មន្រ្តីជាន់ខ្ពស់រាជ​រដ្ឋាភិបាលបា​នលើកឡើងថា ការបង្កើនល្បឿន​ពិពិធកម្មសេដ្ឋកិច្ច គឺជារឿងចាំបាច់ដើម្បីឈាន​ទៅ​សម្រេចបាន​នូវចក្ខុវិស័យ​កម្ពុជា ឆ្នាំ ២០៥០ ដែល​​ក្លាយ​ជា​ប្រទេសមានប្រាក់ចំណូល​ខ្ពស់។ ដើម្បី​សម្រេច​បាន​​ចក្ខុវិស័យនេះ ​រដ្ឋា​ភិ​បាល​កម្ពុជា នីតិកាល​ទី​៧ បាន​និង​កំពុង​​ផ្តោតលើ​វិស័យសំខាន់ៗ​ចំនួន ៥ ដែល​មួយក្នុងចំណោមនោះ គឺការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​។

នេះ​ជាការ​លើក​ឡើង​របស់​ លោក ​ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្នុង​សិក្ខាសាលាជាន់ខ្ពស់ស្តីពី «មាគ៌ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៖ បទពិសោធន៍អន្តរជាតិ”(Cambodia's Diversification Pathways - Insights from International Experience) ដែល​រៀបចំ​នៅ​សណ្ឋាគារ Hyatt Regency Phnom Penh កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ។

លោក​បាន​លើក​ឡើង​ថា ការបង្កើនល្បឿន​ពិពិធកម្មសេដ្ឋកិច្ច គឺជារឿងដែលចាំបាច់ដើម្បីសម្រេចនូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយបានរំលេចជាពិសេសអំពីគោលនយោបាយលើកកម្ពស់ការវិនិយោគដោយផ្ទាល់ពីបរទេស (Foreign Direct Investment - FDI) របស់កម្ពុជា ដែលបានវិវត្តគួរឱ្យ​កត់សម្គាល់ចាប់តាំងពីឆ្នាំ ១៩៩៤ រហូតមកដល់ពេល​បច្ចុប្បន្ន។

ជាក់​ស្តែង​កម្ពុជា​បាន​ខិតខំ​បង្កើនល្បឿន​នៃ​ការ​ពិពិធកម្មសេដ្ឋកិច្ចរបស់​ខ្លួន​​តាម​រយៈ​ការបង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ការតាក់តែងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងការធ្វើវិសោធនកម្មច្បាប់ និង​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្រ្ត​ថ្មី​ៗ​ជាបន្ត​បន្ទាប់​ឱ្យស្របតាមនិន្នាការវិនិយោគបច្ចុប្បន្ន ​ព្រមទាំង​យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបាន​ផ្តោតលើកិច្ចការអាទិភាពគឺ​​ «ពិពិធកម្មសេដ្ឋកិច្ច និងការពង្រឹងសមត្ថភាពប្រកួតប្រជែង» តាមរយៈការ​កំណត់គោលដៅយុទ្ធសាស្ត្រច្បាស់លាស់ និងសង្កត់ធ្ងន់លើអាទិភាពដែលទាក់ទងនឹងការលើកកម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគ។​


ទន្ទឹមនឹងនេះ លោកក៏បានលើកឡើងអំពីសក្តានុពលវិជ្ជមាននានា​របស់កម្ពុជា មានជាអាទិ៍​ កម្លាំងពលកម្មវ័យក្មេងដែលពោរពេញដោយថាមវ័ន្ត, ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យធុរកិច្ចឯកជនតាមរយៈវេទិការដ្ឋ និងវិស័យឯកជន, បែបបទនៃការវិនិយោគដែលមានភាពបត់បែន និងអនុគ្រោះ និងការធ្វើឌីជីថលូបនីយកម្ម នៅក្នុងការផ្តល់សេវាសាធារណៈដែល​ជាក់ស្តែងគឹការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដែលសម្រួលដល់វិនិយោគិនក្នុងការដាក់ពាក្យស្នើសុំវិនិយោគបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈប្រព័ន្ធអ៊ីនធឺណេត។

ដើម្បី​សម្រេច​បាន​តាម​ចក្ខុវិស័យនេះ​រដ្ឋា​ភិ​បាល​ថ្មី នីតិកាល​ទី​៧ គឺ​ផ្តោតលើ​អាទិភាព​ ​៥ សំខាន់ៗ រួមមាន ការអភិវឌ្ឍ​ធនធានមនុស្ស​, ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​, ការអភិវឌ្ឍ​វិស័យ​ឯកជន និង​ឱកាស​ការងារ ការលើកកម្ពស់​ភាព​ធ​ន់ និរន្តរភាព​, និង​ការ​​អភិវឌ្ឍ​ប្រកបដោយ​បរិ​យាប​ន្ន និង​ការពង្រឹង​សេដ្ឋកិច្ច​ឌីជីថល និង​សង្គម​។​

អនុ​ប្រធាន​សមាគម​ពាណិជ្ជកម្ម​កម្ពុជា-​ចិន លោក ឡោ វិចិត្រ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍នៅ​ថ្ងៃទី២១ ខែ​កុម្ភៈថា វិស័យវាយនភណ្ឌ​កាត់ដេរ គឺជា​វិស័យ​ចម្បងមួយ​ដែល​រាជរដ្ឋាភិបាលនឹង​​បង្កើន​ការ​ធ្វើពិពិធកម្ម​សេដ្ឋកិច្ច​។​

លោក​អះអាង​ថា៖​«រយៈពេល​កន្លងមក សេដ្ឋកិច្ចរបស់កម្ពុជា​យើង​សម្រាប់ការនាំចេញ​ភាគច្រើន​ផ្តើម​ចេញ​ពីវិស័យ​វាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង កាបូប និងផលិតផលធ្វើដំណើរ(GFT) អ៊ីចឹងពេល​យើងនិយាយពីពិពិធកម្មសេដ្ឋកិច្ច​ចេញពី​វិស័យ GFTហ្នឹងហើយ​​»។

លោកបាន​បន្ថែមថា៖«មកដល់បច្ចុប្បន្ននេះ វិស័យ​បន្ទាប់បន្សំផ្សេងៗដែល​យើង​នាំចេញ​ក៏មាន​កសិផលផងដែរ​ ដូច្នេះផលិតផលកសិផល ក៏យើង​បានធ្វើ​ពិពិធកម្ម​ទីផ្សារ​ដែរ ដូចជា ស្រូវ អង្ករ​ ហើយបន្ទាប់មកទៀត​យើងធ្វើពិពិធកម្ម​នាំចេញ​គ្រាប់ស្វាយចន្ទី​ ដែល​កំពុងបោះជំហាន​ទៅមុខ។ ​យើងមិនអាចរំពឹង​តែលើវិស័យ GFT រហូត​នោះ​ទេ​»។

អនុ​ប្រធាន​សមាគម​ពាណិជ្ជកម្ម​កម្ពុជា-​ចិនរូបនេះ មើលឃើញថា ដើម្បី​អាចសម្រេចបាន​ចក្ខុវិស័យ​ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០ គឺវាអាស្រ័យ​ទៅ​ភាព​រឹងមាំ​នៃ​សហគ្រាស​ក្នុងស្រុក​ ហើយថាតើ​សហគ្រាសក្នុងបានប្រើប្រាស់បច្ចេកវិទ្យា​ដើរតាមសម័យកាលទំនើប​ ដើម្បីកាត់បន្ថយ​ថ្លៃដើម​ផលិត​បាន​កម្រិតណា​។

លោក វិចិត្រ បាន​លើក​ឡើង​ថា៖«ដើម្បី​ឆ្លើយទៅនឹង​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​ គឺទាល់តែ​ធនធានមនុស្ស​មានការអភិវឌ្ឍពី​ជំនាញទាបទៅជំនាញ​មធ្យម​បានកាន់​តែច្រើន​ ហើយ​ជំនាញមធ្យមត្រូវ​អភិវឌ្ឍន៍ជាជំនាញខ្ពស់​ ដើម្បី​យើងអាចស្រូបទាញ​បានក្រុមហ៊ុនវិនិយោគ​ទៅលើបច្ចេកវិទ្យាទំនើប​ ដូចជា បន្ទះឈីប​ ការផលិតទូរសព្ទ​ដៃ​ កុំព្យូទ័រ ដើម្បី​ឱ្យកម្ពុជា​បោះជំហាន​ទៅជាប្រទេស​មានចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ​២០៣០​ និងចំណូលខ្ពស់ ឆ្នាំ​២០៥០​ ដូច្នេះ​វាអាស្រ័យទៅលើទី១ កត្តា ធនធានមនុស្ស​, ​ទី២ កត្តាស្រូបទាញ​វិនិយោគផ្ទាល់ពីបរទេស​(FDI) និង​កត្តា​ចាំបាច់​មួយ​ចំនួន​ទៀត​»៕