នាំ២០២៥ នេះពីព្រោះរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ចំនួនរោងចក្រ/សហគ្រាស ដែលមកដាក់ពាក្យស្នើសុំវិនិយោគ និងទទួលការអនុម័តពីអាជ្ញាធរកម្ពុជាបានកើនឡើងជាបន្តបន្ទាប់។
លោកថ្លែងថា៖«ខ្ញុំគិតថាចំនួនទឹកប្រាក់នាំចូល-ចេញទំនិញរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងបន្តកើនឡើងថែមទៀតនាពេលខាងមុខ ខណៈស្ថានភាពសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២៥ នេះហាក់មិនសូវមានបញ្ហាប្រឈមខ្លាំងដូចអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកទេ»។
លោកប្រាប់ទៀតថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាកន្លែងដែលមានភាពទាក់ទាញខ្លាំងចំពោះរោងចក្រ/សហគ្រាសបោះតាំង ព្រោះស្ថិតនៅជិតកំពង់ផែអន្តរជាតិ ដែលងាយស្រួលសម្រាប់ការដឹកជញ្ជូនទំនិញចូល-ចេញទៅក្រៅប្រទេស។
លោកបន្ថែមទៀតថា បច្ចុប្បន្នកម្ពុជាកំពុងក្លាយជាទីតាំងដ៏មានទីតាំងសក្តានុពលសម្រាប់ការវិនិយោគលើគ្រប់វិស័យ ព្រោះការវិនិយោគនៅកម្ពុជា គឺអ្នកវិនិយោគនឹងទទួលបានភាពអំណោយផលទាំងកត្តាខាងក្នុង និងខាងក្រៅ។ កត្តាខាងក្នុងសំដៅដល់ការកែលម្អប្រព័ន្ធច្បាប់វិនិយោគឱ្យកាន់តែមានភាពទាក់ទាញសម្រាប់វិនិយោគិន សម្បូរកម្លាំងពលកម្មវ័យក្មេង និងការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជាដើម។
ចំណែកត្តាខាងក្រៅ គឺកម្ពុជាមានទីផ្សារទទួលទិញទំនិញជាច្រើនក្រោមលក្ខខណ្ឌពិសេស តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគី បន្ថែមពីលើប្រព័ន្ធអនុគ្រោះពន្ធគយដែលកម្ពុជាទទួលបានពីប្រទេសជាច្រើនលើពិភពលោក។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា បាននិយាយថា តម្រូវការពីក្រុមហ៊ុនបញ្ជាទិញ បានជំរុញឱ្យទឹកប្រាក់នាំចូល-នាំចេញទំនិញនៅ SSEZ កើនឡើងជាបន្តបន្ទាប់ ខណៈចំនួនរោងចក្រ/សហគ្រាសនៅទីនោះក៏មានច្រើនដែរ។
លោកបន្តថា មូលហេតុដែលតំបន់សេដ្ឋកិច្ចពិសេស SSEZ ទទួលបានរោងចក្រ/សហគ្រាសចូលមកបណ្តាក់ទុនកាន់តែច្រើន គឺដោយសារស្ថានភាពនយោបាយ និងសន្តិសុខនៅកម្ពុជាល្អប្រសើរ ច្បាប់វិនិយោគមានលក្ខណៈអំណោយផល និងនៅជិតកំពង់ផែទឹកជ្រៅដែលផ្តល់ភាពងាយស្រួលសម្រាប់ការដឹកជញ្ជូន។
លោកបានអះអាងថា៖«ទឹកប្រាក់នាំចូល-នាំចេញទំនិញរបស់ SSEZ នឹងបន្តកើនឡើងច្រើនទៀត។ ចំនួនទឹកប្រាក់នាំចូល-នាំចេញទំនិញរបស់តំបន់សេដ្ឋកិច្ចពិសេសដទៃទៀតនៅកម្ពុជា ក៏នឹងកើនឡើងផងដែរ»។
បើតាមលោក ចាន់ដារ៉ា ភាគច្រើននៃរោងចក្រ/សហគ្រាសនៅក្នុង SSEZ គឺមានម្ចាស់ជាវិនិយោគិនមកពីប្រទេសចិន និងមានផលិតទំនិញចម្រុះជាច្រើន ពិសេផលិតផលកាត់ដេរ គ្រឿងម៉ាស៊ីន គ្រឿងអេឡិចត្រូនិក បរិក្ខាអគ្គិសនី គ្រឿងសង្ហារឹម ក្ការបន្ទះ និងរោងចក្រផលិតសម្បកកៅស៊ូកង់យានយន្ត ជាដើម។ទំនិញដែលផលិតបាន ភាគច្រើនត្រូវបានគេនាំចេញទៅទីផ្សារ អាមេរិក អឺរ៉ុប និងមួយចំនួនក្នុងទ្វីបអាស៊ី។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin ក្នុងបេសកកម្មដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចឈ្វេងយល់អំពីស្ថានភាពការសាងសង់ និងការអភិវឌ្ឍនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២៤ បានលើកឡើងថា លោកសង្ឃឹមថាដំណើរការរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនឹងកាន់តែល្អ ដើម្បីក្លាយជាគំរូនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃកិច្ចសហប្រតិបត្តិការចិន-កម្ពុជា។
យោងតាម SSEZ គិតត្រឹមដំណាច់ខែសីហា ឆ្នាំ ២០២៤ មានរោងចក្រ/សហគ្រាសសរុប ១៩០ កំពុងដំណើរការនៅទីនោះ ដោយមានមកពីបណ្តាប្រទេសជាច្រើនលើពិភពលោក ជាពិសេសមកពីប្រទេសចិន។ SSEZ កំពុងខិតខំរៀបចំខ្លួនឱ្យឆ្ពោះទៅរកការសម្រេចបាននូវគោលដៅក្លាយទៅជាឧទ្យានគំរូអន្តរជាតិ នៅកម្ពុជា។
ស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញអន្តរជាតិរបស់កម្ពុជា ដែលកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ឱ្យដឹងថា ចន្លោះពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៤ ការផ្លាស់ប្តូរទំនិញរបស់កម្ពុជាជាមួយទីផ្សារអន្តរជាតិមានទឹកប្រាក់សរុប ៤៩,៨៧ ពាន់លានដុល្លារ កើនឡើង ១៧,៤ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ដែលមាន ៤២,៥ ពាន់លានដុល្លារ ក្នុងនោះទំនិញកម្ពុជានាំទៅក្រៅប្រទេស ២៣,៩៣ ពាន់លានដុល្លារ កើនឡើង ១៦,៨ ភាគរយ និងទំនិញនាំចូល ២៥,៩៤ ពាន់លានដុល្លារ កើន ១៧,៩ ភាគរយ។
ប្រទេសដែលធ្វើពាណិជ្ជកម្មទ្វេភាគីសំខាន់ៗជាមួយកម្ពុជាមានដូចជា ចិន អាមេរិក វៀតណាម ថៃ ជប៉ុន ឥណ្ឌូនេស៊ី និងកាណាដា ជាដើម៕