មន្ត្រី​ការទូត​ជាន់​ខ្ពស់​កម្ពុជា និង​ឥណ្ឌូនេស៊ី បាន​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង ២ ដែល​សម្រេច​បាន ​ជាង ១ ពាន់​លាន​ដុល្លារ ព្រមទាំង​កិច្ច​ខិតខំ​របស់​កម្ពុជា​ក្នុង​ការ​ជំរុញ​ការ​នាំចេញ​អង្ករ​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី​ឱ្យ​បាន​កាន់តែ​ច្រើន។

ព័ត៌មាន​ទាំង​នេះ​ត្រូវ​បាន​លើក​ឡើង​ក្នុង​ជំនួប​ទ្វេភាគី​រវាង ​លោក ប្រាក់​ សុខុន ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ ជាមួយ លោក Santo Darmosumarto ​ឯកអគ្គ​រដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា នៅ​ទីស្តីការ​ក្រសួងការ​បរទេស កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា។

ជា​កិច្ច​ចាប់​ផ្តើម​លោក ​ប្រាក់ សុខុន បាន​រំលឹក​ពី​ការ​គាំទ្រ​របស់​ប្រទេស​ឥណ្ឌូណេស៊ី ចំពោះ​ដំណើរការ​ស្វែង​រក​សន្តិភាព​នៅ​កម្ពុជា និង​បាន​កោត​សរសើរ​ចំពោះ​ទំនាក់ទំនង​ទ្វេភាគី​ដ៏​រឹងមាំ​រវាង​ប្រជាជាតិ​ទាំង​ពីរ​លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ។ លោក​បន្ត​ថា តាម​រយៈ​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​នេះ គឺ​បាន​ជួយ​ធ្វើ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ប្រទេស​ទាំង ២ កើន​ឡើង​ជាបន្ត​បន្ទាប់​ ដែល​មាន​រហូត​ដល់​ជាង ១ ពាន់​លាន​ដុល្លារ។

លោក​ថ្លែង​ថា៖​«ប្រទេស​ទាំង ២ មាន​ឱកាស​ច្រើន​ថែម​ទៀត​ក្នុង​ការ​ពង្រីក​ពាណិជ្ជកម្ម​ទ្វេភាគី​ដែល​មាន​កំណើន​ទឹក​ប្រាក់​លើស​ពី ១ ពាន់​លាន​ដុល្លារ​អាមេរិក​រួច​មក​ហើយ​នៅ​ក្នុង​ឆ្នាំ​២០២៣»។


សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស ឱ្យ​ដឹង​ថា ភាគី​កម្ពុជា-ឥណ្ឌូនេស៊ី សុទ្ធ​តែ​បង្ហាញ​ពី​កិច្ច​ខំ​ប្រឹងប្រែង​ដើម្បី​បង្កើន​ពាណិជ្ជកម្ម​អង្ករ និង​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ឧស្សាហកម្ម​អាហារ​ហាឡាល់។ បន្ថែម​លើ​នេះ ភាគី​ទាំង ២ ក៏​បាន​លើក​យក​ពី​ភាព​ចាំបាច់​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន តាម​រយៈ​ការ​អប់រំ ទេសចរណ៍ និង​ជើង​ហោះហើរ​ត្រង់​បន្ថែម​ទៀត។

ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE) ឱ្យដឹង​ថា ចន្លោះ​ពី​ខែ​មករា ដល់​ខែ​វិច្ឆិកា ឆ្នាំ​ ២០២៤ ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាងកម្ពុជា និង​ឥណ្ឌូនេស៊ី មាន​ទឹក​ប្រាក់​សរុប ១ ០០២,១៦ លាន​ដុល្លារ កើនឡើង ៣,៨ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​ ២០២៣ ក្នុង​នោះ​ទំនិញ​កម្ពុជា​នាំ​ទៅ​ឥណ្ឌូនេស៊ី ​មាន​ទឹក​ប្រាក់​ ៨៦,៨៦ លាន​ដុល្លារ កើន ២៣,១ ភាគរយ និង​ឥណ្ឌូនេស៊ី​នាំមក​កម្ពុជា ៩១៥,៣ លានដុល្លារ កើន ២,៣ ភាគរយ។ ឥណ្ឌូនេស៊ី គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​ ៧ របស់​កម្ពុជា បន្ទាប់​ពី​ប្រទេស​ចិន អាមេរិក វៀតណាម ថៃ ជប៉ុន និង​កាណាដា។

អ្នក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​៨ ខែ​មករាថា ពាណិជ្ជកម្ម​ទ្វេភាគី​ដែល​មាន​តម្លៃ​រហូត​ដល់​ជាង ១ ពាន់​លាន​ដុល្លារ ​គឺ​កើត​ចេញ​ពី​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង ២ ក្នុង​នាម​ជា​សមាជិក​សមាគម​​អាស៊ាន និង​ជា​សមាជិក​នៃ​កិច្ច​ព្រមព្រៀង​ភាព​ជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយ​តំបន់​(RCEP)។ 

លោក​បន្ត​ថា​ ​ទោះយ៉ាង​ណា​បើ​គេ​ពិនិត្យ​ទៅ​លើ​ចំនួន​ទឹក​ប្រាក់​ទំនិញ​កម្ពុជា​នាំ​ទៅ​ឥណ្ឌូនេស៊ី គឺ​នៅ​មាន​តិច​តួច​បំផុត​ធៀប​នឹង​ការ​នាំចូល​ពី​ឥណ្ឌូនេស៊ី​។ 

គម្លាត​ដ៏​ធំ​នេះ គឺ​ដោយសារ​ឥណ្ឌូនេស៊ី​ ជា​ប្រទេស​ធំ មាន​ប្រជាជន​ច្រើន និង​មាន​ខឿន​ឧស្សាហកម្ម​រីក​ច្រើន​ជាយូរមក​ហើយ។ បច្ចុប្បន្ន​ប្រទេស​ឥណ្ឌូនេស៊ី គឺជា​បណ្តុំ​នៃ​រោងចក្រ​ឧស្សាហកម្ម​ផលិត​រថយន្ត គ្រឿង​ម៉ាស៊ីន​ និង​ឧបករណ៍​ធំៗ សម្រាប់​នាំ​ទៅ​កាន់​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ផងដែរ។

លោក​​លើក​ឡើង​ថា៖​«ទោះការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិនា​ពេល​នេះ​កំពុង​បោះជំហាន​ទៅមុន​កាន់តែល្អ ក៏​​កម្ពុជា​នៅ​តែ​មាន​ភាព​ចាំ​បាច់​ក្នុង​ការខិតខំ​ធ្វើ​ពិពិធកម្ម​ទំនិញ​នាំ​ចេញ​របស់​ខ្លួន​បន្ថែម​ទៀតដើម្បី​អាច​ឆ្លើយតប​នឹង​តម្រូវ​ការ​ពី​ការ​បញ្ជា​ទិញ»។

លោក​ប្រាប់​ទៀត​ថា ដោយសារ​ការ​ប្រមូល​ផល​កសិកម្ម​នៅ​កម្ពុជា​មាន​​កំណើន​ជារៀងរាល់​ឆ្នាំ ដូច្នេះ​នេះ​ជា​វិស័យ​អាទិភាព​មួយ​ដែល​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​ត្រូវ​បង្កើន​ការ​យក​ចិត្ត​ឱ្យ​​កាន់​តែ​ខ្លាំង​​បន្ថែម​ទៀត ពិសេស​ទៅ​លើ​ការ​​​កែច្នៃ​ និង​វេចខ្ចប់​សម្រាប់​នាំចេញ។

កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២៣ ប្រទេស​ឥណ្ឌូនេស៊ី​ បាន​ប្រកាស​​ទិញ​អង្ករ​ពី​កម្ពុជា​ចំនួន​ ២៥០ ០០០​តោន​ ក្នុង ​១​ឆ្នាំ ដែល​ជា​វិធានការ​ដើម្បី​ធានា​សុវត្ថិភាព​ស្បៀង​អាហារ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ ខណៈ​ឥណ្ឌូនេស៊ី ក៏​បាន​សន្យា​នឹង​ជួយ​គាំទ្រ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សន្តិ​សុខ​ស្បៀង​អាហារ​កម្ពុជា តាម​រយៈ​ការ​ផ្គត់​ផ្គង់​ជី និង​ផ្តល់​ការ​បណ្តុះ​បណ្តាល​ដល់​ប្រជា​កសិករ៕