គម្រោងវិនិយោគ​ចំនួន ១២ ដែល​មាន​ដើមទុន​សរុប ១៣៥ លានដុល្លារ និង​អាចបង្កើតការងារបាន ៧ ០០០ កន្លែងកំពុង​​ត្រូវ​បាន​​​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) យក​មក​​ពិនិត្យពិភាក្សា និង​វាយ​តម្លៃ​លើ​លក្ខណៈសម្បត្តិដើម្បី​អាច​ទទួល​បាន​ការ​​ចុះ​បញ្ជី​ជា​ផ្លូវ​ការ​។

កិច្ចប្រជុំនេះបាន​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា កាល​ពី​ព្រឹក​​ថ្ងៃទី៤ ខែកុម្ភៈ ដោយ​មាន​ការ​ចូល​រួម​ពី ​លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និង​​តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ​ជា​ច្រើន​។

យោង​តាម CDC គម្រោងទាំង ១២ គឺ​ចំនួន ១១ គម្រោង​ស្ថិត​ក្នុង​​វិស័យឧស្សាហកម្ម​(រោងចក្រ​ផលិត​ឧបករណ៍បរិក្ខារពេទ្យ, ផ្គុំនិងដំឡើងគ្រឿងអគ្គិសនីប្រើប្រាស់ក្នុងផ្ទះ, ការកែច្នៃលោហធាតុ, ផលិតពិល, ផលិតគ្រោងសំណង់ពីលោហធាតុ, ឧបករណ៍ជាងគ្រប់ប្រភេទ, កាត់ដេរ, ចាក់សម្លៀកបំពាក់និងជ្រលក់ពណ៌) និង ១ ​គម្រោង ជា​គម្រោង​​អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់)។ គម្រោង​ទាំង ១២ មាន​ទីតាំងនៅខេត្តកំពង់ស្ពឺ តាកែវ កណ្តាល កំពត និងខេត្តកំពង់ឆ្នាំង។​

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា ទោះបី​​​អត្រា​កំណើន​សេដ្ឋកិច្ច​ពិភពលោកក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មិន​​​​ខ្ពស់​ដូចមុន​ឆ្នាំ ២០២០ (វិបត្តិ​សេដ្ឋកិច្ច​​បណ្តាលមក​ពី​ជំងឺកូវីដ​១៩) ក៏​កម្ពុជា​នៅ​តែ​អាច​មាន​សមត្ថភាព​ក្នុង​​ការ​ទាក់​ទាញ​​គម្រោង​វិនិយោគ​តូច-ធំ និង​ចម្រុះ​វិស័យ​ឱ្យ​ចូល​មក​បើក​អាជីវកម្ម​ផ្ទាល់​​។ 


តាម​រយៈ​កិច្ច​ខិតខំ​របស់​រដ្ឋាភិបាល​លើ​ការ​កែទម្រង់​ប្រព័ន្ធ​ច្បាប់​វិនិយោគ​ ការ​កសាង​សមត្ថភាពពលកម្ម​​ជំនាញ ការ​ពង្រឹង​និង​ពង្រីក​ទីផ្សារ​នាំ​ចេញ​ទំនិញ និង​ការ​បង្កើត/ចូល​ជា​សមាជិក​នៃ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​នានា ​ បាន​ធ្វើ​ឱ្យ​​កម្ពុជាក្លាយ​ជា​កន្លែង​ដ៏​ទាក់​ទាញ​សម្រាប់​ការបណ្តាក់​ទុន​​គ្រប់​វិស័យ។ 

លោក​បន្ថែម​ថា ជា​ពិសេស​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​ ​កម្ពុជា​នឹង​បញ្ចប់​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​ជា​ច្រើន​ដូចជា អាកាស​យានដ្ឋាន​អន្តរជាតិ និង​គម្រោង​ព្រែក​ជីកតេជោ ដែល​ទាំង​អស់​នេះ​សុទ្ធ​តែ​ជាមេដែក​ដ៏​ខ្លាំង​ក្នុង​ការ​ទាក់​ទាញ​​វិនិយោគិនឱ្យ​​ចាប់​អារម្មណ៍​កម្ពុជា​កាន់​តែ​ខ្លាំង​​​។

លោក​ប្រាប់​ទៀត​ថា៖​«​ជាប្រទេស​មាន​ភូមិសាស្រ្ត​ល្អ​ប្រសើរ មាន​ប្រព័ន្ធ​ដឹក​ជញ្ជូនទាំង​​​គោក ទឹក និង​អាកាស ព្រម​ទាំង​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជាច្រើន​ ខ្ញុំ​ជឿថា​កម្ពុជា​នឹង​មាន​ឱកាស​ច្រើន​ថែម​ទៀត​ក្នុង​ការ​ទាក់​ទាញ​អ្នក​វិនិយោគ​ឱ្យ​ចូល​មក​បើក​អាជីវកម្ម​កាន់​តែ​ច្រើន​»។

លោកប្រាប់​ទៀត​ថា បន្ថែម​លើ​អ្វី​ដែល​រដ្ឋាភិបាល​ធ្វើ ផ្នែក​​ឯកជន​នៅ​កម្ពុជា ​ដែល​តំណាង​ដោយ​សភា​ពាណិជ្ជកម្មកម្ពុជា(CCC) ក៏​បាន​​ទៅ​​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ជាតិ-អន្តរជាតិ​ និង​​ជំនួប​ជា​ច្រើន ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​វិនិយោគផ្ទាល់​​នៅ​កម្ពុជា​។ 

ក្រៅ​ពី​នេះ សភាពាណិជ្ជកម្ម​កម្ពុជា​ក៏​បាន​បើកការិយា​ល័យ​តំណាង CCC នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ដើម្បី​ធ្វើ​ជា​កន្លែង​​​ផ្តល់​ដំណឹង និង​ជា​ស្ពាន​សម្រាប់​វិនិយោគិន​បរទេស​ចូល​មក​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​​។​​​

CDC កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ ២០២៤ CDC បាន​​អនុម័តឱ្យ​គម្រោងវិនិយោគសរុប ៤១៤ គម្រោង ដែលមានទុនវិនិយោគសរុប ៦,៩ ពាន់លានដុល្លារ និងអាចបង្កើតការងារបានជិត ៣២ ម៉ឺនកន្លែង។ បើ​ធៀប​នឹង​ឆ្នាំ ២០២៣ គឺ​ចំនួន​គម្រោងដែល​អនុម័ត​ បាន​​កើន​ឡើង ១៤៦ គម្រោង ខណៈទុនវិនិយោគ​កើនឡើងជិត ២ ពាន់លានដុល្លារ ឬស្មើនឹងជិត ៤០​ ភាគ​រយ។ 

បើ​តាម CDC គម្រោង​ធំៗ​​​ដែល​បាន​អនុម័ត​ក្នុង​ឆ្នាំ ២០២៤ មាន​ដូច​ជា គម្រោង​ពង្រីក​ផលិត​កម្ម​របស់​​អាជីវកម្ម​រ៉ែមាស, រោងចក្រ​ផលិត​សំបកកង់រថយន្ត, រោងចក្រ​ផលិត​ភេសជ្ជៈ, រោងចក្រ​ផលិត​អំពូល​ភ្លើងលំអដើម​ណូអែល, រោងចក្រ​កែច្នៃ​អាលុយមីញ៉ូម, រោងចក្រ​ដំឡើង និង​គ្រឿងបង្គុំ​ម៉ាស៊ីន-មេកានិក, និង​រោងចក្រ​កែច្នៃផលិតផល​ទឹកដោះគោ ភេសជ្ជៈ និង​អាហារ។ល។​

អនុ​ប្រធាន​សមាគម​ពាណិជ្ជកម្ម​កម្ពុជា-ចិន លោក ឡោ វិចិត្រ Lor Vichet, vice-president of the Cambodia Chinese Commerce Association (CCCA), បាន​ប្រាប់​ថា ការ​បណ្តាក់​ទុន​​​ផ្ទាល់ នឹង​នាំ​ផល​ប្រយោជន៍​ច្រើន​សម្រាប់​ចំណូល​​ជាតិ និង​ប្រជាជន​។​ 

ការ​បណ្តាក់​ទុន​ផ្ទាល់​ គឺ​មិន​ត្រឹម​តែ​ផ្តល់​ផល​ចំណេញ​ដល់​សេដ្ឋកិច្ច​ជាតិ​តាម​រយៈ​ការ​បង្កើត​​ការងារ​ និង​ចំណូល​ពន្ធ​ដល់​រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​លើក​កម្ពស់ និង​កេរ្តិ៍​ឈ្មោះ​ផលិតផល​ខ្មែរ​នៅ​លើ​ទីផ្សារ​អន្តរ​ជាតិ​ផងដែរ​។

លោក​​អះអាង​ថា៖​«​ចំនួន​ក្រុមហ៊ុន​ដែល​​ចូល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​ ក្នុង​ឆ្នាំ​២០២៥ នេះ នឹង​​​កើនខ្ពស់​ជាង​ឆ្នាំ​ ២០២៤»។

បើ​តាម​លោក វិចិត្រ ការ​គៀបសង្កត់​ផ្នែក​ពន្ធ​គយ​រវាង​ប្រទេស​ធំៗ ពិសេស​អាមេរិក និង​ប្រទេស​ចិន ក៏​បាន​ជះ​ផល​វិជ្ជមាន​ចំពោះ​កំណើន​នៃ​ការ​ប្តូរ​ទីតាំង​រោងចក្រ​ចេញ​ពី​ប្រទេស​ចិន មក​កម្ពុជា​ផងដែរ​ ព្រោះ​កម្ពុជា​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្រប់​ប្រទេស​លើ​ពិភពលោក៕